វិភាគ៖ តើ​យន្ត​ការ ២+២ កម្ពុជា-ចិន អាច​បញ្ឈប់​សកម្ម​ភាព​ឈ្លាន​ពាន​របស់​ថៃ​បាន​ទេ?

វត្តមាន​របស់​លោក វ៉ាង យី និង​លោក ដុង ជុន មក​កាន់​រាជ​ធានី​ភ្នំពេញ​ក្នុង​ពេល​ដំណាល​គ្នា​ នៅ​ថ្ងៃ​ទី​២២​ ខែ​មេសា ឆ្នាំ​២០២៦ ​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​ទំនុក​ចិត្ត​ផ្នែក​នយោ​បាយ​ដ៏​ខ្ពស់​បំផុត និ​ង​ជា​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​ចិន ក្នុង​ការ​គាំទ្រ​ដល់​បូរណ​ភាព​ទឹក​ដី និង​សន្តិសុខ​ជាតិ​របស់​កម្ពុជា។

ការបង្កើត​យន្ត​ការ ២+២ ដែលរួមបញ្ចូលទាំងស្ថាប័នការបរទេស និងស្ថាប័ន​ការ​ពារ​ជាតិ​ឱ្យ​មក​អង្គុយ​តុ​ចរចា​រួម​គ្នា គឺ​ជា​សញ្ញាណ​ច្បាស់​លាស់​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ផុត​ពី​កម្រិត​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ធម្មតា ទៅ​ជា​សម្ព័ន្ធ​ភាព​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​ដ៏​រឹង​មាំ​បំផុត​ក្នុង​តំបន់។ ក្នុង​បរិបទ​​នេះ​ កិច្ច​សន្ទ​នា​នេះ​ដើរ​តួជា​ខែល​ការ​ពារ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ចំពោះ​រាល់​ការ​គំរា​ម​កំហែង​ខាង​ក្រៅ ជាពិសេស​បញ្ហា​ព្រំដែន​ដែល​តែង​តែ​ជាចំ​ណុច​រសើប​ក្នុង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ថៃ។

នៅពេ​ល​ពិនិត្យមើលពីឥទ្ធិពលនៃយន្តការនេះចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ យើងឃើញថាវាគឺជាយុថ្កាយុទ្ធ​សាស្ត្រមួយ ដែលផ្តល់នូវលំនឹងអំណាចថ្មីមួយដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខណៈដែលការបង្ហាញវត្តមានរបស់មន្ត្រីជាន់ខ្ពស់ចិនទាំងពីរស្ថាប័ននៅកម្ពុជា រួចបន្តដំណើរទៅកាន់ប្រទេសថៃភ្លាមៗ ចំពេលមានការពិភាក្សាលើការលុប MOU ឆ្នាំ២០០០ និងឆ្នាំ​២០០១ គឺជាសារនយោបាយដ៏មានឥទ្ធិពលថា ចិន​មិនត្រឹមតែជាមិត្ត​ដែកថែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជាអ្នកធានានូវយុត្តិធម៌ និងសណ្តាប់ធ្នាប់ដែលត្រូវតែផ្អែក​លើច្បាប់អន្តរជាតិ និងបច្ចេកទេសសុទ្ធសាធ។

ចំណុចរបត់ដ៏សំខាន់បំផុតនេះ កើតឡើងក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរឆ្នាំ​២០២៥ ដែលបានកែប្រែតុល្យភាពអំណាចនៅអាស៊ីអាគ្នេយ៍ទាំងស្រុង ជាពិសេសក្នុងស្ថានភាពដែលសហរដ្ឋ​អាមេរិក​បាន​កាត់បន្ថយការយកចិត្តទុកដាក់លើតំបន់មេគង្គ ដោយសារជាប់ផុងក្នុងសង្គ្រាមនៅអ៊ីរ៉ង់។

ទោះបីជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កង្វះខាតវត្តមានអាមេរិកនេះ ជាលេសដើម្បីពង្រឹង​សម្ព័ន្ធភាពជាមួយចិន ​ក្រោមស្លាកការពារអធិបតេយ្យភាពក៏ដោយ ប៉ុន្តែការណ៍នេះក៏អាចបកស្រាយ​បានថា ជាការដាក់ប្រទេសឱ្យស្ថិតក្រោមឆ័ត្រសន្តិសុខរបស់ចិនទាំងស្រុង ដែលអាចប៉ះពាល់ដល់លទ្ធភាព​នៃតុល្យភាពការទូតនៅថ្ងៃអនាគត។

យ៉ាងណាមិញ វត្តមានរបស់ថ្នាក់ដឹកនាំចិនទាំងពីរ អាចជាខែលការពារដ៏មានឥទ្ធិពលមួយដែលអាចធ្វើឱ្យ​កង​​ទ័ព​ថៃ​​ រារែកក្នុងការប្រើប្រាស់សកម្មភាពឈ្លានពានផ្នែកយោធាលើដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែការ​ពឹងផ្អែក​លើ​មហា​អំណាចដើម្បីដោះស្រាយបញ្ហាជាមួយអ្នកជិតខាង ក៏ជាសក្ខីភាពដែលបង្ហាញថា រដ្ឋាភិបាល​ លោក ហ៊ុន ម៉ា​ណែត នៅ​មិនទាន់អាចកសាងនូវអំណាចរឹងមាំដោយខ្លួនឯង ឬបង្កើតនូវយន្តការចរចាពហុភាគីប្រកប​ដោយប្រសិទ្ធ​ភាពក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិនៅឡើយទេ។

បញ្ហាប្រឈមដ៏ចម្បងដែលចិនអាចនឹងជួបប្រទះ គឺភាពមិនចុះសម្រុងជាមួយ «រដ្ឋក្នុងរដ្ឋ» របស់ថៃ ព្រោះទោះបីជាចិនមានឥទ្ធិពលសេដ្ឋកិច្ច តែពួកយោធានិយមថៃនៅតែមានការមន្ទិលសង្ស័យចំពោះចេតនារបស់​​ចិនក្នុងការពង្រីកឥទ្ធិពលយោធានៅកម្ពុជា។

នៅក្នុងរចនាសម្ព័ន្ធអំណាចរបស់ថៃ អំណាចពិតប្រាកដលើបញ្ហាខ្សែបន្ទាត់ព្រំដែនស្ថិតនៅក្នុងដៃមេទ័ព និង​ក្រុមអភិរក្សនិយមដែលតែងប្រើប្រាស់រឿងនេះ ​ជាឧបករណ៍នយោបាយប្រជាភិថុត។ ប៉ុន្តែការដែលកម្ពុជាពង្រឹងសម្ព័ន្ធភាព​ការពារជាតិដល់កម្រិត ២+២ ជាមួយចិន អាចនឹងបង្ខំឱ្យមេទ័ពថៃត្រូវធ្វើការគណនា​យុទ្ធសាស្ត្រថ្មី ព្រោះរាល់ការ​បង្កជម្លោះយោធាតាមព្រំដែន នឹងមិនត្រឹមតែប៉ះទង្គិចជាមួយកម្ពុជាប៉ុណ្ណោះ​​ទេ ប៉ុន្តែនឹងប៉ះពាល់ដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិននៅក្នុងអនុតំបន់មេគង្គទាំងមូល ដែលកងទ័ពថៃអាចនឹងមិនហ៊ានប្រថុយប្រឈមមុខ​ឡើយ។

យើងអាចពិនិត្យមើលនូវសេណារីយ៉ូយុទ្ធសាស្ត្រចំនួនបី ដែលចិនអាចនឹងប្រើប្រាស់ដើម្បីបញ្ចប់ជម្លោះ​ព្រំដែន កម្ពុជា​-ថៃ ក្នុង​បរិបទ​ដែលឥទ្ធិពលអាមេរិកកំពុងចុះខ្សោយ។

សេណារីយ៉ូទីមួយ គឺការប្រើប្រាស់ «ការទូតសន្តិសុខតាមរយៈសមតុល្យយោធា» ដែលចិនអាចដើរតួជាអ្នកធានាស្ថិរភាព​តាម​រយៈយន្តការ ២+២។ ក្នុងស្ថានភាពនេះ ចិនអាចស្នើឱ្យមានការបង្កើត តំបន់សន្តិសុខរួម ឬយន្តការត្រួតពិនិត្យព្រំដែនដោយមានការចូលរួមពីបច្ចេកវិទ្យាផ្កាយរណប និងប្រព័ន្ធឃ្លាំមើលរបស់ចិន។ តាមរយៈការផ្ដល់ទិន្ន​ន័យ​ភូមិ​សាស្ត្រ និងផែនទីឌីជីថលកម្រិតខ្ពស់ដែលចិនមាន ចិនអាចបញ្ចុះបញ្ចូលឱ្យភាគីថៃទទួលស្គាល់ថា ខ្សែបន្ទាត់​ព្រំដែនដែលកម្ពុជាទាមទារ គឺជាការពិតបច្ចេកទេសដែលមិនអាចប្រកែកបាន។

ប្រសិនបើកងទ័ពថៃនៅតែមានបំណងប្រើប្រាស់កម្លាំងបាយ ចិនអាចប្រើប្រាស់កិច្ចព្រមព្រៀងសន្តិសុខជាមួយ​កម្ពុជា ដើម្បីធ្វើសមយុទ្ធយោធារួមគ្នានៅកៀកតំបន់ជម្លោះ ដែលនេះគឺជាការផ្ញើសាររារាំង (Deterrence) យ៉ាងខ្លាំងក្លាបំផុត បង្ខំឱ្យក្រុមយោធានិយមថៃត្រូវដកថយពីមហិច្ឆតាឈ្លានពាន និងងាកមកទទួលយកការសម្របសម្រួលតាមផ្លូវច្បាប់វិញ ដើម្បីចៀសវាងការប្រឈមមុខជាមួយមហាអំណាចចិន។

សេណារីយ៉ូទីពីរ គឺការអនុវត្ត «យុទ្ធសាស្ត្រសេដ្ឋកិច្ចដោះដូរនឹងសន្តិសុខព្រំដែន» ដែលជាការប្រើប្រាស់អំណាចទន់ (Soft Power) របស់ចិនទៅលើភាគីថៃ។ ដោយសារថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ចិន និងមានការពឹងផ្អែកខ្លាំង​​លើ​ការវិនិយោគក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ចិនអាចប្រើប្រាស់ដងថ្លឹងសេដ្ឋកិច្ចនេះដើម្បីទិញសន្តិភាព ឱ្យកម្ពុជា។

ចិនអាចដាក់លក្ខខណ្ឌដល់រដ្ឋាភិបាលបាងកកថា រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ឬការវិនិយោគលើវិស័យបច្ចេក​វិទ្យាខ្ពស់ពីចិន នឹងត្រូវដំណើរការទៅបាន លុះត្រាតែថៃបង្ហាញពីឆន្ទៈសន្តិភាព និងស្ថិរភាពជាមួយអ្នកជិតខាង ជាពិសេសបញ្ឈប់រាល់សកម្មភាពឈ្លានពាននៅតាមព្រំដែនកម្ពុជា។

ក្នុងករណីនេះ ចិនអាចជួយសម្រួលឱ្យមានការរួមគ្នាទាញយកផលប្រយោជន៍ពីតំបន់ត្រួតស៊ីគ្នា (OCA) ដោយមានក្រុមហ៊ុនចិនជាអ្នកវិនិយោគកណ្តាល ដែលអាចធ្វើឱ្យក្រុមអភិរក្សនិយមថៃមើលឃើញពីផលចំណេញសេដ្ឋកិច្ចធំ​ជាង​ការ​ឈ្លោះប្រកែកគ្នាលើរឿងផែនទី ហើយនៅទីបំផុតពួកគេនឹងបន្ទន់ឥរិយាបថដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុរបស់​ជាតិ​គេ។

សេណារីយ៉ូទីបី គឺការបង្កើត «ក្របខ័ណ្ឌសន្តិសុខតំបន់មេគង្គ-ឡានឆាង» ដែលជាយន្តការពហុភាគីដឹក​​នាំ​ដោយ​ចិន ដើម្បីជំនួសឱ្យឥទ្ធិពលអាមេរិក។ ចិនអាចរៀបចំឱ្យមានការចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាព និងកិច្ច​សហ​ប្រតិ​បត្តិ​ការ​ព្រំដែន ក្នុងកម្រិតតំបន់ ដែលមានចិនជាសាក្សី និងជាអ្នកធានា។ យន្តការ​នេះ នឹងដាក់សម្ពាធឱ្យថៃត្រូវ​គោរព​តាមការបកស្រាយ MOU ២០០០ ក្នុងលក្ខណៈបច្ចេកទេសសុទ្ធសាធ ដោយដកចេញនូវឥទ្ធិពលនៃនយោ​បាយ​ប្រជា​ភិថុត។

ចិនអាចប្រើប្រាស់តួនាទីរបស់ខ្លួនក្នុងនាមជាមហាអំណាចតំបន់ ដើម្បីធ្វើឱ្យការឈ្លានពានរបស់ថៃក្លាយជា «ទង្វើដែលមិនអាចទទួលយកបាន» ក្នុងក្របខ័ណ្ឌសន្តិសុខថ្មីដែលចិនកំពុងកសាង។ សម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សេណារីយ៉ូនេះ នឹងផ្តល់នូវភាពស្របច្បាប់ជាអន្តរជាតិ និងកាត់បន្ថយសម្ពាធពីខាងក្រៅ ប៉ុន្តែវាក៏មាន​ន័យ​​ថា កម្ពុជាត្រូវតែដើរតាមគន្លងនយោបាយសន្តិសុខរបស់ចិនក្នុងរយៈពេលវែង ដែលជាការដោះដូររវាងសុវត្ថិ​ភាព​ព្រំដែន និង​ការ​ចុះ​ខ្សោយ​នៃតុល្យភាពការទូតជាមួយប្លុកសេរី។

តាមរយៈសេណារីយ៉ូទាំងបីនេះ យើងឃើញថា ចិនពិតជាមានឧបករណ៍គ្រប់គ្រាន់ក្នុងការជួយរដ្ឋាភិបាលភ្នំពេញឱ្យចាកចេញពីអន្ទាក់ព្រំដែន ប៉ុន្តែជោគជ័យនៃសេណារីយ៉ូទាំងនេះ ក៏អាស្រ័យទៅលើសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការគ្រប់គ្រងប្រតិកម្មតបតពីក្រុមអ្នកនយោបាយថៃ និងការរក្សាមុខមាត់ឱ្យភាគីថៃ ផងដែរ។

ប្រសិនបើចិនអាចសម្របសម្រួលឱ្យមានដំណោះស្រាយ ឈ្នះ-ឈ្នះ ដែលថៃមិនបាត់បង់មុខមាត់ ហើយកម្ពុជាទទួលបានការធានាព្រំដែនពិតប្រាកដ នោះវានឹងក្លាយជាសមិទ្ធផលដ៏ធំបំផុតនៃសម្ព័ន្ធភាព ២+២ កម្ពុជា-ចិន ដែលនឹង​កែ​ប្រែ​ប្រវត្តិសាស្ត្រនៃទំនាក់ទំនងត្រីភាគីនេះជារៀងរហូត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ