ពលរដ្ឋ​​ស្នើ​​​ឱ្យ​​រដ្ឋាភិ​បាល​​អនុ​វត្ត​​ច្បាប់​​​លើ​​មន្ត្រី​​ណា​​ពាក់​ព័ន្ធ​​នឹង​​ក្រុម​​ឧក្រិដ្ឋ​ជន​អន​ឡាញ​នៅ​​ក្រុង​​បាវិត

ពលរដ្ឋ និង​​មន្ត្រី​​សង្គម​​ស៊ីវិល ជំរុញ​​​ឱ្យ​​រដ្ឋាភិ​បាល​​បង្ក្រាប​​ក្រុម​​ឧក្រិដ្ឋ​ជន (Scam online) ឱ្យ​​ចំ​​គោល​ដៅ​ ដោយ​​ចាត់​​វិធាន​ការ​​អ្នក​​ជួល​​អគារ​​ទៅ​​​ឱ្យ​​ក្រុម​​ស្គេម​​អន​ឡាញ ខណៈ​​ពួក​គេ​​សង្ស័យ​​ថា​ បច្ចុប្បន្ន​អគារ​​មួយ​​ចំនួន​​ក្នុង​​ក្រុង​​បាវិត​​នៅ​​បន្ត​​បើក​​ដំណើរ និង​​តំប​ន់​​​កាស៊ី​ណូ​​ខ្លះ បាន​​ផ្តល់​​ទីតាំង​​ឱ្យ​​ក្រុម​​ឧក្រិដ្ឋ​ជន​​ទាំង​​នេះ។

ពលរដ្ឋ​រស់​នៅ​ក្រុង​បាវិតស្នើសុំឱ្យហៅ​ឈ្មោះក្រៅថា លោក ជិត មករា ប្រាប់​វីអូឌីនៅថ្ងៃទី​២២ ខែ​មេសា​ថា ​រដ្ឋា​ភិបាល​ត្រូវ​​បង្ក្រាប​​ទីតាំង​​ស្គេម​​អន​ឡាញ (Scam online) ក្នុង​​ក្រុង​​បាវិត​​​ឱ្យ​​អស់ ដែល​​កំពុង​បន្ត​ធ្វើ​សកម្មភាព​ដោយ​លាក់​បាំង ក្នុង​អគារធំៗ​ និងខ្លះ​ជ្រក​ក្រោម​ដំបូល​កាស៊ីណូ (Casino)មួយ​ចំនួន​ដែល​ម្ចាស់​ជា​ជន​បរទេស។

លោក​ថា  រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​ដល់​ម្ចាស់​កាស៊ីណូ និង​ម្ចាស់​អគារ​ទាំង​ឡាយ​ណា​ ដែល​ផ្តល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន (Scam Online) ខុស​ច្បាប់​ក្នុង​ក្រុងបាវិត។

លោក ជិន មករា និយាយថា​៖ «វា​អាច​នៅ​ក្រោម​ឆត្រ​របស់​កាស៊ីណូ​ណា​មួយ​ ដូច្នេះ​អាជ្ញាធរ​គួរតែ​សិក្សា​ស្រាវ​ជ្រាវ​រក​​ឃើញស្គេម​​អនឡាញ​នៅ​ទី​តាំង​ណា ​​គួរតែ​បង្ក្រាប​ទីតាំង​នោះ​ឱ្យ​បាន​ទាំង​អស់ ហើយ​អាគារ កាស៊ីណូ​គាត់​ជាប់​ពាក់​ព័ន្ធ​ស្គេម​អន​ឡាញ ដែល​មាន​លាក់​បាំងស្គេម​​អន​ឡាញ​ នៅ​​ក្រោម​ឆ័ត្រ​របស់​គាត់ រដ្ឋាភិបាល​គួរ​ដក​អាជ្ញាបណ្ណ​​ចោល»។

លោក ​ជិន មករា ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ណា ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​​ស្គេម​​អន​ឡាញ (Scam online) មក​ផ្ដន្ទាទោស​​តាម​ច្បាប់ ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ លោក​បារម្ភ​ថា​ ចាប់​តាំង​ពី​កើត​មាន​​​ស្គេម​អនឡាញ​នៅ​ក្រុង​បាវិត បង្ក​កើត​ឱ្យ​មាន​អសន្តិសុខ​សង្គម គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ប៉ះពាល់​ដល់​ភ្ញៀវ​​ទេស​ចរ​ជាដើម។

លោកថា៖ «អាជ្ញាធរ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​​ស្គេម​អនឡាញ​ ត្រូវតែ​យក​គាត់​មក​អនុវត្តច្បាប់ បាន​ទាំង​អស់​គ្នា ទើប​ការ​បង្ក្រាប​ស្គេម​អនឡាញ​មាន​ប្រសិទ្ធភាព។ ប្រសិន​ជា​អ្នក​ពាក់ព័ន្ធ​ជនជាតិ​ខ្មែរ​ និង​អ្នក​មាន​លុយ​មាន​អំណាច​​​​គ្មាន​ប្រសិទ្ធភាព​ដែល​​វា​នៅ​តែ​បន្ត​​មាន​រហូត»

បន្ទាប់ពី​រដ្ឋាភិបាល​ផ្តើម​យុន្ធនាការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ប្រតិបត្តិ​បង្ក្រាប​បទល្មើស Online Scams នេះ អគារ​មួយ​​ចំនួន​​ក្នុង​ក្រុង​បាវិត ​ហាក់​ស្ងប់ស្ងាត់​បន្តិច ដោយ​អាគារ​ខ្លះ​ទុក​ចោល​ និង​អគារ​ខ្លះ​ទៀត ​ព័ទ្ធ​របង​ជិត​ដោយ​មាន​​​សន្តិសុខយាម​​កាម​​យ៉ាង​តឹងរ៉ឹង។ ​​

អ្នក​សារព័ត៌មាន​វីអូឌី ​បាន​ចុះ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​ដោយ​​ផ្ទាល់​ជុំ​វិញ​រឿង​នេះ​ ដោយ​សម្ភាសន៍​​​ពលរដ្ឋ​ក្នុង​ក្រុង​បាវិត​​រក​​ឃើញ​​ថា ​អាគារ​កាស៊ីណូ​ខ្លះ ​​ពលរដ្ឋ​សង្ស័យ​ថា ផ្តល់​ទីតាំង​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ស្គេម​​​អនឡាញ​ដោយ​​លាក់​លៀម​ ដោយ​​​មាន​​ពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​មាន​អំណាច​កាង​ការពារ​ពី​ក្រោយ​ខ្នង។

ពលរដ្ឋ ​អះអាង​ថា ម្ចាស់​អាគារ​មួយ​ចំនួន​ជា​អ្នក​មាន​លុយ​ បាន​ជួល​អគារ​ឱ្យ​ជន​បរទេស​បង្កើត​ទីតាំង​ស្គេម​អន​ឡាញ ក្នុង​​​តម្លៃ​​​ចន្លោះ ៣ពាន់​ដុល្លារ(៣០០០) ដល់​ជាង ១ ម៉ឺន​ដុល្លារ(១០០០០)​ក្នុង​មួយ​ខែ។

កន្ល​ងទៅ លោក​នាយករដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត​ បាន​បង្កើត​យុទ្ធនាការ​បោស​សម្អាត​​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ (Online Scams) ដោយ​បញ្ជា​ឱ្យ​មន្ត្រី​ចាត់​វិធានការ​ច្បាប់ និង​តាម​ដាន​ទីតាំង​សង្ស័យ​ ដើម្បី​លុប​បំបាត់​មជ្ឈ​មណ្ឌល​​​ទាំង​នោះ​ឱ្យ​អស់ ក្នុងបំណង​លើក​កម្ពស់​កិត្តិយស​ជាតិ​ និង​សន្តិសុខ​សង្គម។ 

​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ថ្លែង​ក្នុង​សន្នីសិទ្ធ​សារព័ត៌មាន​មួយ​ស្តីពី​ «ច្បាប់​ស្តីពីការ​ប្រឆាំង​ការ​ឆបោក​​​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា» កាល​ព្រឹក​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ២០២៦ សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​ជា​រឿង​សន្តិសុខជាតិ​​​ទាំង​​​មូល​​ដែល​លោក​ថា​ ទាំងអស់​គ្នា​ត្រូវ​រួមគ្នា​ប្រឆាំង​ស្គេម​​​អនឡាញ ស្រប​ពេល​រាជ​រដ្ឋាភិបាល​កំពុង​បោស​សម្អាត​​​ឱ្យ​អស់ ដើម្បី​​​កុំ​ឱ្យ​មាន​នៅ​កម្ពុជា​ទៀត។

លោក​ថា បញ្ហា​ស្គេម​​អនឡាញ វាល​លុក​ចូល​មក​កម្ពុជា មាន​បណ្តា​ប្រទេស​ជាច្រើន​ នាំ​គ្នា​វាយ​ប្រហារ​មក​លើ​កម្ពុជា ប៉ះពាល់​ធ្ងន់ធ្ងរ ខុស​ពី​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ជួញ​ដូរ​មនុស្ស។

លោក កើត រិទ្ធ ថ្លែង​ថា​៖ «តែ​រឿង​បញ្ហា​ស្គេម​នេះ វា​រាល​ដាល​ចេញ​ពី​បញ្ហា​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ទៅ​ជា​រឿង​សេដ្ឋកិច្ច ទៅ​ជា​រឿង​ប៉ះពាល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្ពុជា ជា​រឿង​របស់​ប្រជាជាតិ​ទាំង​មូល ដែល​​​យើង​ត្រូវ​រួមគ្នា ធ្វើការ​ប្រឆាំង​ស្គេម​​អនឡាញ​នេះ»

ជុំវិញ​រឿង​នេះ ​ប្រធានអង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា សង្កេត​​ឃើញ​​ថា ​ចំណាត់​​ការ​​របស់​​រដ្ឋាភិ​បាល​​​នៅ​​តែ​មិន​ទាន់​ចំ​គោលដៅ​នៅ​ឡើយ​ទេ​ ខណៈ​ដែល​ក្រុម​ឧកញ៉ា មន្ត្រី​ធំៗ ​និង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង មិន​ទាន់​ឃើញ​អនុវត្ត​ច្បាប់​នៅ​ឡើយ​ទេ។

លោកថា៖ «ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ហ្នឹង​ឯង​ គ្រួសារ​មេ​ដឹក​នាំ​ក្តី និង​អ្នក​មាន​​អំណាច​ផ្សេងៗ​នៅ​ពី​ក្រោយ​ខ្នង​ក្តី ត្រូវ​​មាន​វិធានការ។ ឧកញ៉ា​មួយ​ចំនួន​សង្ស័យ​ពាក់ព័ន្ធ​បោក​ប្រាស់​អនឡាញ ក៏​អត់​ទាន់​បាន​ចាត់​វិធានការ​ដែល​ វា​​ទាល់​តែ​មាន​ការ​ចាត់​វិធានការ​ចំ​មេ​ខ្លោង ចំ​គោលដៅ ទើប​ការ​បោក​ប្រាស់​អនឡាញ​អាច​ស្ងប់​ស្ងាត់​បាន»

របាយ​ការណ៍​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​កម្ម ​ឱ្យ​ដឹង​ថា មាន​​មនុស្ស​​យ៉ាង​​ហោច​​ណាស់ ​១០ម៉ឺន​នាក់ ធ្វើការ​ក្នុង​ឧស្សាហកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា​ ចាប់តាំងពី​អំឡុង​ឆ្នាំ២០២៣ ដែល​​​ប្រព័ន្ធ​ការងារ​នេះ ផ្តល់​អត្ថ​ប្រយោជន៍​ភ្ជាប់​​គ្នា ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ ដូច​​ជា សេវា​ផ្តល់​ម្ហូប​អាហារ និង​ភេសជ្ជៈ សេវា​ដឹក​ជញ្ជូន​ និង​សេវា​កម្សាន្ត​ផ្សេងៗ​ទៀត។

ចាប់​តាំង​ពី​ឆ្នាំ​២០២៦ មក​ទល់​ពេល​នេះ ​អាជ្ញាធរ​បាន​បណ្តេញ​ជន​បរទេស​​ជាង ២១ម៉ឺននាក់​ ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ឆបោក​តាម​អនឡាញ បាន​ចាក​ចេញ​ពី​កម្ពុជា​ដោយ​ការ​ស្ម័គ្រចិត្ត​ បន្ទាប់​ពី​អាជ្ញាធរ​បើក​យុទ្ធនា​​ការ​​​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ