វិបត្តិ​​បំណុល​​​ជំរុញ​​​ឱ្យ​​ពលរដ្ឋ​​ខ្មែរ​​ខ្លះ​​លួច​​ឆ្លង​ដែន​​រក​​ការ​ងារ​​​​ធ្វើ ទោះ​​​ប្រឈម​​នឹង​​ការ​​ចាប់​​ខ្លួន​​ពី​​អាជ្ញាធរ​​ថៃ

វិបត្តិ​បំណុល ត្រូវ​បាន​អះ​អាង​​មកថា បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​​ខ្មែរ​​មួយ​​ចំនួន ត្រូវ​​បង្ខំ​​ចិត្ត​​លួច​​ឆ្លង​​ដែន​​ទៅ​​​រក​​ការ​ងារ ទោះ​​​ដឹង​​ថា​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ថៃ​ក្តី ដែល​ការ​​ប្រថុយ​ប្រថាន​​បែ​ប​​នេះ ហាក់​ផ្ទុយ​គ្នា​ទៅ​នឹង​ការ​ដែល​រដ្ឋាភិ​បាលកម្ពុជា ​​ធ្លាប់​លើក​ឡើងពីការ​​ ​ធានា​​ផ្តល់​​ឱកាស​ទីផ្សារ​ការ​ងារ​ឱ្យ​ពលករ​​ដែល​សម្រេច​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ក្រោយ​​ថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា។

មន្ត្រី​​សិទ្ធិ​​ការងារ​​​ទទួល​​បន្ទុក​​ផ្នែក​​ពលករ​​ចំណាក​​ស្រុក​​របស់​​អង្គការ​​សង់ត្រាល់ (Central) ប្រចាំ​​ប្រទេស​​ថៃ លោក លឹង សុផុន ឱ្យ​វីអូឌី​​ដឹង​​ថា គោល​នយោបាយ​រដ្ឋាភិបាល​​កម្ពុជា ​បន្ត​បរាជ័យ​​ក្នុង​ការ​ផ្ដល់​ការងារ​ដល់​ពលករ​​​វិល​ពី​ប្រទេស​ថៃ ខណៈ​ការងារ​មួយ​ចំនួន​​​ពុំ​សមស្រប​នឹង​ចំណេះ​ជំនាញ​របស់​ពួកគេ​​ដែល​ធ្លាប់​ធ្វើការ​នៅ​ថៃ​​នោះ​ទេ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្វែង​យល់​ពី​ចំណេះ​ជំនាញ​​របស់​ពលរដ្ឋ និង​ងាយស្រួល​ផ្ដល់​ការងារ​ដល់​ពួកគាត់ ដើម្បី​ធានា​ថា ពលរដ្ឋ​មាន​​ការ​ងារ​បាន​ប្រាក់​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​បាន។

លោក លឹង សុផុន ថ្លែងថា៖ «ភាគច្រើន​គឺ​គាត់​លើកឡើង​ពី​បញ្ហា​បំណុល បាទ! បញ្ហា​បំណុល គាត់​ថា​នៅ​ខ្មែរ​គាត់​អត់​​អាច​រកលុយ​​បង់​បំ​ណុល​ធនាគារ​អី​បាន​អីចឹង ហើយ​គាត់​មានការ​ប្រៀបធៀប​នៅ​ពេល​ដែល​ជួប​ពួកគាត់ ហើយ​យើង​បាន​សម្ភាសន៍​សាក​សួរ​​អីចឹង គាត់​ថា​នៅ​ខ្មែរ​គាត់​ដូច​ថា​រត់​មិន​រួច ហើយ​ចំណាយ​ច្រើន ហើយ​មាន​បំណុល​ផង គឺ​មិនអាច​នៅ​បាន​ទេ អីចឹង​មានតែ​រក​វិធីសាស្ត្រ​​​មក​ថៃ​អីចឹង»។

កាលពី​ថ្ងៃទី​២០ ខែ​មេសា ពលករ​ខ្មែរ​ចំនួន ១៦​នាក់ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​ស្រុក​​អារញ្ញ ខេត្ត​ស្រះកែវ ចាប់​​ខ្លួន​​យក​​ទៅ​​ឃុំ​​ឃាំង​​ដើម្បី​​បន្ត​​នីតិវិធី ខណៈ​ពួកគេ​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ។

ចំណែក​នៅ​ខេត្ត​ចន្ទបុរី ​មាន​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ ១៤​នាក់ និង​​ខេត្ត​ត្រាត​ ​ក៏​មាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ ក្រោយ​​ចាប់​ខ្លួន​អាជ្ញាធរ​ថៃ​​បាន​សាកសួរ និង​បញ្ជូន​ពលករ​ខ្មែរ​​ទាំង​​នោះ​ទៅ​ឃុំ​ដើម្បី​បន្ត​នីតិវិធី។

វីអូឌី ​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា ដើម្បី​សុំ​ការ​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​នេះ​​បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​មេសា។ ប៉ុន្តែកន្លងមក​ ក្រសួងការងារ ធ្លាប់បានលើកឡើងពីការផ្តល់​ឱកាសការងារច្រើនពាន់កន្លែង សម្រាប់ជួយដោះស្រាយបន្ទុក​ពលករខ្មែរ ដែល​បានត្រឡប់ពីប្រទេសថៃ។

ជុំវិញ​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ យល់​ឃើញ​ថា ជា​​​ការ​លំបាក​​ក្នុង​ការ​សម្រេចចិត្ត​ភ្លាមៗ ​ទាំង​រដ្ឋាភិបាល ទាំង​អាជ្ញាធរ និង​ពលរដ្ឋ ដោយសារ​មាន​គំនាប​រៀងៗ​ខ្លួន ប៉ុន្តែ​លោក​ថា បើ​រដ្ឋាភិបាល​មាន​ការ​​ទទួលខុសត្រូវ និង​មាន​ទិន្នន័យ​ច្បាស់លាស់ នោះ​រដ្ឋ​អាច​សហការ​រៀបចំ​​​​ទៅ​តាម​​ចំណេះ​​ជំនាញ​វិជ្ជាជីវៈ​របស់​ពលរដ្ឋ។ លើស​ពី​​នេះ​​លោក​ជំរុញ​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​រួមគ្នា បង្កើត​ការងារ​ថ្មី ឬ​ក៏​ណែនាំ​​ការងារ​ដល់​ពលរដ្ឋ​ដោយ​អព្យាក្រឹត និង​ត្រូវ​ដាក់លើ​តុ​ជជែក​​គ្នា​ដោយ​​តម្លាភាព ​និងមាន​ក្រសួង​ការងារ​ដើរ​តួនាទី​​សំខាន់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ទើប​អាច​​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​បាន។

លោកថា៖ «ខ្ញុំ​មានតែ​ការជំរុញ​សូម​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ មាន​​ប្រជាពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ ហើយ​និង​រដ្ឋាភិ​បាល គឺ​ត្រូវ​​ធ្វើ​ការ​រួម​គ្នា​ជា​កម្លាំង​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​ជាប់​គាំង​ហ្នឹង ហើយ​ធ្វើ​ម៉េច​ក៏​ដោយ​​គឺ​បញ្ចប់​បញ្ហា​ទាំងអស់​ដោយ​​ឈរ​ទៅលើ​គោលការណ៍​ស្មើភាព»

គិត​ត្រឹម​ឆ្នាំ​២០២៤ កម្ពុជា​មាន​កិច្ច​សន្យា​ឥណទាន​ខ្នាត​តូច​សកម្ម​រហូតដល់​ជាង ៣,១ លាន ក្នុង​ចំណោម​គ្រួសារ​សរុប​​ត្រឹម​តែ ៣,៨ លាន​គ្រួសារ។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​នោះគឺ ទំហំ​កម្ចី​ជា​មធ្យមមានចំនួនរហូតដល់ ៥៨០០ ដុល្លារ ដែល​តួ​លេខ​នេះ​ខ្ពស់​ជាង ៤​ដង នៃ​ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ (ប្រមាណ ១៤០០ ដុល្លារ ក្នុង​ឆ្នាំ​២០២៣)។

កាលពី​ថ្ងៃទី​១៨ ខែ​មេសា ពលករ​ខ្មែរ​ចំនួន ១០៦​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​រង​ការ​ចោទ​ថា បាន​លួច​ឆ្លងដែន និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ក្នុង​នោះ​រួមមាន​ស្ត្រី ២៥​នាក់ និង​កុមារ​ចំនួន​១៧​នាក់។

បើ​តាម​លោក លឹង សុផុន គឺ​ពលករ​ខ្មែរ​​ដែល​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ភាគ​ច្រើន​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ការ​ងារ​​​ចាស់ ហើយ​ពួកគេ​ត្រូវ​បង់ថ្លៃ​​ឱ្យ​មេខ្យល់​នាំ​ផ្លូវ​ជាដើម ខណៈ​ប័ណ្ណ​ការងារ​របស់​ពលករ​ខ្មែរ​​​ប្រមាណ ១សែន​នាក់ អស់​​​សុពលភាព កាល​ពី​ចុង​ខែ​មីនា។

មន្ត្រី​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​ការងារ​រូប​នេះ​ស្នើ​​រដ្ឋាភិបាល​​កម្ពុជា ត្រូវ​មាន​យន្តការ​​ច្បាស់លាស់​ទប់​ស្កាត់​ការ​ចំណាក​ស្រុក​របស់​​​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ថៃ​​ដោយ​ខុស​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព តាមរយៈ​ការ​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ការ​ស្វែង​រក​ការងារ​​នៅ​កម្ពុជា​ឲ្យ​ច្បាស់​​លាស់ ជា​ពិសេស​ការ​ចុះឈ្មោះ និង​​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ ដោយ​ត្រូវ​ផ្ដល់​ភាព​ជាក់ស្ដែង ​ដើម្បី​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ឱ្យ​មាន​ភាព​​ងាយ​ស្រួល និង​ឆាប់​ទទួល​បាន​ការងារ​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ