ឃាតកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​បន្សល់​ទុក​ភាព​ភ័យ​ខ្លាច​ខណៈ​ខ្មាន់​កាំភ្លើង​មិន​ទាន់​ចាប់​ខ្លួន​ជិត​១ខែ

ជិត​មួយ​ខែ​មក​នេះ សមត្ថ​កិច្ច​មិន​ទាន់​ចាប់​បាន​ខ្មាន់​កាំភ្លើង ដែល​បើក​ការ​បាញ់​សម្លាប់​ថៅកែ​កាស៊ី​​ណូ «ស៊ីន​​ហៅ​ភីក» នៅ​ខេត្ត​ព្រះ​សីហនុ​បាន​នៅ​ឡើយ​ទេ ទោះ​កន្លែង​កើត​ហេតុ​ឡោម​ព័ទ្ធ​ដោយ​កាមេរ៉ា​សុវត្ថិ​ភាព​ជា​ច្រើន​ក៏​ដោយ។

បញ្ហានេះ ជំរុញឱ្យ​មាន​ការ​លើក​ឡើង​ថា ខេត្ត​ជាប់​មាត់​សមុទ្រ ជា​ប៉ូល​សេដ្ឋ​កិច្ច​របស់​កម្ពុជា​មួយ​នេះ កំពុង​បន្សល់​ទុក​នូវ​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​វិនិ​យោគ ដែល​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​ជំនាញ ដើម្បី​ស្តារ​ទំនុក​ចិត្ត​ពលរដ្ឋ អ្នក​វិនិ​យោគ និង​មុខ​មាត់​រដ្ឋាភិ​បាល។

កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ខ្មាន់កាំភ្លើងមួយក្រុម​​ បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ថៅកែ​កាស៊ី​ណូ «ស៊ីន​​ហៅ​ភីក» បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ ​ក្បែរ​​​​​​រោងចក្រ​ស្រាបៀរ​អង្គរ​ ស្ថិត​​​ក្នុង​សង្កាត់​លេខ១ ក្រុង​​ព្រះ​សីហនុ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ជន​ដៃ​ដល់​ទាំង​នោះ​នៅមិ​ន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

មន្ត្រីជំនាញមួយរូបសុំមិនឱ្យបញ្ចេញឈ្មោះ បានឱ្យដឹងនៅថ្ងៃទី២១ខែមេសា​នេះ​ថា ជន​ដៃដល់​និង​បក្ខ​ពួក​ បាន​រត់​គេច​ខ្លួន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ជិត​ខាង។ ហើយ​ករណី​នេះ កម្ពុជា​ស្នើ​សុំ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ដើម្បី​​​​ឈាន​​​​ទៅ​​​នាំ​ខ្លួន​ក្រុម​ជន​ល្មើស យក​មក​​​ផ្តន្ទា​​​ទោសតាម​ច្បាប់​កម្ពុជា​​វិញ។

វីអូឌី​ មិនអាចរកការបញ្ជាក់ពីស្នងការខេត្តព្រះសីហនុ លោក ស រដ្ឋា បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ប៉ុន្តែ​កន្លង​មក​ លោក​ធ្លាប់​ប្រាប់​កាសែត​ក្នុង​ស្រុកថា សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ជន​ដៃ​ដល់​ហើយ។

អ្នកស្រាវជ្រាវការសិក្សាផ្នែកផ្នត់គំនិត និងស្រាវជ្រាវ លោក សេក សុជាតិ ហៅ​ការ​ដែល​ខ្មាន់​កាំភ្លើង​រត់​គេច​ពីសំ​ណាញ់​​ច្បាប់​ ក្រោយ​ធ្វើ​សកម្ម​ភាព​បាញ់​សម្លាប់​មនុស្ស​ជិត​១ខែ​មក​នេះ​ថា បង្ហាញ​ពី​ភាព​កម្សោយ​លើ​ការ​ងារ​ថែ​រក្សា​សន្តិសុ​ខ​​ជូ​ន​ពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀ​វ​​ទេសចរ និង​អ្នក​វិនិយោគ​ទុន។

លោកថា ភាពអសកម្មនេះ ​​អាចនាំឲ្យ​អ្នកវិនិយោគទុន និង​​ភ្ញៀវទេសចរបរទេស ខ្លាច​រអា​​មិ​ន​ហ៊ាន​ចូល​មក​ខេត្ត​ព្រះ​សីហនុ​ច្រើន​​ទៀត​ទេ​​​នៅ​​​​​ថ្ងៃ​​​អនាគត​ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​ទប់​ស្កាត់ ដើម្បី​ស្តារ​ទំនុក​ចិត្ត​អ្នក​វិនិ​យោគ​ និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ។

លោកបន្តថា៖ «ហើយក៏អាចធ្វើឲ្យសហគមន៍ជាតិអន្តរជាតិមើលឃើញអំពី របៀប​នៃ​ការ​អនុ​វត្ត​ច្បាប់​​​​នៅ​​ក្នុង​​​ប្រទេស​​​​យើង ជាពិសេស​​នៅ​ក្នុ​ង​តំបន់​ទេសចរណ៍ និងពាណិជ្ជកម្ម សេដ្ឋ​កិច្ច​ដ៏​ធំ​មួយ​បន្ទាប់​ពី​​រាជ​​ធានី​​​ភ្នំពេញ គឺ​ខេត្ត​​ព្រះ​សីហនុ​​ហ្នឹង ហាក់បីដូចជាមានការទន់ជ្រាយខ្លាំង រហូត​​ដល់មិ​នអាចស្វែងរ​កជនដៃ​ដល់ យក​មក​ផ្តន្ទាទោស​ជា​​ដើម។ ហើយវាជាសញ្ញាអវិជ្ជមាន ដែល​​អាចធ្វើឲ្យមានការសង្ស័យច្រើន​ពាក់​ព័ន្ធ ជាមួ​យ​នឹងបទល្មើស ដែលមិនអាចបង្ក្រាបបាន​»។

​លោកសង្កត់ធ្ងន់ថា ការបង្រ្កាបបទលើ្មសប្រកបដោយប្រសិទ្ធភាព ជា​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​មជ្ឈ​ដ្ឋាន​ជាតិ និង​អន្តរ​ជាតិ និង​លាង​ជម្រះ​មន្ទិល​ពី​ការ​ចោទ​នានា​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នេះ​ផង​ដែរ ។

លោក​ថា៖ «បើកាលណាយើងអាចអនុវត្តច្បាប់បានទៅរលូន ហើយបាល្អ ទោះ​ឋិត​​នៅក្នុងតម្លៃ​​​ណា​​​ក៏​​ដោយ ខ្ញុំនៅតែមានជំនឿជឿជាក់ថានឹងទទួលបានការគាំទ្រ និងសាទរពី​សាធារណជ​​ជាតិ និង​​​អន្ត​​ជាតិ ហើយជាពិសេស ក៏ជាឱកាសនៅក្នុងការផ្តល់សញ្ញាវិជ្ជមានទៅដល់អ្នកវិនិយោគ ដែល​​ង់ធ្វើការ​​រកស៊ីនៅ​​​ក្នុងខេត្តព្រះសីហនុ ក៏មានទំនុកចិត្តខ្ពស់ដែរ»

លើសពីនេះ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅ​កាត់ (ANSA) ​លោក សន ជ័យ និយាយ​ថា ការ​បន្សល់ទុកនូវភាពអសកម្មទាំងនេះ  វា​មិន​បាន​ជួយ​លើក​មុខ​មាត់​រដ្ឋាភិ​បាល ដែល​បាន​ប្តេជ្ញា​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ​​។

លោក​ថា៖ «ចំពោះឃាតកម្មមួយ ដែលអាជ្ញាធរមិនទាន់បាន​វែក​មុខ​ឧក្រិដ្ឋ​ជន​ គឺ​ចំណុច​នេះ​ច្បាស់​ជា​បង្ហា​ញ​នូ​វ​អារម្មណ៍​​ខក​ចិត្ត។ ទី១​គ្រួសារ​ជន​រង​គ្រោះ​ ទី២​មហា​ជន​ដែល​ចាប់​អារម្មណ៍​រឿង​ហ្នឹង គេ​អាច​នឹង​វាយ​តម្លៃ​ថា សមត្ថ​ភាព​​របស់​អាជ្ញាធរ​ពេល​នេះ​ ដូច​ជា​មិន​ពិបាក​ក្នុង​ការ​ស្វែង​រក​ខ្មាន់​កាំភ្លើង​ទេ។ អញ្ចឹង​យើ​​​ង​ស្នើសុំ​​​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ពន្លឿន​វែក​​មុខ​ជន​ដៃ​ដល់​ដើម្បី​យក​មក​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់ ហើយ​ក៏​​​​​ជា​ការ​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​របស់​អាជ្ញា​ធរ​ ក្នុង​ការ​បង្ក្រាប​ទៅ​លើ​បទ​ល្មើស​បទ​ឧក្រិ​ដ្ឋ​ទាំង​អស់​នេះ​ដែរ»។

មួយវិញទៀត លោកថា ឃាតកម្មដែលបានកើតឡើង​នៅ​ចំកណ្តាលក្រុង បំពាក់​ដោយ​​កាមេរ៉ា​សុវត្ថិ​ភាព​ស្អេក​ស្កះ​តាម​ដង​ផ្លូវ ហើយ​ខ្មាន់​កាំភ្លើង​បែរ​ជា​ត្រូវ​បាន​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​នោះវា​មិន​មែន​ជា​ការ​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នោះ​ទេ ដែល​ថា​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​ពិចារណា​ឡើង​វិញ។

លោកថា ៖ «សម្រាប់ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ផង ជាខេត្ត​ដែល​មាន​កា​រ​អភិវឌ្ឍ​ខាង​ផ្នែក​​អច​​ល​ន​​ទ្រព្យ ​ក៏​ដូច​ជា​ការ​លើក​កម្ពស់​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ហ្នឹង​ ការ​បំពាក់​នូវ​ប្រព័ន្ធ​​កាមេ​រ៉ា​​សុវត្ថិ​ភាព ដូច​​​ជា ​​មាន​គ្រប់​គ្រាន់​​ហើយ។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​អ្វី​ ដែល​ជា​ចំណុច​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​​​​ការ​វែ​ក​មុខ​ឧក្រិដ្ឋ​ជន? អញ្ចឹង​ចំណុច​ហ្នឹង ​ខ្ញុំ​គិត​ថា​ ដល់​ពេល​អាជ្ញាធរ​ត្រូវ​បង្ហាញ​សមត្ថ​ភាព​របស់​​ខ្លួន​ពេញ​លេញ ធ្វើ​ម៉េច​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឲ្យ​បាន។ ហើយ​ការ​បង្ក្រាប​ឲ្យ​បាន​នេះ ក៏​ជា​សញ្ញា​​មួយ​រួម​ចំណែ​ក​ទៅ​ដល់​​ការ​កាត់​បន្ថយ​នូវ​បទ​ល្មើស​ដែរ»។

​​អាជីវ​ករ​មិនបង្ហាញឈ្មោះម្នាក់ រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាន​ចោទ​ជា​សំណួរ​ថា​ មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​មាន​ច្រើន ហេតុ​អី​បាន​ជន​ដៃ​ដល់​មាន​អាវុធ​ប្រើ ហើយ​បាញ់​សម្លាប់​មនុស្ស​រួច​គេច​ខ្លួន​បាន​ដោយ​ងាយ​បែប​នេះ​ទៅ​វិញ។

លោកថា ៖ «មិនដឹងថាអាជ្ញាធរគេគិតម៉េច ហេតុអ្វីបានជាគេទិញកាំភ្លើង​ចឹង​បាន មិន​ដឹង​ជា​គេ​​យក​ចូ​ល​តាម​ណា? បើ​​តែ​យ៉ាងៗ​ហ្នឹង​ចង់​បាន​អ្នក​វិនិយោគ​ច្បាស់​លាស់ ចង់​បាន​អ្នក​វិនិ​យោគ​​ត្រឹម​​ត្រូវ​​ខាង​​ផ្នែ​ក​​​ទេស​ចរណ៍ ឬ​មួយ​​ក៏​ខាង​សណ្ឋាគារ​អីហ្នឹង​ដូច​ជា​ពិបាក​ណាស់»។

​យ៉ាងណា យុទ្ធការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ កាលពីថ្ងៃទី២១ខែមេសានេះ សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ ទម្លាយ​ឱ្យ​ថា ​ជន​សង្ស័យ​ជា​ជន​បរទេស​ចំនួន ៤៥​នាក់​ថ្មី​ទៀត ត្រូវ​ចាប់​ឃាត់​ខ្លួន ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​​បង្ក្រាប​ទីតាំង​​ចំនួន ០៣​​កន្លែង​​ផ្សេង​គ្នា​ ក្នុង​ខេត្ត​ព្រះ​សីហនុ។

មេឧក្រិដ្ឋជនអនឡាញតៃ​វ៉ាន់ម្នាក់ ឈ្មោះ Lin Bingwen ត្រូវបានខ្មាន់កាំភ្លើង​បាញ់​​សម្លាប់​​​នៅ​​​ក្រុ​ង​ព្រះ​​​សីហ​នុ កាល​​​ពី​​យប់​ថ្ងៃ​​ទី២៣ ខែមីនា ឆ្នាំ២០២៦។

​គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើ​ពុករលួយ OCCRP ធ្លាប់បានរាយការាណ៍​ថា Lin Bingwen បាន​រត់គេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ចតៃវ៉ាន់ ក្នុងបទល្មើសល្បែងអនឡាញខុសច្បាប់ ក្នុងទំហំទឹកប្រាក់​ប្រមាណ ១.០៣​ពាន់​លាន​ដុល្លារ និង​​​បទ​ប្រតិបត្តិការផ្ទេរលុយខុសច្បាប់តាមប្រព័ន្ធធនាគារ។

បើ​តាមប្រភពនោះ សមត្ថកិច្ចតៃវ៉ាន់ រកឃើញថា Lin Bingwen បានផ្ទេរលុយខុសច្បាប់ប្រមាណ ២១.៧ពាន់​លានដុល្លារ ដែលជាប់ទាក់ទង​ទៅនឹងប្រតិបត្តិការល្បែងអនឡាញ។

​មេឧក្រិដ្ឋល្បែអនឡាញដែលគេបាញ់សម្លាប់ក្នុងក្រុងព្រះសីហនុនេះ ក៏ជាអ្នករកស៊ីក្នុងទីផ្សារងងឹត​ក្នុងទីក្រុងម៉ាកាវ​ និង​បានយកលុយខុសច្បាប់ទៅលាងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់តៃវ៉ាន់។

លើសពីនេះ មេឧក្រិដ្ឋជនរូបនេះ ក៏មានភាគហ៊ុន​រកស៊ី​ជាមួយដៃគូសហការរបស់​​ជន​ជាតិ​ចិនក្នុង​វិស័យ​កាស៊ីណូ និង​សណ្ឋាគារ​ក្នុងទីក្រុងព្រះសីហនុដែរ។​

ជុំវិញបញ្ហានេះ ​អ្នកជំនាញភូមិសាស្រ្តនយោបាយបាយ លោក សេង វណ្ណលី ធ្លាប់និយាយថា ករណី​​​បាញ់​សម្លា​ប់​​​មេ​ឧក្រិដ្ឋ​ជន ​ជនជាតិ​តៃវ៉ាន់ នៅ​ក្រុង​ព្រះសីហនុនេះ គឺជា​ការ​ឆ្លុះបញ្ចាំង​​​ពី​ភាព​​ធូររលុង​នៃ​ប្រព័ន្ធ​​គ្រប់​គ្រ​ង​​​រដ្ឋបាល និង​សន្តិសុខ​ ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី លោក​ ហ៊ុន ម៉ាណែត។

លោកគូសបញ្ជក់ថា វត្តមាន​ឧក្រិដ្ឋជន​ឆ្លងដែន​ដែល​​មាន​​ដីកា​ចាប់​ខ្លួន ប៉ុន្តែ​អាច​ចូល​មក​ជ្រកកោន និង​បន្ត​អាជីវ​​កម្ម​​​បន​ល្បែងស៊ីសង​នៅ​កម្ពុជា​ដោយ​សេរី រហូត​ឈាន​ដល់​មាន​ករណី​បាញ់​សម្លាប់​គ្នា​នេះ ​បង្ហាញថា កម្ពុ​ជា​​កំពុង​​​មាន​វិបត្តិ​សន្តិសុខ​ជាតិ​យ៉ាងធ្ងន់ធ្ងរ​។

លោកគូសបញ្ជាក់ថា ករណីនេះ ​ឆ្លុះបញ្ចាំង​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គឺ​ត្រូវ​បាន​បំផ្លាញ​ដោយ​ឧក្រិដ្ឋ​ជន ដោយ​សារ​តែ​​​​ពួក​គេ​​បាន​ប្រើប្រាស់​ឥទ្ធិពល​លុយកខ្វក់ ​ទិញ​សិទ្ធិ​ជ្រកកោន​លើទឹក​ដី​ខ្មែរ និង​ដើម្បី​ទទួល​បាន​ការ​ការ​ពារ​​​ពី​​មន្ត្រីជាន់​ខ្ពស់​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ