បក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ប្រកាស​កាន់​ទុក្ខ​ការ​បាត់​បង់​ទឹក​ដី​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កាន់​អំណាច

អ្នក​​នយោ​បាយ​​ប្រឆាំង ​និង​បញ្ញ​វន្ត​ខ្មែរ​​​មួយ​​ចំនួន ​បាន​​ប្រកាស​កាន់​​ទុក្ខ​​ការ​​បាត់​​បង់​​ទឹក​​​ដី​​ក្នុង​​ចំនួន​​ដ៏​ច្រើន​ទៅ​​ថៃ ស្រប​ពេល​​ដែល​​រដ្ឋាភិ​បាល​​គ្រួសារ​​ហ៊ុន​ បន្ត​​ចេញ​កំណត់​​ទូត​​ថ្កោល​​ទោស​​ថៃ ​​ខណៈ​​ថៃ​​មិន​​ត្រឹម​​តែ​មិន​​អើ​ពើ​​ចំពោះ​​ការ​ថ្កោល​​ទោស ​និ​ង​ការ​​តវ៉ា​​របស់​​កម្ពុជា​​ប៉ុណ្ណោះ​​ទេ ថែម​​​ទាំង​​បន្ត​រុល​​ចូល​ពង្រីក​ការ​​កាន់​​កាប់​​ទឹក​​​ដី​កម្ពុ​ជា​​ទាំង​​បំពាន​ឥត​​ឈប់​​ឈរ​​​បន្ថែម​ទៀត។

រដ្ឋាភិបាល​​កម្ពុជា​​ឯក​រាជ្យ​២៣​តុលា​​របស់​ លោក​សម រង្ស៊ី នៅ​ថ្ងៃទី​២២ខែ​​មេសានេះ ​បាន​ប្រកាស​«​កាន់​​ទុក្ខ​​ដ៏​​រន្ធ​ត់​​​របស់​​ប្រជាជាតិខ្មែរ​​ដោយសារការបាត់បង់ទឹកដីកម្ពុជា» យ៉ាងតិច​ចំនួន​៦៦​តំបន់​​តូច​ធំ​​បន្ថែមទៀត​​ទៅ​​ក្រោមការ​គ្រប់​គ្រង​របស់​ប្រទេសថៃ។

សេចក្តីប្រកាស​ លើក​ឡើងថា ខណៈ​​កម្លាំង​ថៃ​នៅ​តែបន្ត​ឈ្លាន​ពាន​ព័ទ្ធ​យក​ទឹកដីកម្ពុជា​​តាម​ចិត្ត​ រដ្ឋាភិ​បាល​​​លោក​​ហ៊ុន ម៉ាណែត ​បាន​ទម្លាក់​ចោល​សិទ្ធិ​ប្រើកម្លាំង​ ​ដើម្បី​ទប់​ស្កាត់ការពារ​ទឹកដី ​​ហើយ​ថែម​​ទាំង​បដិសេ​​ធ​​​​យន្ត​ការ​អន្តរ​ជាតិ​ ​ដូចជា​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​​និង​តុលាការ​យុត្តិ​ធម៌អន្តរជាតិ​ICJ ប៉ុន្តែ​​​លោ​ក​ហ៊ុន ម៉ាណែត​ ​អង្វ​រ​សុំ​​ថៃ​ចរចាទ្វេភាគីជាថៃ​ដែលជាភាគីឈ្លានពានកម្ពុជា។

សេចក្តីប្រកាស បញ្ជាក់ថា៖ «ជំហរបែបនេះ​របស់​រដ្ឋាភិបាល​​លោក​ហ៊ុន ម៉ាណែត ​បង្ហាញថា របប​​គ្រួសារ​ហ៊ុន​​បោះ​​​បង់​ចោល​​នូវ​​ខែល​​ប្រសិទ្ធភាព​​ដើម្បីការ​ពារ​ទឹកដី​របស់​កម្ពុជា»​។

លោក ​អ៊ុំ សំអាន ​ប្រធាន​ស្ថាប័ន​កិច្ចការព្រំដែន ​និង​​អន្តោប្រវេស​ន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា​បាន​​​ប្រាប់​​វីអូឌី​នៅ​ថ្ងៃទី​២២ខែ​មេសា​នេះ​ថា ការប្រកាសកាន់​ទុក្ខ​នេះ​ ក្នុង​គោល​បំណង​ដើម្បីឱ្យ​ប្រជាពល​រដ្ឋ​​ខ្មែរ​​ចង​​​ចាំ​ពី​ការ​បាត់​បង់​ទឹកដី និង​ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ភ្ញាក់​រឭក​​​ថា ​បើសិន​ជាខ្មែរ​មិន​រួប​រួមគ្នា​ទម្លាក់​ត្រកូល​​ហ៊ុន​ពី​អំណាច​ ​ឬទាម​ទារ​ឱ្យ​ត្រកូលហ៊ុន​លាលែង​ពី​អំណាច​ទេ នោះ​​ទឹក​ដី​​កម្ពុជា​ទាំង​៦៦​ទី​តាំង​ និង​បាត់​​បង់ជាអចិន្ត្រៃយ៍​ទៅ​​ថៃ​មិន​ខាន។

លោកថា៖ «​មិន​អាច​ទាម​ទារ​មក​វិញ​នោះទេ ​ពីព្រោះត្រកូល​ហ៊ុន​នឹង​ចរចា​ទ្វេ​ភាគីជាមួយ​ថៃ ​ដើម្បី​កាត់​ទឹក​ដី​ហ្នឹង​​​ទៅ​ឱ្យថៃ​​ដូរ​យក​សន្តិភាព ​និង​​អំណាច ​ដោយ​មិន​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិICJ។ ដូច្នេះ​​ការ​​​ប្រកាសកាន់​ទុក្ខនេះ ក៏ដើម្បី​អំពាវ​នាវឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ដក​ត្រកូល​ហ៊ុន​ពីតំណែង​ ឬក៏ទាម​ទារ​ឱ្យ​​ត្រកូល​ហ៊ុន​​​លាលែង​ពីតំណែង ​ហើយមាន​មេដឹកនាំថ្មី​ដែល​ស្នេហា​ជាតិ ​ស្រឡាញ់ទឹកដី​ គេនឹងមិន​ចរចា​​ទ្វេ​​ភាគី​​ ហើយ​មេដឹកនាំថ្មី​នឹងទាម​ទារ​ទឹកដីចំនួន​៦៦​​ទីតាំង​មក​វិញ​ តាម​រយៈការប្តឹងថៃ​ទៅកាន់​តុលាការ​យុត្តិ​​ធម៌​អន្តរជាតិICJ និង​ប្តឹងថៃទៅ​កាន់​សហ​ប្រធាន​កិច្ច​ព្រមព្រៀង​ទីក្រុង​បារីស​​ឆ្នាំ​១៩៩១»។

វីអូឌី មិន​អាច​ទាក់​ទង​លោក ​ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​​ទេ។

​ប៉ុន្តែលោក បូណា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធីផ្សាយ​បន្តផ្ទាល់​ស្តីពី​បច្ចុប្បន្នភាព​​នៃការ​វិវឌ្ឍ​​ស្ថាន​​ភាព​​ព្រំដែន​កម្ពុជា-​​​ថៃ​​ ​នៅ​​ថ្ងៃ​ទី​​២២ខែ​​មេសា​នេះ​ថា បញ្ហា​​ដែ​ល​​កំពុង​​កើត​​ឡើង​​នៅ​​តាម​​ព្រំដែន​​ជាមួយ​​ថៃ នា​ពេល​នេះ មិន​​មែ​ន​​​ជា​រឿង​​ដែល​​ធ្វើ​​ឱ្យ​​ពល​រដ្ឋ​ខ្មែរ​បាក់​ទឹក​ចិត្ត​នោះ​ឡើយ​។ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ លោក​ថា ​វា​ជា​វិញ្ញា​សារ​មួយ​​ដែល​​ជំរុញ​​ខ្មែរ​​រួម​គ្នា​​កាន់​​​តែ​​ខ្លាំង ​ដើម្បី​ការ​ពារ​អធិបតេយ្យភាព​ជាតិ ​បូរណៈ​ភាព​ទឹកដី​ តាម​មធ្យោបាយ​សន្តិ​វិធី​ ដោយ​ផ្អែក​លើ​ច្បាប់​អន្តរ​ជាតិ ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​និងកំពុងធ្វើ។

សូម​បញ្ជាក់ថា ការ​ប្រកាសកាន់​ទុក្ខពីការ​បាត់​បង់​ទឹក​ដី​​របស់​អ្នក​នយោបាយ​ប្រឆាំង​នេះ គឺ​បន្ទាប់​ពី​​លោក​ហ៊ុន សែន បាន​​ធ្វើការ​ប្រៀប​ធៀប​ការឈ្លាន​ពាន​ទឹក​ដីកម្ពុជា​​​រាប់​សិបទីតាំងពី​សំណាក់​​ភាគីថៃ​ ប្រៀប​ដូច​ជា​​​របួស​កូន​ដៃ។ បន្ថែម​ពី​នេះ ​ប្រធាន​​ព្រឹទ្ធ​សភា​​រូប​នេះ ​​បាន​ថ្លែង​​តាម​​រយៈ​សារសំឡេង​​កាលពីយប់​ថ្ងៃទី​១៥​ខែ​មេសា​​​ថា ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​​កម្ពុជា-​ថៃ ​គឺ​ដូច​ដែល​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​​​​​រួច​ហើយ ​គឺ​ត្រូវ​ធ្វើ​ការ​​ចរចា​ទ្វេភាគី​ ជាជម្រើ​ស​​ល្អបំផុត ដើម្បីរក្សា​សន្តិភាព​​បញ្ចៀស​ការស្លាប់​និង​របួស​​ដល់​​ប្រជាជន​បន្ថែម​​។

លោកថា៖ «កម្ពុជា​ត្រូវការសន្តិភាព​មិន​ត្រូវការ​សង្គ្រាម​ទេ ​កម្ពុជា​ត្រូវ​ការដោះ​ស្រាយ​ដោយ​​សន្តិវិធី​ មិន​មែន​ដោះ​​ស្រាយ​​​ដោយ​សារកម្លាំងប្រដាប់​អាវុធទេ។ ឥឡូវ​និយាយ​ឱ្យ​ច្បាស់! ស្អី​ពួកអា២៣​តុលា​ស្អី​ណា​​ក្រៅ​​​ច្បាប់​ បញ្ជាក់​​​ឱ្យ​​ច្បាស់​​​ថា​លើក​ទ័ព​ទៅ​វ៉ៃ​ បញ្ជាក់​ឱ្យ​ច្បាស់ម៉ោ! ពីព្រោះ​ខាង​រដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជាក់​​ច្បាស់​ហើយ ​ទោះ​បីនៅ​​សល់​១ភាគរយ ក៏ត្រូវ​តែប្រើ​ប្រាស់នូវ​វិធានការ​​​ដើម្បី​ទាំងអស់គ្នា​ទទួល​បាន​នូវ​​​សន្តិភាព ​មិន​មែន​គ្រាន់​តែ​សម្រាប់​​ប្រជាជន​កម្ពុជា ​តែក៏សម្រាប់​ប្រជាជន​ថៃដែរ»។​

ក្នុង​រយៈ​ពេល​ជាច្រើ​ន​ខែមកនេះ ក្រសួង​ការបរទេស​កម្ពុជា បានចេញកំណត់ទូតតវ៉ា​ជាបន្តបន្ទាប់​​​ដល់​ជាង​៧០០​លើក ​ដើម្បី​ប្រឆាំងនឹងសកម្មភាពពង្រីកការកាន់កាប់ដោយខុសច្បាប់របស់កម្លាំងយោធាថៃ មកលើទឹក​ដី​កម្ពុជា​។ ​ប៉ុន្តែ​ថៃហាក់​មិនអើពើ​ចំពោះ​ការ​តវ៉ា ​និង​ការ​ចេញ​កំណត់​ទូត​ថ្កោល​ទោស​របស់​​កម្ពុជា​ឡើយ ​​ថែម​​​ទាំង​នៅ​តែ​ពង្រីកការ​​រុល​​ចូល​មក​កាន់​កាប់​ទឹក​ដីកម្ពុជាបន្ថែម​ទៀត ​ខណៈ​កងទ័ព​កម្ពុជា​​មិន​សូវ​បាន​ទប់​​​ស្កាត់​​ឱ្យ​បាន​ខ្លាំង​ក្លា​ឡើយ ​ដោយ​សារ​ត្រូវ​គោរព​បទឈប់​បាញ់​​ទៅ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​។

​គិត​ចាប់​​​តាំងពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរ កាលពីចុងឆ្នាំ២០២៥មក​ ភាគីថៃនៅតែបន្តសកម្ម​ភាព​​ឈ្លាន​​ពាន​​ទឹកដីកម្ពុជា​​​មិនឈប់ឈរ គឺ​កើនឡើងដល់ជាង២០ទីតាំង​។ នេះ​បើតាមកំណត់ទូត​ក្រសួង​ការ​​បរទេស​កម្ពុជា​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៩ខែ​​​មេសា។

លោក​ សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​និង​ជាអ្នក​វិភាគ ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២២​ខែ​មេសា​​នេះ​ថា ការ​បន្តប្រើប្រាស់យន្តការកំណត់​ទូត​ថ្កោល​ទោស​ដដែល​ៗ ​ខណៈ​សកម្ម​ភាព​ឈ្លាន​ពាន​នៅ​តែ​​បន្ត​​​កើតមាន ​គឺ​​ជា​​​សញ្ញា​​​​នៃ​​ភាព​ទន់​ជ្រាយ​ផ្នែក​យុទ្ធសាស្ត្រ​​របស់​រដ្ឋាភិបាល​​ លោក​ហ៊ុន ម៉ាណែត​​។

លោកថា៖ «សម្រាប់​ខ្ញុំ ​វោហាសាស្ត្រការ​ទូត​ដែល​គ្មាន​សកម្មភាព​​ឆ្លើយ​តប​ជាក់​ស្តែង ដើម្បី​បញ្ឈប់​ការ​រំលោភ​​បំពាន​​​ដោយ​បង្ខំពីសំណាក់​​ភាគីថៃ​បាន​ ហាក់​បីដូច​ជាការ​ធ្វើ​ឱ្យ​មានតែ​​រូប​ភាព ​ដើម្បី​បង្គ្រប់​កិច្ច​ ជា​ជាង​ការ​​ការ​ពារ​អធិប​តេយ្យ​​ភាព​ដោយ​ឆន្ទៈ​មោះ​មុត​។ ការ​ដែល​រដ្ឋាភិបាល​បណ្តោយ​ឱ្យ​សកម្ម​ភាព​ទាំង​នោះ​​​កើត​ឡើង​ជារៀង​រាល់ថ្ងៃ នាំ​ឱ្យ​​មាន​​មន្ទិល​សង្ស័យ​លើ​សមត្ថភាព​ពិត​ប្រាកដ​ ក្នុង​ការ​រក្សា​បូរណៈ​ភាព​ទឹក​​ដី​ពីការ​ឈ្លានពាន​។ ​ម្ស៉ាង​ទៀត ​ខ្ញុំ​យល់​​ថា ​ការដែល​លោក​អតីតនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ព្យា​យាម​បន្ទាប​​តម្លៃ​នៃជម្លោះ​ព្រំដេន​ ​ដោយ​ប្រៀប​ធៀប​ទៅ​​នឹង​​របួស​កូនដៃធម្មតា​នោះ ​គឺ​ជាការ​មើល​ងាយ​ដល់​មន​សិការ​​ស្នេហា​ជាតិ ​និង​ការ​បង្កការឈឺ​ចាប់​របស់​ប្រជា​ពល​រដ្ឋ​​កាន់​តែខ្លាំងថែមទៀត»។

សម្រាប់​ លោក​ សេង វណ្ណលី ​បញ្ហា​បូរណៈ​ភាព​ទឹក​ដី ​មិន​មែន​ជារឿង​លេងសើច ឬជារឿង​​តូច​តាច ​ដែល​អាច​លើក​យក​មកនិយាយ​​បែបបន្ធូរ​បន្ថយ​​បានទេ​។ ​ការប្រៀប​ធៀប​ការ​បាត់​បង់​ទឹក​ដី​ទៅ​​នឹង​របួស​កូន​ដៃ​​របស់​​លោក​ហ៊ុន សែន​ ធ្វើ​​ឱ្យ​លោក​យល់​ឃើញ​ថា រដ្ឋាភិបាល​​​កំពុង​ព្យា​យាម​​លាក់​បាំងភាព​អសកម្ម​របស់​ខ្លួន ​ឬ​ព្យា​យាម​ធ្វើ​ឱ្យ​​សាធារណ​​ជន​​ស៊ាំ​ទៅនឹងការ​បាត់​បង់​ទឹកដីបន្តិចម្តងៗ ដើម្បី​ចៀស​វាង​សម្ពាធ​ពី​មហា​ជន​។​ លើ​សពីនេះ ​លោក ​វណ្ណលី ​កត់​សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​ហាក់​បីដូច​ជាមាន​ប្រតិកម្ម​រហ័ស និង​ខ្លាំង​ក្លា​ទៅលើ​តែ​ពល​រដ្ឋ​ខ្លួន​ឯង​ ​ដែល​ហ៊ាន​​ងើប​ឈរ​រិះគន់ ​ឬលើកឡើង​ពី​ការ​ឈ្លានពាន​​​ទឹក​ដី​ពីសំណាក់​ភាគីថៃ​ ​ជាជាង​ការ​បង្ហាញ​ប្រតិកម្ម​ខ្លាំងក្លាទៅកាន់​ភាគីឈ្លានពានផ្ទាល់​។

បន្ថែម​ពីនេះ​ ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​​ ដើម្បី​បំបិទមាត់​មិន​ឱ្យ​និយាយ​ពី​រឿង​បាត់​បង់​ទឹក​ដី​ ​​អ្នក​តាម​ដាន​​​ភូមិ​សាស្ត្រនយោបាយ​​រូបនេះ ​​យល់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​ផ្តល់​អាទិភាព​ដល់​​ការ​រក្សាស្ថិរភាព​​អំណាច​ និង​​រូប​ភាព​​នយោ​​បាយ​​របស់​​ខ្លួ​ន​ ​ច្រើនជាង​ការតស៊ូមតិ​​ដើម្បី​ការពារ​ដីធ្លី​​ដែល​ជាមតរតក​ដូនតា​​របស់​​ប្រជាពល​រដ្ឋ​កម្ពុជា​ទាំង​មូល​។​ ​លោក​​ថា ភាព​ស្ងៀម​ស្ងាត់​និង​ការបក​ស្រាយ​ដែល​ខ្វះ​តម្លាភាព​ពី​សំណាក់​​​អាជ្ញាធរ ​ឬពី​រដ្ឋាភិបាល ​គឺ​ជាការ​ខក​ខាន​ក្នុងការ​បំពេញ​កាតព្វកិច្ច​ចំពោះ​ជាតិ​យ៉ាងធ្ងន់ធ្ងរ។

ជាមួយគ្នា​នេះ ​លោក ​សួន សូរីដា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ចូល​រួម​ជីវភាព​នយោ​​បាយ​​​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ជឿន​​លឿន ក៏​បាន​ប្រាប់​វីអូឌី​​​ផង​ដែរ​ថា ទឹកដីគឺ​ជារឿងរបស់​ខ្មែរ​​គ្រប់​​រូប​​ មិន​មែន​ជារឿង​របស់​បុគ្គលណា ​ឬគណ​បក្ស​នយោ​បាយ​ណា​នោះទេ​។ លោក​ថា ​ប្រជា​ពលរដ្ឋខ្មែរ​ពិតជាមានការឈឺចាប់ណាស់ ហើយ​រដ្ឋាភិបាលកម្ពុជាក៏មានការឈឺចាប់ផងដែរ។ ក្នុងគ្រា​ដែល​យើងឈឺ​ចាប់​ទាំងអស់គ្នា យើងមិនគួរចោទដាក់កំហុស​គ្នាទៅវិញទៅមកទេ ព្រោះវារឹតតែធ្វើឱ្យមានការបែកបាក់ជាតិ​ខ្មែរកាន់តែខ្លាំងឡើងៗ ដែល​ពិបាក​នឹង​មានសង្ឃឹម​ក្នុងការ​ទាមទារ​យកដីដែល​ថៃដណ្តើម​កាន់កាប់​មក​វិញ​បាន។

លោកថា៖ «ខ្ញុំ​សូម​អំពាវនាវដល់អ្នកនយោបាយទាំងអស់​ គួររួមគ្នា​ដោះស្រាយបញ្ហាទាំងអស់នេះ​ជាមួយគ្នា ទើប​ជាវិធីល្អ​។ ខ្ញុំ​យល់​ថា ​រាជរដ្ឋាភិបាលកម្ពុជា​ក៏ទទួលស្គាល់ថា រឿង​នេះ​មិនងាយស្រួលដោះស្រាយនោះទេ ហើយសង្ឃឹមតិចណាស់ប្រសិនបើយើងខ្សោយ។ រឿងនេះធំណាស់ រាជរដ្ឋាភិបាលកម្ពុជាមិនអាចឱប​ដោះស្រាយបញ្ហានេះតែម្នាក់​ឯង​បាន​ទេ។ ចុះបើដោះស្រាយ​មិនរួច ហើយដីទាំងនោះបាត់បង់ ធ្លាក់​ទៅ​ក្នុង​កណ្តាប់​​ដៃ​ប្រទេសថៃ វាច្បាស់ណាស់នឹង​ក្លាយជាការទទួលខុសត្រូវសម្រាប់មេដឹកនាំបច្ចុប្បន្នតែម្នាក់ឯង​ប៉ុណ្ណោះ ហើយនឹងជាប់ឈ្មោះនៅក្នុងប្រវត្តិ​សាស្ត្រ​ទៅជំនាន់ក្រោយៗទៀត»។

សម្រាប់ ​លោក​ សួន សូរីដា ជាជំហាន​​ដំបូង​ ​និង​បន្ទាន់​​បំផុត រាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើឱ្យខ្មែរខ្លាំង​ជាមុនសិន​​ តាម​រយៈសាមគ្គីជាតិ ឯកភាពជាតិខ្មែរពិតប្រាកដ ដោយការផ្សះ​ផ្សាស្នាមរបួសនយោ​បាយ គោរពសិទ្ធិ​មនុស្ស ប្រជា​ធិប​​តេយ្យ​ឡើងវិញ ដោយចិត្តស្មោះ កុំប្រជាពិថុតិ។

នៅ​ថ្ងៃទី​២២​ខែមេសានេះ​ ជន​ជាតិ​ថៃ​រាប់​រយនាក់ ​ក្នុង​នោះ​មួយ​ចំនួន​ស្លៀក​ពាក់​តាម​​បែប​ប្រពៃ​ណី​បាន​មក​ធ្វើ​​ពិធីបួងសួង​យ៉ាងអធឹកអធម ​នៅ​ប្រាសាទ​តាក្របី​របស់កម្ពុជា​​ ខណៈ​កាល​ពីថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​កងទ័ព​ថៃ​បាន​​​បើ​ក​ឱ្យ​ជន​ជាតិថៃ​រាប់​ពាន់​នាក់ ​ចូល​មក​ទស្សនា​នៅ​លើ​ទឹក​ដី​កម្ពុជា ​ដែល​ពួកគេ​​ទើប​រំលោភ​កាន់​កាប់​បាន​ ​ដូច​ជា នៅ​ប្រាសាទ​​តាមាន់ធំ ប្រាសាទ​តាក្របី​ ភ្នំទ្រព្យ​ និង​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត។​ ​នេះ​បើ​យោងតាមវីដេអូ​បង្ហោះ​លើ​បណ្តាញ​​សង្គម។

បន្ថែម​ពីនេះ នៅក្នុង​សេចក្តីប្រកាសកាន់​​ទុក្ខ​ពីការ​បាត់​បង់ទឹកដី​របស់​រដ្ឋាភិបាល​កម្ពុជា​ឯក​រាជ្យ​២៣​តុលា បាន​​លើក​ឡើង​ថា កាល​ពីសម័យ​លោក​ហ៊ុន សែន ​ធ្វើ​ជានាយក​រដ្ឋ​មន្ត្រី​ ប្រជាជាតិ​ខ្មែរមាន​ទុក្ខ​សោក​ឈឺ​ចាប់​​ហួស​​ប្រមាណ​ ដោយ​សារ​ការ​បាត់​បង់ទឹក​ដី​​ទៅ​ប្រទេស​ជិតខាង​​ស្តែងៗ ​ដូច​ជា កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​​សេះ​ កោះ​គជ់​ ផ្ទៃ​សមុទ្រ​​ប្រមាណ៧ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ​និង​ផ្ទៃ​ដី​គោក​តាម​ព្រំដែន​ច្រើន​រយ​ហិក​តា​​ទៀត​។ មក​ដល់​សម័យ​​លោក​​ហ៊ុន ម៉ាណែត ​ជានាយក​រដ្ឋមន្ត្រី ​មិន​ដល់​​៣ឆ្នាំផង​ ប្រទេសកម្ពុជា​ធ្លាក់​ខ្លួន​កាន់​​តែរន្ធត់ ​ដោយ​សារ​ការ​បាត់​បង់​ទឹកដី​យ៉ាងតិច​៦៦​តំបន់​តូច​ធំបន្ថែម​ទៀត ដែល​មាន​ទំហំ​ប្រមាណ​៧​ដង​​នៃផ្ទៃក្រឡាខេត្ត​តាកែវ ​ទៅ​​ក្រោមការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ