ថៃ​រៀប​ចំ​ពិធី​សែន​ព្រេន​ដើម្បី​ត្រៀម​បើក​ផ្លូវ​ដូន​តា​សុំ​ជួស​ជុល​ប្រាសាទ​តា​ក្របី​ឡើង​វិញ

រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ថៃ និង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ បាន​រៀប​ចំ​ពិធី​សែន​ព្រេន​ដូន​តា ដើម្បី​ត្រៀម​រៀប​ចំ​ជួស​ជុល​ប្រាសាទ​តាក្រ​បី​ឡើង​វិញ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ឱ្យ​មក​ទស្សនា​ប្រាសាទ​មួយ​នេះ​ឡើង​វិញ ខណៈ​តំបន់​នោះ​ថៃ​អះ​អាង​ថា ជា​ទឹក​ដី​របស់​ថៃ និង​បាន​ស្ងប់​សុខ​ហើយ។

នៅថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៦​នេះ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ថៃ អ្នក​ស្រី ឆាប៊ីដា ថៃសេដ្ឋ និង​ឧត្តម​សេនីយ៍​ឯក អឌុល ប៊ុន​ថាំ​ឆារើន រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ រួម​ជាមួ​យ​គណៈ​ប្រតិ​ភូ​ជា​ច្រើន​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ភ្នំ​ដុង​រ៉ាក ខេត្ត​សុរិន្ទ ដើម្បី​ចូល​រួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​វិមាន​អ្នក​ការ​ពារ​ជាតិ​ថៃ​ នៅ​ប្រាសាទ​តាក្វាយ។

បើយោងតាមសារព័ត៌មាន Thai Press News ឱ្យដឹងថា ភាគីថៃ​កំពុង​ពន្លឿន​ជួស​ជុល​ប្រាសាទ​តា​ក្របី​ ដែល​បាន​បែក​បាក់​សម័យ​សង្រ្គាម ២១​ថ្ងៃ​ជា​មួយ​កម្ពុជា កាល​ពី​កន្លង​ទៅ ដើម្បី​ស្តារ​ស្ថាន​ភាព​ឡើង​វិញ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរ​ជាតិ ចូល​មក​ទស្សនា ខណៈ​តំបន់​ជាប់​ព្រំដែន​មួយ​ចំនួន​បាន​ស្ងប់​សុខ​និង​សន្តិ​ភាព​ហើយ។

ប្រភពនិយាយថា រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ និងក្រសួងការពារជាតិ​ថៃ បាន​ដឹក​នាំ​គណៈ​ប្រតិភូ ឡើង​ទៅ​ប្រាសាទ​តាក្វាយ ដើម្បី​ដាក់​កម្រង​ផ្កា រំលឹក​ដល់​ការ​លះ​បង់​របស់​វីរៈ​ភាព​ទាហាន​ក្លាហាន​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​ជាតិ។

ក្នុងពិធីសែនព្រេននេះផងដែរ រដ្ឋ​មន្រ្តី​ក្រសួង​វប្ប​ធម៌​ថៃ អ្នក​ស្រី ឆាប៊ីដា ថៃសេដ្ឋ បាន​និយាយ​ថា ថៃ​នឹង​ពន្លឿន​សាង​សង់ ជួស​ជុល​ប្រាសាទ​នេះ​ឡើង​វិញ​ឱ្យ​បាន​ឆាប់សម្រាប់ភ្ញៀវទេសចរ។

ក្នុងពិធីនោះផងដែរ គេសង្កេតឃើញ​មាន​ការ​សម្តែង​របាំ​ប្រពៃណី​បែប​ខ្មែរ​សុរិន្រ្ទ​ដ៏អស្ចារ្យ ដោយ​មាន​អ្នក​សម្តែង​ជាង​ ២០០​នាក់ រាំ​របាំ​បង្ហាញ​ពី​វប្បធម៌​ស្រុក​សុរិន្រ្ទ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា និង​សន្តិ​ភាព​តាម​ព្រំដែន។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ អ្នកស្រី ឆាប៊ីដា បានអះអាងថា ប្រាសាទ​តាក្វាយ គឺជាបេ​តិក​ភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ ដែល​ឆ្លុះប​ញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​អរិយ​ធម៌​ខ្មែរ​សុរិន្រ្ទ​បុរាណ ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​​-ឥសាន​​ប្រទេស​ថៃ។

អ្នកស្រីសង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីកំពុងផ្តោតយ៉ាងសំខាន់លើការស្តារ​ឡើង​វិញ​នូវ​ប្រាសាទ​តាក្វាយ​មួយ​នេះ ​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជាម​ជ្ឈ​មណ្ឌល​សិក្សា​ជាតិ និង​ឆ្លុះ​បញ្ចាំង​ពី​វីរៈភាព​ដែល​ទាហាន​ថៃ​បាន​ពលី ដើម្បី​ទាម​ទារ​ម​ក​វិញ។

អ្នកស្រី​បន្តថា នាយកដ្ឋានវិចិត្រសិល្បៈថៃ និងសហការជាមួយ​អ្នក​ជំនាញ​ខាង​ផ្នែ​ក​បុរាណ​វិទ្យា នឹង​រៀប​ចំ​ផែន​ការ​ជួស​ជុល​ឡើង​វិញ​តាម​ស្តង់​ដារ​វិជ្ជា​ជីវៈ ដើម្បី​រក្សា​អត្ត​សញ្ញាណ​ដើម​របស់​ប្រាសាទ​តាក្វាយ​ឱ្យ​ដូច​សភាព​ដើម​វិញ។

អ្នកស្រីបង្ហាញការសោកស្តាយថា ក្រោយបញ្ចប់សង្រ្គាមថៃ-កម្ពុជា ប្រាសាទ​នេះ បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ខូច​ខាត​នូវ​រចនា​សម្ព័ន្ធ​បុរាណ គឺ​ចម្លាក់​បុរាណ​ត្រូវ​រង​ការខូចខាតយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណា អ្នកស្រីថា ក្រសួងវប្បធម៌ថៃ និង​សហការអនុវត្តជាមួយ​អង្គ​ការ​រដ្ឋ​បាល​ថ្នាក់​មូល​ដ្ឋាន និង​អ្នក​ជំនាញ​ផ្នែក​​បុរាណ​វិទ្យា ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋា​រច​នា​សម្ព័ន្ធ ជួស​ជុល ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​នេះ ដែល​ជា​គោល​ដៅ​ទេស​ចរណ៍​ប្រវ​ត្តិ​សាស្ត្រ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ជាពិសេស​ដើម្បី​ជួយ​ស្វែង​រក​ការ​ងារ​បន្ថែម និង​ប្រាក់​ចំណូល​បន្ថែម​ទៀត ​ដ​ល់ព​លរដ្ឋ​ថៃ​នៅ​ខេត្តសុ​រិន្រ្ទ ឱ្យ​មាន​មុខ​របរ​ការ​ងារ​ធ្វើ​ សម្រាប់​បាន​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវភា​ព​គ្រួសារ​ផង​ដែរ។

បន្ថែមពីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ អ្នកស្រី ឆាប៊ីដា អះអាងថា ទាំង​តំបន់​ប្រាសាទ​តាក្វាយ និង​តំបន់​ភ្នំ ៣៥០ ជា​ទឹក​ដី​របស់​ថៃ ហើយ​ថៃ​នឹង​មិន​ប្រគល់​វា​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​ទៀត​នោះ​ទេ គឺ​ថៃ​នឹង​គ្រប់​គ្រង​វា​រហូត​ត​ជំនាន់។

អ្នកស្រីសង្កត់ធ្ងន់ទៀតថា ក្រោយជួសជុលប្រាសាទតាក្វាយរួច ថៃនឹ​ង​បន្ត​អភិវឌ្ឍន៍​តំបន់​ភ្នំ​៣៥០ និង​ទីតាំង​ជា​ច្រើន​​ទៀត ដែល​យោធា​កំពុង​គ្រប់​គ្រង ដោយ​អ្នក​ស្រីសំ​អាង​ថា តំបន់​ទាំង​នោះ​ជា​ដែន​អធិប​តេយ្យ​របស់​ថៃ។

បន្ថែម​លើ​នេះ​ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក អឌុល ប៊ុន​ថាំ​ឆារើន និយាយ​ថា នេះ​ជា​កម្មវិ​ធី​សែន​ព្រេន​ដូន​តា ដើម្បី​រំលឹក​គុណ​ដូនតា និង​វីរភាព​ទាហាន​ថៃ​ក្លាហាន ដែល​បាន​​លះ​បង់​ជីវិត ទាម​ទារ​ទឹក​ដី​ថៃ​ត្រឡប់​មក​វិញ។

លោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍ ឬជួសជុលតំបន់ប្រាសាទតាក្របីនេះ ជាការឆ្លុះបញ្ចាំង​ពី​សន្តិ​ភាព សណ្តាប់​ធ្នាប់ និង​​ភាព​អស្ចារ្យ​របស់​ថៃ ជាពិ​សេស​ដើម្បី​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ ចូល​ទៅ​មើល​ទីតាំង​ប្រវត្តិ​សាស្ត្រ​មួយ​នេះ។

លោកបាននិយាយថា៖ «ការរួមបញ្ចូលគ្នារវាងក្រសួងវប្បធម៌ និង​ក្រសួង​ការ​ពារ​ជាតិ​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រែ​ក្លាយ​តំបន់​ជម្លោះ​ទៅ​ជា​កន្លែង​សន្តិភាព និង​ជា​កន្លែង​សិក្សា​ប្រវត្តិ​សាស្ត្រ​បុរាណ​ដ៏​មាន​តម្លៃ ស្រប​តាម​គោល​នយោ​បាយ​ថៃ​ ក្នុង​ការ​លើក​កម្ពស់​អត្ត​សញ្ញាណ​ថៃ​ទៅ​កាន់​ពិភព​លោក»

ប្រាសាទតាក្របីរបស់ខ្មែរ ត្រូវបានធ្លាក់ទៅក្នុងដៃ​ថៃគ្រប់គ្រង ក្រោយ​ថៃ​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​បូរណ​ភាព​ទឹក​ដី​ខ្មែរ​ជា​លើក​ទី​២​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៥ រួម​ទាំង​ទីតាំង​រាប់​សឹប​ទីតាំង​ផ្សេង​ទៀត​នៅក្នុ​ងខេ​ត្ត​មួយ​ចំនួន​ រួម​មាន ​ខេ​ត្ត​ពោធិ៍​សាត់ បន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ និង​ព្រះវិហារ ដែល​ថៃ​ឈ្លាន​ពាន​យក។

យ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា​មិន​ទទួល​ស្គាល់​ដាច់​ខាត​ខ្សែបន្ទាត់​ព្រំដែន ដែល​ថៃ​បាន​ពង្រីក​កាន់​កាប់​ដោយ​ខុស​ច្បាប់​នេះ ហើយ​កម្ពុជា​ជំរុ​ញ​ឱ្យ​ថៃ​ងាក​ទៅ​គោរព​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ រួម​ទាំង​អនុ​​សញ្ញា និង​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​១៩០៧ ដែល​ជា​ខ្សែប​ន្ទាត់​ព្រំដែន ទទួល​ស្គាល់​ដោយ​អន្តរ​ជាតិ រវាង​កម្ពុជា និង​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ