ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២១ខែមេសាថា លោកមិនចង់បន្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលជិតផុតកំណត់នៅក្នុងសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ ដោយលោកថា កងទ័ពសហរដ្ឋអាមេរិកបាន «ត្រៀមខ្លួនជាស្រេច» ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។
លោកបានថ្លែងបែបនេះ ភ្លាមៗបន្ទាប់ពីយោធាសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានឡើងគ្រប់គ្រងនាវាដឹកប្រេងដ៏ធំមួយរបស់អ៊ីរ៉ង់ នៅឯផ្ទៃសមុទ្រអន្តរជាតិ ដែលនេះជាចំណាត់ការលើកដំបូងបង្អស់ប្រឆាំងនឹងការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់។ សកម្មភាពនេះ អាចធ្វើឱ្យកិច្ចប្រឹងប្រែងស្តារការចរចាសន្តិភាពជាមួយអ៊ីរ៉ង់កាន់តែមានភាពលំបាក ខណៈដែលទីក្រុងតេអេរ៉ង់បានបញ្ជាក់ថា ខ្លួននឹងមិនចរចានោះទេ ដរាបណាក្រុងវ៉ាស៊ីនតោននៅតែបន្តបិទខ្ទប់កំពង់ផែរបស់ខ្លួន។
ទោះជាយ៉ាងណា ក្រុងវ៉ាស៊ីនតោនបានបង្ហាញទំនុកចិត្តថា ការចរចាចុងក្រោយជាមួយអ៊ីរ៉ង់នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសប៉ាគីស្ថាន ហើយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ទីក្រុងតេអេរ៉ង់កំពុងពិចារណាក្នុងការចូលរួម។ ប៉ុន្តែដោយសារបទឈប់បាញ់រយៈពេលពីរសប្តាហ៍ នៅសល់ត្រឹមតែប៉ុន្មានម៉ោងចុងក្រោយ ពេលវេលាគឺមានតិចតួចណាស់។
នៅពេលសាកសួរអំពីលទ្ធភាពនៃការបន្តបទឈប់បាញ់ លោក ត្រាំ បានប្រាប់ CNBC ថា៖ «ខ្ញុំមិនចង់ធ្វើបែបនោះទេ។ យើងមិនមានពេលច្រើនឡើយ»។ លោកបានបន្ថែមថា៖ «ខ្ញុំរំពឹងថានឹងមានការទម្លាក់គ្រាប់បែក ព្រោះខ្ញុំគិតថាវាជាឥរិយាបថប្រសើរជាងក្នុងការប្រឈមមុខ។ ប៉ុន្តែយើងបានត្រៀមខ្លួនហើយ។ ខ្ញុំចង់មានន័យថា យោធារបស់យើងកំពុងរង់ចាំបញ្ជាតែប៉ុណ្ណោះ»។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani ត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ដកស្រង់សម្តីថា៖ «យើងមិនចង់ឱ្យមានការវាយប្រហារម្តងទៀតទេ ប៉ុន្តែប្រសិនបើការវាយប្រហារបែបនេះកើតឡើង យើងនឹងឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ជាងមុនជាមិនខាន»។
យោធាសហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនបានឡើងជិះលើនាវាដឹកប្រេង Tifani ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ «ដោយគ្មានការប៉ះទង្គិច»។ យោងតាមទិន្នន័យតាមដានរបស់ MarineTraffic នាវានេះបានរាយការណ៍ពីទីតាំងចុងក្រោយរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២១ខែមេសា នៅក្បែរប្រទេសស្រីលង្កា ក្នុងមហាសមុទ្រឥណ្ឌា។ នាវានេះផ្ទុកប្រេងឆៅជិតពេញចំណុះចំនួន ២ លានបារ៉ែល និងបានកំណត់ទិសដៅទៅកាន់ប្រទេសសិង្ហបុរី។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានថ្លែងថា៖ «ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ដែនសមុទ្រពិភពលោក ដើម្បីរំខានដល់បណ្តាញខុសច្បាប់ និងស្ទាក់ចាប់នាវាដែលរងទណ្ឌកម្ម ដែលផ្តល់ការគាំទ្រដល់អ៊ីរ៉ង់ នៅគ្រប់ទីកន្លែងដែលពួកគេធ្វើប្រតិបត្តិការ»។
នៅលើបណ្តាញសង្គម លោក ត្រាំ បានលើកឡើងថា អ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់ជាច្រើនលើក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ លោកបានប្រាប់ CNBC ថា ការបិទខ្ទប់គឺទទួលបានជោគជ័យ ហើយសហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពរឹងមាំក្នុងការសម្រេចបាននូវ «កិច្ចព្រមព្រៀងដ៏អស្ចារ្យ»។
មិនទាន់មានការឆ្លើយតបភ្លាមៗពីខាងអ៊ីរ៉ង់ជុំវិញការរឹបអូសនាវានេះទេ។ ប្រភពពីអ៊ីរ៉ង់បានប្រាប់ Reuters ថា ទីក្រុងតេអេរ៉ង់នៅមិនទាន់សម្រេចចិត្តចុងក្រោយថាតើត្រូវចូលរួមការចរចាជុំបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាត ឬយ៉ាងណានោះទេ។
អ៊ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz ស្ទើរតែទាំងស្រុង ដែលជាច្រកផ្លូវដ៏សំខាន់ទៅកាន់ឈូងសមុទ្រសម្រាប់កប៉ាល់ទាំងអស់ លើកលែងតែកប៉ាល់របស់ខ្លួន។ កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានប្រកាសថានឹងបើកច្រកសមុទ្រនេះឡើងវិញ ប៉ុន្តែបានប្តូរចិត្តវិញកាលពីថ្ងៃ១៨មេសា បន្ទាប់ពីលោក ត្រាំ បានបដិសេធមិនលើកលែងការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។ ការសម្រេចចិត្តនេះបានធ្វើឱ្យច្រកសមុទ្រនេះនៅតែបន្តបិទ ហើយពិភពលោកត្រូវបាត់បង់ការផ្គត់ផ្គង់ប្រេងប្រមាណ ២០ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាធម្មតាត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកនេះ៕









