អ៊ុយ​ក្រែន​បង្ហាញ​ការ​ខក​ចិត្ត​ប្រេសិត​អាមេរិក​មិន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​គីវ

ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី បានមានប្រសាសន៍​ថា លោក​ចាត់​ទុក​ការ​ធ្វើ​ទស្សន​កិច្ច​របស់​ប្រេសិត​សហរដ្ឋ​អាមេរិក លោក ស្ទីវ វីតខូហ្វ (Steve Witkoff) និង​លោក ចារេដ គូស្នឺ (Jared Kushner) ទៅ​កាន់​ទីក្រុង​មូស្គូ ដោយ​មិន​មក​ទីក្រុង​គីវ គឺ​ជា «ការ​មិន​ផ្តល់​តម្លៃ»។

អ្នកទាំង​ពីរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​របស់​រុស្ស៊ី កាល​ពី​ចុ​ង​ឆ្នាំ​មុន និ​ង​ម្តង​ទៀត​នៅ​ក្នុង​ខែ​មករា ខណៈ​ដែល​ការ​ចរចា​បទ​ឈប់​បាញ់​ក្នុង​គោល​បំណង​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ កំពុង​មាន​សន្ទុះ​ខ្លាំង។ លោក វីត​ខូហ្វ ដែល​បាន​ទៅ​ទីក្រុង​មូស្គូ​ចំនួន ៨ ដង បាន​ជួប​ពិភាក្សា​ជាមួយ​ លោក វ្ល៉ាឌីមៀ ពូទីន ជា​ច្រើន​លើក​ច្រើន​សារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​លោក វីត​ខូហ្វ និង​លោក គូស្នឺ មិន​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​ទីក្រុង​គីវ​ក្នុង​តួនាទី​ផ្លូវ​ការ​ម្តង​ណា​ឡើយ។

លោក ហ្សេឡេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែននៅក្នុងបទសម្ភាសន៍​មួយ​ថា៖ «វា​គឺ​ជា​ការ​មិន​ផ្តល់​តម្លៃ​សម្រាប់​ពួក​គេ​ដែល​មក​ទីក្រុង​មូស្គូ ប៉ុន្តែ​មិន​មក​ទីក្រុង​គីវ ​វា​ពិត​ជា​ការ​មិនផ្តល់តម្លៃមែន»

លោកបានបន្ថែមថា៖ «ខ្ញុំយល់ថា យើងមានភាពស្មុគស្មាញខាងភស្តុភារ… ប្រសិន​បើ​ពួក​គេ​មិន​ចង់​មក​ទី​នេះ យើង​អាច​ជួប​គ្នា​នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​បាន»។

លោក វីតខូហ្វ ដែលជាអតីតមហាសេដ្ឋីអចលនទ្រព្យ គឺជាប្រេសិតពិសេសរបស់ លោក ដូណាល់ ត្រាំ ហើយ​លោក គូស្នឺ គឺជា​កូ​ន​ប្រសារ​របស់​ប្រធានា​ធិបតី​អាមេរិក​រូប​នេះ។ កាលពីដើមខែមេសា លោក ហ្សេឡេនស្គី បាននិយាយថា អ្នកទាំងពីរមានគម្រោងមកទស្សនកិច្ចនៅអ៊ុយក្រែន ប៉ុន្តែដំណើរនោះមិនបានលេចចេញជារូបរាងឡើងវិញទេ ចំពេលមានសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

កិច្ចប្រជុំកំពូលត្រីភាគីចុងក្រោយបង្អស់រវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានប្រព្រឹត្តទៅកាលពីពាក់កណ្តាល​ខែកុម្ភៈ។ មិនដល់ពីរសប្តាហ៍ក្រោយមក សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ ដែលធ្វើឱ្យការយកចិត្តទុកដាក់ងាកចេញពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ ឆ្នាំមកហើយ។

លោក វីតខូហ្វ និងលោក គូស្នឺ គឺជាផ្នែកមួយនៃក្រុមចរចារបស់សហរដ្ឋអាមេរិកដែលត្រូវធ្វើដំណើរទៅកាន់​ប្រទេសប៉ាកីស្ថាន ដើម្បីចរចាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ហើយលោក ហ្សេឡេនស្គី បានទទួលស្គាល់ថាការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកគឺកំពុងស្ថិតនៅលើតំបន់មជ្ឈិមបូព៌ា។

លោកបានបន្ថែមថា៖ «ប៉ុន្តែ… ទោះជាយ៉ាងណាក៏​ដោយ សម្រាប់​យើង វា​ជា​រឿង​សំខាន់​ក្នុង​ការ​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​ជន​ជាតិ​អាមេរិក»

ការចរចាបទឈប់បាញ់បានកើនឡើងក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ​២០២៥ នៅពេលដែលគេដឹងថាមន្ត្រីរុស្ស៊ី និង​អាមេរិក បាន​និង​កំពុងរៀបចំផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលហាក់ដូចជាមានលក្ខខណ្ឌមួយចំនួនមិនអំណោយ​ផល​ដល់​ទីក្រុង​គីវ។ អ៊ុយក្រែនបានជំរុញឱ្យខ្លួនបានចូលរួមក្នុងការចរចា ហើយកិច្ចប្រជុំរបស់ក្រុមតំណាងនិង​កិច្ចប្រជុំ​កំពូលជាច្រើនក៏បានកើតឡើងជាបន្តបន្ទាប់។

ត្រឹមខែកុម្ភៈ ទាំងទីក្រុងមូស្គូ និង​ទីក្រុងគីវ បាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលើ «បញ្ហា​យោធា» មួយចំនួន រួមទាំងទីតាំងនៃខ្សែត្រៀមជួរមុខ និងការត្រួតពិនិត្យបទឈប់បាញ់។ បញ្ហាផ្សេងទៀត​នៅមិនទាន់​ដោះស្រាយបានឡើយ រួមទាំងការទាមទាររបស់អ៊ុយក្រែនឱ្យរុស្ស៊ីប្រគល់កុមារអ៊ុយក្រែនដែលខ្លួនបានបញ្ជូនចេញ​ដោយបង្ខំតាំងពីដើមសង្គ្រាមមកវិញ និងការទទូចរបស់ទីក្រុងមូស្គូឱ្យមាន «ការផ្លាស់ប្តូររបប» នៅទីក្រុង​គីវ។

ប៉ុន្តែបញ្ហាសំខាន់បំផុតគឺស្ថានភាពនៃតំបន់ដុនបាស (Donbas) នៅភាគខាងកើតអ៊ុយ​ក្រែន។ ការទាម​ទារ​របស់​ទីក្រុង​មូស្គូ​លើ​ទឹក​ដី​អធិប​តេយ្យភាព​របស់អ៊ុយក្រែន ដើម្បីជាថ្នូរនឹងការបញ្ចប់សង្គ្រាម គឺជាអ្វីដែលទីក្រុងគីវមិនអាចទទួលយកបាន ហើយភាគីទាំងពីរមិនព្រមបន្ទន់ឥរិយាបថឡើយ ដែលធ្វើឱ្យការចរចាស្ថិតក្នុងភាពទាល់ច្រក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ