កម្សោយនៃការគ្រប់គ្រង ការធ្លាក់ចុះសីលធម៌សង្គម រួមទាំងលំហូរគ្រឿងញៀនជាដើម ត្រូវគេអះអាងថា ជាដើមចមជំរុញឱ្យមានការកើនឡើង អំពើឃាតកម្មបាញ់សម្លាប់គ្នា ហិង្សាពីសំណាក់មន្ត្រីក្នុងវង់ផឹកស៊ី និងកំណើនក្មេងទំនើង ដែលរដ្ឋាភិបាលត្រូវបង្ហាញការទទួលខុសត្រូវ ដើម្បីទប់ស្កាត់ហានិភ័យសង្គម។
ប៉ុន្មានខែចុងក្រោយនេះ មានករណីឃាតកម្ម និងអំពើហិង្សាមួយចំនួន បានកើតឡើងជាបន្តបន្ទាប់ មានដូចជា ក្នុងនោះមានទាំងមន្ត្រីនគរបាលនៅខេត្តកំពតបង្កហិង្សាគប់កែវ ទៅលើស្ត្រីអ្នករត់តុម្នាក់ឱ្យរបួសផ្ទៃមុខ រួមទាំងកំណើននៃក្មេងទំនើង ទោះរដ្ឋាភិបាលធ្លាប់ចេញបញ្ជាឱ្យទប់ស្កាត់ក៏ដោយ។
តួយ៉ាង កាលពីថ្ងៃទី៧ ខែមេសា មានឃាតកម្មមួយកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធក្រោយលែងលះគ្នា រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។ អំពើឃាតកម្មនេះ សមត្ថកិច្ចសន្និដ្ឋានថា ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធគ្នា ហើយទើបលែងលះគ្នាថ្មីៗ មុនពេលកើតហេតុ។
នៅថ្ងៃទី១២ខែមេសា ឃាតកម្មមួយទៀត ករណីបាញ់សម្លាប់ស្ត្រីជាជាងសាឡន ពីសំណាក់អតីតប្តីរបស់ខ្លួន នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីមួយទៀត បានកើតឡើងនៅថ្ងៃទី១៧ ខែមេសា នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបុរសម្នាក់ បានប្រើកាំបិតចាក់សម្លាប់កូនស្រីចុងស្លាប់ក្នុងថ្លុកឈាម និងប្រពន្ធខ្លួន រងរបួសធ្ងន់។
លើសពីនេះ ស្នងការនគរបាលខេត្តកំពត និយាយនៅថ្ងៃទី២១ខែមេសានេះ ខ្លួនបានចាប់ខ្លួនមន្ត្រីនគរបាលម្នាក់ដែលយកកែវស្រាគប់ទៅលើស្ត្រីជាអ្នកបំរើការងារចាប់ទឹកកកម្នាក់ ឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ ហើយបញ្ជូនមន្ត្រីនោះទៅកាន់តុលាការ ដើម្បីផ្តន្ទាទោស។
ដោយឡែកបញ្ហាក្មេងទំនើងវិញ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ពោលគឺប្រមាណជា៩ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងសរុបចំនួន២៩ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២៨នាក់ បញ្ជូនទៅតុលាការ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា បញ្ហាទាំងនេះវាផ្តើមចេញពីឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន រួមទាំងការធ្លាក់ចុះយ៉ាងគំហុកនៃសីលធម៌សង្គមផងដែរ ដែលរដ្ឋាភិបាលគួរពិនិត្យ និងមានវិធានការ ដើម្បីទប់ស្កាត់ហានិភ័យសង្គម។
លោកថា៖ «ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ទាំងពីរហ្នឹងវាដូចជាទៅជាមួយគ្នា។ អាហ្នឹងជារឿងមួយដែលយើងមើលឃើញ។ ប៉ុន្តែករណីប្រចណ្ឌវាយសម្លាប់គ្នាអីហ្នឹង កាលពីសម័យដើមក៏មានដែរ ក៏ប៉ុន្តែការប្រចណ្ឌអីវាមិនឈានដល់ការសម្លាប់គ្នាឆៅៗ ដូចយើងឃើញរាល់ថ្ងៃនេះទេ។ ជួនកាលស្ត្រេស ឬកំហឹងហ្នឹងខ្លាំងពេក គឺវាងាយណាស់ ជំរុញឲ្យមនុស្សប្រើអំពើហិង្សា ដែលនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង និងគ្រោះថ្នាក់ដល់អ្នកដទៃ។ ព្រោះសង្គមយើងរាល់ថ្ងៃនេះ គឺជៀសមិនផុតពីរឿងស្ត្រេសទេ ព្រោះវាកើតមានរឿង ជាន់គ្នាលើរឿង»។
លោកគូសបញ្ជាក់ថា ចំពោះការកើនឡើងនៃសកម្មភាពក្រុមក្មេងទំនើង បង្កអសន្តិសុខនៅតាមទីសាធារណៈ មួយផ្នែកអាចបណ្តាលមកពីភាពកម្សោយនៃការគ្រប់គ្រងរបស់សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ កត្តាក្មេងបោះបង់ការសិក្សា និងភាពក្រីក្រ ជាដើម។
លោកថា៖ «ក្មេងទំនើងហ្នឹងគឺភាគច្រើនកើតចេញពីក្មេងបោះបង់សាលារៀន ហើយពេលក្មេងបោះបង់សាលារៀនអញ្ចឹងទៅ វាធ្វើឲ្យក្មេងហ្នឹងទទួលរងនូវឥទ្ធិពលពីសង្គមខ្លាំង។ ហើយដល់ពេលចឹងទៅក្មេងទាំងអស់ហ្នឹងវាបានចំណាយពេលជាមួយមិត្តភ័ក្តិច្រើន។ ដល់ចឹងទៅ ការអូសទាញដោយសារតែសង្គមហ្នឹង វាមានច្រើនជាង។ សារធាតុដើមរបស់ក្មេងទំនើងហ្នឹង បើកាលណាវាចេញពីផ្ទះហើយ គឺវាអាងមេវា ជាបងធំ ហើយបងធំ ក៏ត្រូវតែកាងការការពារមកដល់កូនចៅ ដល់ពេលចឹងទៅ វាកើតទៅជាក្រុមមួយឆេវឆាវ»។
ប្រហាក់ប្រហែលគ្នានេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ដើមហេតុអ្វីនៃបញ្ហាដែលបានកើតឡើង មកពីកត្តាធ្លាក់ចុះនៃសីលធម៌សង្គម កង្វះការអប់រំ កត្តាសាយភាយគ្រឿងញៀន និងគ្រឿងស្រវឹង និងការអនុវត្តច្បាប់នៅមានកំរិត។
លោកបន្តថា៖ «យើងឃើញថា បញ្ហាគ្រឿងញៀននិងគ្រឿងស្រវឹង ក៏ជំរុញឲ្យយុវជនហ្នឹងមានការភ្លើតភ្លើនសប្បាយហួសបង្កឲ្យមានបញ្ហានៅក្នុងសង្គម ឬក៏បទល្មើសនៅក្នុងសង្គមកើតឡើង។ ហើយនៅពេល ដែលក្រុមយុវជនខ្វះការអប់រំ សីលធម៌ធ្លាក់ចុះ ឪពុកម្តាយមិនសូវបានតាមដានកូនដិតដល់ទៀត គឺក្រុមក្មេងទំនើងហ្នឹងកើនច្រើនហើយ។ ហើយចំពោះអំពើហិង្សានៅក្នុងគ្រួសារ ក៏ស្រដៀងគ្នាដែរ គឺភាគច្រើនកើតឡើងដោយកត្តាគ្រឿងញៀន និងគ្រឿងស្រវឹងហ្នឹងវាបានបង្កនូវអំពើហិង្សាកើតឡើង។ ហើយមួយទៀតគឺការអនុវត្តច្បាប់នៅកម្ពុជា នៅមានកំរិត »។
សម្រាប់ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ អំពើឃាតកម្ម ហិង្សាពីមន្ត្រី និងក្មេងទំនើងមានការហក់ឡើងគួរឱ្យព្រួយបារម្ភ ដែលលោកថា ការកើនឡើងនេះ មកពីកត្តាជីវភាព ការធ្លាក់ចុះសីលធម៌សង្គម និងកត្តាអនុវត្តច្បាប់ ។
លោកថា៖ «កត្តាទាំងអស់នេះ គឺធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅដល់សង្គម ហើយរដ្ឋាភិបាលគួរតែមានវិធានការ ឬចំណាត់ការដែលអាចដោះស្រាយបញ្ហាហ្នឹង ធ្វើយ៉ាងម៉េចក៏ដោយកុំឲ្យក្មេងទំនើង និងការសម្លាប់ប្តីប្រពន្ធទៅវិញទៅមក នៅក្នុងសង្គមយើងហ្នឹង មានការរីករាលដាលខ្លាំងជាងមុន។ ហើយក៏គួរតែមានអ្នកជំនាញឯកទេស នៅក្នុងការអប់រំ បណ្តុះបណ្តាល និងការផ្សព្វផ្សាយ ឲ្យបានយល់ដឹងអំពីបញ្ហាទាំងអស់ហ្នឹង ធ្វើម៉េចឲ្យពួកគាត់ស្គាល់ខុសស្គាល់ត្រូវ ហើយអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន »។
យ៉ាងណា វិធានការទប់ស្កាត់ក្មេងទំនើងនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់ចេញបញ្ជាច្រើនដងឱ្យទប់ស្កាត់ ប៉ុន្តែមកដល់ពេលនេះ កំណើននៃការចាប់ខ្លួនសង្ស័យ ដែលចុះផ្សាយដោយក្រសួងមហាផ្ទៃ មិនមានការថយចុះទេ។
លោកថា៖ «ក្រុមបងធំបងតូច ត្រូវអនុវត្តគ្រប់ខេត្តទាំងអស់។ ងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ។ មួយអាណត្តិនេះរាប់ទៅក្រោយ អត់មានអនុវត្តតែមួយអាណត្តិនេះទេ។ ខ្ញុំបានសុំអំពាវនាវរួចហើយដល់ប្រព័ន្ធតុលាការ អត់មានអាជ្ញាធរ កម្លាំងសមត្ថកិច្ចខំចាប់ ហើយយើងអត់មានមូលហេតុច្បាប់ច្បាស់លាស់ដោះលែងទេ ត្រូវឲ្យច្បាស់លាស់។ បើមានមូលហេតុច្បាប់ច្បាស់លាស់ យើងត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹង។ ត្រូវរួមគ្នាធ្វើដើម្បីជាការព្រមាន។ កាប់គ្នាពេញផ្លូវ ជ្រេម៉ូតូពេញផ្លូវ ត្រូវអនុវត្តឲ្យបាន។ ហើយអនុវត្តភ្លៀងរលឹម ងើបមួយសង្កកត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម។ ត្រូវអនុវត្តអភិក្រមនេះឲ្យជាប់ ឲ្យបានផ្លែផ្កា»។
សម្រាប់ លោក សន ជ័យ នាយកប្រតិបត្តអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ (ANSA) យល់ថា ការធ្លាក់ចុះសីលធម៌សង្គម ការប្រើប្រាស់សារធាតុញៀន និងសេពគ្រឿងស្រវឹងច្រើនជាប្រចាំ គឺជាដើមហេតុជំរុញឱ្យហានិភ័យសង្គម ដែលរដ្ឋាភិបាលត្រូវមានវិធានទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកថា៖ «ក្មេងខ្លះអត់បានចូលរៀនទេ។ ចឹងកន្លែងហ្នឹងយើងមិនអាចសាយទឹកដាក់គ្នាទេ។ ប៉ុន្តែសួរថា បញ្ហារួមគឺជាអ្វី? បញ្ហារួមគឺការអនុវត្តតួនាទី របស់ឪពុកម្តាយហ្នឹង ត្រូវមើលការខុសត្រូវកូន ឲ្យបានច្រើនជាងមុន។ ហើយរួមផ្សំនឹងកត្តាអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។ ការអនុវត្តច្បាប់រាល់ថ្ងៃនេះ សូម្បីតែក្មេងបង្ហោះម៉ូតូតាមផ្លូវក៏មិនមានវិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពដែរ។ ខ្ញុំគិតថា វាជារឿងមួយដែលនៅតែគិតថា ភាពផុយស្រួយនៃការធ្លាក់ចុះផ្នែកធនធានមនុស្ស ក៏ដូចជាសិលធម៌សង្គមហ្នឹងវានៅកំរិតខ្ពស់ »។
បើតាម លោកបណ្ឌិត មាស នី នៅក្នុងសង្គម វិជ្ជមាននិងអវិជ្ជមាន គេមើលឃើញតាមរយៈការដឹកនាំផងដែរ ហើយថា ឥទ្ធពលគ្រឿងញៀន និងគ្រឿងស្រវឹងជាបញ្ហាចម្បងមួយទៀត ធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះផងដែរ៕









