រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងចំនួន២ បានតវ៉ាចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ ធ្វើពិធីបួងសួងបែបជំនឿសាសនានៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
កាលពីថ្ងៃទី២២ ខែមេសាម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានដឹកនាំគណៈប្រតិភូឡើងទៅប្រាសាទតាក្វាយ ដើម្បីដាក់កម្រងផ្ការំលឹកដល់ការលះបង់របស់វីរៈភាពទាហានថៃក្នុងការការពារអធិបតេយ្យជាតិ និងរៀបចំពិធីសែនព្រេនដូនតា ត្រៀមរៀបចំជួសជុលប្រាសាទតាក្របីឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាប្រាសាទមួយនេះឡើងវិញ ខណៈតំបន់នោះថៃអះអាងថា ជាទឹកដីរបស់ថៃ និងបានស្ងប់សុខហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Press News។
ជុំវិញព្រឹត្តិការណ៍នេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការ បានចេញសេចក្តីថ្លែងការណ៍ដាក់ដោយឡែកចំនួន២ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយលើកឡើងស្រដៀងគ្នាថា កម្ពុជាធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ និងប្រជាជនថៃ ដែលធ្វើសកម្មភាពបួងសួងបែបជំនឿសាសនាខុសច្បាប់នៅប្រាសាទតាក្របី ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជានេះ។
កម្ពុជាប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមាន ការប្រារព្ធពិធីបួងសួងបែបជំនឿសាសនា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ នៅលើទឹកដីកម្ពុជា។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា៖ «សកម្មភាពខុសច្បាប់ទាំងនេះ គឺជាការំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា[…] វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមរយៈការចរចា»។
ទាំងក្រសួងធម្មការ និងក្រសួងវប្បធម៌ ក៏បានចាត់ទុកសកម្មភាពទាំងអស់នេះ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ សន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200 000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន និងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេសឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងរំលោភទៅលើនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។
ការណ៍នេះ ក្រសួងទាំងពីរ បានអំពាវនាវដល់រដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបួងសួង ឬការប្រកបពិធីកម្មសាសនាផ្សេងៗ នៅប្រាសាទតាក្របី និងតំបន់ដទៃទៀត ព្រមទាំងដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ហើយកម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ។
ប្រាសាទតាក្របីរបស់ខ្មែរ ត្រូវបានធ្លាក់ទៅក្នុងដៃថៃគ្រប់គ្រង ក្រោយថៃធ្វើសង្គ្រាមឈ្លានពានបូរណភាពទឹកដីខ្មែរជាលើកទី២អំឡុងខែធ្នូ ឆ្នាំ២០២៥ រួមទាំងទីតាំងរាប់សឹបទីតាំងផ្សេងទៀតនៅក្នុងខេត្តមួយចំនួន រួមមាន ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដែលថៃឈ្លានពានយក។
យ៉ាងណា រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរម្តងហើយម្តងទៀតថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតខ្សែបន្ទាត់ព្រំដែន ដែលថៃបានពង្រីកកាន់កាប់ដោយខុសច្បាប់នេះ ហើយកម្ពុជាជំរុញឱ្យថៃងាកទៅគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលជាខ្សែបន្ទាត់ព្រំដែន ទទួលស្គាល់ដោយអន្តរជាតិ រវាងកម្ពុជា និងថៃ៕









