ដោយមើលឃើញពីសកម្មភាពរបស់បណ្តាញឃោសនាការក្នុងស្រុក ជាពិសេសការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា ចំពោះសៀវភៅដែលមានចំណងជើងថា «The Father Who Shielded and Never Left» និពន្ធដោយកញ្ញា ហ្វារី សូនីតា (Fari Sonita) ដែលរៀបរាប់ពីភាពជាមេដឹកនាំការពារសន្តិភាពរបស់លោកអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងស្នាដៃអ្នកនិពន្ធដទៃទៀតរបស់អ្នកនិពន្ធក្នុងស្រុក ដែលលើកសរសើរពីសមាជិកគ្រួសារត្រកូលហ៊ុន ដូចជា លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ជាដើម បានធ្វើឱ្យខ្ញុំនឹកឃើញដល់ល្បិចកល និងយុទ្ធសាស្ត្ររបស់មេដឹកនាំផ្តាច់ការនៅបរទេសក្នុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១ កន្លងមក។
រឿងរ៉ាវមេដឹកនាំផ្តាច់ការដែលព្យាយាមធ្វើខ្លួនជាអ្នកនិពន្ធ ឬប្រើប្រាស់ប៊ិចរបស់អ្នកដទៃឱ្យសរសេរសរសើរបុណ្យខ្លួនឯង គឺជាល្បិចកលចាស់វស្សាមួយ ដើម្បីគ្រប់គ្រងទាំងអំណាច និងការគិតរបស់មនុស្ស។
ក្នុងន័យនេះ ខ្ញុំសូមលើកយកករណីសិក្សាមួយចំនួន ដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដើម្បីទុកជាមូលដ្ឋានឱ្យមិត្តអ្នកអាន និងអ្នកស្តាប់ ប្រើប្រាស់វិចារណញ្ញាណក្នុងការឆ្លុះបញ្ចាំង និងប្រៀបធៀបដោយខ្លួនឯង រឿងរ៉ាវមេដឹកនាំផ្តាច់ការដែលព្យាយាមធ្វើខ្លួនជាអ្នកនិពន្ធ និងជួលគេឱ្យសរសេរសរសើរខ្លួនឯង គឺជាល្បិចកលដើម្បីគ្រប់គ្រងទាំងអំណាច និងការគិតរបស់ប្រជាពលរដ្ឋ។
ក្នុងសតវត្សទី២០ និងទី២១ មេដឹកនាំកាចសាហាវនៃប្រទេសមួយចំនួន មិនត្រឹមតែចង់ត្រួតត្រាលើជីវិតប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្កប់មនោគមវិជ្ជាតាមរយៈសៀវភៅទៀតផង។ តាមពិតទៅ ស្នាដៃទាំងនោះមិនមែនកើតចេញពីសមត្ថភាពផ្ទាល់ខ្លួនរបស់មេដឹកនាំឡើយ ប៉ុន្តែវាគឺជាការរៀបចំជាប្រព័ន្ធ ដោយបង្ខំ ឬជួលអ្នកនិពន្ធអាជីពឱ្យមកសរសេររៀបរៀង ដើម្បីលើកតម្កើងមេដឹកនាំឱ្យមើលទៅដូចជាមានប្រាជ្ញាវិសេសវិសាល។
ការធ្វើបែបនេះ គឺដើម្បីបោកបញ្ឆោតប្រជាជនឱ្យគោរពបូបុគ្គលម្នាក់ដូចជាព្រះ ដែលជាហេតុធ្វើឱ្យយើងពិបាកបែងចែកថា តើមួយណាជាគំនិតពិតរបស់មេដឹកនាំ ហើយមួយណាជាសំណេររបស់អ្នកនិពន្ធស្រមោលដែលសរសេរតាមបញ្ជារបស់រដ្ឋ។ គោលបំណងពិតប្រាកដនៃល្បិច «មេដឹកនាំជាអ្នកនិពន្ធ ឬជួលគេឱ្យសរសេរលើកតម្កើងខ្លួនឯង» គឺដើម្បីបំប្លែងរូបភាពមេដឹកនាំពីមនុស្សដែលពូកែប្រើកម្លាំងបាយ ឱ្យទៅជាមេដឹកនាំដែលមានចំណេះដឹង និងភាពជាមេដឹកនាំខ្ពង់ខ្ពស់វិញ។
ជាក់ស្តែង នៅក្នុងសហភាពសូវៀត យ៉ូសែប ស្តាលីន បានយល់ច្បាស់ថា ដើម្បីឱ្យពលរដ្ឋទទួលស្គាល់លោកជាអ្នកបន្តវេនពី លេនីន លោកត្រូវតែធ្វើឱ្យគេជឿថា លោកគឺជាអ្នកប្រាជ្ញដ៏អស្ចារ្យម្នាក់។ ហេតុនេះហើយ ទើបសៀវភៅ «ប្រវត្តិសាស្ត្របក្សកុម្មុយនិស្ត» (History of the Communist Party of the Soviet Union (Bolsheviks): Short Course) ត្រូវបានបង្កើតឡើង។
ទោះបីជាស្តាលីន ដាក់ឈ្មោះខ្លួនឯងជាអ្នកនិពន្ធក៏ដោយ ប៉ុន្តែការពិតគឺក្រុមអ្នកប្រវត្តិសាស្ត្រដែលធ្វើការទាំងភ័យខ្លាច ជាអ្នករៀបរៀងឡើងតាមបញ្ជា។ ពួកគេត្រូវបានបង្ខំឱ្យសរសេរប្រវត្តិសាស្ត្រឡើងវិញ ដើម្បីធ្វើឱ្យគេយល់ថា រាល់ជ័យជម្នះទាំងអស់ក្នុងសម័យបដិវត្តន៍ គឺកើតចេញពីគំនិតឆ្លាតវៃរបស់ ស្តាលីន តែម្នាក់គត់។
ក្នុងរឿងនេះ ស្តាលីន គឺជាអ្នកត្រួតពិនិត្យដ៏កាចសាហាវម្នាក់ ដែលចាំកាត់ចោលអត្ថបទណាដែលលោកមិនពេញចិត្ត ហើយបញ្ចូលរូបលោកទៅក្នុងហេតុការណ៍ប្រវត្តិសាស្ត្រនានា ដែលលោកមិនដែលបានចូលរួមសោះ។ សៀវភៅនេះ មិនមែនត្រឹមតែជាសំណេរធម្មតានោះទេ ប៉ុន្តែវាគឺជាសៀវភៅមេរៀនគោលដែលគេបង្ខំឱ្យមនុស្សគ្រប់គ្នាត្រូវតែរៀន។
សៀវភៅរាប់លានច្បាប់ត្រូវបានបោះពុម្ព ដើម្បីបង្វិលគំនិតមនុស្សឱ្យជឿតាមការរៀបចំរបស់អ្នកនិពន្ធស្រមោល ដែលព្យាយាមលើកតម្កើង ស្តាលីន ថាជាអ្នកបង្កើត «សន្តិភាព» ដល់មនុស្សជាតិ។ រឿងរ៉ាវនៅកូរ៉េខាងជើង កាន់តែហួសចិត្តជាងនេះទៅទៀត ដោយគ្រួសារត្រកូល គីម បានលើកតម្កើងរូបភាពមេដឹកនាំជាអ្នកនិពន្ធ ឱ្យក្លាយទៅជារឿងអព្ភូតហេតុមិនគួរឱ្យជឿ។ រដ្ឋបានប្រកាសថា លោក គីម ជុងអ៊ីល អាចសរសេរសៀវភៅបានរហូតដល់ទៅជាង ១ ៥០០ ក្បាល ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ ដែលលោកនៅរៀនសាកលវិទ្យាល័យ ដែលនេះជារឿងមិនអាចទៅរួចទាល់តែសោះសម្រាប់មនុស្សធម្មតា។
ការពិតទៅ ចំនួនសៀវភៅដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺកើតចេញពីការធ្វើការរបស់នាយកដ្ឋានឃោសនាការដ៏ធំមួយ ដែលមានតួនាទីផលិតអត្ថបទគ្រប់វិស័យ ចាប់ពីវិស័យភាពយន្ត រហូតដល់កសិកម្ម រួចដាក់ឈ្មោះមេដឹកនាំជាអ្នកនិពន្ធ។
អ្នកដែលសរសេរពិតប្រាកដ គឺជាក្រុមអ្នកនិពន្ធឆ្នើមៗប្រចាំប្រទេស ប៉ុន្តែពួកគេត្រូវលាក់ឈ្មោះបាំងមុខជារៀងរហូត ដើម្បីរុញឱ្យកិត្តិយស និងទេពកោសល្យទាំងនោះទៅជារបស់មេដឹកនាំកំពូលតែម្នាក់គត់។
ការសរសើរចំពោះសៀវភៅទាំងនេះ មិនមែនចេញពីចិត្តពិតរបស់ប្រជាជនឡើយ ប៉ុន្តែវាជាច្បាប់ដែលគ្រប់គ្នាត្រូវតែធ្វើតាម។ ការអានសៀវភៅទាំងនោះ គឺជាការបង្ខំឱ្យគោរពបូជារដ្ឋ និងដើម្បីឱ្យគេជឿជាក់លើមនោគមវិជ្ជា «ជូជេ» (Juche Ideology) ឬការរស់នៅដោយពឹងផ្អែកលើខ្លួនឯង ដែលរបបនេះបានដាក់ចេញ។
នៅតំបន់មជ្ឈិមបូព៌ា មហិច្ឆតាផ្នែកសរសេរសៀវភៅរបស់មេដឹកនាំផ្តាច់ការ ក៏មិនចាញ់ខាងឃោសនាការកូរ៉េខាងជើងប៉ុន្មានដែរ ប៉ុន្តែពួកគេចូលចិត្តប្រើវិធីច្នៃប្រឌិតបន្តិច។ ជាក់ស្តែង លោក មូអាម៉ា ហ្គាដាហ្វី បានបញ្ចេញសៀវភៅមួយដែលមានឈ្មោះថា «សៀវភៅបៃតង» (The Green Book) ដោយអះអាងថា វាគឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ពិភពលោក។
ទោះបីជា ហ្គាដាហ្វី ជាម្ចាស់គំនិតមែន ប៉ុន្តែអ្នកដែលរៀបចំអត្ថបទដែលមិនសូវស៊ីគ្នារបស់លោក ឱ្យទៅជាសៀវភៅដែលអាចអានបាន និងមានលក្ខណៈជានយោបាយ គឺក្រុមបញ្ញវន្ត និងអ្នកកែសម្រួលរបស់រដ្ឋ។ ពួកគេបានយកគំនិតប្លែកៗរបស់លោក មកកែច្នៃដោយប្រើភាសានយោបាយ ដើម្បីឱ្យពិភពលោកមើលឃើញថា វាគឺជាទ្រឹស្តីដែលមានតម្លៃ។
ចំណែក ឯនៅអ៊ីរ៉ាក់វិញ លោក សាដាម ហ៊ូសេន បានប្រើវិធីមួយបែបទៀតនៅចុងរជ្ជកាលរបស់លោក ដោយងាកមកចាប់អារម្មណ៍លើការសរសេរប្រលោមលោកមនោសញ្ចេតនាទៅវិញ។ សៀវភៅរបស់លោកដែលមានចំណងជើងថា «ហ្សាប៊ីបា និងព្រះមហាក្សត្រ» (Zabiba and the King ) គឺជាសាច់រឿងប្រៀបធៀប ដោយតួអង្គមហាក្សត្រតំណាងឱ្យរូបលោកផ្ទាល់ ហើយស្ត្រីកសិករតំណាងឱ្យប្រជាជនអ៊ីរ៉ាក់។
ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាំគ្នាសរសើរថា វាគឺជាស្នាដៃអក្សរសាស្ត្រដ៏អស្ចារ្យ ប៉ុន្តែអ្នកជំនាញ និងភ្នាក់ងារចារកម្មបានដឹងថា សៀវភៅនេះទំនងជាត្រូវបានសរសេរដោយអ្នកនិពន្ធអាជីព ដែលគេជួលឱ្យមកជួយរៀបចំសាច់រឿងឱ្យមានរបៀបរៀបរយ ព្រោះសមត្ថភាពពិតរបស់ សាដាម មិនអាចសរសេរបានល្អបែបនេះឡើយ។ អ្នកនិពន្ធទាំងនេះ ប្រៀបដូចជាអ្នកសាងសង់ពិភពសុបិនតាមរយៈអក្សរ ដើម្បីបិទបាំងភាពសាហាវយង់ឃ្នងនៃរបបដែលពួកគេកំពុងបម្រើតែប៉ុណ្ណោះ។
ការជួលគេឱ្យសរសេរសរសើរនេះ មិនមែនមានត្រឹមតែក្នុងរង្វង់មន្ត្រីរដ្ឋភិបាលរបស់ខ្លួនឯងនោះទេ។ ជួនកាល ជនផ្តាច់ការបានប្រើប្រាស់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ឬឥទ្ធិពលនយោបាយ ដើម្បីអូសទាញអ្នកនិពន្ធល្បីៗ មកពីលោកខាងលិចឱ្យមកជួយសរសើរពួកគេ។ នេះគឺជាល្បិចឃោសនាដ៏ឆ្លាតវៃមួយ ព្រោះនៅពេលដែលការសរសើរចេញពីមាត់អ្នកក្រៅដែលមើលទៅហាក់ដូចជាឯករាជ្យ វានឹងធ្វើឱ្យមនុស្សជាច្រើនជឿថាជាការពិត។
ឧទាហរណ៍ជាក់ស្តែង គឺមិត្តភាពរវាងអ្នកនិពន្ធម្ចាស់រង្វាន់ណូបែល លោក ហ្គាប្រ៊ីយ៉ែល ហ្គាស៊ីយ៉ា ម៉ាកេស និងលោក ហ្វីដែល កាស្ត្រូ។ ទោះបីជាលោក ម៉ាកេស ជាអ្នកនិពន្ធដ៏អស្ចារ្យម្នាក់ ប៉ុន្តែការដែលលោកចេញមុខការពាររបបដឹកនាំរបស់គុយបា និងជួយកែសម្រួលសុន្ទរកថាឱ្យ កាស្ត្រូ បានជួយឱ្យមេដឹកនាំផ្តាច់ការរូបនេះទទួលបានកិត្តិយស និងការគាំទ្រផ្នែកវប្បធម៌ដែលកាសែតរដ្ឋមិនអាចធ្វើបាន។
ក្រៅពីការប្រើអ្នកដទៃ ជនផ្តាច់ការខ្លះទៀតបានប្រើល្បិចផ្លូវចិត្តដោយប្រើឈ្មោះក្លែងក្លាយ។ ដូចជាលោក ហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ នៅប្រទេសអេស្ប៉ាញ លោកបានសរសេរប្រលោមលោក និងស្គ្រីបភាពយន្តក្រោមឈ្មោះផ្សេង។ ការធ្វើបែបនេះ គឺដើម្បីឱ្យលោកអាចទទួលបានការសរសើរពីសំណាក់អ្នករិះគន់ និងកាសែតដែលនៅក្រោមបង្គាប់លោក ដោយពួកគេធ្វើជាមិនដឹងថាអ្នកនិពន្ធថ្មី ដែលមានទេពកោសល្យម្នាក់នោះ គឺជាមេដឹកនាំរបស់ខ្លួនឡើយ។
ល្បិចនេះ បានអនុញ្ញាតឱ្យជនផ្តាច់ការរីករាយនឹងការកោតសរសើរពីសាធារណជន មិនត្រឹមតែក្នុងនាមជាអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងនាមជាសិល្បករម្នាក់ទៀតផង បើទោះបីជាស្នាដៃនោះលោកសរសេរបានតែបន្តិចបន្តួចក៏ដោយ។ ការធ្វើបែបនេះ គឺគ្រាន់តែជាការបង្កើតការសរសើរខ្យល់ ដើម្បីបំពេញចិត្តខ្លួនឯងតែប៉ុណ្ណោះ។
ការធ្វើជាអ្នកនិពន្ធឱ្យរបបផ្តាច់ការ គឺជាការងារដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ ការដែលមេដឹកនាំជួលឱ្យសរសេររឿងជីវិត ឬទ្រឹស្តីនយោបាយរបស់ពួកគេ មើលទៅហាក់ដូចជាទទួលបានកិត្តិយសធំដុំ ប៉ុន្តែការពិត វាគឺជាបន្ទុកដ៏ធ្ងន់ និងគួរឱ្យខ្លាចទៅវិញទេ។ ជាពិសេស ប្រសិនបើសំណេរនោះ មិនសូវជក់ចិត្ត ឬមានចំណុចណាមួយដែលប៉ះពាល់ដល់បំណងប្រាថ្នារបស់មេដឹកនាំ អ្នកនិពន្ធអាចនឹងត្រូវជាប់គុក ឬបាត់បង់ជីវិតភ្លាមៗ។
ជាក់ស្តែង ក្នុងសម័យ ស្តាលីន ក្រុមអ្នកប្រវត្តិសាស្ត្រដែលសរសេរសៀវភៅឱ្យលោក បានដឹងយ៉ាងច្បាស់ថា ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានគេដាក់លើក្របសៀវភៅឡើយ ប៉ុន្តែរាល់កំហុសឆ្គងបន្តិចបន្តួចរបស់ពួកគេ នឹងត្រូវបានប៉ូលីសសម្ងាត់តាមដាន និងកត់ត្រាទុកយ៉ាងហ្មត់ចត់។
កត្តានេះ បានបង្ខំឱ្យអ្នកនិពន្ធត្រូវសរសេរបែបបញ្ជោរ បំផ្លើសហួសពីការពិត និងគ្មានភាពត្រឹមត្រូវទាល់តែសោះ។ ពួកគេត្រូវបានបង្ខំឱ្យប្រើពាក្យសរសើរដដែលៗ ដូចជា «មេដឹកនាំដ៏ឈ្លាសវៃ» «មានមេត្តា» ឬ «មហាអស្ចារ្យ» មកពិពណ៌នាអំពីជនផ្តាច់ការ ប្រៀបដូចជាម៉ាស៊ីនដែលគេបញ្ជាឱ្យសរសេរដើម្បីតែការរស់រានមានជីវិតប៉ុណ្ណោះ។
ក្រៅពីការបង្ខំឱ្យសរសេរសៀវភៅជាក់លាក់ណាមួយ ជនផ្តាច់ការបានបង្កើតប្រព័ន្ធត្រួតត្រាវិស័យអក្សរសាស្ត្រទាំងមូល ដើម្បីបម្រើការសរសើរពួកគេ។ ជាក់ស្តែង ក្នុងសម័យ ណាស៊ីអាឡឺម៉ង់ លោក យ៉ូសែប ហ្គោប៊ែល បានរកឃើញវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការជួលអ្នកនិពន្ធ គឺការគ្រប់គ្រងលើឆ្នាំងបាយរបស់ពួកគេតែម្តង។ តាមរយៈការបង្កើតស្ថាប័នគ្រប់គ្រងអក្សរសាស្ត្រ របបនេះបានធានាថា រាល់ពាក្យពេចន៍ដែលបោះពុម្ពចេញមក គឺជាសំណេររបស់អ្នកដែលធ្វើការឱ្យរដ្ឋ។
អ្នកនិពន្ធ មិនត្រឹមតែត្រូវសរសេរសរសើរ ហ៊ីត្លែរ ប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវធានាថា គ្រប់អត្ថបទកំណាព្យ រឿងភាគ ឬប្រលោមលោកទាំងអស់ ត្រូវតែលើកតម្កើងអំណាចមេដឹកនាំ និងមនោគមវិជ្ជារបស់បក្ស។ កត្តានេះ បានធ្វើឱ្យវិស័យអក្សរសាស្ត្រជន់ជោរទៅដោយសំណេរបញ្ជោរពីការរើសអើងពូជសាសន៍ និងមហិច្ឆតាសង្គ្រាម។
អ្នកនិពន្ធដែលសុខចិត្តបម្រើរបបនេះ នឹងទទួលបានលុយកាក់ និងរង្វាន់លើកទឹកចិត្តពីរដ្ឋ ប៉ុន្តែអ្នកដែលហ៊ានបដិសេធនឹងត្រូវគេហាមឃាត់មិនឱ្យសរសេរ ហើយសៀវភៅរបស់ពួកគេនឹងត្រូវគេយកទៅដុតចោលនៅទីសាធារណៈយ៉ាងអាម៉ាស់។
សៀវភៅដែលសរសេរដោយអ្នកនិពន្ធស្រមោល និងសៀវភៅដែលរដ្ឋបង្ខំឱ្យផលិតទាំងនេះ បានបន្សល់ទុកនូវបណ្ដុំនៃ «ស្នាដៃឯក» ដ៏ចម្លែកដែលគ្មានអ្នកណាចង់ចងចាំ។ នៅពេលដែលរបបផ្តាច់ការដួលរលំ សៀវភៅដែលគេធ្លាប់តម្កើងថា ជាអត្ថបទដ៏វិសុទ្ធ ច្រើនតែបាត់រូបរាងទៅវិញត្រឹមតែមួយប៉ព្រិចភ្នែក។
ជាក់ស្តែង នៅពេលដែលលោក សាប៉ាមូរ៉ាត នីយ៉ាហ្សូវ មេដឹកនាំប្រទេសតួកម៉េនីស្ថានបានស្លាប់ សៀវភៅ «Ruhnama» ដែលលោកធ្លាប់អះអាងថាជាពន្លឺផ្លូវចិត្តសម្រាប់ប្រជាជន ក៏ចាប់ផ្ដើមបាត់បង់ឥទ្ធិពល និងលែងជាសៀវភៅបង្ខំឱ្យក្មេងសិស្សសាលា និងមន្ត្រីរាជការរៀនទៀតដែរ។
ភាពអស្ចារ្យនៃសំណេរដែលធ្លាប់ត្រូវបានអ្នករិះគន់ក្រោមបង្គាប់រដ្ឋសរសើរមិនដាច់ពីមាត់នោះ ទីបំផុតត្រូវបានគេលាតត្រដាងថា គ្រាន់តែជាការចងក្រងនូវរឿងព្រេងជាតិនិយម និងការរវើរវាយផ្ទាល់ខ្លួនរបស់មេដឹកនាំ ដែលរៀបរៀងឡើងដោយក្រុមមន្ត្រីដែលរស់នៅក្នុងភាពភ័យខ្លាច និងពួកអែបអបតែប៉ុណ្ណោះ។
ជាចុងក្រោយ ការដែលជនផ្តាច់ការជួលគេឱ្យសរសេរសរសើរបញ្ជោរខ្លួនបែបនេះ បានបង្ហាញឱ្យឃើញពីភាពទន់ជ្រាយ និងការភ័យព្រួយដែលលាក់កំបាំងនៅក្នុងអំណាចដាច់ខាត។ បុរសម្នាក់ដែលមានអំណាចបញ្ជាទាំងកងទ័ព ប៉ូលីស និងក្តាប់លុយក្នុងដៃទៅហើយ នៅតែមានអារម្មណ៍ថាខ្វះខាត និងចង់ឱ្យគេមើលឃើញថា ខ្លួនគឺជាអ្នកប្រាជ្ញដ៏អស្ចារ្យម្នាក់ទៀត។
ការធ្វើបែបនេះ ក៏ព្រោះតែពួកគេដឹងថា កម្លាំងបាយអាចគ្រប់គ្រងបានត្រឹមតែរាងកាយមនុស្សប៉ុណ្ណោះ ប៉ុន្តែមានតែការនិទានរឿង និងការសរសេរប៉ុណ្ណោះ ទើបអាចគ្រប់គ្រងដល់ស្មារតីរបស់មនុស្សបាន។
តាមរយៈការជួលអ្នកនិពន្ធឱ្យបង្កើតអត្ថបទទាំងនេះ ជនផ្តាច់ការព្យាយាមបង្កើតកេរ្តិ៍ឈ្មោះអមតៈក្លែងក្លាយមួយ។ ពួកគេយល់ថា នៅពេលដែលរូបសំណាករបស់ពួកគេត្រូវបានគេវាយកម្ទេចចោល ពាក្យពេចន៍ដែលពួកគេបានចំណាយលុយទិញ ប្រហែលជានៅសេសសល់ក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណាក្តី ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថា កាលណាអ្នកនិពន្ធគ្មានសេរីភាព សំណេរទាំងនោះក៏មិនអាចរស់បានយូរដែរ។ សៀវភៅរបស់ជនផ្តាច់ការមិនមែនជាតំណាងនៃប្រាជ្ញាឡើយ ប៉ុន្តែវាគឺជាមេរៀនព្រមានអំពីការបំផ្លាញស្មារតីមនុស្ស នៅពេលដែលប៊ិចត្រូវបានបង្ខំឱ្យបម្រើមេដឹកនាំផ្តាច់ការ។
ចំណែកអ្នកនិពន្ធពិតប្រាកដ រួមមានអ្នកប្រវត្តិសាស្ត្រដែលមិនបញ្ចេញឈ្មោះ អ្នកកែសម្រួលដែលរស់ក្នុងភាពភ័យខ្លាច និងអ្នកកាសែតឆ្លៀតឱកាស ភាគច្រើនត្រូវបានគេបំភ្លេចចោល។ ទេពកោសល្យរបស់ពួកគេត្រូវបានខ្ជះខ្ជាយទៅលើការសាងសង់ប្រាសាទក្រដាស ដើម្បីលើកជើងបុរសម្នាក់ដែលស្រឡាញ់អំណាច និងភាពស្ងប់ស្ងាត់នៃផ្នូរ ជាជាងការទទួលយកសម្លេងនៃការពិត៕
បញ្ជាក់៖ រាល់ទស្សនៈ និងមតិយោបល់ដែលបានលើកឡើងក្នុងអត្ថបទនេះ គឺជាមតិផ្ទាល់ខ្លួនរបស់អ្នកនិពន្ធតែប៉ុណ្ណោះ និងមិនឆ្លុះបញ្ចាំងពីគោលជំហរ ឬទស្សនៈរបស់ VOD ឡើយ៕
ដោយ លោក សុក្រឹត ពុទ្ធិ









