សហភាព​អឺរ៉ុប​អនុ​ម័ត​កម្ចី​៩០​ពាន់​លាន​អឺរ៉ូ​សម្រាប់​អ៊ុយ​ក្រែន​​ខណៈ​​បំពង់​បង្ហូរ​ប្រេង​បើក​ដំណើរ​ការ

ប្រទេស​អ៊ុយ​ក្រែន បាន​បញ្ជាក់​ថា ខ្លួន​បាន​ចាប់​ផ្តើម​បង្ហូរ​ប្រេង​របស់​រុស្ស៊ី​ តាម​បំពង់​បង្ហូរ​ប្រេង​ទៅ​កាន់​ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី​ឡើង​វិញ​ហើយ ដែល​នេះ​ជា​ការ​បញ្ចប់​ភាព​ទាល់​ច្រក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ជុំវិញ​កម្ចី​ចំនួន ៩០ ពាន់​លាន​អឺរ៉ូ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំនួយ​ដ៏​សំខាន់​របស់​សហ​ភាព​អឺរ៉ុប​សម្រាប់​ទីក្រុង​គីវ (Kyiv)។

មន្ត្រី​បាននិយាយថា ភ្លាមៗបន្ទាប់ពីនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ដែលបា​ន​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ព្រុច​សែល បាន​ផ្តល់​ការ​យល់​ព្រម​បឋម​លើ​ប្រាក់​កម្ចី​នេះ ក៏​ដូច​ជាក​ញ្ចប់​ទណ្ឌ​កម្ម​ទី​២០ ​លើ​ប្រទេស​រុស្ស៊ី​ផង​ដែរ​។ គេរំ​ពឹង​ថា កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ត្រូវ​ចុះ​ហត្ថ​លេខា​សម្រេច​នៅ​ថ្ងៃទី​២៣ខែ​មេសា។

ទោះបីជាថវិកានេះ​ត្រូវបានព្រមព្រៀងគ្នាកាលពីខែធ្នូឆ្នាំមុនក៏ដោយ ក៏លោក Viktor Orbán នាយក​រដ្ឋ​មន្ត្រី​ហុង​គ្រី បាន​ប្រើ​សិទ្ធិ​វ៉េតូ (Veto) រារាំង​ការ​ទូទាត់​កាល​ពី​ខែ​កុម្ភៈ បន្ទា​ប់​ពី​អ៊ុយ​ក្រែន​បាន​និយាយ​ថា ការ​ខូច​ខាត​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី បាន​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​ត្រូវ​អាក់​ខាន។

ប្រភពពីវិស័យប្រេង និងរដ្ឋាភិបាលអ៊ុយក្រែន បានប្រាប់មន្ត្រីក្នុងប្រទេសហុងគ្រី និងស្លូវ៉ាគីថា ការ​បង្ហូរ​ប្រេង​បាន​ចាប់​ផ្តើម​ឡើង​វិញ​ហើយ តែប៉ុន្មានម៉ោងប៉ុណ្ណោះ​បន្ទា​ប់​ពី​ឯកអគ្គ​រដ្ឋ​ទូត​សហ​ភាព​អឺរ៉ុប បាន​ចាប់​ផ្តើម​ពិភាក្សា​អំពី​ប្រាក់​កម្ចី។

លោក Orbán បានទាមទារឱ្យមានការបង្ហូរប្រេងឡើងវិញជាមុនសិន ទើបអាចបើក​ប្រាក់​កម្ចី​បាន ហើយ​អ៊ុយ​ក្រែន​បាន​បញ្ជាក់​ថា ការ​ជួស​ជុល​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី​២១ខែ​មេសា។

ការបរាជ័យក្នុងការបោះឆ្នោតរបស់លោកកាលពីថ្ងៃទី​១៩ខែ​មេសា ក៏បា​ន​ជួយ​សម្រួល​ដល់​បរិ​យា​កាស​សម្រាប់​សហភាព​​អឺរ៉ុប​ផង​ដែរ ដោយ​បញ្ចប់​អាណត្តិ ១៦ឆ្នាំ របស់​លោក​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី។ មេដឹក​នាំប​ន្ទាប់​របស់​ហុង​​គ្រី គឺ​លោក Péter Magyar បាន​ផ្តល់​អាទិភាព​ដល់​ការ​ស្តារ​ទំនាក់​ទំនង​ដ៏​សៅ​ហ្មង​រវា​ងទី​ក្រុង​ប៊ុយ​ដាប៉ែស និង​ទីក្រុង​​ព្រុច​សែល​ឡើង​វិញ។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បាន​មាន​ប្រសាសន៍​មុន​កិច្ច​ប្រជុំ​ឯកអគ្គ​រដ្ឋ​ទូត​ថា៖ «អ៊ុយក្រែនពិតជាត្រូវការកម្ចី​នេះ​ណាស់ ហើយ​វា​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ថា រុស្ស៊ី​មិន​អាច​យក​ឈ្នះ​លើ​ការ​តស៊ូ​របស់​អ៊ុយ​ក្រែន​បាន​ឡើយ»

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Taras Kachka បានពណ៌នាថា ថវិកាសហភាព​អឺរ៉ុ​បនេះ​​គឺ​ជា “បញ្ហា​ស្លាប់​រស់” សម្រាប់​​ទីក្រុង​គីវ ដោយពីរភាគបីនៃថវិកានេះ នឹងត្រូវចំណាយលើការពង្រឹងតម្រូវការការពារជាតិ​របស់​អ៊ុយក្រែន ខណៈ​ចំណែកដែលនៅសល់នឹងត្រូវប្រើប្រាស់សម្រាប់ជំនួយហិរញ្ញវត្ថុទូទៅ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចស្លូវ៉ាគី លោកស្រី Denisa Sakova បាននិយាយថា លោកស្រីត្រូវបានប្រាប់ដោយប្រតិ​បត្តិ​ករ​ថាម​ពល Ukrtransnaft ដែលមើលការខុសត្រូវបំពង់បង្ហូរប្រេង Druzhba ក្នុងប្រទេសអ៊ុយក្រែនថា ការ​បញ្ចូលសម្ពាធក្នុង​បំពង់​បង្ហូរបានចាប់ផ្តើមនៅព្រឹកថ្ងៃពុធ ហើយប្រេងឆៅនឹងចាប់ផ្តើមហូរចូលប្រទេសស្លូវ៉ាគីនៅថ្ងៃទី​២៣ខែ​មេសា ដែល​ជា​លើក​ដំបូង​ចាប់​តាំ​ង​ពី​ថ្ងៃទី​២៧ ខែម​ករា​មក។

បរិមាណនៃការបង្ហូរប្រេងមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែប្រភពពីរដ្ឋាភិបាលអ៊ុយក្រែនត្រូវ​បាន​ដ​ក​ស្រង់​សម្តី​ថា ការ​ដឹក​ជញ្ជូន​ប្រេង​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​១២:៣៥ ម៉ោង​ក្នុង​ស្រុក​(០៩:៣៥ GMT)។

ក្រុមហ៊ុនថាមពលហុងគ្រី Mol បាននិយាយថា ខ្លួនរំពឹងថានឹងទទួលបាន​ការផ្គត់​ផ្គ​ង់ដំ​បូង​បំផុត​ត្រឹម​ថ្ងៃ​ទី​​២៣​ខែ​មេសា។

រូបភាពពីផ្កាយរណបនៅពេលនោះ បានបង្ហាញពីការខូចខាតយ៉ាងខ្លាំងដល់ធុងផ្ទុក​ប្រេង​ដ៏ធំ​មួ​យ​នៅ​តំបន់​ Brody ភាគ​ខាង​លិច​អ៊ុយ​ក្រែន កាល​ពី​ចុង​ខែ​មករា ហើយ​ទីក្រុង​គីវ​បាន​ទទូច​ថា ការ​ជួស​ជុល​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​​រយៈ ដោយ​បន្ថែម​ថា វិស្វករ​របស់​ខ្លួន​បាន​រង​ការ​វាយ​ប្រហារ​ពីសំ​ណាក់​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ