លោក ហ៊ុន ម៉ាណែត បញ្ជាក់​​ជំហរ​​ប្រា​ប់​​ចិន​​ថា កម្ពុជា​​នឹង​​បន្ត​​ចរ​ចា​​ទ្វេ​​ភាគី​​ជាមួយ​​​ថៃ​​រឿង​​ព្រំ​ដែន

ទោះ​​រង​​ការ​​រិះ​គន់​​​ពី​​យន្ត​ការ​​ចរចា​​ទ្វេ​ភាគី​​ជាមួយ​​ថៃ ​ក្រោយ​​រង​​ការ​​ឈ្លាន​ពាន​​យ៉ាង​ណា​ក្ដី​ ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ​នៅ​​តែ​​អះ​អាង​​ប្រាប់​មហា​អំណាច​ចិន​ថា ខ្លួន​​នឹង​​បន្ត​​ចរ​ចា​​ទ្វេ​​ភាគី​​ជាមួយ​​ថៃ​​ដដែល។

ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​​ចិន លោក តុង ជុន កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា។

នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា ថ្លែង​ក្នុង​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ដោយ​​​អះ​អាង​​ថា លោក ហ៊ុន ម៉ាណែត បាន​​បញ្ជាក់​​ជំហរ​​ច្បាស់ៗ​​ប្រាប់​​មន្ត្រី​​ជាន់​ខ្ពស់​​ចិន​​ទាំង​​ពីរ​​រូប ដែល​​ជា​​​ដៃ​គូ​​យុទ្ធ​សាស្ត្រ​​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​របស់​ខ្លួន។

លោក ប៉ែន បូណា ថ្លែងថា៖ «កម្ពុជា​បាន​បញ្ជាក់​ជាថ្មី​នូវ​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​កម្ពុជា​-​ថៃ»។

ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​តែង​តាមដាន​កិច្ចការ​ព្រំដែន​ លោក អ៊ុំ សំអាន យល់​ថា ពលរដ្ឋ​ខ្មែរ​គ្មាន​ជំនឿ​លើ​យន្តការ​ទ្វេ​​ភាគី​ជាមួយ​​ថៃ ដើម្បី​​អាច​​បាន​​ទឹកដី​ខ្មែរ​​ត្រឡប់​​មកវិញ​នោះ​ទេ ហើយ​កាន់​តែ​មិនអាច​ការពារ​អធិប​តេយ្យ​​ជាតិ​​បាន។ លោក​ថា យន្ត​ការ​​នេះ ​ប្រៀប​បាន​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ថៃ ដើម្បី​ដូរ​យក​សន្តិភាព និង​អំណាច​​របស់​ក្រុម​​គ្រួសារ​របស់​ លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។

លោក​អះអាង​ថា ថៃ​នឹង​មិន​​ប្រគល់​ទឹកដី​ខ្មែរ​​ទាំង​៦៦​ទីតាំង​វិញ​ឡើយ បើ​កម្ពុជា​មិន​ប្ដឹង​ទៅ​តុលាការ​ICJ ដោយលោក​ថា ថៃជាភាគី​ឈ្លាន​ពានកម្ពុជា ហើយថៃនឹងមិនឱ្យដីមកកម្ពុជាវិញទេទាំងគ្មានសម្ពាធអន្តរជាតិ ខណៈការ​ប្រើ​​យន្ត​ការ​ជាង​២០ឆ្នាំមកនេះ ថៃលួច​រំកិល​ព្រំដែនតាមចិត្តនោះ។ លោកថា  ​លោក ហ៊ុន ម៉ាណែត បន្ត​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ​ដដែលៗ និង​មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បែប​នេះ ដោយសារ​ខ្លាច​រាលដាល​ដល់​វៀត​ណាម ដោយ​ថា​ព្រោះ​​លោក ហ៊ុន សែន ធ្លាប់កាត់ដីខ្មែរ។

លោក អ៊ុំ សំអាន ថ្លែងថា៖ «មូលហេតុ​ដែល​មិន​ប្តឹង​ទៅ ICJ ខ្ញុំ​យល់​ថា​ដោយសារតែ បើសិនជា​ប្តឹង​ទៅ អាច​យន្តការ​នៃ​ការចរចា​ទ្វេភាគី​ហ្នឹង​ជាប់​គាំង ហើយ​បើ​ប្តឹង​ទៅ ICJ អាច​មាន​សង្គ្រាម​លើក​ទី៣ អាច​ថៃ​ខឹង​ទៅ យក​​យន្ត​ហោះ​ F-16 ហ្នឹង​​ទម្លាក់​គ្រាប់​លើ​ផ្ទះ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ទៅ អាហ្នឹង​ការ​កាន់​អំណាច​របស់​ត្រកូល​ហ៊ុន​អាច​នឹង​ចប់​ហើយ ហើយ​មួយទៀត បើ​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ អាច​​វៀត​ណាម​​គេ​ខឹង អាច​វៀត​ណាម​​យក​​ថៃ​មក​ប្តឹង​ថៃ អាច​ប្តឹង​វៀតណាម​ដែរ​ថ្ងៃក្រោយ»។

ទោះ​យ៉ាងណា ​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ជា ធីរិទ្ធ ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី២៣ ខែ​​មេសា ដោយ​​ច្រាន​ចោល​​​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​ប្រឆាំង​​ថា រដ្ឋាភិបាល​កម្ពុជា​​គ្មាន​ខ្លាច​នរណា​ទេ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កាន់​អំណាច​​។ លោក​ថា កម្ពុជា​​ជា​រដ្ឋ​ឯករាជ្យ ហើយ​នីតិវិធី​ប្ដឹង​ទៅ​តុលាការ​​​អន្តរជាតិ ក៏​កម្ពុជា​បាន​ធ្វើ​ហើយ និង​បន្ត​ការងារ​នេះ​បន្ត​ទៀត ប៉ុន្តែ​លោក​ពន្យល់​ថា ការ​ប្ដឹង​ទៅ​តុលាការ ICJ គឺ​​ត្រូវការ​ពេលវេលា។

​លោក ជា ធីរិទ្ធ ថ្លែង​ថា​៖ «រដ្ឋាភិបាល​បាន​ធ្វើ​អស់ហើយ ការសម្រេច​នៅក្នុង​អង្គ​សមាជ ព្រឹទ្ធសភា រដ្ឋសភា​កន្លង​ទៅ គឺ​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ណាស់ គឺ​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​យក​រឿង​ហ្នឹង​ទៅ ICJ។ អញ្ចឹង​វា​អត់​មានអី​ថ្មី ប៉ុន្តែ​រឿង​ដែល​​ពិបាក​ពន្យល់​មនុស្ស​​នោះ គឺថា​ក្រុម​នោះ ​គឺជា​មនុស្ស​ដែល​ដេក​មិន​លក់​ទេ ប៉ុន្តែ​ធ្វើ​ដេក​លក់ អា​នេះ​ដែល​ជា​រឿង​យើង​ពិបាក​ក្នុង​ការ​ដាស់​ឱ្យ​​ក្រោក​»។​

ជុំវិញ​ករណី​នេះ​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ លោក ម៉ែន ណាត យល់​ថា ជំហរ​របស់​​លោក ហ៊ុន ម៉ាណែត រឿង​ចរចា​ទ្វេ​ភាគី​​ជាមួយ​ថៃ គឺ​មិន​​ខុស​ទេ ក៏​ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​​គឺ​តម្លាភាព និង​ឱ្យ​មាន​ភាព​ជាក់ស្តែង។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​បញ្ជាក់​ជំហរ​ឱ្យ​បាន​ច្បាស់លាស់​​​ លើ​ច្បាប់​អន្តរជាតិ​ណាមួយ​ដែល​កម្ពុជា​ត្រូវ​តតាំង​នឹង​ថៃ។

លោកថា៖ «ឥឡូវ​ករណី​ចរចា​ទ្វេភាគី អាច​បញ្ជាក់​ជំហរ​ប្រាប់​ពលរដ្ឋ​ខ្មែរ ជន​រួមជាតិ​ថា អាច​ចរចា​ទ្វេភាគី​នៅក្នុង​​កម្រិត​គ្រាន់តែ កាត់បន្ថយ​ភាព​តានតឹង​។ តែ​មិនអាច​ទទួល​យល់ព្រម​តាម​ការ​ចង់​បាន​របស់​ថៃ​ទេ ពីព្រោះ​ថៃ​បាន​ឈ្លានពាន​ទឹក​ដី​ខ្មែរ​រួចហើយ កំពុង​ឈរជើង​នៅក្នុង​ទឹកដី​ខ្មែរ​។ ដូច្នេះ ការ​ចរចា​ទ្វេភាគី​ គឺ​ថៃ​មិនអាច​​ប្រគល់​នូវ​ទឹកដី​ព្រំដែន​​ដែល​ថៃ​ឈ្លាន​ពាន​​បាន​​យក​​ឱ្យ​ខ្មែរ​មកវិញ​ទេ​។ អ៊ីចឹង​ទេ?»។

លើស​ពី​នេះ ​លោក ម៉ែន ណាត ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ប្រើ​យន្តការ​អន្តរជាតិ តាមរយៈ​យន្តការ​ការទូត ដូចជា តាមរយៈ​​អង្គការ​សហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ សហប្រធាន​កិច្ចព្រមព្រៀង​ក្រុង​​ប៉ារីស អាស៊ាន និង​មហាអំណាច​មាន ចិន អាមេរិក និង​បារាំង​ជាដើម។ លោក​ថា យន្តការ​ទាំង​នេះ​ដែល​កម្ពុជា​ត្រូវ​ប្រើ និង​បញ្ជាក់​ជំហរ​ច្បាស់លាស់​ដើម្បី​ស្នើ​ការ​ជួយ​អន្តរាគមន៍​ទាមទារ​ឱ្យ​ថៃ​ប្រគល់​ទឹកដី​ដែល​ឈ្លានពាន​ទាំង​អស់​នោះ​​​វិញ ទោះ​​ថៃ​ព្រម ឬ​មិន​ព្រម​ក៏​ដោយ ហើយ​ចាំបាច់​ជាងគេ គឺ​ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ចំណែក ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ លោក សេង វណ្ណលី យល់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​ភាគី​ចិន គឺជា​ការ​បង្ហាញ​ជំហរ​ការទូត​ដ៏​រឹងមាំ​មួយ ដើម្បី​បញ្ជាក់​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោល​ការណ៍​ច្បាប់​នៅក្នុង​ការ​ដោះស្រាយ​ជម្លោះ ប៉ុន្តែ​វា​ក៏បាន​បង្កើត​ជា​សំណួរ​ដេញដោល​នៅក្នុង​ចំណោម​សាធារណ​ជន​​ផង​​ដែរ។

លោក​បន្ត​ថា ហេតុអ្វី​កម្ពុជា​មិន​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ជា​ផ្លូវការ បើ​ចង់​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ គឺ​​មាន​ហេតុផល​​យុទ្ធសាស្ត្រ និង​នយោបាយ​ជាច្រើន​នៅ​ពីក្រោយ។ លោក​ថា បទពិសោធន៍​ប្រវត្តិសាស្ត្រ ការ​យក​បញ្ហា​ទៅ​ដោះស្រាយ​នៅ ICJ គឺជា​ជម្រើស​ចុងក្រោយ​បង្អស់ នៅ​ពេល​ដែល​ការចរចា​ទ្វេភាគី​មិនអាច​ទៅរួច ព្រោះ​​​ការ​ប្ដឹង​​ត្រូវ​ចំណាយ​ពេល​យូរ និង​ថវិកា​ជាតិ​​ច្រើន ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ជាមួយ​ថៃ ​កាន់​តែ​ធ្លាក់​​នៅ​ក្នុង​ភាព​​តាន​តឹង​​កាន់​តែ​​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច និង​សន្តិសុខ​តាម​ព្រំដែន។

លោកថា៖ «ម្យ៉ាងវិញទៀត តាមរយៈ​យុទ្ធសាស្ត្រ​បច្ចុប្បន្ន រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត អាច​យល់​ឃើញ​ថា ការចរចា​ទ្វេភាគី​ផ្ដល់​​នូវ​ភាព​បត់បែន និង​លទ្ធផល​ឈ្នះ​-​ឈ្នះ ច្រើនជាង​ការ​ឱ្យ​តុលាការ ICJ កាត់សេចក្ដី ដែល​តែងតែមាន​ភាគី​មួយ​ឈ្នះ និង​ភាគី​មួយទៀត​ចាញ់​ទាំងស្រុង»។

អ្នក​ជំនាញ​រូប​នេះ​ អះអាង​ថា យន្តការ​ទ្វេភាគី គឺ​ត្រូវ​​បង្កើន​តម្លាភាព​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ថា អធិបតេយ្យភាព​​ជាតិ​​ត្រូវ​បាន​ការ​ពារ​​ដោយ​​គ្មាន​​ការ​​លម្អៀង ហើយ​រដ្ឋាភិបាល​គួរតែ​បើកចំហ​នូវ​ព័ត៌មាន ឬ​បញ្ជាក់​ឱ្យ​ច្បាស់​នូវ​មូលដ្ឋាន​នៃ​ផែនទី និង​ឯកសារយោង​ដែល​​ប្រើប្រាស់​នៅក្នុង​ការចរចា​។

 បើ​ទោះបីជា​ការចរចា​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ប៉ុន្តែ​ការ​ផ្ទៀងផ្ទាត់​តាមច្បាប់​អន្តរជាតិ​នៅតែ​អាច​កើតមានឡើង តាមរយៈ​ការប្រើ​​ប្រាស់​ផែនទី​ដែល​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ដូចជា​ផែនទី​ខ្នាត ១/២០០,០០០ និង​ការ​អនុ​លោម​​តាម​អនុសញ្ញា​ទីក្រុង​​ហ្សឺណែវ ស្ដី​អំពី​ច្បាប់​សមុទ្រ ប្រសិន​បើ​ជា​ជម្លោះ​លើ​ដែនទឹក។

លោក វណ្ណលី បន្ត​ថា បើ​ផ្អែក​ទៅ​លើ​ការគ្រប់គ្រង​បច្ចុប្បន្ន លោក​បារម្ភ​ថា រដ្ឋាភិបាល​ប្រហែល​មិន​ខ្វល់​នឹង​តម្លាភាព​នោះ​ទេ ដោយ​​លោក​សង្កេត​ឃើញថា រដ្ឋ​តែងតែ​ប្រើប្រាស់​ឧបករណ៍​អំណាច​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ និង​អ្នក​រិះគន់​បញ្ហា​​នេះ​​ជា​ហូរហែ ហើយ​​ជានិច្ចកាល ការសម្រេចចិត្ត​លើ​បញ្ហា​ព្រំដែន​ដោយ​គ្មាន​ការ​ផ្ទៀងផ្ទាត់​ពី​ស្ថាប័ន​ឯករាជ្យ គឺ​ការ​​ជជែក​ដេញដោល​ជា​សាធារណៈ​នឹង​ធ្វើ​ឱ្យ​គម្លាត​ទំនុកចិត្ត​រវាង​ពលរដ្ឋ និង​រដ្ឋាភិបាល​កាន់តែ​រីកធំឡើង ដែល​វា​មិន​មែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថិរភាព​ជាតិ​យូរអង្វែង​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ