អ៊ីរ៉ង់បានរឹបអូសនាវាចំនួនពីរគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃទី២២ខែមេសា ដោយបានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសផ្អាកការវាយប្រហារដោយគ្មានកាលកំណត់ ខណៈដែលគ្មានសញ្ញានៃការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញនោះទេ។
ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍បានរឹបអូសនាវាចំនួនពីរគ្រឿងពីបទល្មើសច្បាប់សមុទ្រ និងបាននាំនាវាទាំងនោះទៅកាន់ឆ្នេរសមុទ្រអ៊ីរ៉ង់។ នេះគឺជាលើកទីមួយហើយដែលអ៊ីរ៉ង់បានរឹបអូសនាវា ចាប់តាំងពីសង្គ្រាមបានចាប់ផ្ទុះឡើងនៅចុងខែកុម្ភៈ។
ភ្នាក់ងារ Tasnim បានបន្តថា កងឆ្មាំបដិវត្តន៍ក៏បានព្រមានផងដែរថា រាល់ការរំខានដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងច្រកសមុទ្រនេះ នឹងត្រូវចាត់ទុកថាជា “ខ្សែបន្ទាត់ក្រហម”។
កាលពីមុននេះ ភ្នាក់ងារសន្តិសុខសមុទ្ររបស់ចក្រភពអង់គ្លេសបានរាយការណ៍ថា មាននាវាចំនួនបីគ្រឿងបានរងការវាយប្រហារដោយគ្រាប់កាំភ្លើង។
លោក Trump បានថ្លែងក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម កាលពីយប់ថ្ងៃទី២១ខែមេសាថា សហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើរបស់អ្នកសម្របសម្រួលប៉ាគីស្ថាន “ដើម្បីផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់ពួកគេអាចដាក់ចេញនូវសំណើរួមមួយ… ហើយការពិភាក្សាត្រូវបានបញ្ចប់ ទោះក្នុងលទ្ធផលណាក៏ដោយ”។
ប៉ុន្តែ ទោះបីជាលោកបានប្រកាសពន្យារពេលបទឈប់បាញ់ ដែលហាក់ដូចជាធ្វើឡើងតែឯកតោភាគីក៏ដោយ លោក Trump ក៏បានបញ្ជាក់ដែរថា លោកនឹងបន្តការបិទខ្ទប់ផ្លូវសមុទ្ររបស់កងទ័ពជើងទឹកអាមេរិកលើការជួញដូររបស់អ៊ីរ៉ង់។ កាលពីថ្ងៃទី១៨ខែមេសា សហរដ្ឋអាមេរិក បានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង ហើយកាលពីថ្ងៃទី២១ខែមេសា បានឡើងត្រួតពិនិត្យនាវាដឹកប្រេងដ៏ធំមួយរបស់អ៊ីរ៉ង់នៅឯមហាសមុទ្រឥណ្ឌា។
អ៊ីរ៉ង់ចាត់ទុកការបិទខ្ទប់របស់សហរដ្ឋអាមេរិកថា ជាសកម្មភាពសង្គ្រាម ហើយបានលើកឡើងថា ដរាបណាការបិទខ្ទប់នេះនៅតែបន្ត ខ្លួននឹងមិនបើកច្រកសមុទ្រនេះវិញឡើយ ដែលបញ្ហានេះបានបង្កឱ្យមានវិបត្តិថាមពលជាសកល។
ក្នុងសកម្មភាពបង្ហាញពីការមិនចុះញ៉ម អ៊ីរ៉ង់បានដាក់បង្ហាញអាវុធមីស៊ីលបាលីស្ទិកមួយចំនួន នៅក្នុងព្យុហយាត្រាមួយនៅទីក្រុងតេអេរ៉ង់ កាលពីល្ងាចថ្ងៃទី២១ខែមីនា ដោយរូបភាពតាមទូរទស្សន៍រដ្ឋបានបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនកុះករគ្រវីទង់ជាតិអ៊ីរ៉ង់ និងមានបដានៅខាងក្រោយដែលបង្ហាញពីកណ្តាប់ដៃកំពុងច្របាច់ច្រកសមុទ្រនោះ។
ចំណងជើងរូបភាពបានសរសេរថា៖ “ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ដោយគ្មានកាលកំណត់” និង “Trump មិនអាចធ្វើអ្វីបានទាំងអស់” ដែលសំដៅទៅលើផ្លូវទឹកនោះ។
ប្រទេសប៉ាគីស្ថាន ដែលដើរតួជាអ្នកសម្របសម្រួល នៅតែព្យាយាមនាំភាគីទាំងពីរមកចរចា បន្ទាប់ពីភាគីទាំងពីរមិនបានបង្ហាញខ្លួនក្នុងការចរចាដំណាក់កាលចុងក្រោយ កាលពីថ្ងៃទី២១ខែមីនា មុនពេលដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ត្រូវផុតកំណត់។
មន្ត្រីប៉ាគីស្ថានម្នាក់ដែលបានដឹងពីការរៀបចំនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា ការរៀបចំត្រូវបានធ្វើឡើងរួចរាល់។ ប្រសិនបើអ្នកសួរខ្ញុំតាមត្រង់ វាគឺជាការដើរថយក្រោយមួយដែលយើងមិនបានរំពឹងទុក ព្រោះភាគីអ៊ីរ៉ង់មិនដែលបដិសេធឡើយ ពួកគេមានបំណងមកចូលរួម ហើយនៅតែមានបំណងបែបនេះ»។
មិនទាន់មានការឆ្លើយតបណាមួយកាលពីព្រឹកថ្ងៃទី២២ខែមេសា ចំពោះការប្រកាសបទឈប់បាញ់របស់លោក ត្រាំ ពីសំណាក់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នៅឡើយទេ ទោះបីជាប្រតិកម្មដំបូងមួយចំនួនពីទីក្រុងតេអេរ៉ង់ បានបង្ហាញថា សម្តីរបស់លោក Trump ត្រូវបានគេមើលឃើញក្នុងភាពមន្ទិលសង្ស័យក៏ដោយ។
ភ្នាក់ងារ Tasnim បានបញ្ជាក់ថា អ៊ីរ៉ង់មិនបានស្នើសុំពន្យារពេលបទឈប់បាញ់នោះទេ ហើយបានរំលឹកឡើងវិញនូវការគំរាមកំហែងរបស់ទីក្រុងតេអេរ៉ង់ ក្នុងការប្រើកម្លាំងបំបែកការបិទខ្ទប់របស់សហរដ្ឋអាមេរិក៕









