ក្លិបកម្សាន្ត​មួយ​ចំនួន​ក្នុង​ក្រុង​ព្រះសីហនុ​រង​ការ​ចោទ​ថា​មាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​និង​បង្កប់​ពេស្យា​ចារ

អាណាព្យាបាល​មួយ​ចំនួន បង្ហាញ​ការ​ព្រួយ​បារម្ភ ខ្លាច​កូន​ចៅ​របស់​ខ្លួន​ភ្លើត​ភ្លើន​ភ្លេច​ការ​សិក្សា និង​​​បទ​ល្មើស​​​​​កើត​ឡើង​កាន់​តែ​ច្រើន បណ្តាល​​មក​ពី​ការ​រីក​ដុះ​ដាល​នៃ​​ក្លិប​ឌីស្កូ ក្លិប​ម៉ាស្សា និង​​ក្លិប​​កម្សា​ន្ត​កា​រ៉ា​​អូខេ​​​ជា​ដើម ដែលកំ​ពុង​ធ្វើ​សកម្ម​ភាព​​​ក្នុង​មូល​ដ្ឋាន​​​ខេត្ត​​ព្រះសី​ហនុ។

អ្នកស្រី លី ធីតា ជាអាណាព្យាបាលម្នាក់ ស្ថិតក្នុងចំណោមឪពុកម្តាយ​ច្រើន​ទៀត លើក​ឡើង​ថា ទន្ទឹម​នឹង​​​ការ​រីក​សេវា​​បំរើ​វិស័យ​ទេស​ចរណ៍ ក្នុង​ក្រុង​ព្រះ​សីហនុ ក៏​ប៉ុន្តែ​ក៏​មាន​លេច​ឮ​ព័ត៌​មាន​មក​ថា នៅ​​​​តា​ម​ក្លិប​ឌីស្កូ​ ក្លិប​ខារ៉ា​អូខេ ក្លិប​​​​ហាត់​​ប្រាណ និង​ហាង​ម៉ាស្សា​ជាដើម មាន​លួច​​ចែក​ចាយ និង​សេ​ព​គ្រឿង​ញៀ​ន។ ជាង​នេះ ក៏​មាន​ទីតាំង​ខ្លះ​ទៀត ក៏​មាន​បើក​បំរើ​សេវា​ផ្លូវ​ភេទ​ថែម​ទៀត​ផង។

ត្រង់​ចំណុច​នេះ អាណាព្យាបាលទាំងនោះ បានស្នើដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាក់​ព័ន្ធ​ថ្នាក់​ជាតិ ពិសេស​​ក្រ​សួង​​មហា​​ផ្ទៃ ជួយ​​​បញ្ជូន​​មន្ត្រី​​ជំនាញ​​ស្អា​ត​ស្អំ ​​ចុះ​​ស៊ើប​អង្កេត​​ជុំវិញ​ភាព​អសកម្ម​ទាំង​នេះ ដើម្បី​​​ឈាន​ទៅ​​មាន​​វិ​ធាន​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ភាព ព្រោះ​​​កន្លង​មក សមត្ថ​កិច្ច​​មូល​ដ្ឋាន​នេះ ហាក់​មិន​​សូវ​បាន​យ​ក​ចិត្ត​​​ទុក​​ដាក់​​លើ​បញ្ហា​នេះ​ទេ។

បន្ថែមលើនេះ អ្នកស្រី​​ក៏​បាន​រំលឹកដ​ល់ក្រុ​ម​យុវជន ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ព្រោះ​​ថ្នាំ​ឆ្គួត​នេះ នឹង​​បំ​ផ្លាញ​អនា​គត​​របស់​​ពួក​គេ​ធ្ងន់​​ធ្ងរ។

អ្នកស្រីថា«សុំឲ្យមានការត្រួតពិនិត្យ ហើយក៏សូមអំពាវនាវដល់យុវជនយុវនារីទាំងអស់​​ហ្នឹងត្រូវតែមានការប្រុងប្រយ័ត្ន សូមកុំសា​ល្បងប្រើ​​ប្រាស់គ្រឿងញៀនឲ្យសោះ។ បើកាលណា​​យើង​​ថ្លោះថ្លូយចង់ប្រើប្រាស់ចង់សាកគ្រឿងញៀនទាំងអស់ហ្នឹង គឺជីវិតរបស់យើងនឹងមាន​​បញ្ហាទៅថ្ងៃ​​នាគត។ ហើយក្នុងករណីចង់ជួយគ្រួសារ ក៏មិនបានជួយអ្វីកើតដែរ គឺមានតែនាំ​​ញ្ហាទុក្ខកង្វល់ទៅ​​ឲ្យអ្នក​​មានគុណរបស់​​យើងវិញទេ។ ចឹងសូមកុំសាកល្បងប្រើប្រាស់គ្រឿងញៀនឲ្យសោះ»

ស្រដៀងគ្នាដែរ សម្រាប់លោក ចាន់ វិបុល ជាប្រជាពលរដ្ឋរស់នៅក្នុងព្រះសីហនុ បានទ​ទួល​ស្គាល់​ថា ពិត​​​ជា​​​មា​ន​​​ទីតាំង​​ក្លិប​កម្សាន្ត​រាត្រី​​មួយ​ចំនួន​​ ដូចជា ​​ក្លិប​ឌីស្កូ ក្លិប​​​ខារ៉ា​អូខេ ហាង​​​ម៉ាស្សា ឬ​ក៏​ក្លិ​ប​ហា​ត់​ប្រាណ​​ជាដើម ​មាន​លួច​បង្កប់​​សេវា​បំរើ​ផ្លូវ​ភេទ និង​ចរា​ចរណ៍​គ្រឿង​​ញៀន​​ពិត​មែន ហើយ​​ភាគ​​ច្រើន​ក្នុង​ចំណោម​ ក្លិប​ទាំង​នោះ គឺ​មាន​ថៅកែ​​ជា​ជនបរទេស។

អាណាព្យាបាលរូបនេះ ស្នើឲ្យសមត្ថកិច្ចជំនាញថ្នាក់ជាតិ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះ​ទប់ស្កាត់បទល្មើស​ទាំង​​នេះ​ឲ្យ​បាន​​​ប្រ​សើរឡើងវិញ ខណៈ​ទីតាំងបើកបំរើសេវាផ្លូវភេទខ្លះទៀត ​នៅ​ម្តុំ​ប្លុក​ភ្នំខៀវ​​ ជាដើម កំពុ​ង​បើ​ក​បំរើសេវាផ្លូវ​ភេទ​​​ជា​ចំហ យ៉ា​ង​អនាធិប​តេយ្យ និងមានក្រុម​បងធំ​រង់ចាំកាងការពារ​​ ប្រសិន​​មាន​ពល​រដ្ឋ​​​​ណា​​ម្នាក់​ហ៊ាន​​ថត​​រូប​ភាព​​នៃទី​តាំង​​ពេស្យា​ចារ​ទាំង​នោះ។ 

លោកថា៖ «នៅភ្នំខៀវ​ហ្នឹង​ចុច​ថត​ទូរសព្ទ ស្រាប់តែមិនដឹងជើងកាងវៀតណាមមកពីណាទេ មកចាប់​ទូរសព្ទ​ឲ្យ​លុប​រូប​ចោល។ ច្រើន​​ណាស់​​​​នារីបំរើសេវាផ្លូវភេទ​នៅម្តុំភ្នំខៀវហ្នឹង សុទ្ធ​តែវៀតណាម។ នៅ​តំ​បន់​ភ្នំ​ខៀវ នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ​បង្អែកខេត្តព្រះសីហនុ។ មានទាំង​ខ្មែរ និង​វៀតណាម ច្រើ​នណា​ស់រ​ង់​ចាំ​​បំរើ​សេវាផ្លូវភេទ»។ 

វីអូឌី មិនអាចសុំការបញ្ជាក់ពី អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា និង​លោក ឃាង ភារម្យ អ្នក​​នាំពាក្យ​​រដ្ឋ​បាល​​ខេត្ត​​ព្រះសីហនុ​បានទេ​គិតត្រឹមម៉ោងផ្សាយនេះ។

ដោយឡែក លោក តី វិសាល អធិការ​នគរបាលក្រុងព្រះសីហនុ បាន​​ប្រាប់​សារ​ព័ត៌​​​មាន​ក្នុង​ស្រុក​ថា ​រូប​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​​​នេះ​ទេ។ ហើយ​ស្នើ​ដល់​​ប្រជា​ពលរដ្ឋ​ជួយ​ផ្តល់​​ព័ត៌​​មាន ដើម្បី​ចុះ​អង្កេត​និង​ចាត់​វិធាន​ការ។

​សម្រាប់ នាយកប្រ​តិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា(ANSA) លោក សន ជ័យ និយាយ​ថា ក្លិប​​​កម្សាន្ត​​នានា នៅ​ក្រុង​ព្រះសី​ហនុ អាច​ជាគោ​ល​ដៅ​​របស់​ក្រុម​ឧក្រិដ្ឋ​ជន​​​​ជួញ​ដូរ ឬ​ចែ​កចាយ​​គ្រឿង​​ញៀន​។ ហើយ​ថា បញ្ហា​​គ្រឿង​​ញៀន​នេះ កន្លងមក ក៏ធ្លាប់លេចឮព័ត៌មានមកថា បានធ្វើ​​ចរាចរ​ណ៍​នៅ​​តាម​កាស៊ី​ណូ ហាង​ខារ៉ាអូខេ ក្លិប​ឌីស្កូ ឬ​ក្លិបកម្សាន្តរាត្រី​មួយចំនួន នៅ​ជាប់​មាត់សមុទ្រ​នៃឆ្នេរអូរឈើទាល​ពិត​មែន។

យ៉ាងណា លោកជំរុញឱ្យ​មន្ត្រីក្នុង​ខេត្តនេះ បង្កើនវិធានការទប់ស្កាត់​ឱ្យបា​ន​ទាន់ពេ​ល ដើម្បី​បង្កើន​ជំនឿ​ទុក​ចិត្ត​ដល់​​ប្រជា​ពលរដ្ឋ និង​មុខមាត់រដ្ឋាភិបាល។

លោកថា៖ «តាមពិតទៅក្លិបកម្សាន្តគឺជាមុខសញ្ញារបស់ពួកជូញដូរគ្រឿងញៀនដែរ អញ្ចឹង​អា​ជ្ញាធរ​គួ​រ​តែ​​កំណត់​មុខ​សញ្ញា ដើម្បី​​ធានា​​​ថា​ក្លិប​កម្សាន្តទាំ​ង​ឡាយ នឹង​មិន​ពាក់​ព័ន្ធ​គ្រឿង​ញៀន ហើយ​​មិ​ន​មែ​ន​ជា​មធ្យោ​​បាយ​សម្រាប់​ការ​ជួញ​​​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន»។​

ចំណែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និង​ស្រាវ​ជ្រាវ លោក សេក សុជាតិ មាន​ប្រសាសន៍​ថា ​មាន​ការ​ចែក​ចាយ​​គ្រឿង​​ញៀន ឬ​​អំពើ​​ពេស្យា​ចារ ដែល​អាច​ធ្វើ​សកម្ម​ភាព​នៅ​តាម​ក្លិប​កម្សាន្ត ឬ​​ហាង​​ម៉ាស្សា​ក្នុង​មូល​ដ្ឋាន​នានា បង្ហាញ​ពី​បរា​ជ័យ​របស់​អាជ្ញាធរ​មូ​​ល​ដ្ឋាន​​ទាំង​នោះ ក្នុង​ការ​អនុ​វត្ត​​គោល​នយោ​បាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិ​ភាព ដែល​រដ្ឋាភិ​បាល ឬ​ក្រសួង​មហា​ផ្ទៃ បាន​ដាក់​​ចេញ។ ហើយ​ករណី​នេះ​ អាច​នឹង​​​ធ្វើ​ឲ្យ​ពលរដ្ឋ​​​អស់​​ជំនឿ ទៅ​លើប្រ​សិទ្ធ​ភាព​ដឹក​នាំ​របស់អា​ជ្ញាធរ​ថែម​ទៀត​ផង។

លោកបន្តថា៖ «ត្រង់ចំណុចនេះ បង្ហាញថា ពួកគាត់មិនបានយកចិត្តទុកដាក់ចំពោះគោលនយោបាយរបស់​​រដ្ឋាភិបាល និងក្រសួងមហាផ្ទៃទេ។ ហើយជាសញ្ញាមួធ្វើ​​ឲ្យប្រជាពលរដ្ឋលែងមាទំនុកចិត្ត​​​ទៅ​​លើ​​អាជ្ញាធរ ហើយក៏មិនផ្តល់តម្លៃទៅឲ្យសមត្ថកិច្ច ហើយ​និង​រដ្ឋាភិបា​ដែរ ពីព្រោះរដ្ឋាភិបាល និងក្រសួងមហា​​ផ្ទៃ មានគោលការណ៍​ច្បាស់លាស់ ក៏ប៉ុន្តែបែរជាមន្ត្រីអសមត្ថភាព។ នេះគឺជារូបភាពអវិជ្ជមាន​ធ្ងន់ធ្ងរ​មែន​ទែន»

​គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គឺបាន​ផ្តោតសំខាន់ ​​​រួមមាន ផ្តល់​​សេវាសាធារណៈ​ល្អ​ មានគុណ​ភាព តម្លា​ភាព និង​ប្រជាពលរដ្ឋ​ជឿទុក​ចិត្ត គ្មាន​បទ​ល្មើស លួច ឆក់ ប្លន់ គ្រឿង​ញៀន គ្មាន​អំពើ​អនាចារ និង​គ្មាន​​ក្មេង​​ទំនើង​ជា​ដើម។

ទោះជាបែបនេះក្តី អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានអះអាងថា មូលដ្ឋាន​នេះ​​តែងកើ​ត​មាន​​ឃាតកម្ម បទ​ល្មើស​ចោរកម្ម ចែក​​ចាយ​គ្រឿង​ញៀន ពេស្យាចារ បាញ់​បោះ​សេរី ក្រុម​ក្មេង​ទំនើង និង​ល្បែង​​ស៊ី​​សង​​​គ្រប់​ប្រភេទ បាន​​ធ្វើ​សកម្ម​ភាព​​រាល់​ថ្ងៃ និង​មាន​​រូប​ភាព​​កាន់​តែ​ធ្ងន់​ធ្ងរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជាពិសេស​​​បទ​​ល្មើសគ្រឿ​ង​ញៀន គឺ​បាន​​រីក​រាល​ដាល​ដល់​គ្រប់​មូល​ដ្ឋាន​ទូទាំង​ខេត្ត​ព្រះ​សីហនុ ទោះ​បី​​សង្កេត​ឃើញ​ថា សមត្ថ​កិច្ច​​ពា​ក់​ព័ន្ធ​បាន​ចុះ​បង្ក្រាប និង​​ចាប់​​​បញ្ជូន​​​ជន​ល្មើស​ជាច្រើន​ករណី​ទៅ​កា​ន់​តុ​លា​ការ​ផ្តន្ទា​ទោស​បែប​ណា​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ