គណបក្សនយោបាយចំនួន៥ ដែលគេស្គាល់ថាមាននិន្នាការប្រជាធិបតេយ្យ នៅតែបន្តខ្វែងគំនិតគ្នាលើយន្តការច្របាច់បញ្ជូលគ្នាឱ្យមានសំឡេងតែមួយដូចគណបក្សសង្គ្រោះជាតិ ដើម្បីជំរុញការផ្លាស់ប្តូរលើសង្វៀនបោះឆ្នោត។
អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា បានបង្ហោះសារនៅថ្ងៃទី២៣ខែមេសានេះ បង្ហាញការមិនចុះសម្រុងគ្នាលើយន្តការចង់ច្របាច់បញ្ជូលគ្នាជាសំឡេងរួម ដូចគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ កាលពីជិត១០ឆ្នាំកន្លងទៅ។
ក្នុងន័យនេះ លោកលើកឡើងថា ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកប្រជាធិបតេយ្យបានបែកបាក់គ្នាជាចំរៀក ហើយបង្កើតគណបក្សជាច្រើន។
លោកថា មកដល់ពេលនេះ អ្នកប្រជាធិបតេយ្យភាគច្រើនចង់ឃើញការរួបរួមឡើងវិញ បង្កើតជាប៉ូលនយោបាយតែមួយស្របតាមឆន្ទៈម្ចាស់ឆ្នោត។ តែថា ការរួបរួមហាក់រកចំនុចរួមមិនបាន។
បើតាម លោក សូរីដា គណបក្សប្រជាធិបតេយ្យជឿនលឿន ប្រកាន់«រួបរួមដោយយកបក្សតែ១ជាតំណាង(បក្សណាក៏បាន) រៀបបញ្ជីបេក្ខជនបោះឆ្នោតតែ១ ដូចគណបក្សសង្គ្រោះជាតិ» ច្របាច់បញ្ចូលគ្នាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ (រាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់)ជាមួយគ្នា។
គណបក្សកម្លាំងជាតិ ប្រកាន់«ចូលរួមបាន គ្មានទេការរួបរួម» ជារបៀបឱ្យគេមកចុះចូលបក្សខ្លួន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាន់ «រួបរួមតាមបែបសហការណ៍» ដោយចែកឃុំសង្កាត់រវាងគណបក្សសម្ពន្ធ័ភាពនីមួយៗឈរជាតំណាងក្នុងការបោះឆ្នោត។
រីគណបក្សភ្លើងទៀន-ឆន្ទៈខ្មែរ ប្រកាន់«រួបរួម តែយកគណបក្សដទៃទៀត ឱ្យទៅឈរនៅខេត្តតូចៗ ឬខេត្តដែលខ្លួនពុំមាន» ហើយស្ថិតក្រោមការដឹកនាំដោយបក្សខ្លួន។ របៀបនេះ ជាការរួបរួមបំពេញចន្លោះរបស់ខ្លួន។
ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់នៅគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ និយាយអ្វីដែលលោក សួន សូរីដា លើកឡើង គ្រាន់តែជាយោបល់មន្ត្រីមួយចំនួន មិនឆ្លុះបញ្ចាំងពីឆន្ទៈគណបក្សឆន្ទៈខ្មែរនិងគណបក្សភ្លើងទៀនទេ។
តែសម្រាប់លោក គឺចង់បានយន្តការបង្រួមចូលគ្នាជាសំឡេងតែមួយ ដូចគណបក្សសង្គ្រោះជាតិ ដើម្បីប្រមូលផ្តុំអ្នកប្រជាធិបតេយ្យ។
លោកថា៖ «ការរួបរួមកម្លាំងនយោបាយ គឺមិនមែនការបែងចែកមណ្ឌលទេ គឺការរួមគ្នាក្នុងគណបក្សមួយហើយរួមគ្នាដាក់បញ្ជីតែមួយ ដូច្នេះខ្ញុំថាមិនទាន់មានការសម្រេចអីច្បាស់លាស់ទេ ហើយខ្ញុំយល់ថា មិនគប្បីអីយកសម្តីថ្នាក់ដឹកនាំណាម្នាក់ជាមូលដ្ឋានបានដែរ។ ខ្ញុំនៅតែចង់ឃើញថា ការរួបរួមគណបក្សនយោបាយនេះ គឺមានតែជម្រើសតែមួយទេ គឺរួបរួមគ្នានៅក្នុងគណបក្សមួយ សម្រេចរួមគ្នាមកក្នុងគណបក្សតែមួយ រួចរៀបចំបញ្ជីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២៧នេះ រួមគ្នាតែមួយបាទ»។
ជុំវិញបញ្ហានេះ លោក សួន សូរីដា បញ្ជាក់ថា អ្វីដែលលោក សុន ឆ័យ បានលើកឡើងវាហាក់មិនស៊ីគ្នាទៅនឹងមន្ត្រីជាន់ខ្ពស់មួយចំនួន ដែលបានមកជួបគណបក្សប្រជាធិបតេយ្យជឿនលឿន ដើម្បីស្វែងរកការច្របាច់បញ្ជូលគ្នាឱ្យមានសំឡេងអ្នកប្រជាធិបតេយ្យតែមួយ ដូចទៅនឹងអ្វីដែលមេដឹកនាំគណបក្សសង្គ្រោះជាតិធ្លាប់ធ្វើកន្លងមក រហូតទទួលបានសំឡេងឆ្នោតទាំងក្នុងសភា និងឃុំសង្កាត់ ប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងអំណាច។
ក្នុងសភាពចម្រូលចម្រាសនេះ លោកបន្តអំពាវនាវឱ្យគណបក្សទាំងអស់មាននិន្នាការប្រជាធិបតេយ្យ គួរបង្កើតវេទិកានៅតាមមូលដ្ឋាន ដើម្បីចង់ដឹងថាតើពលរដ្ឋចង់ឱ្យគណបក្សទាំង៥នេះ ជ្រើសរើសយកការរួបរួមបែបណា ដើម្បីចូលរួមការបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។
លោកថា៖ «វេទិការរួមនេះ អាចធ្វើនៅចំពោះមុខប្រជាពលរដ្ឋ ចំពោះមុខសកម្មជនរបស់គណបក្សខ្លួនរៀងៗខ្លួន ហើយឱ្យសមាជិក ប្រជាពលរដ្ឋឆ្លើយមកថាតើការរួបរួមហ្នឹងចង់បានរបៀបណា? មានតែវិធីហ្នឹងទេដែលយើងអាចធ្វើទៅបាន ដោយដែលយើងប្រើពាក្យមួយថា មិនបាចទឹកដាក់គ្នាទៅវិញទៅមកនៃការបរាជ័យ រួមគ្នាអ្នកប្រជាធិបតេយ្យហ្នឹងឯងបាទ»។
យ៉ាងណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា និយាយថា ការរួបរួមគ្នាបង្កើតសំឡេងតែមួយ ដូចគណបក្សសង្គ្រោះជាតិ របស់អ្នកប្រជាធិបតេយ្យជាបំណងប្រាថ្នារបស់ប្រជាជនខ្មែរដែលចង់ឱ្យមានការផ្លាស់ប្តូរ បើទោះលោកថា គណបក្សប្រជាជនកម្ពុជាស្ថាប័នជាតិទាំងអស់មិនបានធានាឱ្យការបោះឆ្នោតដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ក៏ដោយ។
ប៉ុន្តែលោកថា អ្វីដែលពួកគេគេមិនអាចធ្វើការរួមគ្នាក្នុងសំឡេងតែមួយបាន អាចមកពីអ្នកនយោបាយខ្លះគិតពីប្រយោជន៍បក្ខពួក និងបុគ្គលច្រើនជាងប្រយោជន៍ជាតិ។
លោកថា៖ «ខ្ញុំថា យ៉ាងហោចការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យ វានឹងធ្វើឱ្យប្រជាពលរដ្ឋមើលឃើញ ហើយរួមគ្នាតស៊ូមតិទៅសហគមន៍អន្តរជាតិ ឬក៏ទៅគណបក្សកាន់អំណាច ឱ្យធ្វើការកែលម្អនៃប្រព័ន្ធប្រកួតប្រជែង ការបោះឆ្នោតហ្នឹងឱ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទុកចិត្តបាន ជាពិសេស កែទម្រង់ (គជប) មួយដែលមានទំនុកចិត្តពីសហគមន៍ជាតិនិងអន្តរជាតិ»។
គណបក្សសង្រ្គោះជាតិដែលដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការរំលាយចេញពីឆាកនយោបាយនៅចុងឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ក្រោយគណបក្សនេះហក់ឡើងប្រជាប្រិយភាពជិតទាន់គណបក្សប្រជាជនកម្ពុជា ដោយទទួលបានអាសនៈក្នុងសភាចំនួន៥៥ទល់នឹងគណបក្សប្រជាជន៦៨ និងអាសនៈឃុំសង្កាត់៥០០៧ ប្រហាក់ប្រហែលនឹងបក្សកាន់អំណាច។
ក្រោយតុលាការកំពូលរំលាយអាសនៈទាំងអស់របស់គណបក្សប្រឆាំង ត្រូវបានរឹបអូសយកទៅចែកគណបក្សផ្សេងទៀត ដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ។ ការរឹបអូសឆន្ទៈម្ចាស់ឆ្នោតនេះ អាសនៈគណបក្សប្រឆាំងស្ទើរទាំងអស់ ធ្លាក់លើគណបក្សប្រជាជនកម្ពុជា។
ចាប់ពីពេលនោះមក ក្បាលម៉ាស៊ីនដឹកនាំរបស់កម្ពុជា ក្លាយជារដ្ឋាភិបាលឯកបក្សបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច ធ្វើឱ្យកម្ពុជាជាប់វិបត្តិចាក់ស្រែះ រហូតបច្ចុប្បន្ន ក្នុងនោះមានទាំងវិបត្តិព្រំដែន អំពើពុករលួយក្នុងកម្រិតអាក្រក់ជាប់គ្នាជិត១០ឆ្នាំ និងត្រូវគេរកឃើញថា កម្ពុជាក្លាយជាសំបុកពួកឧក្រិដ្ឋជនជាដើម៕









