ក្រសួងធនធានទឹកនិងឧតុនិយម ឱ្យដឹងថា របាយទឹកភ្លៀងនៅឆ្នាំនេះ នឹងធ្លាក់រាយប៉ាយ បានល្អដូចឆ្នាំមុន រីឯបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ អាចនឹងកើតឡើងច្រើន ហើយរដូវវស្សានឹងចូលមកដល់នៅសប្តាហ៍ទី១ នៅខែក្រោយ។
នេះបើតាមសេចក្តីជូនដំណឹងកម្រាសពីទំព័រ របស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ ក្រសួងថា តាមការព្យាករណ៍ បាតុភូត អែនសូ អព្យាក្រឹត (ENSO-Neutral) នៅបន្តកើតឡើងក្នុងកម្រិត ៨០% រហូតដល់ខែមិថុនា និងថយមកនៅត្រឹម ៤០% នៅក្នុងខែកក្កដា។ ដោយឡែក ចាប់ពីខែសីហា រហូតដល់ខែធ្នូ បាតុភូត អែលនីញ៉ូ (El Niño) នឹងកើនដល់កម្រិត ៩០%។
បាតុភូតបែបនេះ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៦ លឿនជាងឆ្នាំ ២០២៥។ ចំណែកសីតុណ្ហភាព អប្បបរមា ២៥°C និងអតិបរមា ៣៦°C មានលក្ខណៈដូចឆ្នាំមុនដែរ ដោយឡែករបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥។
រីឯបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន។ កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែសីហា និងចប់ទៅវិញ នៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា៕









