បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្តេជ្ញាថា នឹងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញឱ្យអស់នៅត្រឹមខែមេសានេះ ហើយសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាបយ៉ាងក្តៅគគុកដោយចាប់ឃាត់ខ្លួនជនជាប់ពាក់ព័ន្ធរាប់ពាន់នាក់ក្តី ក៏ការចុះផ្សាយរបស់កាសែតអាមេរិក THE WALL STREET JOURNAL ដែលបានហៅកម្ពុជាថាជា «Scambodia» បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង និងមានការចោទសួរថា តើនរណាជាដើមហេតុពិតប្រាកដ ធ្វើឱ្យកម្ពុជាមានភាពអាមាស់ត្រូវគេហៅថា«Scambodia»បែបនេះ?
ស្ថាប័នរដ្ឋ និងមន្ត្រីរដ្ឋាភិបាលជាច្រើន ក្នុងនោះមានទាំងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក កែវ រ៉េមី ផងដែរ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការហៅកម្ពុជាថា ជា«Scambodia» និងបានដាក់លិខិតស្នើឱ្យកាសែតអាមេរិកមួយនេះ ធ្វើការសុំទោសកម្ពុជា និងធ្វើការកែតម្រូវឡើងវិញ។
សម្រាប់ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ និងជាអ្នកវិភាគ បានប្រាប់វីអូឌីនៅថ្ងៃទី២៣ខែមេសានេះថា គេគួរស្នើឱ្យអ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះ ឈប់ប្រព្រឹត្តជាបន្តទៅទៀត វាប្រសើរជាងការស្នើឱ្យកាសែតបរទេសលុបចោលពាក្យ«Scambodia»នេះ។
លោកចោទសួរថារវាងអ្នកដែលហៅឈ្មោះនេះ និងអ្នកដែលធ្លាប់បដិសេធ បិទបាំងបណ្តោយឱ្យឧស្សាហកម្មនេះរីកដុះដាល និងអ្នកដែលទទួលបានផលប្រយោជន៍ពីវា ថាតើនរណាជាអ្នកជាន់ឈ្លីអត្តសញ្ញាណជាតិកម្ពុជាពិតប្រាកដ?។
លោក វណ្ណលី លើកឡើងថា ការស្រឡាញ់ជាតិ គឺត្រូវហ៊ាននិយាយការពិត ដើម្បីព្យាបាលជំងឺសង្គមឱ្យចំឫសគល់ មិនមែនត្រឹមតែខឹងនឹងកញ្ចក់ដែលឆ្លុះបង្ហាញស្នាមប្រឡាក់នោះឡើយ។
លោកបន្តថា ការរីកដុះដាលនៃឧក្រិដ្ឋកម្មឆបោក និងការបង្ខាំងមនុស្សឱ្យធ្វើការនៅក្នុងសម្បុកនៃឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា មិនមែនជារឿងចៃដន្យ ឬក៏ជាបាតុភូតដែលកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែវាកើតឡើងដោយសារភាពធូររលុងនៃប្រព័ន្ធគ្រប់គ្រង និងចន្លោះប្រហោងនៃច្បាប់ ជាពិសេសគឺការអនុវត្តច្បាប់ដែលមានការរើសអើង។
សម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ ចំពោះការព្យាយាមបកស្រាយថា កម្ពុជាគ្រាន់តែជាជនរងគ្រោះនៃឧក្រិដ្ឋកម្មឆ្លងដែន ក៏កម្ពុជាមិនអាចបដិសេធនូវការពិតបានដែរថា ទីតាំងបង្ខាំងមនុស្សក្នុងឧក្រិដ្ឋកម្មអនឡាញភាគច្រើនដំណើរការទៅបាន ក្រោមរូបភាពជាអាជីវកម្មស្របច្បាប់ ដែលមានខ្នងបង្អែករឹងមាំឬមានការយោគយល់ពីអាជ្ញាធរពុករលួយ។
ជាមួយគ្នានេះ លោក មួង ណារ៉េត អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គម បានលើកឡើងថា ការប្រតិកម្មនិងការចាប់អារម្មរណ៍ទៅលើការប្រើពាក្យរបស់កាសែតអាមេរិក ដែលបានហៅកម្ពុជាថា «Scambodia» បាននិងកំពុងបង្វែរការចាប់អារម្មរណ៍ទៅលើការបាត់បង់ទឹកដីនៅតាមព្រំដែន ដែលទាហានថៃនៅតែបន្តរំលោភបំពានចូលទឹកដីកម្ពុជាតាមអំពើចិត្ត។
លោក ណារ៉េត ចោទសួរថា តើហេតុអ្វីបានជាសារព័ត៌មាន WSJ ប្រើពាក្យ «Scambodia» នេះជាជាងពាក្យ «Cambodia» ដែលប្រែថា ជាប្រទេសឆបោក? ត្រង់ចំណុចនេះ លោក ណារ៉េត ពន្យល់ថា គ្រាន់តែថវិកាដែលបានមកពីអំពើឆបោកក្នុងមួយឆ្នាំមានរហូតដល់ ១៩ពាន់លានដុល្លារ ខណៈផលទុនសរុប(GDP)របស់កម្ពុជាមានប្រមាណតែ ៤០ពាន់លានដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ និងមានជនរងគ្រោះរាប់សិបម៉ឺននាក់។
ប៉ុន្តែយ៉ាងណាក្តី លោក ណារ៉េត មិនគាំទ្រការប្រើពាក្យ«Scambodia»នេះ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ១៨លាននាក់ រួមទាំងរូបលោកផងដែរនោះទេ។ លោកបានសរសើរពីការផ្ទុះប្រតិកម្មជាប្រព័ន្ធរបស់កម្ពុជា ទាំងក្រសួងស្ថាប័នរដ្ឋ គណបក្សនយោបាយ និងប្រជាពលរដ្ឋ ដែលទាមទារឱ្យកាសែតអាមេរិកធ្វើការសុំទោស និងកែតម្រូវ ក្នុងនោះក៏មានលោក កែវ រ៉េមី ផងដែរ។
លោកថា៖ «ឥឡូវការចាប់អារម្មរណ៍របស់កម្ពុជាហ្នឹង វាទៅជាការការពារកិត្តិយសយើងវិញ។ វាជាការល្អហើយមើលទៅកម្ពុជាគ្រប់ហេដ្ឋារចនាសម្ព័ន្ធ គឺការពារជាតិយើងណាស់ មិនឱ្យបាក់មុខ មិនឱ្យខូចមុខមាត់យើងទេ យើងជាខ្មែរ យើងត្រូវតែការពារ ខ្ញុំសរសើរមែនទែន។ ទឹកចិត្តនេះ ជាទឹកចិត្តរបស់ខ្មែរដែលគួរតែមានគ្រប់គ្នាអ៊ីចឹងហើយ។ ប៉ុន្តែនៅពេលដែលគេរំលាយសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ គេដកEBA គេដាក់ទណ្ឌកម្មកម្ពុជា ដោយសារការបំផ្លិចបំផ្លាញគណបក្សប្រឆាំង ការរំលាយសារព័ត៌មានឯករាជ្យនៅស្រុកខ្មែរ ការរំលាយអង្គការសង្គមស៊ីវិល ចាប់មេសហជីពដាក់គុក ចាប់មេបក្សប្រឆាំងដាក់គុក បំផ្លាញផ្ទុយរដ្ឋធម្មនុញ្ញ ទាំងអស់គ្នានៅស្ងៀម អត់មានតវ៉ា ដើម្បីលើកស្ទួយមុខមាត់ជាតិយើងទេ»។
សម្រាប់ លោក ណារ៉េត ការបំផ្លាញប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស ការរំលាយគណបក្សសង្រ្គោះជាតិ ការចាប់ឃុំខ្លួនអ្នកនយោបាយ និងសកម្មជនសង្គម ដាក់គុក គឺបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាលើសពីស្កេមទៅទៀត ប៉ុន្តែមិនឃើញអ្នកណាចេញប្រតិកម្មនោះទេ រួមទាំង លោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក សាន ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងជាអ្នកនិពន្ធសៀវភៅ«នៅពីក្រោយវាំងននខ្មៅ» បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២១ខែមេសាថា «យើងខឹង WSJ ដែលហៅយើងថា Scambodia! តែបែរជាមិនឃើញខឹងរករឿងពួកអ្នកគប់គិត អ្នកពាក់ព័ន្ធ និងអ្នកទទួលបានប្រយោជន៍ពីក្រុមScamសោះ»។
សូមបញ្ជាក់ថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ កាលពីថ្ងៃទី៤ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅចំពោះបណ្ដាអង្គទូត និងធុរជនបរទេសថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរនូវគោលនយោបាយជាតិ ពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦នេះ ដើម្បីបង្កើនបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាពនិងប្រកបដោយទំនុកចិត្ត។
វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីលោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានទេនៅថ្ងៃទី២៣ខែមេសានេះ។
ប៉ុន្តែ លោក សុខៈ បានថ្លែងកាលពីថ្ងៃទី២២ខែមេសាថា បើរាប់ត្រឹមពីថ្ងៃទី៣ខែមេសា មកដល់ថ្ងៃទី២០ខែមេសា សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានចេញប្រតិបត្តិការណ៍បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យាបានចំនួន ២៣កន្លែង នៅតាមរាជធានីខេត្តចំនួន៨ ក្នុងនោះរាជធានីភ្នំពេញច្រើនជាងគេ។ ជនជាប់ពាក់ព័ន្ធចំនួន ១៩៥៧នាក់ ស្មើនឹង១៨សញ្ជាតិ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការណ៍នេះ។
បើតាម លោក សុខៈ ក្នុងចំណោមជនទាំងនោះមាន ៨៣២នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំបែបបទបណ្តេញចេញ ៦៤នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ២៩នាក់ ត្រូវបានអប់រំណែនាំហើយដោះលែង។ ចំណែក ១០៣២នាក់ កំពុងបន្តនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត។
សម្រាប់ លោក វណ្ណលី អ្នកដែលត្រូវទទួលខុសត្រូវខ្ពស់បំផុត នៅក្នុងឧក្រិដ្ឋកម្មអនឡាញនេះ គឺរដ្ឋាភិបាលកម្ពុជាខ្លួនឯង ដែលមានតួនាទីជាអ្នកការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងផ្ទះរបស់ខ្លួន។ ការបណ្តោយឱ្យតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ឬក៏អគារកាស៊ីណូ ប្រែក្លាយទៅជារដ្ឋក្នុងរដ្ឋ ដែលអាជ្ញាធរមានសមត្ថកិច្ចមានការពិបាកចូលត្រួតពិនិត្យ គឺជាការបោះបង់ចោលនូវអធិបតេយ្យភាពផ្នែកច្បាប់ និងជាការបរាជ័យក្នុងការការពារសិទ្ធិមនុស្សជាមូលដ្ឋាន។
លោកថា៖ «បើគ្មានការផ្តល់លំហរ ឬក៏ការបើកដៃពីមន្ត្រីមានអំណាចនៅពីក្រោយខ្នងទេ ខ្ញុំគិតថា ឧក្រិដ្ឋជនទាំងនោះ ក៏មិនអាចចាក់ឫសយ៉ាងជ្រៅ និងពង្រីកខ្លួនយ៉ាងរហ័សដល់កម្រិតដែលពិភពលោកដាក់រហ័សនាមកម្ពុជាថា Scambodia បែបនេះទេ។ ការលើកឡើងថា ឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសកលឬកើតមានច្រើននៅប្រទេសដទៃទៀត ដូចជានៅថៃខ្ញុំមើលឃើញថា គ្រាន់តែជាលេសដោះសារដើម្បីគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។ សំខាន់ត្រង់ថា នៅប្រទេសដទៃ អាជ្ញាធរគេចាត់វិធានការណ៍ដោយតម្លាភាព និងគ្មានការលើកលែង ខណៈនៅកម្ពុជារាល់ពេលមានការបង្ក្រាបម្តងៗ ហាក់ដូចធ្វើឡើងដើម្បីតែបង្គ្រប់កិច្ច ឬធ្វើឡើងក្រោមសម្ពាធពីអន្តរជាតិ ជាជាងការមានឆន្ទៈមោះមុតនៅក្នុងការលុបបំបាត់ពីឫសគល់»។
បន្ថែមពីនេះ អ្នកវិភាគរូបនេះ លើកឡើងថា ការដែលពិភពលោកផ្តោតលើការរិះគន់មកលើមេដឹកនាំកម្ពុជា ពីព្រោះតែគេមើលឃើញពីទំនាក់ទំនងមិនប្រក្រតី រវាងម្ចាស់ទីតាំងឧក្រិដ្ឋកម្ម និងបុគ្គលដែលមានអំណាចក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យយន្តការយុត្តិធម៌មិនអាចដំណើរការទៅរួច។ លោកថា ដើម្បីលុបបំបាត់មេរោគដែលកំពុងស៊ីរូងផ្ទៃក្នុង និងបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសជាតិមួយនេះ រដ្ឋាភិបាលត្រូវតែឈប់ប្រើនយោបាយវ៉ៃស្មៅបង្អើលពស់។
លោកថា៖ «ដំណោះស្រាយពិតប្រាកដ គឺត្រូវផ្តើមចេញពីការបោសសម្អាតមន្ត្រីពុករលួយ ដែលពាក់ព័ន្ធនិងការអនុវត្តច្បាប់ដោយគ្មានការយោគយល់ ចំពោះអ្នកធំឬខ្នងបង្អែកណាទាំងអស់។ រដ្ឋាភិបាលត្រូវបើកចំហរឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងសហការជាមួយអង្គការអន្តរជាតិដោយស្មោះត្រង់មិនមែនគ្រាន់តែបង្កើតគណៈកម្មការ ដើម្បីការពារមុខមាត់នោះទេ។ ដរាបណា រដ្ឋាភិបាលនៅតែបន្តមើលរំលងឥទ្ធិពលនៃលុយខ្មៅ ដែលបានមកពីឈាម និងទឹកភ្នែកជនរងគ្រោះនោះ កម្ពុជានឹងនៅតែបន្តជាប់ឈ្មោះជាឋានសួរគ៌នៃឧក្រិដ្ឋជន ហើយកេរ្តិ៍ឈ្មោះដែលខំសាងរាប់ទសវត្សរ៍ នឹងត្រូវរលាយបាត់នៅក្នុងរយៈពេលដ៏ខ្លីបំផុត»។
ជាមួយគ្នានេះ លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមដែលបានទទួលព័ត៌មានពីប្រភពសម្ងាត់មួយចំនួន បានអះអាងថា មេដឹកនាំខ្មែរផុងខ្លួនធ្ងន់ណាស់ ចំពោះបញ្ហាឧក្រិដ្ឋកម្មអនឡាញ ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយនេះ ដោយសារមេឧក្រិដ្ឋជនបានបង់ប្រាក់ក្នុងចំនួនរាប់សិបលានដុល្លារក្នុង១ខែៗដល់ លោក ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធ ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។
លោកថា៖ «នៅកម្ពុជាអ្នកនយោបាយផុងខ្លួនធ្ងន់ណាស់។ អ្នកនយោបាយណា? រាប់តាំងពីសម្តេច ហ៊ុន សែន ចុះម៉ោផុងខ្លួននឹងស្កេមហ្នឹង។ អ្នកនយោបាយផុងខ្លួនហ្នឹងមួយ ពីព្រោះក្នុង១ខែគេឱ្យ ៣០លានគេឱ្យ១០លាន គេឱ្យ៤០លានប្រចាំ។ អភិបាលខេត្តមួយចំនួនគេឱ្យមួយខែមួយលាន អភិបាលក្រុង១ខែ៥០ម៉ឺន១ខែ១លានទៅតាមក្រុង។ រដ្ឋមន្ត្រីឬក៏ឧបនាយករដ្ឋមន្ត្រី ឬក៏នាយករដ្ឋមន្ត្រី ឬក៏អ្នកណាដែលខ្លាំង ត្រកូលខ្លាំង គេឱ្យរហូតទៅដល់កំពូល បើតាមសេចក្តីរាយការណ៍ ខ្ញុំអត់និយាយអ្នកណាទេ គឺរហូតដល់១ខែ ៤០លាន។ អ៊ីចឹងក្នុងប្រទេស ខ្លះជាថ្នាក់ដឹកនាំនយោបាយក្តី ជាកងទ័ពក្តី ជាប៉ូលីសក្តី គឺរហូតដល់១ខែScamerបង់ឱ្យ៤០លាន១ខែ។ អ៊ីចឹងScamerបង់ឱ្យអ៊ីចឹងទៅ មន្ត្រីនៅក្នុងរដ្ឋាភិបាលមួយៗធ្លាក់ខ្លួនអនុញ្ញាតិឱ្យScamផុសពេញហ្នឹង»។
សម្រាប់ លោក ជែម សុខ អ្នកនយោបាយ និងមន្ត្រីរបស់កម្ពុជា អាចពង្រឹងអំណាចនិងអាចរក្សាអំណាចរបស់ខ្លួនបានមួយផ្នែក ក៏ដោយសារលុយដែលទទួលបានពីឧក្រិដ្ឋកម្មអនឡាញនេះផងដែរ។ លោកថា ការបង្ក្រាបដែលរដ្ឋាភិបាលកំពុងតែធ្វើបច្ចុប្បន្ន វាគ្រាន់តែជាការសម្តែងប៉ុណ្ណោះមិនអាចលុបបំបាត់អំពើឧក្រិដ្ឋដែលផ្តល់ផលប្រយោជន៍មហាសាល ដល់មន្ត្រីដែលជាអ្នកបង្ក្រាបទាំងនោះបានឡើយ។
អតីតមេដឹកនាំគណបក្សសង្រោះជាតិ លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំរដ្ឋាភិបាលក្រៅប្រទេស២៣តុលា បានគូសបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី២៣ខែមេសានេះថា ឧក្រិដ្ឋជនចាប់ជម្រិតអនឡាញជនជាតិចិន លោក Chen Zhi គឺជាសមាជិកគ្រួសារ និងជាអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកហ៊ុន សែន។ លោកចោទសួរថា តើលោកហ៊ុន ម៉ាណែត ហ៊ានចាប់ពួកឧក្រិដ្ឋជនទាំងនោះទេ? លោក សម រង្ស៊ី បន្តថា តាមការស្រាវជ្រាវរបស់វិទ្យាស្ថាន Humanity Research Consultancy ថ្នាក់ដឹកនាំមួយចំនួនធំរបស់គណបក្សប្រជាជន គឺជាអ្នកកាងការពារបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន(Cybercrime) ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមគ្រួសារលោកហ៊ុន សែន។
បន្ថែមពីនេះ អ្នកនយោបាយចាស់វស្សារូបនេះ ចោទសួរទៀតថា តើលោកហ៊ុន ម៉ាណែត ក្លាហានហ៊ានចាប់ខ្លួនសមាជិកគ្រួសារគាត់ ដែលជាមេឧក្រិដ្ឋជនដែរឬអត់? ក្រៅពីមេខ្លោងធំលោក ហ៊ុន សែន ឈ្មោះពួកមន្ត្រីទាំងនោះ រួមមាន លោក ហ៊ុន តូ បងប្អូនជីដូនមួយលោកហ៊ុន ម៉ាណែត, លោកកុក អាន, លោក លី យ៉ុងផាត់, លោក នេត សាវឿន, លោក ហ៊ីង ប៊ុនហៀង, លោក ឌី វិជ្ជា, លោក ឡុង ឌីម៉ង់, លោក គួច ចំរើន, លោក ទ្រី ភាពដែលជាមេឈ្មួញកាប់បំផ្លាញព្រៃឈើ និងលោកស សុខា ជាដើម៕









