ពលរដ្ឋ​​បារម្ភ​បាត់​ទឹក​ដី​ក្រោយ​​​ដី​​រាប់​សែន​ហិកតា​​ជាប់​ព្រំដែន​​នៅ​​បន្ត​​ជួល​​ឱ្យ​​វៀត​ណាម

តាម​​ផ្លូវ​​ក្រវាត់​​ព្រំដែន​​​ចាប់​​​​​ពី​​ភូមិ​​ធ្លក សង្កាត់​​ច្រក​​ម្ទេស ក្រុង​​បាវិត ស្រុក​​ស្វាយ​​ទាប​ រហូត​​ដល់​​ស្រុក​​រំដួល​​ខេត្ត​​ស្វាយ​រៀង ដែល​​មាន​​ប្រវែង​ជាង​ ២០ គីឡូ​ម៉ែត្រ ជាប់​​នឹង​​ព្រំដែន​​ប្រទេស​​វៀត​ណាម ​ទិដ្ឋ​ភាព​ ​ដី​​កសិកម្ម​​រាប់​​សែន​​ហិកតា​នៅ​​តំបន់​​នោះ ពលរដ្ឋ​​ខ្មែរ​​នៅ​​តែ​​បន្ត​ជួល​​​ឱ្យ​​ជ​ន​​ជាតិ​​វៀត​ណាម​​ធ្វើ​​កសិកម្ម​​ដដែល​​ជា​​ច្រើ​ន​​ឆ្នាំ​​មក​​ហើយ។

អ្នក​​យក​​ព័ត​មាន​វីអូឌី​ ​បាន​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ក្នុង​ខែ​មេសា​នេះ ដោយ​សួរ​អ្នកភូមិ​រស់​នៅ​តំបន់​នោះ​ ភាគ​ច្រើន​ពួក​គាត់​​មិន​ហ៊ាន​បញ្ចេញ​​​​មតិ​ជុំ​វិញ​រឿង​នេះ​ទេ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​ចាប់​ដាក់​គុក។ ពលរដ្ឋ​ខ្លះ​បាន​ផ្តល់​ព័តមាន​​នេះ តែ​ក្នុង​លក្ខណ​ខណ្ឌ​​មិន​បង្ហាញ​ឈ្មោះ ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២៤ ខែ​មេសា​​ថា​ ​ពលរដ្ឋ​​ខ្មែរ​​​បាន​​​ជួល​​ដី​​ឱ្យ​​វៀតណាម ​ឋិត​ក្នុង​ឃុំ​ចំនួន​៣ ក្នុង​​ស្រុក​ស្វាយ​ទាប គឺ​ឃុំ​ព្រៃ​តា​អី ឃុំ​ពពែត និង​​ឃុំ​មនោរម្យ។

លើស​ពី​នេះ ដី​ដែល​វៀតណាម​ជួល​ពី​ពលរដ្ឋ​ខ្មែរ ​មាន​បណ្ដាញ​ប្រព័ន្ធ​ទឹក និង​អគ្គិសនី​ខ្វាត់​ខ្វែង​ ដោយ​​ផ្នែក​​ខ្លះ​​គេ​​ឃើញ​​មាន​​ប្រឡាយ​ទឹក​​ស្រោច​​ស្រព​​ត​ភ្ជាប់​ពី​ប្រឡាយ​មេ​ធំ​ពី​ប្រទេស​វៀតណាម។

ពលរដ្ឋរស់​នៅ​ស្រុក​ស្វាយ​ទាប​​ស្នើ​សុំ​ហៅ​ឈ្មោះ​ហៅ​​ក្រៅ​ថា ទូច តារា ប្រាប់​​វីអូឌី​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​ថា ដី​ខ្មែរ​រាប់​សែន​​ហិកតា ដែល​ពលរដ្ឋ​ខ្មែរ​ និង​មន្ត្រី​មួយ​ចំនួន​ជួល​ឱ្យ​វៀតណាម​មាន​តម្លៃ​ចន្លោះ​ពី ៥០​ម៉ឺន​រៀល ដល់​​ជាង ១លាន​រៀល ក្នុង​​មួយ​ហិកតា រយៈ​​ពេល​​១​ឆ្នាំ​ ហើយ​​ធ្វើ​កុង​​ត្រា​​រៀង​រាល់ ៤ ឆ្នាំម្តង។

លោក​ថា សកម្មភាព​ក្រុម​ឈ្មួញ​ប្រើ​ល្បិច​យក​ឈ្មោះ ​ស្មៀន​​ឃុំ​ពពែត ឈ្មោះ គុយ សារ៉េត ធ្វើ​ជា​តំណាង​ក្រុមហ៊ុន​ខ្មែរ ​ដើម្បី​​ងាយ​ស្រួល​លាក់​បាំង​ការ​ពិត និង​ភូតភរ​ថ្នាក់​ដឹកនាំ។

លោក​បន្ថែម​ថា នៅ​ពេល​ដែល​ដី​ខ្មែរ​ជួល​ឱ្យ​ជន​បរទេស  ការ​ប្រើ​ប្រាស់​ជី​កសិកម្ម ថ្នាំ​​កសិកម្ម​ និង​គ្រឿង​ចក្រ បម្រើ​ឱ្យ​វិស័យ​កសិកម្ម​ទាំង​អស់​នាំ​ចូល​ពី​វៀតណាម​។

លោក ទូច តារា និយាយថា​​៖ «ស្នើ​ឱ្យ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​មហាផ្ទៃ ​ត្រូវ​ចាត់​វិធានការ​ការ​ជួល​តាម​ខ្សែ​​បន្ទាត់​ព្រំ​ដែន​​ហ្នឹង​ឱ្យ​បាន​ម៉ឹង​មាត់។ ​ឈប់​​ឱ្យ​​​មាន​​ការ​​ជួល​​ដី​​បន្ត​​ទៀត ឱ្យ​ប្រទេស​ជិត​ខាង​ ហើយ​មួយ​​ទៀត ត្រូវ​រៀបចំ​ប្រព័ន្ធ​​ធារា​សាស្ត្រ​ឱ្យ​បាន​ល្អ ហើយ​រក​ទីផ្សារ​ឱ្យ​កសិករ​ខ្មែរ​យើង​ធ្វើ​វិញ​ ​ហើយ​ផ្ដល់​​ទុន​ឱ្យ​កសិករ​ខ្មែរ​ធ្វើ​វិញ»។

បច្ចុប្បន្ន​ទិដ្ឋភាព​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ ​តាម​បណ្ដោយ​ព្រំដែន ​ក្នុង​ស្រុក​ស្វាយទាប ក្នុងស្រុក​រំដួល ​រហូត​ដល់​​សង្កាត់​​ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង សម្បូរ​ដោយ​ចម្ការ​អំពៅ​ ដំឡូងមី និង​ដំណាំ​ផ្សេងៗ រាប់​សែន​ហិកតា​​ធំ​ល្វឹង​ល្វើយ​ដាច់​​កន្ទុយ​ភ្នែក។ អ្នកភូមិ​ថា​ ​ឈ្មួញ​វៀតណាម​ធ្វើ​​កសិកម្ម​ប្រើប្រាស់​ជី​គីមី​ច្រើន និង​គ្រឿង​ចក្រ​ តំបន់​​ខ្លះ​​ពួកគេ​ជួល​កម្មករ​ខ្មែរ​​ដោយ​មាន​មេការ​ជា​ជនជាតិ​វៀតណាម។

ផ្នែក​ខ្លះ​នៅ​តាម​ដងផ្លូវ ​ឃើញ​មាន​ផ្ទះ​របស់​ជនជាតិ​វៀតណាម​ក្នុង​ដី​ខ្មែរ​មួយៗ ដែលគេ​សង់​ដើម្បី​ដាក់​គ្រឿង​ចក្រ​ធ្វើ​​​កសិកម្ម​ និង​តំបន់​ខ្លះ​ទៀត​មាន​រថយន្ត និង​ម៉ូតូ​ស្លាក​លេខ​វៀតណាម​​ចេញ​ចូល​លើដី​ខ្មែរ​ជា​ប្រចាំ ដោយ​គ្មាន​ការ​​ពិនិត្យ​ពី​នគរបាល​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ស្នើ​​ឱ្យ​អភិបាល​​ខេត្ត​ជាប់​ព្រំដែន​​ប្រទេស​ជិត​ខាង​ទាំង​អស់ ចាត់​វិធានការ​ម៉ឺងម៉ាត់​រាល់​សកម្មភាព​​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​​​មូលដ្ឋាន​​លក់ ឬ​ជួល​ដី​ស្រែ​ចម្ការ​​តាម​បណ្ដោយ​ព្រំដែន​ទៅ​ឱ្យ​ពលរដ្ឋ​ប្រទេស​ជិត​ខាង​។

រីឯអតីត​រដ្ឋ​មន្ត្រី​ក្រសួង​​មហាផ្ទៃ លោក ស ខេង ក៏​ធ្លាប់​បាន​​​ណែនាំ​ទៅ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ទាំង​អស់ ត្រូវ​ហាម​ពលរដ្ឋ​កុំ​ឱ្យ​ជួល​​ដីស្រែឱ្យ​ទៅ​វៀតណាម​បន្ត​ទៀត ដោយ​លោក​បារម្ភ​​ប៉ះពាល់​បូរណភាព​ទឹកដី។

លោក ស ខេង ថ្លែង​ថា៖ «អាហ្នឹង​បូរណ​ភាព​ដែល​វា​អាច​ទាក់ទង គឺ​ថា​ ពលរដ្ឋ​គាត់​ជួល​ដី​នៅ​តាម​ព្រំដែន គាត់​​ធ្វើ​ទេ គាត់​ជួល​យក​លុយ​វា​ស្រួល។ តែ​វា​​ក៏​មិន​ស្រួល​ដែរ តែ​យូរ​ទៅ គាត់​ថា​ នៅ​លើ​ដី​ហ្នឹង​យូរ​​ហើយ ដោះ​មិន​ងាយ​ចេញ​ទេ។ នេះ​ហើយ​ជា​បញ្ហា»។

ពលរដ្ឋ​រស់​នៅ​​ស្រុក​ស្វាយ​ទាប លោក  ទូច  តារា បន្ថែម​​ថា មិន​មែន​ត្រឹម​តែ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ជួលដី​ឱ្យ​វៀត​ណាម អតីត​​ស្នងការ​នគរបាល​​ខេត្ត​ស្វាយ​រៀង លោក កឹង ឃន, ​មន្ត្រី​យោធា, ឧកញ៉ា និង​​មន្ត្រីធំ​ៗ​​មួយ​​ចំនួន​​ទៀត​​ក៏​​​ជួល​​​ដី​​របស់​​ខ្លួន​​ឱ្យ​​វៀត​ណាម​​ធ្វើ​​កសិកម្ម​​ដែរ។

លោក​ថា មូល​ហេតុ​ដែល​ពលរដ្ឋ​ជួល​ដី​ឱ្យ​វៀតណាម​ ដោយសារ​កសិករ​​ខ្មែរ​ខ្វះ​លទ្ធភាព​ធ្វើ​កសិកម្ម​ក្នុង​តំបន់​នោះ ខ្វះ​ប្រព័ន្ធ​ធារា​សាស្ត្រ អគ្គិសនី​ និង​គ្មាន​ទីផ្សារ​កសិផល។
លោក ទូច តារា និយាយថា៖ «សកម្មភាព​ជូលដី​នេះ ជាក់​ស្តែង​នៅ​តែ​មាន​ គេ​ឃើញ​អំពៅ​នៅ​តែ​ដាំដុះ​ទាំង​​អស់​​ហ្មង គ្រាន់​តែ​គេ​យក​បុគ្គល​ខ្មែរ​ម្នាក់ ស្មៀនឃុំ ពពែត ឈ្មោះ គុយ សារ៉េន ធ្វើ​ជា​ដំណាង​ក្រុម​ហ៊ុន​​​របស់​ខ្លួន។ ហើយ​មាន​បុគ្គល​២​នាក់​ទៀត ធ្វើ​ជា​ដំណាង​ក្រុមហ៊ុន​ថា​ជា​ក្រុមហ៊ុន​របស់​ខ្លួន តែ​ធាតុ​ពិត​ឃើញ​ហើយ ជី​កសិកម្ម​នាំ​ចូល​ពី​វៀតណាម»។

វីអូឌី​ បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ទូច សុខៈ តាម​​បណ្តាញ​​សង្គម​​តេឡេ​ក្រាម​(Telegram)​ តែ​​​លោក​​មិន​​ឆ្លើយ​​តប​​នៅ​​ថ្ងៃ​​​ទី​២៤ ខែ​មេសា។ រី​ឯ​អ្នក​នាំ​ពាក្យ​​រដ្ឋបាល​​ខេត្ត​​ស្វាយ​រៀង និង​​ជា​អភិ​បាល​​រង​​ខេត្ត លោក ម៉ែន អេង ក៏​​មិន​​ទាន់​​អាច​​ទាក់​ទង​​បាន​​ដែរ​​គិត​​ត្រឹម​​ម៉ោង​​ផ្សាយ​​នេះ។

តែ​យ៉ាង​​ណា អាជ្ញាធរ​ខេត្ត​រូប​នេះ ​ធ្លាប់​ចុះ​ទៅ​តំបន់​ព្រំដែន ក្រោយ​​ពី​មាន​ប្រតិកម្ម​​តាម​​បណ្ដាញ​​​សង្គម​​ពាក់​ព័ន្ធ​​បញ្ហា​​​នេះ​ ហើយ​​លោក​​បាន​​បដិសេធ​​ចំពោះ​​ការ​​លើក​ឡើង​របស់​ពលរដ្ឋ​ថា មាន​សកម្មភាព​ជួល​ដី​ឱ្យ​វៀតណាម។

ពលរដ្ឋ​ម្នាក់​ទៀត​ថ្លែង​សុំ​មិន​បង្ហាញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ បារម្ភ​ថា​ ​នៅ​​ពេល​​ដែល​​ជន​ជាតិ​​វៀត​ណាម​​ធ្វើ​​កសិកម្ម​​​​​លើ​​​ដី​​ខ្មែរ​​យូរ​​ទៅ​ បង្កើត​​កូន​ពូន​​ជា​​ចៅ​​ច្រើន និង​សង់​ផ្ទះ​លើ​ដី​ខ្មែរ​ ពិបាក​នឹង​បណ្ដេញ​ពួកគេ​ចេញ បូក​ផ្សំ​មន្ត្រី​​ខ្លះ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផង​ បន្លំ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ។

លោក​ថា ​ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​ជន​បរទេស​ ជា​រឿង​ងាយ​សម្រាប់​មន្ត្រី​ខិលខូច​ ហើយ​នៅ​ពេល​ជនជាតិ​វៀត​ណាម​​​មាន​​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ពួកគេ​នឹង​ធ្វើ​ប្លង់​រឹង​កាន់​កាប់​ដី​ខ្មែរ​ជាក់ស្តែង។

ពលរដ្ឋ​មិន​បង្ហាញ​ឈ្មោះ និយាយ​ថា៖ «អត្តសញ្ញាណ​បណ្ណ​នេះ​ កើត​ក្នុង​បរិបទ​ក្នុង​សង្គម​មាន​អំពើ​ពុក​រលួយ គេ​​មិន​គិត​​ពី​ជាតិ​ជា​ធំ​ទេ។ គេ​គិត​ធ្វើ​យ៉ាង​ណា​បាន​លុយ​នៅ​ខោប៉ាវ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ដែរ ជនជាតិ​យួន​កាន់​តែ​រស់​នៅ​ច្រើន​ទៅ​ៗ​ហើយ​ឃើញ»។

ឆ្លើយតប​រឿង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា បញ្ហា​​​នេះ​​ជា​​ហានិ​ភ័យ​​ជាតិ​​នៅ​​​ថ្ងៃ​​​អនាគត ដោយ​សារ​​វៀត​ណាម​​​ប្រើ​​ហេតុ​ផល​​ទាំង​​នេះ​ ដើម្បី​​រំកិល​ព្រំដែន​ចូល​មក​កម្ពុជា និង​ប្រើ​លេស​ធ្វើ​​កសិកម្ម រួច​​សង់​ផ្ទះ​សម្បែង​រស់​នៅ​លើ​ដី​ខ្មែរ។ លោក​ថា រដ្ឋាភិបាល​គួរតែ​ដក​តំណែង​ ​និង​ពិន័យ​រដ្ឋបាល​មន្ត្រី​ណា​ដែល​អសកម្ម​មិន​ដោះស្រាយ​រឿង​នេះ និង​ជាប់​ពាក់ព័ន្ធ​ជួល​ដី​ខ្មែរ​ឱ្យ​វៀតណាម​ខុស​ពី​បម្រាម​ក្រសួង​មហាផ្ទៃ។

លោក អ៊ុំ សំអាន ថ្លែង​ថា​៖ «ជន​ជាតិ​វៀត​ណាម នឹង​សាង​សង់​ផ្ទះ​សម្បែង​ សំណង់​​រឹង​លើ​ដី​ខ្មែរ កើត​កូន​ពូន​​ជា​ចៅ ថ្ងៃ​ក្រោយ​​កើត​ជា​ភូមិ​ម្ករ​​មាន​មេភូមិ និង​មេឃុំ​វៀតណាម​ បង្កើត​ជា​ហេដ្ឋារចនា​សម្ព័ន្ធ​លើ​ដី​ខ្មែរ។ យើង​​នឹង​អាច​បាត់​បង់​​ទឹក​​ដី ដូច​​បាត់​ទឹកដី​កម្ពុជា​ក្រោម​ និង​ប្រទេស​ចំប៉ា»។

ជុំវិញ​រឿង​នេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ​លោក ម៉ែន ណាត យល់​ថា អំពើ​ពុករលួយ​ជាដើម​​ចម ធ្វើ​ឱ្យ​បទ​បញ្ជា​​​របស់​ក្រសួង​មហាផ្ទៃ​ ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ​ហើយ​រដ្ឋាភិបាល​ក៏​គ្មាន​វិធានការ​ជាក់ស្ដែង ដើម្បី​ចាត់​វិធានការ​​​លើ​មន្ត្រី​ខិល​ខូច​នោះ​ដែរ។ លោក​ថា រដ្ឋបាល​របស់​​លោក ហ៊ុន ម៉ាណែត នឹង​​បង្ក​​ហានិ​ភ័យ​​ខ្ពស់​​ដល់​​បូរណ​ភាព​​ទឹក​​ដី​។

លោក ម៉ែន ណាត ថ្លែង​ថា​៖ «ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បញ្ហា​អំពើ​ពុក​រលួយ​​សូកប៉ាន់​ វា​ធ្ងន់ធ្ងរ​ណាស់ វា​មាន​ការ​គប់​គិត​​​​គ្នា​ជា​ចំហ​ ហើយ​​អត់​មាន​វិធានការ​​ជាក់ស្ដែង​ស៊ី​សំណូក​សូក​ប៉ាន់»។

​កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ឡាវ និង​​វៀតណាម ហើយ​​កន្លង​ទៅ​បញ្ហា​ជួល​ដី​ទៅ​ឱ្យ​ប្រទេស​ជិត​ខាង​ ភាគ​ច្រើន​​កើតឡើង​​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។ ពលរដ្ឋ​ទទូច​ឱ្យ​អាជ្ញាធរ​​ពង្រឹង​ការ​​អនុ​វត្ត​​ច្បាប់​​ឱ្យ​​បាន​​តឹង​រ៉ឹង បើ​ពុំ​នោះ​ទេ​ការបាត់បង់​បូរណភាព​ទឹក​ដី​​នៅ​តែ​មាន​ជា​បន្ត​បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ