ការប្រកាសអនុវត្តកាតព្វកិច្ចយោធា ពីសំណាក់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងជំរុញឱ្យមានការគាំទ្រផង និងក្តីបារម្ភផងពីអ្នកឃ្លាំមើល ដោយពួកគេថា ការអនុវត្តកាតព្វកិច្ចនេះ អាចធ្វើបានតែចំពោះកូនកសិករក្រីក្រតែប៉ុណ្ណោះ បើមិនសម្អាតអំពើពុករលួយជាមុន។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា លើកឡើងថា សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី២៣ ខែមេសា មាន ៨ជំពូក និង ២០មាត្រា ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា សេចក្តីព្រាងច្បាប់នេះ បានកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំង សម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការ របស់ប្រទេសជាតិ។
លោកសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ប៉ុន្តែលោកថា ចំពោះកាតព្វកិច្ចយោធារបស់ពលរដ្ឋខ្មែរជាស្ត្រីវិញ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ហើយច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។
លោកថា៖ «សេចក្តីព្រាងច្បាប់នេះ ជាអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុងឧត្តម របស់ប្រជាពលរដ្ឋខ្មែរ និងមូលដ្ឋានគ្រឹះប្រភពកសាងកម្លាំងក្នុងវិស័យការពារជាតិ ដែលជាតម្រូវការរបស់ប្រទេសជាតិ»។
ទោះជាបែបនេះក្តី ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាល មើលឃើញថា ការអនុវត្តកាតព្វកិច្ចយោធានេះ ទំនងជានឹងបង្កើនការរងគ្រោះដល់ពលរដ្ឋ ស្ថិតក្នុងគ្រួសារក្រីក្រ ផ្តើមចេញពីអំពើពុករលួយ កំពុងចាក់ស្រេះក្នុងសង្គមកម្ពុជា បច្ចុប្បន្ន។
ចំណុចនេះ លោក សួន សូរីដា អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន យល់ថា ការអនុវត្តកាតព្វកិច្ចយោធា គឺជារឿងចាំបាច់ក្នុងកាលៈទេស ដែលប្រទេសជាតិមានបរទេសឈ្លានពាន ប៉ុន្តែលោកបារម្ភថា ដើម្បីឱ្យការអនុវត្តកាតព្វកិច្ចនេះ គ្មានការស្តីបន្ទោសពីពលរដ្ឋ គឺចាំបាច់ រដ្ឋាភិបាលត្រូវបោសសម្អាតអំពើពុករលួយជាប្រព័ន្ធ បែបបក្ខពួកនិយមជាមុនសិន។
លោកគូសបញ្ចាក់ថា បើពុំដូច្នោះទេ ពលរដ្ឋងាយរងគ្រោះ នឹងស្តីបន្ទោសរដ្ឋាភិបាលពីការអនុវត្តមិនស្មើភាពគ្នា រវាងកូនអ្នកមានលុយ កូនអ្នកមានអំណាច និងកូនកសិករក្រីក្រ។
លោកថា៖ «អញ្ចឹងដើម្បីអនុវត្តច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០២៦នេះ ជោគជ័យទៅ បានលុះត្រារដ្ឋាភិបាលត្រូវសំអាតធ្វើខ្លួនឲ្យល្អជាមុនសិន តាមរយៈសំអាតអំពើពុករលួយ បក្ខពួកគ្រួសារនិយម ការអនុវត្តច្បាប់ជំរុញឲ្យប្រទេសជាតិមាននីតិរដ្ឋច្បាស់លាស់។ ខ្ញុំគិតថា ច្បាប់នេះនឹងអនុវត្តទៅប្រកបទៅដោយ សមភាពចំពោះកូនគ្រប់ស្រទាប់វណ្ណៈ ទាំងអ្នកមានទាំងអ្នកក្រ ទាំងអ្នកធំទាំងអ្នកតូច»។
ប្រហាក់ប្រហែលនេះដែរ អ្នកឃ្លាំមើលស្ថានការណ៍អភិវឌ្ឍន៍សង្គមមួយចំនួន ចាត់ទុកថា ចំពោះការអនុវត្តកាតព្វកិច្ចយោធានៅក្នុងដំណាក់កាលស្រុកទេស កំពុងទទួលរងការឈ្លានពានពីប្រទេសជិតខាង គឺជារឿងចាំបាច់បំផុត ប៉ុន្តែស្នើឲ្យការអនុវត្តកាតព្វកិច្ចយោធានេះ ឈរលើភាពត្រឹមត្រូវ និងមានតម្លាភាព រវាងកូនចៅ ស្ថិតក្នុងគ្រួសារក្រីក្រ និងគ្រួសារអ្នកមានទ្រព្យ ឬអំណាច។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ (ANSA) មើលឃើញថា ដើម្បីបង្ហាញពីភាពខ្លាំងនៃប្រជាជាតិមួយ គឺនៅពេលនេះជាពេលវេលាដែលយុវជនកម្ពុជា ត្រូវបង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមចំណែកការពារទឹកដីពីសត្រូវឈ្លានពាន។
លោកថា៖ «ជាពិសេសការគិតគូរឡើងវិញពីការអនុវត្តកាតព្វកិច្ចយោធានេះ កើតមានក្រោយពីមានការបំពារបំពានទៅលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រទេសជិតខាងមួយ។ អញ្ចឹងខ្ញុំគិតថា ពលរដ្ឋកម្ពុជា ជាពិសេសយុវជននឹងរួមចំណែក ដើម្បីការពារបូរណៈភាពទឹកដីរបស់ខ្លួន តាមរយៈការរួចចំណែក ក្នុងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ»។
ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ស្នើឲ្យការអនុវត្តកាតព្វកិច្ចយោធានេះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីតម្លាភាពសម្រាប់ទាំងអស់គ្នា។
លោកថា៖ «នៅលើពិភពលោកនេះ ប្រទេសណាក៏មានដែរចំពោះកាតព្វកិច្ចយោធានេះ ក៏ប៉ុន្តែការជ្រើសរើសទាក់ទងនឹងកាតព្វកិច្ចយោធានេះ ក៏ត្រូវមានលក្ខខណ្ឌនៃការជ្រើសរើស ត្រូវបំពេញឲ្យបានត្រឹមត្រូវ។ ហើយមួយទៀត វាទាក់ទងនឹងចំណាយនៃថវិកាជាតិបន្ថែមទៀតទៅលើកាតព្វកិច្ចយោធានេះដែរ អញ្ចឹងគឺត្រូវតែមានការពិនិត្យពិច័យ ហើយនឹងមានការថ្លឹងថ្លែង និងមានលក្ខខណ្ឌច្បាស់លាស់ ដើម្បីអនុវត្តទៅលើកាតព្វកិច្ចយោធានេះ»។
ក្នុងសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២៥ ចេញផ្សាយអំឡូងខែកុម្ភៈ ឆ្នាំ២០២៦ របស់អង្គការតម្លាភាពអន្តរជាតិ បានដាក់ចំណាត់ថ្នាក់កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានអំពើពុករលួយខ្លាំងបំផុតក្នុងតំបន់អាស៊ាន ដែលជាលទ្ធផលដោយផ្ទាល់នៃកង្វះឆន្ទៈ ក្នុងការដុសក្អែលមន្ត្រីជាន់ខ្ពស់ ដែលមានខ្នងក្រាស់។
ក្នុងទិដ្ឋភាពនីតិរដ្ឋ របាយការណ៍សន្ទស្សន៍នីតិរដ្ឋឆ្នាំ២០២៥ របស់គម្រោងយុត្តិធម៌ពិភពលោក បានបង្ហាញភស្តុតាងដែលថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានបាត់បង់ឯករាជ្យភាពទាំងស្រុង ហើយត្រូវបានជំនួសមកវិញ ដោយការប្រើប្រាស់ច្បាប់ ដើម្បីការពារផលប្រយោជន៍បក្ខពួក និងបង្ក្រាបសំឡេងរិះគន់៕









