ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ King Charles និងព្រះមហាក្សត្រិយានី Queen Camilla នៅសប្តាហ៍ក្រោយ អាចជួយកែលម្អទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយចក្រភពអង់គ្លេស។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ BBC នៅពេលត្រូវបានសួរថា តើដំណើរទស្សនកិច្ចនេះអាចជួយកែប្រែទំនាក់ទំនងបានដែរឬទេ លោក ត្រាំ បានឆ្លើយថា៖ «ពិតប្រាកដណាស់។ ទ្រង់ពិតជាអស្ចារ្យណាស់។ ទ្រង់គឺជាបុរសដ៏អស្ចារ្យម្នាក់។ ចម្លើយគឺពិតជាបាទ»។
លោកបានបន្តថា៖ «ខ្ញុំស្គាល់ទ្រង់ច្បាស់ណាស់ ខ្ញុំស្គាល់ទ្រង់ច្រើនឆ្នាំមកហើយ។ ទ្រង់គឺជាបុរសដ៏ក្លាហាន ហើយក៏ជាបុរសដ៏វិសេសវិសាលម្នាក់ដែរ។ ពួកទ្រង់ពិតជានឹងនាំមកនូវផលវិជ្ជមានយ៉ាងពិតប្រាកដ»។
ប្រធានាធិបតីរូបនេះ ក៏បានមានប្រសាសន៍អំពីទំនាក់ទំនងរបស់លោកជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer ផងដែរ ដោយលោកបញ្ជាក់ថា លោក Starmer អាច «ស្តារស្ថានភាពឡើងវិញ»បាន លុះត្រាតែលោកផ្លាស់ប្តូរគោលនយោបាយលើបញ្ហាអន្តោប្រវេសន៍។
ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី នឹងយាងទៅកាន់សហរដ្ឋអាមេរិកសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៧ខែមេសានេះតទៅ ហើយនឹងជួបជាមួយ លោក ត្រាំ នៅសេតវិមាន។ ព្រះមហាក្សត្រនឹងមានជំនួបឯកជនជាមួយប្រធានាធិបតី ហើយក៏នឹងថ្លែងសុន្ទរកថានៅចំពោះមុខសភាអាមេរិកផងដែរ។
បន្ទាប់ពីគង់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រយៈពេលពីរថ្ងៃ ពួកទ្រង់នឹងបន្តយាងទៅកាន់ទីក្រុងញូវយ៉ក រដ្ឋ Virginia និងកោះ Bermuda មុនពេលយាងត្រឡប់ទៅចក្រភពអង់គ្លេសវិញ។
ក្រសួងការបរទេសអង់គ្លេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងប្រារព្ធខួបលើកទី២៥០ នៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក ហើយនឹងអបអរសាទរភាពជាដៃគូនៃ «វិបុលភាព សន្តិសុខ និងប្រវត្តិសាស្ត្ររួមគ្នា»។
នៅក្នុងបទសម្ភាសន៍រយៈពេល ៥ នាទី កាលពីថ្ងៃទី២៣ខែមេសា លោក ត្រាំ ក៏ត្រូវបានសួរអំពីទំនាក់ទំនងរបស់លោកជាមួយ លោក Sir Keir ផងដែរ។
មេដឹកនាំទាំងពីរ ហាក់ដូចជាមានភាពខ្វែងគំនិតគ្នា ជុំវិញសង្គ្រាមក្នុងប្រទេសអ៊ីរ៉ង់ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសក៏កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ចំពោះការសម្រេចចិត្តតែងតាំង លោក Lord Mandelson ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក។
ក្នុងសំណេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២០ខែមេសា លោក ត្រាំ បាននិយាយថា លោក Lord Mandelson គឺជា «ជម្រើសដ៏អាក្រក់បំផុត» ប៉ុន្តែនាយករដ្ឋមន្ត្រីនៅមាន «ពេលវេលាច្រើនដើម្បីកែប្រែ»។
នៅពេលសួរថា តើលោកចង់មានន័យដូចម្តេចក្នុងសំណេរនោះ លោក ត្រាំ បានឆ្លើយថា៖«ប្រសិនបើគាត់បើកដំណើរការសមុទ្រខាងជើងឡើងវិញ ហើយប្រសិនបើគោលនយោបាយអន្តោប្រវេសន៍របស់គាត់រឹងមាំ ដែលបច្ចុប្បន្នវាមិនទាន់រឹងមាំនោះទេ គាត់អាចស្តារស្ថានការណ៍បាន ប៉ុន្តែប្រសិនបើគាត់មិនធ្វើទេ ខ្ញុំមិនគិតថាគាត់មានឱកាសឡើយ»។
លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀត ឱ្យចក្រភពអង់គ្លេសបង្កើនការទាញយកប្រេង និងឧស្ម័ននៅសមុទ្រខាងជើង។
លោក Sir Keir បានថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៣ខែមេសា ទាក់ទងនឹងការលើកឡើងរបស់ប្រធានាធិបតីថា៖ «ខ្ញុំធ្វើការសម្រេចចិត្តដោយផ្អែកលើអ្វីដែលជាផលប្រយោជន៍ជាតិរបស់អង់គ្លេស មិនមែនផ្អែកលើអ្វីដែលអ្នកដទៃនិយាយ ឬធ្វើនោះទេ»។
លោក ត្រាំ ក៏បានរិះគន់រដ្ឋាភិបាលអង់គ្លេស និងសម្ព័ន្ធមិត្តដទៃទៀត ចំពោះការឆ្លើយតបទៅនឹងសង្គ្រាមអ៊ីរ៉ង់។ លោកបានមានប្រសាសន៍ថា លោក «មិនសប្បាយចិត្ត» ជាមួយនឹងកម្រិតនៃការគាំទ្រពីចក្រភពអង់គ្លេស ខណៈដែលលោក Sir Keir បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសនេះនឹងមិនត្រូវបានទាញឱ្យចូលក្នុងជម្លោះដែលរីកធំឡើយ៕









