លោក ត្រាំ ថា អាមេរិក​បាន​គ្រប់​គ្រង​ទាំង​ស្រុង​លើ​ច្រក​សមុទ្រ Hormuz ក្នុង​ដែន​ទឹក​អីរ៉ង់

លោក Donald Trump បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ថា សហរដ្ឋ​អាមេរិក​មាន “ការ​គ្រប់​គ្រង​ទាំង​ស្រុង​លើ​ច្រក​សមុទ្រ Hormuz” ដោយ​បាន​បន្ថែម​ថា ថ្នាក់​ដឹក​នាំ​របស់​អ៊ីរ៉ង់​កំពុង​មាន​ការ​បាក់​បែក​គ្នា​​ដោយ​សារ​ជម្លោះ​ផ្ទៃ​ក្នុង រហូត​ដល់​មិន​ច្បាស់​ថា តើ​នរណា​ជា​អ្នក​កាន់​អំណាច​ពិត​ប្រាកដ។

ប៉ុន្តែ​ការ​អះអា​ង​របស់ប្រធានាធិបតីអាមេរិករូបនេះ ហាក់​មាន​មន្ទិល​សង្ស័យ នៅ​ពេល​ប្រឈម​មុខ​នឹង​ការ​រឹប​អូស​នាវា​ដឹក​កុង​តឺន័រ​ចំនួន​ពីរ​គ្រឿង ដោយ​កង​កុម្ម៉ង់​ដូ​អ៊ីរ៉ង់ និង​របាយ​ការណ៍​របស់​សហរដ្ឋ​អាមេ​រិក​ដែល​បាន​ព្រមាន​ថា វា​អាច​នឹង​ត្រូវ​ចំណាយ​ពេល ៦ ខែ ដើម្បី​បោស​សម្អាត​មីន​ចេញ​ពី​ច្រក​សមុទ្រ​នេះ។

ការលើក​ឡើង​របស់​លោក Trump កាលពីថ្ងៃទី​២៣ខែ​មេសា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កង​កម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក បាន​ឡោម​ព័ទ្ធ​ឡើង​លើ​នាវា​ដឹក​ប្រេង​ដែល​គ្មាន​សញ្ជាតិ​មួយ​គ្រឿង​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ដែលម​ន្ទីរ​បញ្ច​កោណ​បាន​អះ​អាង​ថា កំពុង​ដឹក​ជញ្ជូន​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់។

ប្រតិបត្តិការយោធានេះ បានកើតឡើងប៉ុន្មានម៉ោង​បន្ទាប់ពីអ៊ីរ៉ង់បានរឹប​អូសនាវាដឹកកុង​តឺន័រ​ចំនួន​ពីរ​គ្រឿង​ ខណៈ​​ដែល​​ភាគី​​ទាំង​ពីរ​នៅ​តែ​បន្ត​ដាក់​ការ​បិទ​ខ្ទប់​ច្រក​សមុទ្រ​ដាក់​គ្នាទៅ​​វិញ​ទៅ​មក ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​សកល​ស្ថិត​ក្នុង​រង្វង់ ១០០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ទោះបីជាកងកម្លាំងសហរដ្ឋអាមេរិក បានបង្ហាញសមត្ថភាពក្នុងការបញ្ឈប់នាវាដែលចេញពីកំពង់ផែអ៊ីរ៉ង់ក៏ដោយ ក៏ពួកគេនៅតែមិនទាន់បង្ហាញសមត្ថភាពក្នុងការបើកច្រកសមុទ្រសម្រាប់នាវាដែលមកពីកំពង់ផែនៃ​បណ្តាប្រទេស​សម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រនៅឡើយទេ។

ផលប៉ះពាល់នៃការបិទខ្ទប់ទ្វេភាគីនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារវត្តមានមីនក្នុងសមុទ្រ។ យោងតាមរបាយ​ការណ៍របស់កាសែត Washington Post មន្ទីរបញ្ចកោណបានព្រមាននៅក្នុងកិច្ចប្រជុំសង្ខេបជាមួយ​សភាថា វាអាចចំណាយពេលរហូតដល់ ៦ ខែ ដើម្បីបោសសម្អាតមីនដែលគេសង្ស័យទាំងអស់ចេញពីផ្លូវទឹក។

របាយការណ៍ បានបន្តថា មីនប្រហែល ២០ គ្រាប់ត្រូវបានគេជឿថាត្រូវបានដាក់ក្នុងច្រកសមុទ្រ ដោយខ្លះដាក់​ដោយ​​ទូកតូចៗ និងខ្លះទៀតត្រូវបានបញ្ជាពីចម្ងាយ ដែលធ្វើឱ្យពិបាកក្នុងការស្វែងរកទីតាំង។ ការព្រមាន​របស់មន្ទីរ​​បញ្ច​កោណ​បាន​បង្ហាញ​ថា ផលប៉ះពាល់នៃសង្គ្រាមលើសេដ្ឋកិច្ចពិភពលោកអាចនឹងអូសបន្លាយពេលយូរ បន្ទាប់​ពីកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានព្រមព្រៀងគ្នា។

អ្នកនាំពាក្យមន្ទីរបញ្ចកោណម្នាក់បានពណ៌នារបាយការណ៍នេះថា “មិនត្រឹមត្រូវ” ប៉ុន្តែមិនបានផ្តល់ការបដិសេធជាក់លាក់ណាមួយឡើយ។ នៅក្នុងសំណេរលើ Truth Social លោក Trump បាននិយាយថា នាវា​​បោស​សម្អាត​មីន​របស់​អាមេ​រិក​កំពុង​ធ្វើ​ការ​ងារ “កើន​ឡើង​បី​ដង” ហើយ​លោក​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ជើង​ទឹក​អាមេ​រិក “បាញ់សម្លាប់” រាល់ទូកណាដែលដាក់មីនក្នុងផ្លូវទឹក។ លោក Trump បាននិយាយថា៖ “មិនត្រូវមានការរារែកឡើយ”។

កាលពីយប់ថ្ងៃទី​២៣ខែ​​មេសា លោក Trump បានប្រាប់អ្នកយកព័ត៌មានថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀង​គ្នាពន្យារពេលការឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah រយៈពេល ៣ សប្តាហ៍ទៀត បន្ទាប់​ពីការពិភាក្សានៅសេតវិមាន។

ក្រុម Hezbollah មិនបានចូលរួមក្នុងកិច្ចពិភាក្សានោះទេ ហើយការប្រយុទ្ធគ្នានៅតែបន្តកើតមានពេញមួយអំឡុងពេលឈប់បាញ់ចុងក្រោយនេះ។ កាលពីថ្ងៃពុធ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់លោកស្រី Amal Khalil ដែល​ជាអ្នកកាសែតលីបង់ដ៏ល្បីល្បាញម្នាក់ កំពុងរាយការណ៍ព័ត៌មាននៅភាគខាងត្បូងប្រទេសលីបង់។

អ៊ីរ៉ង់បានបដិសេធមិនចូលរួមកិច្ចពិភាក្សាសន្តិភាពជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសប៉ាគីស្ថាន ដែលជាការបដិសេធ​មួយដែលលោក Trump ចាត់ទុកថាដោយសារតែកង្វះការឯកភាពគ្នាក្នុងទីក្រុងតេអេរ៉ង់លើយុទ្ធសាស្ត្រចរចា។ របបអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងមិនចូលរួមកិច្ចពិភាក្សាឡើយ ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងរំលោភ​លើ​បទ​ឈប់​បាញ់​ដែល​សម្របសម្រួលដោយប៉ាគីស្ថាន ជាពិសេសក្នុងអំឡុងពេលនៃការដាក់ការបិទខ្ទប់ផ្លូវទឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ