ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ខែមេសានេះ បានប្រកាសដាក់ទណ្ឌកម្ម លោក កុក អាន សមាជិកព្រឹទ្ធសភាបក្សប្រជាជនកម្ពុជាដែលជាមនុស្សជំនិតរបស់ លោក ហ៊ុន សែន ក្នុងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញទូទាំងប្រទេសកម្ពុជា ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្តេជ្ញាថា នឹងលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញនេះឱ្យអស់ក្នុងខែមេសានេះ។
វិធាននេះ ជំរុញឱ្យអ្នកឃ្លាំមើល បារម្ភថា អាចជាការផ្តល់សញ្ញាអាសន្ន ដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលបានប្តេជ្ញាចិត្តបោសសម្អាតឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា ឱ្យអស់ត្រឹមខែមេសានេះ តែមេខ្លោងស្និទ្ធនឹងមេដឹកនាំ ដែលសហគមន៍អន្តរជាតិចង្អុលបង្ហាញ មិនទាន់ត្រូវបានចាប់ខ្លួន។
បច្ចុប្បន្ន រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើការបង្ក្រាបយ៉ាងក្តៅគគុកទៅលើឧក្រិដ្ឋកម្មឆបោកអនឡាញនេះ ដោយបានចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធរាប់ពាន់នាក់។ ប៉ុន្តែទោះយ៉ាងណា អ្នកឃ្លាំមើលចាត់ទុកការបង្ក្រាបនេះ ថាគ្រាន់តែជាការសម្តែងដើម្បីបំភ័នភ្នែកអន្តរជាតិប៉ុណ្ណោះ ខណៈមេខ្លោងធំៗដែលសហរដ្ឋអាមេរិកបានចង្អុលមុខ មានដូចជា លោកកុក អាន លោកលី យ៉ុងផាត់ លោកទ្រី ភាព លោកហ៊ុន តូ និងមន្ត្រីឧកញ៉ាគ្រាក់ៗផ្សេងទៀត ដែលជាអ្នករកលុយចិញ្ចឹមគ្រួសារហ៊ុន និងចិញ្ចឹមគណបក្សប្រជាជនកម្ពុជា ពុំទាន់ឃើញត្រូវបានចាប់ខ្លួនម្នាក់នៅឡើយ។
នៅក្នុងរបាយការណ៍ជាភាសាអង់គ្លេសជាង១០ទំព័រ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ចេញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានកំណត់អត្តសញ្ញាណនិងដាក់ទណ្ឌកម្ម លោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ដែលគ្រប់គ្រងទីតាំងឆបោកនានានៅទូទាំងប្រទេស ព្រមទាំងបុគ្គល និងអង្គភាពចំនួន ២៨ផ្សេងទៀត នៅក្នុងបណ្តាញរបស់លោក។ ប្រតិបត្តិករឆបោកនៅអាស៊ីអាគ្នេយ៍នៅក្នុងបណ្តាញនេះ បានលួចប្រាក់រាប់លានដុល្លារពីជនរងគ្រោះជនជាតិអាមេរិក ក្នុងប្រតិបត្តិការ ក្រោមការការពាររបស់លោក កុក អាន និងទំនាក់ទំនងនយោបាយរបស់លោក។
បើតាមOFAC លោក កុក អាន និងបណ្តាញមជ្ឈមណ្ឌលឆបោករបស់បក្សពួកលោក ដែលប្រតិបត្តិការចេញពីកាស៊ីណូ និងមជ្ឈមណ្ឌលការិយាល័យដែលត្រូវបានកែច្នៃសម្រាប់ការងារឆបោក បានធ្វើការលាងលុយកខ្វក់ដែលបានមកពីជនរងគ្រោះ និងផ្តល់ជាមូលដ្ឋានដើម្បីកំណត់គោលដៅលើពលរដ្ឋអាមេរិក និងប្រព្រឹត្តការរំលោភសិទ្ធិមនុស្សដោយគ្មានទោសពៃរ៍។
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ត្រូវបានស្រស់សម្តីក្នុងសេចក្តីប្រកាសនេះថា៖«ការលុបបំបាត់ការឆបោក គឺជាអាទិភាពចម្បងសម្រាប់រដ្ឋបាលរបស់លោក ត្រាំ។ ក្រសួងរតនាគារនឹងបន្តកំណត់គោលដៅលើជនឆបោក និងមជ្ឈមណ្ឌលឆបោកដែលលួចប្រាក់រាប់ពាន់លានដុល្លារពីប្រជាជនអាមេរិកដែលខំធ្វើការ ទោះបីជាពួកគេប្រតិបត្តិការនៅទីណាក៏ដោយ ឬមានទំនាក់ទំនងល្អកម្រិតណាក៏ដោយ»។
ដោយទទួលស្គាល់នូវគ្រោះថ្នាក់ដ៏ធំធេងដែលមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ បង្កឡើងដល់ជនជាតិអាមេរិក កម្លាំងកិច្ចការបង្ក្រាបមជ្ឈមណ្ឌលឆបោកបានបញ្ជាឱ្យភ្នាក់ងារ និងមេធាវីមកពីទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ធ្វើការស៊ើបអង្កេត រំខាន និងកាត់ទោសមជ្ឈមណ្ឌលឆបោកដែលអាក្រក់បំផុត និងមេដឹកនាំរបស់ពួកគេ ដោយផ្តោតលើប្រទេសភូមា កម្ពុជា និងឡាវ។ នេះបើតាម OFAC។
ការប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិក លើមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែតអាមេរិកមួយបានចុះផ្សាយរឿងឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាដោយហៅកម្ពុជាថា «Scambodia» ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជា។
ទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញនេះ នៅក្នុងកិច្ចជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាថ្មីទៀត ឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)ដោយគ្មានបង្អង់ដៃឡើយ។
កាលពីថ្ងៃទី៤ខែមីនា លោកហ៊ុន ម៉ាណែត បានថ្លែងនៅចំពោះបណ្ដាអង្គទូត និងធុរជនបរទេសថា រាជរដ្ឋាភិបាល បានសម្រេចផ្លាស់ប្តូរនូវគោលនយោបាយជាតិពីការទប់ស្កាត់ ឱ្យទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦នេះ ដើម្បីបង្កើនបរិយាការវិនិយោគប្រកបដោយសុវត្ថិភាពនិងប្រកបដោយទំនុកចិត្ត។
ចំណែក លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃទី២២ខែមេសាថា បើរាប់ត្រឹមពីថ្ងៃទី៣ខែមេសា មកដល់ថ្ងៃទី២០ខែមេសា សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបចេ្ចកវិទ្យាបានចំនួន ២៣កន្លែង នៅតាមរាជធានី ខេត្តចំនួន៨ ក្នុងនោះឃាត់ខ្លួនជនជាប់ពាក់ព័ន្ធចំនួន ១៩៥៧នាក់ ស្មើនឹង១៨សញ្ជាតិ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានប្រាប់វីអូឌីនៅថ្ងៃទី២៤ខែមេសានេះថា ការសម្រេចចិត្តរបស់ក្រសួងរតនាគារអាមេរិក ក្នុងការបង្កកទ្រព្យសម្បត្តិរបស់លោក កុក អាន និងបណ្តាញជំនួញរបស់គាត់ គឺជាសញ្ញាអាសន្នមួយ ដែលប្រាប់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត កំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាកបំផុត។ នេះគឺជាចំណុចដែលរដ្ឋាភិបាល មិនអាចប្រើត្រឹមតែពាក្យដោះសារបែបដដែលៗ ឬនិយាយថា គេរំលោភអធិបតេយ្យភាពជាតិទៀតបានឡើយ។ បញ្ហានេះ វាមិនមែនជារឿងបុគ្គលម្នាក់នោះទេ ប៉ុន្តែវាបង្ហាញពីភាពរលួយនៃប្រព័ន្ធឆបោកតាមអនឡាញនៅកម្ពុជា ដែលបានប្រើរូបភាពកាស៊ីណូធ្វើជាបង្អែក។
លោកថា៖ «ការដែលអាមេរិកហ៊ានលាតត្រដាងពីជំនួញកខ្វក់របស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នកជំនួញគ្រាក់ៗបែបនេះ គឺជាការព្រមានយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលកម្ពុជា មិនអាចធ្វើមិនដឹងមិនឮបានទៀតទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិទាំងមូល។ ខ្ញុំយល់ថា រឿងនេះ គឺជាការសាកល្បងសមត្ថភាព និងការប្តេជ្ញាចិត្តពិតប្រាកដរបស់ លោក ហ៊ុន ម៉ាណែត និងយុទ្ធនាការបង្រ្កាបឧស្សាហកម្មឆបោករបស់លោកឱ្យអស់ក្នុងខែមេសានេះ។ កន្លងមក លោក ហ៊ុន ម៉ាណែត ខំដើរប្រាប់ពិភពលោកថា កម្ពុជាជាប្រទេសទំនើប មានតម្លាភាព និងគួរឱ្យចង់មកវិនិយោគ ប៉ុន្តែទណ្ឌកម្មនេះបែរជាបង្ហាញរូបភាពផ្ទុយស្រឡះ ដែលពោរពេញដោយការជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើការខុសច្បាប់»។
សម្រាប់ លោក សេង វណ្ណលី ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនហ៊ានដាច់ចិត្តចាត់វិធានការឱ្យដាច់ស្រឡះលើ លោក កុក អាន លោក លី យ៉ុងផាត់ និងមិនកម្ទេចទីតាំងឆបោកទាំងនោះឱ្យអស់ទេ វានឹងក្លាយជាការបញ្ជាក់ថា ក្រុមឧកញ៉ាមានអំណាចខ្លាំងជាងច្បាប់រដ្ឋទៅទៀត។ ហើយការធ្វើបែបនេះ គឺស្មើនឹងការយកកេរ្តិ៍ឈ្មោះរដ្ឋាភិបាលរបស់លោកទៅដូរ ដើម្បីការពារមនុស្សតែមួយក្រុមតូច ដែលធ្វើឱ្យកម្ពុជាខូចឈ្មោះនៅលើឆាកអន្តរជាតិ។
លោកថា៖ «ខ្ញុំយល់ថា ការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកឱ្យអស់ពីកម្ពុជា គឺត្រូវការឱ្យមានឆន្ទៈនយោបាយពិតប្រាកដ នៅក្នុងការវះកាត់សាច់ស្អុយ នៅក្នុងជួរអំណាចខ្លួនឯងជាមុនសិន។ ដរាបណារដ្ឋាភិបាលនៅតែមិនទាន់ហ៊ានចាត់វិធានការច្បាប់តឹងរ៉ឹង និងបង្កកទ្រព្យសម្បត្តិបុគ្គលមានអំណាច ដូចដែលសហរដ្ឋអាមេរិកបានធ្វើទេ នោះការប្រកាសលុបបំបាត់ឱ្យអស់ក្នុងរយៈពេលខ្លីបែបនេះ អាចនឹងក្លាយជាវោហាសាស្រ្តនយោបាយ ដើម្បីសម្រាលសម្ពាធអន្តរជាតិប៉ុណ្ណោះ។ ជោគជ័យពិតប្រាកដ មិនមែនវាស់វែងត្រឹមខែមេសាទេ ប៉ុន្តែវាជាការវាស់វែងលើសកម្មភាពជាក់ស្តែង ក្នុងការបោសសម្អាតមេខ្លោងដែលនៅពីក្រោយនៃឧស្សាហកម្មឆបោក ដូចដែលលោក Scott Bessent សង្កត់ធ្ងន់ថា យុត្តិធម៌នឹងត្រូវអនុវត្តដោយមិនខ្វល់ពីបុគ្គល ឬខ្សែរយៈឥទ្ធិពលទាំងឡាយនោះទេ»។
ជាមួយគ្នានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ បានស្នើថា រដ្ឋាភិបាលគួរតែឈប់ធ្វើការបង្ក្រាបគ្រាន់តែដើម្បីបង្រ្កប់កិច្ច ហើយត្រូវចាប់ផ្តើមបង្កកទ្រព្យសម្បត្តិ និងចាត់ការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
លោកបន្តថា បើលោក ហ៊ុន ម៉ាណែត ចង់ដឹកនាំប្រទេសឱ្យរីកចម្រើនពិតប្រាកដ គឺមិនត្រូវបណ្តោយឱ្យរដ្ឋាភិបាលក្លាយជាខែលការពារអ្នករកស៊ីខុសច្បាប់ទេ ហេតុដូច្នេះជម្រើសនៅពេលនេះ គឺត្រូវជ្រើសរើសរវាងការការពារឧកញ៉ាប៉ុន្មាននាក់ ឬត្រូវការពារឆ្នាំងបាយ និងអនាគតសេដ្ឋកិច្ចរបស់ប្រជាជនខ្មែរទាំងមូល។
បន្ថែមពីនេះ លោក វណ្ណលី បានសរសេរបែបចំអកនៅលើបណ្តាញសង្គម ដោយចោទសួរថាហេតុអ្វីរឿងអាស្រូវ លោក កុក អាន ធំធេងដល់ថ្នាក់នេះ តែអ្នកនាំពាក្យ និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ស្ងាត់មាត់ឈឹង? កាលពីរឿងកាសែតអាមេរិកសរសេរហៅកម្ពុជាថា «Scambodia» ឃើញនាំគ្នាស្រែកផ្អើលមេឃ ចុះពេលនេះទៅណាអស់ហើយ?
ត្រង់ចំណុចនេះ លោក សាន់ ម៉ាឡា សកម្មជនសិទ្ធិមនុស្ស បានបន្ទរថា ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មលើ លោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋឆបោកអនឡាញ។ លោកថា អ្នកដែលធ្វើឱ្យប្រទេសរងការប្រមាថ ត្រូវបានអាមេរិកចង្អុលបង្ហាញហើយ តើអ្នកណាខ្លះនឹងចេញមុខថ្កោលទោសគាត់ ដើម្បីការពារកិត្តិយសជាតិ?។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី២៤ខែមេសានេះថា តាមពិតថៃមានចេតនាឈ្លានពានទឹកដីកម្ពុជា។ ប៉ុន្តែដើម្បីកុំឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះការឈ្លានពានទឹកដីកម្ពុជា ថៃបានយកលេសការបង្ក្រាបការឆបោកអនឡាញ ដើម្បីធ្វើការឈ្លានពានទឹកដីកម្ពុជា ខណៈដែលរដ្ឋាភិបាលត្រកូលហ៊ុន បានគប់គិតចូលដៃជាមួយមេឧក្រិដ្ឋជនឆបោកតាមអនឡាញ។
បើតាមប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាល២៣តុលាការរូបនេះ បទល្មើសនៃការឆបោកតាមអនឡាញនេះ មិនអាចបង្ក្រាបអស់នៅក្នុងខែមេសានេះ ទៅតាមការតាំងចិត្តរបស់ លោក ហ៊ុន ម៉ាណែត បានទេ ដោយសារតែមេឧក្រិដ្ឋជនធំៗនៅក្នុងបទល្មើសអនឡាញនេះ មានដូចជា លោកកុក អាន លោកលី យ៉ុងផាត់ លោកហ៊ុន តូ លោកទ្រី ភាព និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ មិនត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។
លោកថា៖ «និយាយឱ្យខ្លីទៅ បើសិនមិនហ៊ានអារសាច់ស្អុយចេញនោះទេ ដូចជា ឧកញ៉ាគ្រាក់ៗ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមិនត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសនោះទេ ហើយមិនអាចលុបបំបាត់អំពើពុករលួយបាននោះទេ ហើយប្រព័ន្ធតុលាការមិនឯករាជ្យ អាហ្នឹងមិនអាចបង្ក្រាបបទល្មើសបានទេ។ ដូច្នេះខ្ញុំយល់ថា ក្នុងខែមេសានេះ មិនអាចលុបបំបាត់អំពើឆបោកតាមអនឡាញបាននោះទេ នៅពេលដែលកម្ពុជាពោរពេញដោយអំពើពុករលួយ»។
បន្ថែមពីនេះ លោកថា បើកម្ពុជាមិនមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ មិនមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយមិនមានគណបក្សប្រឆាំងនៅក្នុងសភា ដើម្បីកោះហៅតំណាងរដ្ឋាភិបាលទៅសួរដេញដោល ពីបទល្មើសតាមអនឡាញ និងបញ្ហាជាតិផ្សេងៗ ធ្វើឱ្យមានតុល្យភាពអំណាច នោះមិនត្រឹមតែមិនអាចលុបបំបាត់អំពើឆបោកតាមអនឡាញមិនបាននោះទេ វាថែមទាំងកាន់តែធ្វើឱ្យមានបញ្ហាសង្គមកាន់តែច្រើនចាក់ស្រែសលើសពីបច្ចុបន្បន្ននេះថែមទៀត។
បើតាម OFAC លោកកុក អាន គឺជាសមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញកម្ពុជាម្នាក់ ដែលមានកម្មសិទ្ធិលើក្រុមហ៊ុន និងអចលនទ្រព្យជាច្រើននៅទូទាំងប្រទេស ដែលជាកន្លែងផ្ដល់ជម្រកដល់មជ្ឈមណ្ឌលឆបោកក្នុងនោះមានក្រុមហ៊ុនបដិសណ្ឋារកិច្ចក្រោន រីសត (Crown Resorts) មានកម្មសិទ្ធិលើកាស៊ីណូ រមណីយដ្ឋាន និងអគារផ្សេងៗទៀត នៅក្នុងក្រុងប៉ោយប៉ែត ក្រុងព្រះសីហនុ ក្រុងបាវិត និងទីក្រុងដទៃទៀតក្នុងប្រទេសកម្ពុជា ដែលត្រូវបានកែច្នៃទៅជាទីតាំងសម្រាប់អង្គការឧក្រិដ្ឋកម្មធ្វើការឆបោកការវិនិយោគទ្រព្យសម្បត្តិឌីជីថល និងការឆបោកផ្សេងៗទៀត។ នេះបើយោងតាមក្រសួងរតនាគារអាមេរិក៕









