ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងសង្គមស៊ីវិល ជំរុញជាថ្មីឱ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ អំពីបទប្បញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត ទាំងស្ថាប័នសារព័ត៌មានឯករាជ្យ និងអ្នកកាសែតបរទេស ព្រមទាំងបើកលំហសេរីភាពសារព័ត៌មានឡើងវិញ ខណៈពួកគេមើលឃើញថា ព័ត៌មានអន្តរជាតិហាក់មានភាពលំអៀងទៅរកប្រទេសថៃ ក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា លោក Casey Barnett បានលើកឡើងជាថ្មីក្នុងបណ្តាញសង្គម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា ក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លោកសង្កេតឃើញព័ត៌មានអន្តរជាតិ មានភាពលំអៀងទៅរកប្រទេសថៃ ក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ខណៈស្ថាប័នព័ត៌មានភាគច្រើន មានមូលដ្ឋាននៅទីក្រុងបាងកក ឬនៅសិង្ហបុរី ដែលហ៊ុំព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងកម្ពុជា។
លោកសរសេរក្នុងសំណេរដើមថា៖ «ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញ អំពីបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត»។
បើតាមលោក Casey Barnett សហរដ្ឋអាមេរិក មិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ហើយនោះជាហេតុផលមួយដែលសហរដ្ឋអាមេរិក គ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកល។
សម្រាប់ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការលើកឡើងជាថ្មីរបស់មន្ត្រីអាមេរិករូបនេះ ក៏ជាក្តីបារម្ភរបស់សង្គមស៊ីវិលដែលធ្វើការលើវិស័យសារព័ត៌មាននេះជាយូរមកហើយ ចាប់តាំងពីរដ្ឋាភិបាលបានបិទខ្ទប់សារព័ត៌មានឯករាជ្យធំៗមកម្លេះ ខណៈសា្ថប័នសារព័ត៌មានឯករាជ្យ និងភ្នាក់ងារសារព័ត៌មានបរទេសទាំងនោះ ជាឱសថដ៏មានប្រសិទ្ធភាពក្នុងការបន្សាបនូវព័ត៌មានមិនពិត ឬព័ត៌មានបែបភូតកុហកយ៉ាងមានប្រសិទ្ធភាព។
លោកបានថ្លែងនៅថ្ងៃទី២៤ខែមេសានេះថា៖ «សម្រាប់ខ្ញុំដោយសារតែយើងឃើញមានការផ្សព្វផ្សាយព័ត៌មានដែលមានភាពចម្រូងចម្រាស ព័ត៌មានដែលចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងសង្គ្រាមកម្ពុជា-ថៃនេះ ការបង្ហាញវត្តមាន ដើរតួនាទីរបស់ស្ថាប័នព័ត៌មានអន្តរជាតិធំៗទាំងអស់ហ្នឹង គឺមានភាពចាំបាច់ ហើយសំខាន់ណាស់ ដូច្នេះការទទូចជាថ្មីទៀតរបស់លោក គឺជារឿងមួយល្អ ដែលរដ្ឋាភិបាលលោកគួរតែពិចារណា ហើយឆ្លើយតបប្រកបដោយវិជ្ជមាន ដើម្បីធានាថាទិដ្ឋភាពដែលបានកើតឡើងពិតប្រាកដ ឬក៏ការរំលោភបំពានផ្សេងៗ ដែលបានកើតឡើងពិតប្រាកដមកលើប្រទេសកម្ពុជាហ្នឹង គឺត្រូវបានបង្ហាញទៅសាធារណៈមតិអន្តរជាតិឱ្យគេបានមើលឃើញ»។
បើតាម លោក ណុប វី កម្ពុជាអាចមើលឃើញពីភាពខុសគ្នានៃការប្រែប្រួលសង្គម នៅពេលដែលមានស្ថាប័នសារព័ត៌មានឯករាជ្យធំៗ និងក្រោយពីការបាត់បង់ស្ថាប័នទាំងនោះជិត១០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០១៧មក ជាពិសេសនៅពេលដែលកម្ពុជា បាននិងកំពុងរងការឈ្លានពានដែនអធិបតេយ្យភាពពីប្រទេសថៃ នាពេលនេះ។
បរិយាកាសប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមុនឆ្នាំ២០១៧ មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែវាមានភាពចម្រុះ ដោយមានស្ថាប័នព័ត៌មានក្នុងស្រុក ស្ថាប័នកាសែតជាភាសាអង់គ្លេសដែលមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ ស្ថាប័នផ្សព្វផ្សាយអន្តរជាតិដែលមានការិយាល័យនៅកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងឯករាជ្យជាច្រើន។
ហើយបើគេរំឭកទៅដល់ព្រឹត្តិការណ៍ផ្ទុះអាវុធ រវាងកងទ័ពខ្មែរ និងកងទ័ពថៃ កាលពីឆ្នាំ២០០៨ កម្ពុជា មានស្ថាប័នសារព័ត៌មានឯករាជ្យចម្រុះជាច្រើន បានចុះមករាយការណ៍ព័ត៌មាន នៅទីតាំងផ្ទាល់ មានដូចជា វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក(វីអូអេ) វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី និងសារព័ត៌មាន ឌឹខេមបូឌៀដេលី ជាដើម។
ស្ថាប័នសារព័ត៌មានទាំងនោះ បានបញ្ជូនអ្នកកាសែតឱ្យមកផ្ដិតយករូបភាព និងសម្ភាសន៍ជាមួយកងទ័ពផ្ទាល់ដល់ទីតាំងលេណដ្ឋាន ដើម្បីធ្វើសេចក្ដីរាយការណ៍លម្អិត ស្ដីពីបច្ចុប្បន្នភាពនៃការប៉ះទង្គិចគ្នា ឱ្យទាន់សភាពការណ៍ទៅដល់អ្នកស្ដាប់ ហើយសេចក្ដីរាយការណ៍ទាំងនេះ ត្រូវបានបកប្រែជាភាសាអង់គ្លេស មុននឹងត្រូវបានកាសែត ឬសារព័ត៌មានអន្តរជាតិជាច្រើនទៀត ដកស្រង់យកទៅចុះផ្សាយបន្ត ដែលប្រការនេះ បានធ្វើឱ្យពិភពលោកយល់កាន់តែច្បាស់ អំពីសាវតា និងគោលជំហររបស់កម្ពុជា ក្នុងពេលដែលថៃបានរំលោភលើបូរណភាពទឹកដីកម្ពុជា។
ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៧មក ស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ រហូតត្រូវបិទការិយាល័យនៅក្នុងស្រុក បន្ទាប់ពីបក្សកាន់អំណាចបានបើកយុទ្ធនាការកម្ចាត់បក្សប្រឆាំង អង្គការសង្គមស៊ីវិល និងលុបបំបាត់សំឡេងឯករាជ្យ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អ្នកស្រី ឆន សុគន្ធា ក៏ឯកភាពការលើកឡើងរបស់លោក Casey Barnett ដែរ ដោយថា សារព័ត៌មានធំៗ មានមូលដ្ឋាននៅប្រទេសថៃ និងសិង្ហបូរី ហើយជាងនេះទៅទៀត អ្នកសារព័ត៌មានទាំងនោះក៏មានជនជាតិថៃផងដែរ ដូច្នេះចង់មិនចង់ ដើម្បីជាប្រយោជន៍ជាតិរបស់គេ ទោះតិចឬច្រើន ពេលសរសេរព័ត៌មានពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គឺពួកគេតែងតែលំអៀងទៅប្រទេសគេហើយ។
ជាមួយគ្នានេះដែរ អ្នកស្រីបន្តថា ការរិតត្បិតសេរីភាពសារព័ត៌មាន ជាពិសេសសារព័ត៌មានដែលហ៊ានរាយការណ៍បែបស្ថាបនាពីបញ្ហាសង្គម និងការបិទខ្ទប់អ្នកសារព័ត៌មានបរទេសដែលរាយការណ៍ពីរឿងបរិស្ថាននាពេលកន្លងមក គឺមិនមានផលចំណេញអ្វីដល់ប្រទេសកម្ពុជានោះទេ ដែលការណ៍នេះ អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញលើបញ្ហានេះ។
អ្នកស្រីសរសេរក្នុងសំណេរដើមថា៖ «រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែពិនិត្យមើលឡើងវិញ នូវតួនាទីរបស់អ្នកសារព័ត៌មានដែលហ៊ានរាយការណ៍បែបស្ថាបនាជួយដល់សង្គម និងប្រទេសច្រើន ពិសេសពេលមានវិបត្តិនៅបណ្តោយព្រំដែន អ្នកសារព័ត៌មានទាំងនោះហ៊ាននិយាយ និងធ្វើឲ្យពិភពលោកបានដឹងពីការឈ្លានរបស់ប្រទេសថៃ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បានទេ នៅថ្ងៃសុក្រនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការផ្តល់អាជ្ញាប័ណ្ណដល់អ្នកកាសែតបរទេស និងស្ថាប័នសារព័ត៌មានឯករាជ្យ គឺជារឿងមួយសំខាន់ ដែលរដ្ឋាភិបាលកម្ពុជា គួរពិចារណាអនុញ្ញាតឱ្យពួកគេអាចមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដើម្បីអាចជួយផ្សព្វផ្សាយទាំងព័ត៌មានជាតិ និងអន្តរជាតិ ដែលមានតម្លាភាព ជាក់លាក់ និងឥតលម្អៀង ទៅកាន់ពិភពលោកបានដឹង ជាពិសេសកំឡុងពេលដែលប្រទេសថៃបាននិងកំពុងឈ្លានពានទឹកដីកម្ពុជានេះ។
លោកថា៖ «កន្លងមកយើងឃើញថា មានការរិះគន់ច្រើនសម្រាប់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសលំហសារព័ត៌មាន ចឹងបើសិនជាមានការបើក និងការផ្តល់អាជ្ញាប័ណ្ណសម្រាប់អ្នកសារព័ត៌មានបរទេស ឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា គឺជាការបង្ហាញមួយរបស់កម្ពុជាក្នុងការបើកលំហសេរីភាពសារព័ត៌មាន ហើយក៏បង្ហាញអំពីឯករាជ្យភាពនៃសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា អីចឹងចំណុចនេះវាមិនមានអ្វីដែលខាតបង់ទេសម្រាប់កម្ពុជា ក៏ប៉ុន្តែគ្រាន់តែថានៅក្នុងការផ្តល់អាជ្ញាប័ណ្ណហ្នឹង គឺត្រូវអនុវត្តទៅតាមច្បាប់ ទៅតាមនីតិវិធីឱ្យបានត្រឹមត្រូវ ហើយក្នុងនាមវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវ អាហ្នឹងវាការល្អមួយ»។
គួររំលឹកដែរថា ក្នុងករណីផ្ទុះអាវុធចំនួន២លើក រវាងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែន កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ មហាជននៅលើបណ្ដាញសង្គមជាច្រើន បានលើកឡើងថា ពួកគាត់មិនបានទទួលបានព័ត៌មានលម្អិត ដែលស៊ីជម្រៅ ពីតំបន់ព្រំដែននោះឡើយ ទោះបីជារឿងទាំងនោះ មិនពាក់ព័ន្ធនឹងសន្តិសុខជាតិ ឬយុទ្ធសាស្ត្រយោធាក្ដី ខណៈព័ត៌មានដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពវិញ ក្រសួងការពារជាតិ ឬស្ថាប័នសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ចេញ ឬប្រកាសតិចតួចប៉ុណ្ណោះ ស្របពេលដែលរឿងរ៉ាវពាក់ព័ន្ធសំខាន់ៗផ្សេងទៀត មិនត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះឡើយ។
តាមរបាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ហៅកាត់ RSF ចេញផ្សាយកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា ចំនួន១០លេខ ពោលធ្លាក់ពីចំណាត់ថ្នាក់ទី១៥១ នៅឆ្នាំ២០២៤ មកទី១៦១ នៅឆ្នាំ២០២៥។ មូលហេតុដែលអង្គការនេះ ទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា គឺដោយយោងលើចំណុចសំខាន់ៗមួយចំនួន ដូចជាបរិយាកាសនៃប្រព័ន្ធផ្សព្វផ្សាយ បរិបទនយោបាយ ក្របខណ្ឌច្បាប់ បរិបទសេដ្ឋកិច្ច បរិបទសង្គម វប្បធម៌ និងបញ្ហាសុវត្ថិភាព។
យ៉ាងណាក៏ដោយចុះ អ្នកធ្វើការផ្នែកសារព័ត៌មាន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ ព្រោះសារព័ត៌មានឯករាជ្យនេះហើយ គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីការដឹកនាំរបស់រដ្ឋាភិបាល និងពាំនាំរឿងរ៉ាវរបស់កម្ពុជា ប្រាប់ទៅកាន់ពិភពលោក៕









