រោងចក្រ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ប្រកាស​បិទ​ទ្វារ​ជំរុញ​ឱ្យ​កម្មករ​បារម្ភ​បាត់​ប្រាក់​អត្ថ​ប្រយោជន៍

កម្មករ​​នៅ​រោង​ចក្រ ML Intimate Apparel (Cambodia) Ltd ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ប៉ោយ​ប៉ែត ប្រកាស​បិទ​ទ្វារ នៅ​ថ្ងៃ​ចន្ទ​នេះ ធ្វើ​ឱ្យក​ម្មករ​រាប់​សឹប​នាក់​បារម្ភ​បាត់​បង់​ប្រាក់​ឈ្នួល​កន្លះ​ខែ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត បន្ទាប់ពី​​ក្រុម​ហ៊ុន​សន្យារយៈ​ពេល​៣ខែក្រោយ ​បាន​ទូទា​ត់​ឱ្យ។

មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារនិងសិទ្ធិ​មនុស្ស បានអះអាង​លើគេហទំព័ររបស់ខ្លួននៅថ្ងៃទី២៧​ខែ​មេសា​នេះ​ថា ក្រុមកម្មករ​នៅរោងចក្រនេះប្រមាណជិត ៥០០ នាក់ បានធ្វើការជួបប្រជុំនៅមុខរោងចក្រ ស្ថិត​នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស អូរនាង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បី​សួរនាំករណី​ពន្យាពេល ក្នុងការបើកប្រាក់ឈ្នួលជូន​កម្មករ និង​ព័ត៍មានក្រៅផ្លូវការដែល​រោង​ចក្រ គ្រោង​បិទទ្វារក្នុងពេលដ៏ខ្លីខាងមុខ។

អ្នកស្រី រស់់ ស្រីនាង ឱ្យវីអូឌីដឹងថា ភាគីរោងចក្របានប្រកាសបិទទ្វារជាផ្លូវការហើយ គិតចាប់ពីថ្ងៃទី២៧​ខែមេសានេះ​ទៅ ក្រោយប្រកាសឱ្យពួកគេឈប់សម្រាកនៅថ្ងៃបុណ្យចូលឆ្នាំ ទោះធ្លាប់ប្រាប់ថាពួកគេត្រូវ​ត្រឡប់មកធ្វើនៅថ្ងចន្ទនេះវិញ។

អ្នកស្រីបន្តថា ភាគីក្រុមហ៊ុន អះអាងថា មូលហេតុនៃការប្រទេសបិទទ្វាររោងចក្រឈប់ដំណើរនេះដោយ​ភាគីក្រុមហ៊ុន​សំអាងពីជួបញ្ហាហិវត្ថុវត្តុធ្ងន់ធ្ងរមិនអាចដំណើរទៅទៀតបាន ប៉ុន្តែថា ក្រុមហ៊ុនសន្យា​៣ខែទៀត​ទើបទូទាត់ប្រាក់អត្ថប្រយោជន៍មួយចំនួនជូនកម្មករ។

យ៉ាងណា អ្នកស្រីថា កម្មករទាំងអស់បារម្ភខ្លាចបាត់បង់ប្រាក់ខែកន្លះខែ ដែលក្រុមហ៊ុន​មិនទាន់បានបើកឱ្យ រួម​ទាំង​ប្រាក់​អត្ថប្រយោជន៍​ដែលត្រូវទទួលបាន បើគ្មានការធានាពីក្រសួងពាក់ព័ន្ធទេនោះ។

អ្នកស្រីថា៖ «ខ្ញុំអត់មានសំណើរអីច្រើនទេ ខ្ញុំគ្រាន់តែសំណើរចង់ឱ្យក្រុមហ៊ុនជួយដោះស្រាយរឿងលុយ អាលុយសំណង​សងយើង ឱ្យនៅសល់រយៈពេលខ្លី កុំឱ្យរយៈពេលយូ ព្រោះអីយើងមានកូនតូចផង ជីវៈភាពយើងខ្វះខាត ណាមួយយើងចង់ទៅរកការងារអីផ្សេងទៀត វាទៅអត់រួច អត់ទាន់គិតអីចេញ ព្រោះសេដ្ឋកិច្ចឥឡូវវាពិបាក ហើយខ្ញុំនៅជាយដែន វាសុទ្ធតែមានផលពិបាកដល់ពេលចឹងត្រូវការលុយហ្នឹង ដើម្បីធ្វើដំណើរទៅរកការងារផ្សេងៗទៀត»។

តំណាងកម្មករនៅរោចក្រនេះ គឺលោក គីម តូនិច ឱ្យដឹងដែរថា នៅព្រឹកនេះ មានមន្ត្រីមកពីស្ថាប័ន​ពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ មកជួបតំណាងកម្ម និងភាគីក្រុមហ៊ុន ប៉ុន្តែថា ការផ្តល់​ដំណោះស្រាយ​ លើជម្រើសផ្តល់ប្រាក់អត្ថប្រយោជន៍ អំពីការបិទទ្វាររបស់ក្រុមហ៊ុន ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ដែលធ្វើឱ្យកម្មករមានការព្រួយបារម្ភ​ពីការបិទដំណើរការរោងចក្រនេះ។

លោកថា៖ «ប្រាក់ខែនេះ​នៅជំពាក់នៅឡើយ នៅជំពាក់កន្លះខែចុងក្រោយ កន្លះខែចុងក្រោយហើយ​នៅវគ្គទី១ ហើយ​និយាយទៅ១​ខែបើក២ដង វគ្គទី១មិនទាន់បើកទេ ហើយវគ្គទី២ យើងធ្វើការបាន​ប៉ុន្មានថ្ងៃទៀតនោះ វគ្គទី២ ត្រូវបិទមុនចូលឆ្នាំត្រូវក្រុមហ៊ុនគិតឱ្យដែរអាហ្នឹង ប៉ុន្តែនៅ​ទាំងអស់​ក្នុងមួយខែហ្នឹង។

វីអូឌី មិនអាចរកការបំភ្លឺជុំវិញបញ្ហានេះ​ពីភាគីរោងចក្របានទេ ។

ដោយឡែក ប្រធានមន្ទីការងារខេត្តបន្ទាយមានជ័យ លោក ហេង ប្រកប អះអាងថា លោកមិនបាន​ចូលរួមដោះស្រាយរឿងនេះទេ ដោយកំពុងជាប់បេសកកម្ម នៅរាជធានីភ្នំពេញ​នៅឡើយ​។

លោកថា៖ «ហើយការនេះ មានក្រុមការងារអធិការកិច្ចគាត់កំពុងធ្វើការហ្នឹងឯង»។

សម្រាប់អ្នកជំនាញការងារ​ដែលមានបទពិសោធន៍ជាង១០ឆ្នាំ​​​ លោក អាត់ ធន់ និយាយថា វិធាន​ដោះស្រាយ​ដោយតម្លាភាព ដើម្បីធានាការថៅកែរោងចក្រមិនគេចវេសពីការទូទាត់សំណងជូនកម្មករ គឺស្ថាប័នពាក់ព័ន្ធ អាចប្រើវិធាន​បង្កកទ្រព្យសម្បត្តិ ឬដកលិខិតឆ្លងដែនពីថៅកែ​ក្រុមហ៊ុន ដោយរង់ចាំការភាគីក្រុមហ៊ុន ទូទាត់​សំណងឱ្យកម្មកររួចរាល់ ចាំប្រគល់ឱ្យ​វិញ​។

​តែយ៉ាងណា លោក​កត់សម្គាល់ោថា កន្លងមក កម្មករជាច្រើន ត្រូវបានបាត់បង់អត្ថប្រយោជន៍នេះ ដោយ​សារ​តែ​កា​រ​អនុវត្តច្បាប់នៅមានកម្រិត។

លោកថា៖ «ការគណនាការទូទាត់ការអីផ្សេងៗឱ្យបានត្រឹមត្រូវហ្នឹង គឺជារឿងចាំបាច់ណាស់ ចឹង​ហើយ​បានជាកន្លង​មក និយោជកតែងតែធ្វើអីផ្តេសផ្តាស ហើយក៏សម្រួលជាមួយហ្នឹងជាមួយ​ខាងក្រសួង​ ដើម្បីបញ្ចប់ប៉ុន្តែរឿងត្រឹមត្រូវ​បើ​និយោជក ហើយនឹងសហជីពឯករាជ្យធ្វើការ​ជជែកគ្នា ហើយក៏ក្រសួងនៅកណ្តាលក្នុងការជួយសម្រួល ខ្ញុំគិតថា វាឥទ្ធិពលប៉ុន្តែបើសិនជាមិន​មានសហជីពឯករាជ្យ មិនមានអ្នកណាតំណងឱ្យកម្មករពិតប្រាកដទេ កន្លង​មក យើងតែង​តែ​ឃើញខ្វះខាត ហើយមិនដឹងថាគេធ្វើយ៉ាងម៉េចគ្មានតម្លាភាពខ្លាំងទេ ខ្ញុំគិតថា កម្មកររងគ្រោះ​ច្រើន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ