អ្នកឃ្លាំមើល និងអ្នកនយោបាយប្រឆាំង លើកឡើងថា កម្ពុជានឹងមិនអាចខ្លាំងដូចអ្វីដែល លោក ហ៊ុន ម៉ាណែត ហាក់ទើបតែភ្ញាក់ខ្លួនទទួលស្គាល់ និងគ្រាន់តែនិយាយបែបប្រជាភិថុតិ ដើម្បីទាក់ទាញការចាប់អារម្មរណ៍ ប៉ុន្តែមិនបានអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងនោះបានទេ ស្របពេលដែលធនធានបញ្ញវន្តត្រូវបានចាប់ដាក់គុក និងមតិរិះគន់ក្នុងន័យស្ថាបនាត្រូវបានផាត់ចេញពីដំណើរការកសាងជាតិ។
ប្រតិកម្មទាំងនេះ បានកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកោះពេជ្រ កាលពីថ្ងៃទី២៦ខែមេសាថា រហូតមកដល់ម៉ោងនេះ កម្ពុជាបានទទួលផលលាភខ្លាំងណាស់ពីសន្តិភាព ប៉ុន្តែលោកថា សន្តិភាពពិបាករកនិងពិបាកថែទាំ។
លោកថា៖ «នៅក្នុងបរិបទនៃពិភពលោកដែលប្រែប្រួល ដើម្បីការពារសន្តិភាពយើងត្រូវតែខ្លាំង។ គ្មានអ្នកណាមកការពារឱ្យយើងទេ ខ្លាំងវិស័យការពារជាតិ និងខ្លាំងសេដ្ឋកិច្ចជាតិ ដាក់ទិសដៅនេះទៅ។ សេដ្ឋកិច្ចខ្លាំងមានលុយពង្រឹងប្រជាពលរដ្ឋមានជីវភាពរឹងមាំចំណេះដឹង រឹងមាំហ្នឹងហើយបានការពារសន្តិភាពបានអត់អាចសុំពីណាគេបានទេ។ សន្តិភាពយើងធ្លាប់តែផ្តោតទៅលើសង្គ្រាមផ្ទៃក្នុង ប៉ុន្តែបរិបទនៃការប្រែប្រួលត្រូវឱ្យយើងមានសមត្ថភាពការពារជាតិ ដើម្បីថែរក្សាសន្តិភាពរបស់យើង។ អ៊ីចឹងត្រូវតែពង្រឹងវិស័យការពារជាតិ និងពង្រឹងធនធានមនុស្សរបស់យើង និងពង្រឹងសេដ្ឋកិច្ចសង្គមរបស់យើង ត្រូវដើរជាមួយគ្នានេះ គឺជាការពិតដែលត្រូវធ្វើ»។
អ្វីដែល លោក ហ៊ុន ម៉ាណែត បានលើកឡើង គឺត្រូវបានអ្នកនយោបាយប្រឆាំង និងបញ្ញវន្តខ្មែរ លើកយកមកពិភាក្សាយ៉ាងក្តៅគគុក ចាប់តាំងពីថៃលើកទ័ពចូលមកឈ្លានពានកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥មកម្លេះ ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហាក់មិនបានអើពើ ក្នុងការធ្វើឱ្យកម្ពុជាខ្លាំងនោះទេ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ បានប្រាប់វីអូឌីនៅថ្ងៃទី២៧ខែមេសានេះថា ការលើកឡើងរបស់ លោកហ៊ុន ម៉ាណែត អំពីការពង្រឹងវិស័យយោធា និងសេដ្ឋកិច្ច ដើម្បីការពារសន្តិភាពនិងឯករាជ្យភាពជាតិនេះ គឺជាការឆ្លុះបញ្ចាំងពីទស្សនទានដែលប្រាកដនិយមនៅក្នុងភូមិសាស្ត្រនយោបាយដែលតួអង្គនយោបាយជាច្រើនតែងតែលើកឡើងជាទូទៅ។ យ៉ាងណាក្តី ការលើកឡើងដែលមហាជនមើលឃើញថា ជាការភ្ញាក់ខ្លួនស្ទើរតែយឺតពេលរបស់លោកហ៊ុន ម៉ាណែត អាចបណ្តាលមកពីគម្លាតរវាងវោហាសាស្ត្រនយោបាយ និងលទ្ធផលជាក់ស្តែងនៅក្នុងការអនុវត្ត ដែលកន្លងមកបញ្ហាប្រឈមជាច្រើននៅក្នុងសង្គមនៅតែបន្តអូសបន្លាយ។
ចំពោះការលើកឡើងដែលថា លោកហ៊ុន ម៉ាណែត តែងតែនិយាយច្រើន ប៉ុន្តែលទ្ធផលដែលសម្រេចបានមានតិចតួច អ្នកវិភាគរូបនេះ ថ្លែងថា វាបង្ហាញឱ្យឃើញពីសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើលោកហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាដែលចាក់ឫសជ្រៅក្នុងសង្គម។ វិបត្តិដូចជាបញ្ហាឆបោកតាមអនឡាញ និងអំពើពុករលួយមិនត្រឹមតែបំផ្លាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាឧបសគ្គរាំងស្ទះដល់ការរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យខ្លាំងពិតប្រាកដ។
លោកថា៖ «ប្រសិនបើស្ថាប័នរដ្ឋនៅតែមានភាពធូររលុងនៅក្នុងការពង្រឹងច្បាប់ នោះទោះបីជាមានការប្រកាសពីគោលនយោបាយល្អៗយ៉ាងណាក៏ដោយ ក៏វាពិបាកនឹងទទួលបានការជឿជាក់ពីសាធារណជននិងវិនិយោគិនបរទេសដែរ។ ដើម្បីឱ្យកម្ពុជាមានភាពខ្លាំងពិតប្រាកដក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំគិតថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ចាំបាច់ត្រូវងាកមកពង្រឹងផ្ទៃក្នុងឱ្យមានភាពស្អិតរមួតជាងមុន។ ការងារអាទិភាពបំផុត គឺការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ ដើម្បីធានាថា ការដឹកនាំរដ្ឋផ្អែកទៅលើសមត្ថភាពនិយមជាជាងបក្ខពួកនិយម»។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថា ជាការពិតទាល់តែកម្ពុជាខ្លាំង ទាំងសេដ្ឋកិច្ច ខ្លាំងទាំងយោធា ទើបអាចការពារទឹកដីបាន ពីព្រោះនៅពេលដែលសេដ្ឋកិច្ចយើងខ្លាំង យើងមានប្រាក់ច្រើនអាចធ្វើទំនើបកម្មវិស័យយោធាបាន ដូចជាត្រូវចំណាយទិញសព្វាវុធទំនើបៗឱ្យបានច្រើននិងចិញ្ចឹមកងទ័ពឱ្យបានល្អ។ ប៉ុន្តែយ៉ាងណាក្តី មេដឹកនាំស្ថាប័នកិច្ចការព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាល២៣តុលា រូបនេះបានចោទសួរថា តើកម្ពុជាអាចខ្លាំងបានយ៉ាងដូចម្តេចបើនៅក្រោមការដឹកនាំចាប់តាំងពីលោកហ៊ុន សែន រហូតមកដល់លោកហ៊ុន ម៉ាណែត ពោរពេញទៅដោយអំពើពុករលួយបក្ខពួកនិយមជាប្រព័ន្ធ មន្ត្រីខិលខូចគប់គិតគ្នាការពារគ្នាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ?
លោកថា៖ «កម្ពុជាយើងខ្លាំងយ៉ាងម៉េចនៅពេលការដឹកនាំក្នុងកំឡុងពេលលោកហ៊ុន សែន ដឹកនាំ សម័យលោកហ៊ុន ម៉ាណែត ដឹកនាំហ្នឹង មានអំពើពុករលួយបក្ខពួកនិយមគ្រួសារននិយម ហើយមួយទៀតមិនមានការកំណែទម្រង់ប្រព័ន្ធដឹកនាំការដឹកនាំផ្តាច់ការពុករលួយបក្ខពួកនិយមដដែល លោកហ៊ុន ម៉ាណែតដឹកនាំដូចឪពុករបស់គាត់។ ហើយនៅពេលលោកហ៊ុន ម៉ាណែត ដឹកនាំយ៉ាប់ជាងលោកហ៊ុន សែន ដឹកនាំទៅទៀត មានបញ្ហាឆបោកតាមអនឡាញហ្នឹងច្រើនជាងសម័យលោកហ៊ុន សែន ដឹកនាំហើយឧកញ៉ាបោកប្រជាពលរដ្ឋក៏ច្រើនទៀត។ ដល់ចឹងអត់អាចកំណែទម្រង់ការដឹកនាំបានឱ្យសេដ្ឋកិច្ចខ្លាំង ដើម្បីពង្រឹងវិស័យយោធានោះទេ នៅពេលដែលរបៀបដឹកនាំផ្តាច់ការពុយរលួយបក្ខពួកនិយមគ្រួសារនិយម»។
លោកបន្តថា ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺធ្វើឱ្យកម្ពុជាខ្សោយទាំងសេដ្ឋកិច្ច និងវិស័យការពារជាតិ ដូច្នេះវាជាឱកាសដែលប្រទេសជិតខាងអាចឈ្លានពានទឹកដីកម្ពុជាបានតាមអំពើចិត្ត ដូចដែលយើងបានមើលឃើញបច្ចុប្បន្ន។
ចំណែក លោក សួន សូរីដា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបច្ចប្បន្នបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន ក៏បានប្រាប់វីអូឌីនៅថ្ងៃទី២៧ខែមេសានេះថា លោកមានការរីករាយនៅពេលឮ លោកហ៊ុន ម៉ាណែត បានលើកឡើងអំពីការធ្វើឱ្យកម្ពុជាខ្លាំងនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជា ត្រូវបានទន្ទ្រានឈ្លានពានដោយទាហានសៀម។ លោកលើកឡើងថា អ្វីដែលលោករីករាយ គឺដោយសារតែកន្លងមកពួកលោកដែលជាគណបក្សប្រឆាំងបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យខ្មែរខ្លាំងក្នុងកំឡុងពេលមានការឈ្លានពានពីទាហានសៀម។ ប៉ុន្តែរដ្ឋាភិបាលហាក់ដូចជាធ្វើសោះអង្គើយមិនបានធ្វើការកែទម្រង់ ឬក៏កែលម្អនូវការដឹកនាំរបស់ខ្លួនដើម្បីធ្វើឱ្យកម្ពុជាខ្លាំងនោះទេ។
បន្ថែមពីនេះ លោកសួន សូរីដា ក៏បានលើកឡើងដែរថា ដើម្បីធ្វើឱ្យខ្មែរខ្លាំងចាំបាច់ណាស់ត្រូវឈរលើកត្តា៣សំខាន់ធំៗ ទី១គឺការឯកភាពជាតិ ការផ្សះផ្សាជាតិ និងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមរយៈការដោះលែងអ្នកទោសនយោបាយ មានដូចជា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោកថាច់ សេដ្ឋា កញ្ញា សេង ធារី និងអ្នកទោសនយោបាយ ព្រមទាំងសកម្មជនសង្គម សកម្មជនបរិស្ថានជាដើម។
លោកថា៖ «ការផ្សះផ្សាជាតិនាំមកនូវការឯកភាពជាតិ ដែលជាចំណែកមួយដ៏សំខាន់សម្រាប់ធ្វើឱ្យខ្មែរយើងខ្លាំងផងដែរ។ ទីពីរការកសាងនិងការកែទម្រង់នូវប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ តាមរយៈការបន្ថយចំនួនមន្ត្រីរាជការស្អេកស្កះ នៅតាមក្រសួង មន្ទីរជាដើម ដើម្បីធ្វើយ៉ាងម៉េចឱ្យរដ្ឋាភិបាល គឺសល់ថវិកាច្រើន នៅក្នុងការយកទៅចំណាយក្នុងស្ថានភាពបច្ចុប្បន្ន ដែលត្រូវការចាំបាច់នៅក្នុងការទប់ទល់ជាមួយទាហានសៀមឈ្លានពាន គឺការពង្រឹងនិងធ្វើទំនើបកម្មលើវិស័យយោធា។ តែរដ្ឋាភិបាលហាក់ដូចជាមិនបានធ្វើកិច្ចការហ្នឹងទេ ហើយទី៣គឺឱ្យរដ្ឋាភិបាលកម្ចាត់អំពើពុករលួយបក្ខពួកនិយមនៅក្នុងការដឹកនាំរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន»។
សម្រាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បើសិនរដ្ឋាភិបាលអាចធ្វើបាននូវចំណុចសំខាន់ទាំង៣ខាងលើនេះ លោកយល់ថា វាជាជំហានដំបូងដែលបង្ហាញអំពីឆន្ទៈពិតប្រាកដ ចំពោះសម្តីដែលលោកហ៊ុន ម៉ាណែត លើកឡើង ប៉ុន្តែប្រសិនបើអ្វីដែលបាននិយាយ គ្មានឆន្ទៈពិតប្រាកដក្នុងការអនុវត្តឱ្យបានសម្រេច នោះវាគ្រាន់តែជាការនិយាយឱ្យតែពីរោះស្តាប់ ឬក៏អាចថា ជាវោហាសាស្ត្រប្រជាភិថុតិដើម្បីយកចិត្តពលរដ្ឋតែប៉ុណ្ណោះ។
លោក អ៊ុំ សំអាន យល់ស្របទៅនឹងការលើកឡើងរបស់ លោក សូរីដា ដោយលោកបានផ្តល់ជាគំនិតបន្ថែមថា រដ្ឋាភិបាលក៏ចាំបាច់ត្រូវលុបបំបាត់អំពើពុករលួយគ្រួសារនិយមបក្ខពួកនិយម ដែលកំពុងតែស៊ីរូងផ្ទៃក្នុងបំផ្លាញកម្ពុជា និងត្រូវធ្វើទំនាក់ទំនងការទូតឱ្យបានល្អប្រសើរឡើងវិញ ជាមួយប្រទេសលោកសេរី ដើម្បីបានប្រព័ន្ធអនុគ្រោះពន្ធEBA២០ភាគរយ ពីអឺរ៉ុប និងប្រព័ន្ធ GSP ពីអាមេរិកមកវិញ ខណៈទំនិញកម្ពុជាភាគច្រើននាំទៅកាន់ប្រទេសសេរី ។
បន្ថែមពីនេះ កម្ពុជាត្រូវដើរមករកផ្លូវប្រជាធិបតេយ្យឡើងវិញ ដោយរៀបចំឱ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លុបបំបាត់អំពើឆបោកតាមអនឡាញ ធ្វើកំណែទម្រង់ប្រព័ន្ធតុលាដើម្បីទាក់ទាញអ្នកវិនិយោគទុន ភ្ញៀវទេសចរឱ្យចូលមកវិនិយោគនិងមកកម្សាន្តនៅកម្ពុជា នៅពេលនោះ កម្ពុជានឹងមានការរីកចម្រើន ហើយអាចពង្រឹងវិស័យការពារជាតិយើងឱ្យខ្លាំង និងអាចការពារទឹកដីនៅតាមព្រំដេនបានហើយ។
សម្រាប់ លោកវន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគ បានសរសេរលើបណ្តាញសង្គមដោយហៅការថ្លែងរបស់លោកហ៊ុន ម៉ាណែត ថា ទើបភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃថាសេដ្ឋកិច្ចខ្លាំង យោធាខ្លាំង ទើបអាចការពារសន្ដិភាពបាន ប៉ុន្ដែជាង៣០ឆ្នាំនេះ បែរជារដ្ឋាភិបាលគ្រួសារហ៊ុនដឹកនាំបំផ្លាញទាំងសេដ្ឋកិច្ចជាតិ និងឧត្តមភាពយោធាទៅវិញ។
បន្ថែមពីនេះ លោកថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានបរាជ័យទាំងស្រុង ក្នុងការការពារទឹកដី បរាជ័យលុបបំបាត់អំពើពុករលួយ និងបរាជ័យដឹកនាំរដ្ឋាភិបាលសុចរិត បែរជាពោរពេញដោយឧក្រិដ្ឋកម្ម។
លោកថា៖ «គួរនាំគ្នាស្ដោះទឹកមាត់ដើរចេញ នៅពេលលោក ហ៊ុន ម៉ាណែត ឬលោក ហ៊ុន សែន ឬបរិវារ ចេញមុខនិយាយសាធារណៈ ព្រោះសម្ដីពួកគេលែងមានន័យហើយ»។
សម្រាប់លោកសេង វណ្ណលី វិញ នៅពេលដែលប្រព័ន្ធរដ្ឋបាលមានតម្លាភាព វានឹងក្លាយជាគ្រឹះដ៏រឹងមាំដើម្បីទាក់ទាញអ្នកវិនិយោគទុនប្រកបដោយគុណភាព ដែលនឹងជួយជំរុញសេដ្ឋកិច្ចឱ្យមានភាពធន់មិនពឹងផ្អែកខ្លាំងលើប្រភពទុនតែមួយជាអាទិភាព។ ក្រៅពីនេះ ការដោះស្រាយបញ្ហាព្រំដែនប្រកបដោយតម្លាភាព និងការបើកលំហរសេរីភាពបញ្ចេញមតិ ក៏ជាកក្តាសំខាន់នៅក្នុងការកសាងការឯកភាពជាតិផងដែរ។
លោក វណ្ណលី លើកឡើងថា កម្ពុជានឹងមិនអាចខ្លាំងបានទេ ប្រសិនបើធនធានបញ្ញវន្តនិងមតិរិះគន់ក្នុងន័យស្ថាបនាត្រូវបានផាត់ចេញពីដំណើរការកសាងជាតិ ដែលហេតុដូច្នេះការពង្រឹងវិស័យយោធា ក៏មិនមែនមានន័យថា ត្រឹមតែការទិញគ្រឿងយុទ្ធោបករណ៍ដើម្បីយកមកបម្រុងទុក ឬក៏បន្ថែមទៅលើអ្វីដែលមាននោះទេ ក៏ប៉ុន្តែគឺវាស្ថិតនៅលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានមានសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានឆន្ទៈការពារជាតិដោយស្មោះត្រង់។ លោកបញ្ជាក់ថា ការធ្វើឱ្យកម្ពុជាខ្លាំង គឺទាមទារឱ្យមានការធ្វើសកម្មភាពជាក់ស្តែង ដែលបង្ហាញអំពីភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ និងការការពារផលប្រយោជន៍ពលរដ្ឋធំជាងផលប្រយោជន៍នយោបាយឬក៏បក្ខពួក៕









