ក្រសួងសុខាភិបាលលីបង់ បានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលមកលើភាគខាងត្បូងនៃប្រទេស បានសម្លាប់មនុស្ស ១៤ នាក់ កាលពីថ្ងៃទី២៦ខែមេសា ដែលជាថ្ងៃមានអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) បានចូលជាធរមានកាលពីជាងមួយសប្តាហ៍មុន។
ក្រសួងសុខាភិបាល បានបន្តថា ក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃទី២៦ខែមេសា រួមមាន ស្ត្រី ២ នាក់ និងកុមារ ២ នាក់ ព្រមទាំងមនុស្ស ៣៧ នាក់ផ្សេងទៀត បានរងរបួស។ ចំណែកខាងអ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។
កិច្ចព្រមព្រៀងឈប់បាញ់ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមេសា និងត្រូវបានពន្យារពេលរហូតដល់ពាក់កណ្តាលខែឧសភា បានធ្វើឱ្យមានការកាត់បន្ថយជម្លោះយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ប៉ុន្តែភាគីទាំងសងខាងនៅតែបន្តបាញ់តបតគ្នាទៅវិញទៅមក ដោយទម្លាក់កំហុសដាក់គ្នាទៅលើការរំលោភកិច្ចព្រមព្រៀង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ខែមេសាថា៖ «ការរំលោភបំពានរបស់ក្រុមហេសបូឡា តាមការជាក់ស្តែង កំពុងតែរំលាយកិច្ចព្រមព្រៀងឈប់បាញ់ចោល»។
លោកបានបន្ថែមថា អ៊ីស្រាអែលនឹងចាត់វិធានការយ៉ាងខ្លាំងក្លា ទៅតាមច្បាប់ដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងលីបង់។
ចំណែក ក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការវាយប្រហារលើទាហានអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ និងលើទីក្រុងនានានៅភាគខាងជើងអ៊ីស្រាអែលឡើយ ដរាបណាអ៊ីស្រាអែលនៅតែបន្ត «រំលោភកិច្ចព្រមព្រៀងឈប់បាញ់»។ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងមិនរង់ចាំដំណោះស្រាយការទូតដែល «បង្ហាញថាគ្មានប្រសិទ្ធភាព» ឬពឹងផ្អែកលើអាជ្ញាធរលីបង់ដែល «បានបរាជ័យក្នុងការការពារប្រទេស» នោះទេ។
កងទ័ពអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់ដែលពួកគេហៅថា «ខ្សែបន្ទាត់ពណ៌លឿង» (yellow line) ដែលជាតំបន់ដីលីបង់ដែលមានជម្រៅប្រហែល ១០ គីឡូម៉ែត្រតាមបណ្តោយព្រំដែន ជាកន្លែងដែលប្រជាជនត្រូវបានព្រមានមិនឱ្យត្រឡប់ទៅវិញ។ កងទ័ពអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនចាកចេញពីទីក្រុងចំនួន ៧ បន្ថែមទៀតដែលនៅក្រៅ «តំបន់ទ្រនាប់» (buffer zone)។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមអ្នកប្រយុទ្ធហេសបូឡា កន្លែងបាញ់រ៉ុកកែត និងឃ្លាំងអាវុធ។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទីតាំងជាច្រើននៅភាគខាងត្បូងកាលពីថ្ងៃទី២៦ខែមេសា។ កាលពីព្រឹកថ្ងៃ២៦មេសា ក្រុមហេសបូឡានិយាយថា ខ្លួនបានវាយប្រហារលើកងទ័ពអ៊ីស្រាអែលក្នុងប្រទេសលីបង់ ក៏ដូចជាក្រុមជួយសង្គ្រោះដែលមកជម្លៀសពួកគេ។ កងទ័ពអ៊ីស្រាអែលនិយាយថា ទាហានម្នាក់បានស្លាប់ និង ៦ នាក់ទៀតរងរបួស ហើយពួកគេក៏បានស្ទាក់ចាប់ដ្រូនចំនួន ៣ គ្រឿងផងដែរ។
ក្រុមហេសបូឡាបានទាញលីបង់ឱ្យចូលក្នុងសង្គ្រាមមជ្ឈិមបូព៌ាកាលពីថ្ងៃទី២ ខែមីនា ដោយការបាញ់រ៉ុកកែតលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក មនុស្សជាង ២,៥០០ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
តាមទិន្នន័យពីក្រសួងសុខាភិបាលលីបង់ ចំនួនអ្នកស្លាប់រួមមានស្ត្រី ២៧៧ នាក់ កុមារ ១៧៧ នាក់ និងបុគ្គលិកពេទ្យ ១០០ នាក់។ ក្រសួងមិនបានបែងចែករវាងក្រុមអ្នកប្រយុទ្ធ និងជនស៊ីវិលឡើយ ហើយក្រុមហេសបូឡាក៏មិនបានប្រកាសពីចំនួនសរុបនៃអ្នកប្រយុទ្ធរបស់ខ្លួនដែលបានស្លាប់ដែរ៕









