អ្នកស្រឡាញ់​ធន​ធាន​សមុទ្រ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធាន​ការ​ពារ​ព្រៃ​កោង​កាង

មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​នេសាទ បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​បាត់​បង់​ធន​ធាន​​មច្ឆា​​​សមុទ្រ​ ក្រោយ​​សង្កេត​​ឃើញ​ថា បរិវេណ​ព្រៃ​លិច​ទឹក​​​ភាគ​ច្រើន ក្នុង​ខេត្ត​ព្រះ​សីហនុ ត្រូវ​គេកា​ប់​ទន្ទ្រាន​ធ្វើ​​ជា​កម្ម​សិទ្ធិ​​ឯក​​ជន​ដោយ​មាន​ឯកសារ​ទទួល​ស្គាល់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ។​

ក្នុង​​អាណត្តិ​ដឹក​នាំ​ដោយ​អតីត​​នាយក​រដ្ឋ​មន្ត្រី លោក ​ហ៊ុន សែន ​បាន​ចេញ​លិខិត​ ចុះ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ តម្រូវ​​​ឲ្យ​​ក្រសួង​រៀប​ចំ​ដែន​ដី ​​​​ត្រូវ​និរា​ករណ៍​​ ឬ​ដក​ហូត​​ប័ណ្ណ​កម្ម​សិទ្ធិ ឬ​វិញ្ញា​​បនប័ត្រ​​សំ​គា​ល់​ម្ចាស់​អចលន​វត្ថុ​ និង​លិខិត​​បញ្ជាក់​ការ​​កាន់​​កាប់​ដី​ខេត្ត​​ជាប់​​សមុទ្រ​​ទាំង​៤​ គឺខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ដែល​​​​ពាក់ពន្ធ័ដីព្រៃកោងកាង ឬព្រៃលិចទឹក ​មកទុកជាទ្រព្យ​សម្បត្តិ​​​របស់រដ្ឋ​គ្រប់​គ្រង​វិញ។ ហើយ​រួមគ្នាអនុវត្ត​ឲ្យ​​មានប្រសិទ្ធភាព ដើម្បី​ឈាន​ទៅទប់ស្កាត់ និងបង្រ្កាបលើអ្នកទន្ទ្រានកាន់កាប់ លើ​ដី​ព្រៃកោង​​​កាង និង​ព្រៃលិចទឹក ឱ្យមានប្រសិទ្ធ​ភាព​។

លោក​ ឈឿន ដៀប ប្រធានសហគមន៍​នេសាទ​បឹង​រាំង ស្ថិត​ក្នុង​​ភូ​មិ​បឹង​ជុំ សង្កាត់​បឹង​តាព្រហ្ម ក្រុង​​កំពង់សោម សំណូមពរ​ទៅ​ថ្នាក់​ដឹក​នាំ​ក្រសួងពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយការពារដី​ព្រៃ​កោង​កាង ដែល​​ជា​ជម្រក​ត្រីបន្តពូជ ឲ្យ​បានគង់វង្ស ព្រោះ​ដី​ព្រៃ​លិច​ទឹក​ក្នុង​​មូលដ្ឋាន​នេះភាគច្រើន មាន​ប្លង់​ក​ម្ម​សិ​ទ្ធិ​​ស្ទើរទាំងស្រុងអស់​ហើយ។

លោកស្នើ​រដ្ឋាភិបាល ជួយ​​ពិនិត្យឈានទៅ​និរាករណ៍បណ្ណ​កម្មសិទ្ធិទាំងឡាយណា ដែល​ចេញ​​គ្របដ​ណ្តប់​​លើ​​បរិវេណដី​ព្រៃលិចទឹក ​​ ដើម្បីរក្សាកំណើនធនធាន​មច្ឆា​​សមុទ្រនាថ្ងៃអនាគត។

លោកថា៖ «សំណូមពរថា បើមានប្លង់កម្មសិទ្ធិនៅក្នុងតំបន់ព្រៃលិចទាំងហ្នឹង សូមនិរាករណ៍វចោល​ទាំង​​អស់​ទៅ ដើម្បី​ឲ្យ​សហគមន៍​មា​ន​ដំណើរ​​​ការ​​​ទៅ​មុខ។ ប៉ុន្តែ​បើ​មិន​និរាករណ៍​ចោល​ទេ លំបាក​ហើយ នឹង​រ​លាយ​​ហិន​ហោច​អស់​ហើយ ហើយកូនចៅ​យើងជំនាន់​ក្រោយ​នឹង​​មិន​​ស្គាល់ក្តាមខ្យងទេ។ គេការ​ពារបាំ​ងរ​បង​ជិតអស់​គ្មាន​អ្នក​ណា​ចូល​បាន​ទេ។ ហើយ​ឥឡូវ​វារី​វប្ប​កម្ម​​របស់​យើង​វាក៏បានធ្លាក់ចុះ ហើយ​​យូរ​ទៅៗ​ ក៏​រលាយ​ហិនហោចអស់ដែរ។ បើ​មិន​មាន​​ការ​ជួយ​ទប់​ស្កាត់ពីសហគមន៍ទេ ព្រៃកោងកាងនឹ​ង​រលា​យ​ហិ​ន​ហោច​អស់ហើយ។ កាប់​​ក៏​កាប់ ព័ទ្ធ​យក​ដី​ក៏ព័ទ្ធ ចឹងវាអាចប៉ះពា​ល់ដល់ប្រជា​​ពល​រដ្ឋយើ​ងអ្ន​កអត់»។​

លោកបារម្ភថា ​បើរដ្ឋាភិបាល​មិ​នមា​ន​ចំណាត់​ការ​ឲ្យ​បាន​ក្តៅ​ដើម្បី​ជួយ​​​ទប់​ស្កាត់​បទ​ល្មើស​បំផ្លាញ​​ព្រៃ​លិច​ទឹក ​ ដែល​នៅសេសសល់តាមឆ្នេរ ឬដៃព្រែកតាមមូលដ្ឋាននានា ក្នុង​ខេត្ត​ព្រះ​សីហនុ ឲ្យ​មាន​ប្រសិទ្ធិភាពទេ ក្នុងរយៈពេលដ៏ឆាប់ខាងមុខ ធនធានសមុទ្រ ឬ​​​ជីវ​ចម្រុះ ក្នុងមូល​​​ដ្ឋាន​​​នេះ នឹង​ត្រូវបំផ្លាញ​​​អស់គ្មានសល់​។

បន្ថែមពីនេះ លោក រឿន រិន ប្រធានសហគមន៍នេសាទ​បឹងរាំង ស្ថិតក្នុង​​ឃុំសាមគ្គី ស្រុកព្រៃនប់ ​ព្រួយ​​បារម្ភថា ធន​ធាន​ជល​​ផល​​​សមុទ្រ​​​​ នឹង​ត្រូវរលាយ​ហិន​ហោច ​​បើរដ្ឋាភិបាល​មិន​​លុប​​ចោល​​បណ្ណ​​កម្ម​សិទ្ធិ​ដីធ្លី​​ ដែល​ចេញឲ្យបុគ្គលឯកជន គ្រប​ដណ្តប់​លើ​បរិវេណ​ដីព្រៃ​កោងកាង​​ឲ្យ​បាន​ទាន់ពេល​ទេ។​

​លោកថា ធនធានជលផលសមុទ្រ ក្នុង​​ខេត្ត​ព្រះ​សី​​ហនុ ​​បានបាត់បង់ជាបណ្តើរៗ​ហើយ ព្រោះ​តាម​​រយៈ​​​កា​រ​ធ្វើនេសាទ​របស់​ពលរដ្ឋ ហាក់មិន​សូវ​​បាន​ផល​ច្រើន ដូចមុនទៀត​​ទេ។​​​​ ​​​

លោកថា៖ «បើសិនមិនផ្តល់បណ្ណកម្មសិទ្ធិ ធ្វើឲ្យប៉ះពាល់ដល់ដីព្រៃកោង​កាង គឺល្អហើយ ដើម្បី​កុំ​​ឲ្យ​មា​ន​កា​រ​រំលោភ​បំពាន​ដី​ព្រៃ​កោង​កាង​ជា​បន្ត​ទៀត»

​ជុំវិញក្តីបារម្ភនេះ នាយកគ្រប់គ្រងទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញ​​ឱ្យក្រសួង​ពាក់​ព័ន្ធ ត្រូវ​ពិនិត្យឡើងវិញ ដើម្បីស្តារទំនុកចិត្តដល់ពលរដ្ឋ។

លោកថា៖ «ក្រសួងពាក់ព័ន្ធគួរពិនិត្យឡើងវិញទៅលើបណ្ណទាំងឡាយណា ប៉ុន្តែបានប៉ះពាល់ដល់​​ធនធា​​​​ម្មជាតិ ជាពិសេសដីព្រៃ​កោង​​កាង ដែលជាព្រៃមានសារៈសំខាន់បំផុតនៃជីវៈចម្រុះ។ ចឹងរាល់​​បណ្ណកម្ម​​សិទ្ធិ វាមិនមែសុទ្ធតែត្រូវតាមផ្លូវច្បាប់ ឬគតិយុត្តិទេ។ ចឹងបណ្ណ​កម្ម​​សិ​ទ្ធ​​ទាំ​​ងឡាយហ្នឹង ត្រូវតែត្រួតពិនិត្យថាតើបណ្ណកម្មសិទ្ធទាំងហ្នឹងបានមកដោយស្របច្បាប់ ឬ​​បានមកត្រឹម​ត្រូវតាមនីតិវិធីដែរឬទេ»

លើសពីនេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការ​សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏​ចង់​​ឃើ​ញ​រ​ដ្ឋាភិ​​បាល​ចាត់​វិធាន​ការ​សង្គ្រោះ​ព្រៃ​កោង​កាង និង​ស្តារ​ជីវភាព​ពលរដ្ឋ​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ដើម្បី​កុំ​ឱ្យពួ​ក​គេជួ​ប​វិបត្តិ​ជីវភាព។

លោកថា៖ «បើយើងនិយាយពីព្រៃកោងកាងសម្រាប់ប្រទេសកម្ពុជាវិញ គឺជាព្រៃដ៏ស្រស់ស្អាត ជាព្រៃ​​ដ៏​​ល្បីល្បាដែរ។ រឿងនេះ យើងដឹងហើយមុននឹងឈានដល់ការចេញបណ្ណ វាសុទ្ធតែឆ្លងកាត់កាបញ្ជាក់​​ពីអាជ្ញាធរមូលដ្ឋាន។ ហើយបើអាជ្ញាធរមូលដ្ឋាន​មានអំណាច​រឹងមាំ ពិតប្រាកដច្បា​ស់លាស់ វាមិនអាចឈានដល់ចេញបណ្ណកម្មសិទ្ធិ​ទេ។ អញ្ចឹងហើយបើដំបៅវាចេញ​​ពីខាងណា​ គឺគេត្រូវទៅលុបនៅទី​នោះវិញ។ ន័យរបស់ខ្ញុំ គឺទាំងអាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ ទាំងស្ថាប័នជំនាញ គឺត្រូវសហការគ្នា ដើម្បីឈានដល់​និរាករណ៍បណ្ណកម្មសិទ្ធិមួយ​ចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទាំងអស់ហ្នឹង​»

វីអូឌី មិនអាចទាក់ទង លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​​ទេ នៅ​ថ្ងៃ​ចន្ទ​​នេះ។ ប៉ុន្តែកន្លងមក លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​សារព័ត៌មានក្នុងស្រុក​ដឹងថា ​​ទីតាំង​​​​ដីព្រៃ​លិច​ទឹក​មួយ​ចំនួន​ក្នុង​​ខេត្តនេះ ពិតជា​មានប្ល​ង់ក​ម្មសិទ្ធិ និងកាន់​កាប់ដោយ​បុគ្គលឯកជនពិតមែន។

ចំ​ណែក ​លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ​ក៏ទទួលស្គាល់ថា ភាគច្រើន​ទីតាំង​មាន​​ស​​កម្ម​ភាព​ហ៊ុំព័ទ្ធ ឬ​កាយ​ប្រឡាយ​​រាន​យក​បរិវេណ​​​ដី​ព្រៃ​កោង​កាង​ ក្នុង​ខេត្ត​ព្រះ​សីហនុ គឺ​មាន​​បណ្ណ​កម្ម​​សិ​ទ្ធិ​ស្រប​ច្បាប់ ហើយ​​​ជំនាញ​​លោក​​គ្មាន​​សិទ្ធិ​​រារាំង​​​​​​គេ​​​ទេ។

ប្រជាសហគមន៍​នេសាទនៅតាមខេត្តជាប់​មាត់សមុទ្រ ចំនួន ៤ បាន​បន្តអះអាងថា ​ដី​ព្រៃ​កោង​​កាង ឬព្រៃ​លិ​ចទឹក នៅតែរងការគប់គិតបំផ្លាញ​​ដោយឈ្មួញ​​ជាបន្តបន្ទាប់ ដោយសំអាងទៅ​លើ​មាន​​បណ្ណ​​កម្ម​សិ​​ទ្ធិ​ផ្ត​ល់​​ជូន​ដោយក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែលជាហេតុ​ធ្វើឲ្យទីតាំងដីព្រៃ​កោង​កាង អាច​នឹងរួមតូច ឬ​​ឈា​ន​​ទៅបាត់បង់​នាថ្ងៃអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ