ជន​ជាតិ​ដើម​​ខេត្ត​​មណ្ឌល​គិរី​​រ​ង​​ពាក្យ​​បណ្ដឹង​​ក្រោយ​​ទម្លាយ​​​រឿង​​​អ្នក​​លួច​​ធ្វើ​​ប្លង់​​រំលោភ​​យក​​ដី

ជនជាតិ​ដើម​ភាគ​​តិច​​ព្នង ២នាក់ ​នៅ​​ខេត្ត​​មណ្ឌល​គិរី​ ​ក្នុង​​ចំណោម​​ពលរដ្ឋ​​ជាង ៥០​គ្រួសារ​ ព្រួយ​​បារម្ភ​​​ពី​​សុវត្ថិ​ភាព​ ក្រោយ​​ពី​​បុគ្គល​​មាន​​លុយ​​មាន​​អំណាច​​លួច​​ធ្វើ​​ប្លង់​​រឹង​​ដោយ​​ស្ងាត់​ៗ​ រំលោភ​​យក​​ដីធ្លី​​អាស្រ័យផល​​​បែប​​ប្រពៃ​ណី​​របស់​​ពួក​គាត់ ហើយ​​ថែម​​ទាំង​​ប្ដឹង​​ពួក​គាត់​​ទៀត។ 

ជនជាតិ​ដើម​ភាគ​តិច​ព្នង ២នាក់ រស់​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា គឺ​​លោក ក្រើង តុលា និង អ្នកស្រី ស្រុប សាញ់ បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ បន្ទាប់ពី​ឆ្លើយ​បំភ្លឺ​នៅ​​ស្នងការដ្ឋាន​នគរបាល​​​ខេត្ត​​មណ្ឌល​គិរី ​ពេញ​​មួយ​​ព្រឹក​នៅ​​​ថ្ងៃ​​ទី​២៧ ខែមេសានេះ​។

ការ​ឆ្លើយ​បំភ្លឺ​នេះ ក្រោយ​ពី​អ្នកភូមិ​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ថ្មីៗ​នេះ​ មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​ធ្វើ​ប្លង់​កម្ម​​សិទ្ធិ​​​ដីធ្លី ត្រួត​គ្នា​លើ​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច​​ដែល​អាស្រ័យ​ផល​បែប​​ប្រពៃណី ​និង​​ដី​តំបន់​ខ្លះ​ជា​ដី​កេរ​ឪពុក​ម្ដាយ​​​របស់​ពួក​គាត់។

ជនជាតិ​ដើម​ភាគ​តិច​ព្នង អ្នកស្រី ស្រុប សាញ់ វ័យ២៨​ឆ្នាំ ប្រាប់​វីអូឌី​ថា ដី​របស់​អ្នកស្រី​ជាង​ ៤ហិកតា ​ត្រូវ​គេ​លួច​ធ្វើ​​ប្លង់​រឹង​​ដោយ​​ស្ងាត់​ៗ​​​រំលោភ​យក​ទាំង​មូល ​ហើយ​ជន​បង្ក​បាន​ប្តឹង​អ្នក​ស្រី​ទៅ​ស្នងការ​នគរបាល​ថែម​ទៀត។ អ្នកស្រី​ថា ដី​នេះ​ជា​ដី​កេរ​ឪពុក​ម្តាយ មាន​​ដំណាំ​ស្រូវ និង​ដំឡូង ដែល​អាស្រ័យ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ប្រសិន​បើ​បាត់​បង់​​ពួក​គាត់​​នឹង​​​គ្មាន​ដី​បង្ក​បង្កើន​ផល​ទៀត​ទេ។

អ្នកស្រី​​បន្ថែម​ថា មក​ទល់​ពេល​នេះ ​អ្នកស្រី​មិន​ទាន់ដឹង​​ថា បុគ្គល​រូប​ណា​ទេ​​ជា​ជន​បង្ក​រំលោភ​យក​ដី​របស់​អ្នកស្រី។

អ្នក​ស្រី ស្រុប សាញ់ និយាយ​ថា៖ «គេ​យក​អស់ ៤ហិកតា ៤អា ពេល​គេ​យក​ ខ្ញុំ​ខ្លាច​​គេ​ប្ដឹង​ដល់​ណា​ដល់​ណី ខ្ញុំ​ផ្ទេរ​ដី​ហ្នឹង​​ឱ្យ​គេ​វិញ​ទៅ​បង។ ដី​ហ្នឹង​យូរ​ហើយ ម៉ែ​ឳ​គាត់​ចែក​ឱ្យ»

ប្រជា​សហគមន៍ ​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ​អ្នកភូមិ​​​ពូលុ​ និង​ភូមិឡាំម៉េះ ​ហោច​​ណាស់​​ជាង ៥០ គ្រួសារ កំពុង​​ព្រួយ​​បារម្ភ​​​ពី​​សុវត្ថិ​ភា​ព​​ដីធ្លី​​ ដោយ​សារ​ដី​ស្រែ​ចម្ការ​ ដែល​ពួកគាត់​កំពុង​អាស្រ័យផល​ទំហំ​​ជិត ១០០ ហិកតា នៅ​ចំណុច​​អូតូយ​​ទាម​​អូរស្រាយ​ក្នុ្ងង​ភូមិពូលុ​ ឃុំប៊ូស្រា ត្រូវ​បុគ្គល​មាន​លុយ​មាន​អំណាច​គប់គិត​​​​ជាមួយ​​អាជ្ញាធរ​​លួច​​ធ្វើ​​ប្លង់​​រឹង​ដោយ​ស្ងាត់​ៗ។

មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ ២​គ្រួសារ កំពុង​ជាប់​បណ្ដឹង​ពី​បទ «បរិហារ​កេរ្តិ៍ និង​ខ្លែង​ឯកសារ» ។

សហគមន៍​ម្នាក់​ទៀត​ដែល​កំពុង​ជាប់​បណ្ដឹង គឺលោក ក្រើង តុលា ប្រាប់​វីអូឌី​ថា ​ដី​របស់​​លោក​ជាង​ ១ហិកតា ក៏​​ត្រូវ​​គេ​​​លួច​​​ធ្វើ​ប្លង់​រឹង​រំលោភ​យក​ដែរ​ ខណៈ​ដែល​ដី​ចម្ការ​របស់​លោក​មាន​ដំណាំ​កាហ្វេ​ដែល​អាច​ប្រមូល​ផល​បាន និង​គ្រប់​គ្រង​​តាំង​​ពី​​​ទសវត្សរ៍​​ទី៩០។​ លោក​​ថា ទង្វើ​នេះ​ជា​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ និង​គំរាម​កំហែង​អ្នកភូមិ​តាម​ប្រព័ន្ធ​​តុលាការ។

លោក ក្រើង តុលា និយាយថា៖ «វា​រំលោភ​​សិទ្ធិ​ខ្ញុំ​ផ្ទាល់​ព្រោះ​ខ្ញុំ​ម្ចាស់​ចម្ការ​ និង​ម្ចាស់​ភូមិ/ឃុំ​នៅ​ហ្នឹង ហើយ​ខ្ញុំ​ធ្វើ​ចម្ការ​​យូរ​​ហើយ អត់​ដឹង​ថា គេ​មក​ធ្វើ​ប្លង់​លើ​ដី​ខ្ញុំ លក្ខណៈ​​បច្ចេកទេស​​មួយ។ រដ្ឋាភិបាល​ប្រើ​មន្ត្រី​ជំនាញ​សុរិយោ​​ដី​ខ្សោយ​​ប្រើ​ប្រាស់​មនុស្ស។ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​ ព្រោះ​ដី​ហ្នឹង មាន​ព្រៃ​ខ្លះ និង​មាន​ចម្ការ​ពលរដ្ឋ»។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់​ទៀត លោក ហាម សាន់ ឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ធ្វើ​ប្លង់​រឹង​​រំលោភ​យក​ដី​របស់​ពួកគាត់ ៤ ហិកតា ដោយ​ស្ងាត់​ៗ ធ្វើ​​ឱ្យ​គ្រួសារ​របស់​​លោក​ខ្វះ​ខាត​​ដី​ដាំដុះ​ចិញ្ចឹម​ជីវិត។ លោក​ចាត់​ទុក​​រឿង​នេះ​​អយុត្តិ​​ធម៌​ និងធ្វើ​បាប​ជនជាតិ​ដើម​ភាគតិច​​ ដែល​មាន​ជីវភាព​ពឹង​ផ្អែក​ការ​ប្រកប​របរ​ស្រែ​ចម្ការ។

លោក ហាម សាន់ និយាយ​ថា៖ «គ្មាន​យុត្តិធម៌​ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា អត់​សប្បាយ​ចិត្ត​ទេ។ ខ្ញុំ​មិនមែន​ឈ្មួញ​ជួញដូរ​ទេ គ្រាន់​អាស្រ័យ​ផល។ ដល់​ឃើញ​គាត់​ធ្វើ​ប្លង់​លួច​អ៊ីចឹង»។​

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក នាង វណ្ណៈ និង​ប្រធាន​ស្តីទី​​នៃ​មន្ទីរ​សុរិយោដី​​ខេត្ត​នេះ លោក លី សុវណ្ណ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ប្រជា​សហគមន៍​ថា មេភូមិ​ពូលុ លោក ថាច់ ហ៊ីម ប្រាប់​ពលរដ្ឋ​ថា​ ប្រសិន​បើ​អ្នកភូមិ​មិន​​​ព្រម​ប្រគល់​ដី​ឱ្យ​គេ​​នោះ​​ទេ អាច​​នឹង​ប្រឈម​ផ្លូវ​តុលាការ។

ជុំវិញ​រឿង​នេះ ​សកម្មជន​សិទ្ធិ​មនុស្ស និង​ធនធាន​ធម្មជាតិ លោក ប៊ី វ៉ាន់នី យល់​​ថា​  ការ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ដោយ​ស្ងាត់​ៗ លើ​​ដី​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល​ជាក់​ស្ដែង​ជា​យូរ​មក​ហើយ​ សង្ស័យ​មាន​អំពើ​ពុករលួយ និង​មាន​ភាព​មិន​ប្រ​ក្រតី​​​ច្រើន​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ក្នុង​រឿង​នេះ។

លោក ប៊ី វ៉ាន់នី ថ្លែងថា៖ «ប្លង់រឹង​បើ​មិន​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ/ឃុំ ​តើ​គេ​អាច​ចេញ​ប្លង់​បាន​ទេ វា​មិន​អាច​ចេញ​​បាន​ទេ។ វា​សំខាន់​បំផុត អាជ្ញាធរ​ភូមិ/ឃុំ​ហ្នឹង​ហើយ​ ដី​ហ្នឹង​ជា​របស់​នរណា?»

លោក ប៊ី វ៉ាន់នី បន្ថែម​ថា អាជ្ញាធរ​តែងតែ​យក​លេស​ឆ្លើយ​ដោះសារ គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ ខណៈ​ដែល​នីតិវិធី​ធ្វើ​ប្លង់​​កម្មសិទ្ធិ ឬ​ប្លង់​រឹង មិន​អាច​រំលង​អាជ្ញាធរ​ភូមិ និង​ឃុំ​បាន​ទេ។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ប្រសិទ្ធភាព​ការ​ងារ​​របស់​​មន្ត្រី​សុរិយោដី​ខេត្ត​មណ្ឌលគិរី  និង​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ពលរដ្ឋ​រិះគន់​ថា គ្មាន​ភាព​ស្មោះត្រង់​ដោះស្រាយ​​បញ្ហា​ដីធ្លី​ និង​ការពារ​សុវត្ថិភាព​ដីធ្លី​របស់​ពួកគាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ