អតិថិជនដាក់ប្រាក់នៅក្រុមហ៊ុន ហួយវ័ន ផេ(Huione Pay)របស់ លោក ហ៊ុន តូ ដែលមានចម្រុះជាតិសាសន៍ ទាំងជនជាតិចិន និងវៀតណាមផងនោះ ត្រូវគេអះអាងមកថា មួយចំនួនបានរងរបួសនិងខ្លះត្រូវចាប់ខ្លួន ដោយអាជ្ញាធររាជធានីភ្នំពេញ នាថ្ងៃចន្ទនេះ ខណៈពួកគេបន្តតវ៉ាទាមទារប្រាក់ត្រឡប់មកវិញ ក្រោយធនាគារជាតិប្រកាសដកខ្លួន ហើយរុញករណីនេះឱ្យទៅតុលាការ។
យោងតាមការផ្សាយផ្ទាល់ពីករណីតវ៉ារបស់អតិថិជនរងគ្រោះរបស់ក្រុមហ៊ុន ហួយវ័ន ផេ របស់សារព័ត៌មានអនឡាញ BMK Hot News និងបណ្តាញសង្គមមួយចំនួនទៀត ឱ្យដឹងថា ការប្រមូលផ្តុំរបស់ក្រុមអតិថិជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ រាប់សិបនាក់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះបានឈានដល់ការប៉ះទង្គិចគ្នាជាមួយក្រុមសន្តិសុខ និងសមត្ថកិច្ច បណ្តាលឱ្យអ្នកប្រមូលម្តុំដែលក្នុងនោះមានជនជាតិចិនដែរ បានរងរបួស និងមានឈាមហូរលើរាងកាយ។
អតិថិជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានប្រាប់វីអូឌីថា អំឡុងពេលអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ ដែលរងគ្រោះ ទៅប្រមូលផ្តុំនៅក្បែរធនាគារជាតិនៃកម្ពុជានោះ ពិតជាកើតមាននូវការប៉ះទង្គិចគ្នាដោយហិង្សា បណ្តាលឱ្យពួកគាត់រងរបួសពិតមែន ប៉ុន្តែរូបគាត់មិនទាន់អាចបញ្ជាក់ពីចំនួនជាក់លាក់នៅឡើយទេ។
ជនរងគ្រោះរូបនេះ បន្តលើកឡើងថា ពួកគាត់បានរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ អស់ទឹកប្រាក់រាប់ពាន់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ ហើយនៅពេលដែលទៅស្នើសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ បែរជាត្រូវរងនូវអំពើហិង្សាពីសមត្ថកិច្ចថែមទៀត។
អ្នកស្រីថា៖ «លុយដែលខ្ញុំបានមកនេះ កម្លាំងញើសឈាមពួកខ្ញុំ អ្នកខ្លះក៏គាត់ជួលឡាន អ្នកខ្លះក៏គាត់លក់បន្លែ អ្នកខ្លះក៏គាត់លក់អីផ្សេងៗទៀតចឹងទៅ ដើម្បីលុយហ្នឹងមក ទម្រាំបានលុយគេមួយកាក់មួយសេនវេទនាណាស់ កុំយកលុយខ្ញុំទៅចាយសប្បាយចិត្តហើយ អត់ដោះស្រាយឱ្យពួកខ្ញុំ។ ពួកខ្ញុំគ្រាន់តែបានលុយមកវិញទេ ពួកខ្ញុំមិនមែនចង់បានអីទេ ពួកខ្ញុំទៅនេះ គេវៃឈឺសាច់ ហើយគ្រាន់តែចង់បានលុយមកវិញ គឺពិបាកទៀត គេនិយាយថាអត់ឱ្យហើយ គេអត់ដោះស្រាយឱ្យហើយ ពួកខ្ញុំទៅរកដំណោះស្រាយ ពួកគាត់វៃទៀត ឥលូវនេះគិតមើលមើរ ថាពួកខ្ញុំវាទៅឆក់ប្លន់ ឬមួយក៏ទៅសុំដំណោះស្រាយ។ ខ្ញុំគ្រាន់តែចង់ឱ្យដឹងលឺដល់សម្តេចពុកសម្តេចម៉ែ សម្តេច ហ៊ុន ម៉ាណែត ឱ្យជួយកូនចៅផង ព្រោះអីពួកខ្ញុំទាល់តំរិះហើយ»។
នៅព្រឹកមិញនេះដែរ ក្រុមអតិថិជនរងគ្រោះទាំងនោះ ក៏បានបង្ហាញលិខិតស្នើទៅប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍រឿងនេះផងដែរ។
ក្នុងលិខិតនោះ ពួកគេបានលើកឡើងថា អតិថិជនរងគ្រោះជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាមប្រមាណ ៥០០នាក់ ស្នើសុំឱ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជួយដល់ពួកគេដែលបានចាញ់បោកគ្រឹះស្ថាន ហួយ វ័ន ឬ អេច ភេ ដែលបានបោកប្រាស់លុយញើសឈាម និងរំលោភសេចក្តីទុកចិត្តពួកគេ។
លិខិតដដែលបន្តថា មូលហេតុដែលពួកគេជាអតិថិជនរងគ្រោះទទួលរងនូវភាពអយុត្តិធម៌ នាពេលនេះ ដោយសារតែខាងធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធ មិនបានប្រកាសជាសាធារណៈតាមទំព័រផ្លូវការ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងលឺថា គ្រឹះស្ថានហួយវ័ន ត្រូវបានដកអាជ្ញាបណ្ណកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយធនាគារជាតិ ក៏មិនបានប្រកាសជាក់លាក់ពីការជម្រះបញ្ជីនោះឡើយ ខណៈក្រុមហ៊ុនហួយវ័ន នៅបន្តបើកទ្វារ មានប្រតិបត្តិការចេញចូល និងដកដាក់លុយបានធម្មតា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ទើបបិទទ្វារ។
ជាមួយគ្នានោះ ធនាគារជាតិ ក៏មិនបានដាស់តឿនដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងប្រកាសហាមឃាត់ ឬបញ្ឈប់សកម្មភាពរបស់គ្រឹះស្ថានហួយវ័ន ដោយបណ្តោយឱ្យក្រុមហ៊ុននេះដំណើរការធម្មតា និងរីកដុះដាលក្នុងទីផ្សារនៅកម្ពុជាដូចផ្សិត។
ក្រុមហ៊ុន ហួយវ័ន ផេ ដែលបានប្ដូរឈ្មោះ យីហោ មកជាឈ្មោះ អេច-ផេ វិញកាលពីខែធ្នូ ឆ្នាំ២០២៥ គឺជាកម្មសិទ្ធិរបស់ លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងត្រូវជាបងប្អូនជីដូនមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ការប្ដូរឈ្មោះក្រុមហ៊ុននេះ គឺក្រោយពេលអាមេរិកដាក់ទណ្ឌកម្ម មិនឱ្យមានប្រតិបត្តិការសាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក កាលពីជាងមួយឆ្នាំមុន ដោយសារតែរកឃើញថា ក្រុមហ៊ុននេះជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដ៏ធំសម្បើម ឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ (Online Scam)។
អតិថិជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ មួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះដែរនោះ បានឱ្យដឹងថា កាលពីដើមឆ្នាំ២០២៦ ខាងធនាគារជាតិនៃកម្ពុជា បានជូនដំណឹងដល់អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ ទៅចុះឈ្មោះ និងផ្តល់ឯកសារ ដើម្បីខាងធនាគាររកដំណោះស្រាយឱ្យ ប៉ុន្តែមកដល់ខែមេសានេះ នៅពេលដែលពួកគាត់ទៅសួរនាំរឿងនេះជាថ្មីទៀត បែរជាមានអ្នកខ្លះបាត់ឈ្មោះ ហើយខាងធនាគារជាតិនៃកម្ពុជាថា មិនអាចដោះស្រាយឱ្យបានទៀត ទើបពួកគាត់មិនសុខចិត្ត ហើយនាំគ្នាទៅរកអន្តរាគមន៍ពីធនាគារជាតិនៃកម្ពុជា និងប្រមុខរដ្ឋាភិបាល ជាថ្មីទៀតនៅថ្ងៃនេះ។
ជនរងគ្រោះរូបនោះ អះអាងថា៖ «តាំងពីខែ១ ឆ្នាំ២០២៦ហ្នឹង គាត់ហៅយើងមកចុះឈ្មោះម្តង ហើយគាត់ថានឹងរកដំណោះស្រាយឱ្យយើង ប៉ុន្តែចាំរយៈពេល៣ខែរហូតមកដល់ខែ៤ហ្នឹង អត់មានដំណោះស្រាយអីទាំងអស់»។
ស្ត្រីជាជនរងគ្រោះរូបនេះ បានបង្កើតគណនីធនាគារនៅក្រុមហ៊ុន ហួយវ័ន ផេ នេះកាលពីអំឡុងខែមេសា ឆ្នាំ២០២៥ ដើម្បីឱ្យភ្ញៀវដែលទិញឥវាន់គាត់ អាចវេរលុយចូលគណនីធនាគារនេះ ដោយសារគាត់រកស៊ីជាមួយចិន។ គាត់មានសាច់ប្រាក់ក្នុងក្រុមហ៊ុននេះ ខ្ទង់ជិត ៣ម៉ឺនដុល្លារ។
បើតាមក្រុមអតិថិជនរងគ្រោះ ក្នុងការប្រមូលផ្តុំនៅព្រឹកមិញនេះ ក៏មានការឃាត់ខ្លួនមនុស្សពីរនាក់ផងដែរ ក្នុងនោះមានម្នាក់ឈ្មោះ សួន សុវណ្ណថៃ។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា និងអគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
តែយ៉ាងណា ក្នុងសំណុំរឿងក្រុមហ៊ុន ហួយ វ័ន ផេ និងក្រុមហ៊ុន អេច ផេ ធនាគារជាតិនៃកម្ពុជា តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ខែមេសា បានបកស្រាយថា សម្រាប់ម្ចាស់បំណុលរបស់ក្រុមហ៊ុន ហួយ វ័នផេ ធនាគារជាតិពុំអាចដោះស្រាយជូនបានទៀតទេ ព្រោះថា ក្រុមហ៊ុននេះបានបញ្ចប់ការជម្រះបញ្ជី និងដោះស្រាយជូនម្ចាស់បំណុលរួចរាល់ហើយ។ ហើយធនាគារជាតិ បានស្នើឱ្យម្ចាស់បំណុលទាំងនោះ ស្វែងរកដំណោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមានវិញ។
ចំណែក ម្ចាស់បំណុលក្រុមហ៊ុន អេច ផេ ធនាគារជាតិបានស្នើឱ្យចូលរួមសហការជាមួយក្រុមហ៊ុនជម្រះបញ្ជី ដ្បិតថា ធនាគារជាតិបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជីមួយ ដើម្បីដោះស្រាយជូនម្ចាស់បំណុលទាំងអស់។ តែរាល់ម្ចាស់បំណុលដែលអះអាងថា ជាជនរងគ្រោះត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធក្នុងរយៈពេល៣០ថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងដដែលរបស់ធនាគារជាតិ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៤ ខែមេសា អតិថិជនក្រុមហ៊ុន ហួយ វ័នផេ និងក្រុមហ៊ុនអេច ផេ បានប្រមូលផ្តុំគ្នាតវ៉ារហូតឈានដល់ការបិទផ្លូវ នៅពីមុខស្នាក់ការកណ្តាលធនាគារជាតិ ដើម្បីស្វែងរកដំណោះស្រាយ ខណៈកន្លងមក អតិថិជនក្រុមហ៊ុន ហួយ វ័ន ក៏ធ្លាប់បានប្រមូលផ្តុំគ្នា លើកបដានៅមុខស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីរកដោះស្រាយផងដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សង្កេតឃើញថា កន្លងមក នៅពេលដែលមានបញ្ហាផ្សេងៗកើតឡើង ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ហាក់មិនបានដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ ដោយបណ្តោយឱ្យរហូតទាល់តែជនរងគ្រោះផ្ទុះតវ៉ា និងឈានដល់ការប៉ះទង្គិចគ្នាជាដើម។
ការណ៍នេះ លោកថា៖ «យើងមិនមានអីផ្សេងទៀត សម្តេចនាយករដ្ឋមន្ត្រីក្តី សម្តេចប្រធានព្រឹទ្ធសភាក្តី ត្រូវតែអន្តរាគមន៍អីចឹងណា ត្រូវតែដោះស្រាយជូន ហើយមិនត្រូវប្រើប្រាស់វិធានការគំរាម នាំយកទៅសួរចម្លើយអីផ្សេងៗហ្នឹងមកធ្វើទេ ដូច្នេះគួរតែរកមធ្យោបាយដោះស្រាយ អាហ្នឹងជារឿងមួយប្រសើរសម្រាប់មុខមាត់កម្ពុជាយើង ព្រោះកាលណាយើងមានវិធានការទៅលើបញ្ហាដែលចោទឡើង មានការបិទទ្វារបិទអី ទាល់តែរដ្ឋាភិបាលលោកជាអ្នកទទួលខុសត្រូវថាដោះស្រាយយ៉ាងម៉េច ព្រោះកាលបើកក៏រដ្ឋាភិបាលអ្នកអនុញ្ញាតឱ្យបើកដែរ មានអាជ្ញាប័ណ្ណមានអី ដូច្នេះជាតួនាទីរបស់រដ្ឋាភិបាលដែលត្រូវទទួលខុសត្រូវចំពោះអតិថិជនទាំងអស់នោះ»។
ចំណែក លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ បានលើកឡើងដែរថា ការតវ៉ារបស់អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ នេះបានកើតឡើងច្រើនខែមកហើយដែរ ដែលគួរដឹងដល់ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី ដូច្នេះការស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៅពេលនេះ អាចនឹងមានសង្ឃឹមតិចតួច។ លោកបន្តថា ការបន្តអូសបន្លាយពេលដោះស្រាយ ជាពិសេសបញ្ហាដែលមានជនរងគ្រោះជាបរទេសថែមទៀតនោះ នឹងធ្វើឱ្យជះឥទ្ធិពលដល់ការវិនិយោគពីសំណាក់បរទេសនៅកម្ពុជា និងប៉ះពាល់ដល់មុខមាត់កម្ពុជានៅឆាកអន្តរជាតិ។
លោកថា៖ «ចឹងហើយបើមិនចង់ឱ្យគេមើលឃើញថា ប្រព័ន្ធធនាគារនៅកម្ពុជា មានបញ្ហា អីចឹងទាល់តែថ្នាក់ដឹកនាំរដ្ឋហ្នឹង ត្រូវមានវិធានការដោះស្រាយទៅលើការទាមទារតវ៉ារបស់អតិថិជនទាំងអស់ហ្នឹង ទាំងបរទេស ទាំងខ្មែរ ទាំងជនជាតិផ្សេងៗហ្នឹង អីចឹងគួរតែមានដំណោះស្រាយបានច្បាស់លាស់ ជៀសវាងធ្វើឱ្យជនបរទេសដែលគេចង់មករកស៊ី វិនិយោគអីផ្សេងៗ គេមានការភ័យខ្លាច គេមានការព្រួយបារម្ភ ហើយគេអត់ដាក់ទុនមករកស៊ី ឬក៏ដាក់លុយកាក់នៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា»។
ការផ្តើមចេញពីការប្រកាសបិទប្រតិបត្តិការដកប្រាក់នៅក្រុមហ៊ុនហួយវ័នរបស់ឧកញ៉ា ហ៊ុន តូ ក្រោយអន្តរជាតិរកឃើញបទឧក្រិដ្ឋលាងលុយកខ្វក់ រួមទាំងការរកឃើញបទឧក្រិដ្ឋឆបោកលំដាប់អន្តរជាតិពាក់ព័ន្ធទីប្រឹក្សា លោក ហ៊ុន សែន គឺលោក ចេន ហ្ស៊ី នោះ អ្នកឃ្លាំមើល បានបង្ហាញក្តីបារម្ភពីហានិភ័យប្រព័ន្ធធនាគារនៅកម្ពុជា និងផលប្រយោជន៍អតិថិជន បើប្រព័ន្ធច្បាប់នៅកម្ពុជាមិនចាត់វិធានការលើឧក្រិដ្ឋជនទាំង២រូបនោះ ដើម្បីស្តារមុខមាត់កម្ពុជាទេនោះ៕









