មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រកឃើញករណីយាយីទៅលើអ្នកសារព័ត៌មានជាង ១០ករណី ក្នុងត្រីមាសទី១នៃឆ្នាំ២០២៦នេះ ដែលហេតុការណ៍ទាំងនេះ បង្ហាញពីការរួមតូចនៃលំហសេរីភាពសារព័ត៌មាន។
ក្នុងរបាយការណ៍ស្តីពីការតាមដានឧប្បត្តិហេតុយាយីដល់អ្នកសារព័ត៌មាន របស់ (CCIM) ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានកត់ត្រាថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ មានហេតុការណ៍យ៉ាងហោចណាស់ ១៣ករណី បានកើតឡើងទៅលើអ្នកសារព័ត៌មានអាជីពចំនួន ៨នាក់ និងអ្នកសារព័ត៌មានពលរដ្ឋចំនួន ៧នាក់ នៅទូទាំងប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា ហេតុការណ៍ទាំងនេះ បានកើតឡើងអំឡុងពេលពួកគេចុះយក និងផលិតព័ត៌មាន ដែលនាំឱ្យមានការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង ការគំរាមរូបរាងកាយ ការបង្ខំឱ្យលុបមាតិកា និងបណ្តឹងព្រហ្មទណ្ឌជាដើម ក្នុងនោះមានការចាប់ខ្លួន ៥ករណី ការគំរាមកំហែង ៧ករណី និងករណីផ្សេង ១ករណី។
របាយការណ៍ បានកត់សម្គាល់ថា ក្នុងករណីដែលបានកើតឡើង មាន ៥ករណី ទាក់ទងនឹងការរាយការណ៍ពីបញ្ហាព្រំដែន ខណៈឧប្បត្តិហេតុចំនួន ៣ទៀត ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានដែលផ្សាយផ្ទាល់ ឬរាយការណ៍ពីសកម្មភាពបោកប្រាស់តាមអ៊ីធឺណិត។
របាយការណ៍ បានសង្កត់ធ្ងន់ថា៖ «ករណីដែលបានចងក្រងនេះ បានបង្ហាញពីទម្រង់នៃការយាយី និងការដាក់សម្ពាធផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលរាយការណ៍ អំពីការប្រតិបត្តិការឆបោកតាមអនឡាញ ល្បែងស៊ីសង និងបញ្ហាព្រំដែន។ ហេតុការណ៍ទាំងនេះ បង្ហាញឱ្យឃើញពីការរួមតូចនៃលំហសេរីភាពសារព័ត៌មាន ជាពិសេសចំពោះអ្នកសារព័ត៌មានដែលរាយការណ៍បែបស៊ើបអង្កេត លើប្រធានបទពាក់ព័ន្ធនឹងកងកម្លាំងសន្តិសុខ ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ឬបញ្ហាទាក់ទងនឹងព្រំដែន»។
វីអូឌី មិនអាចទាក់ទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោកទេព អាស្នារិទ្ធ ដើម្បីការឆ្លើយតបជុំវិញការរកឃើញនេះបានទេ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។
ការវាយតម្លៃរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន សេរីភាពសារព័ត៌មាននៅក្នុងកម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពអាក្រក់ធ្ងន់ធ្ងរ ដោយបានធ្លាក់ចុះចំណាត់ថ្នាក់រហូតដល់១០លេខ គឺនៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៥១ ហើយនៅក្នុងឆ្នាំ២០២៥បានធ្លាក់ដល់១៦១ នៅក្នុងចំណោមបណ្តាប្រទេសចំនួន១៨០នៅលើពិភពលោក។
ដោយឡែក របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ ២០២៦ របស់អង្គការ Freedom House ក៏បានចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព ដែលឆ្លុះបញ្ចាំងពីការរឹតត្បិតសិទ្ធិនយោបាយ និងសេរីភាពស៊ីវិលយ៉ាងធ្ងន់ធ្ងរ ក្រោមលេសនៃការរក្សាសន្តិសុខជាតិ និងស្ថិរភាពនយោបាយរបស់បក្ខពួកនិយម៕









