មន្ត្រីសង្គមស៊ីវិល និងសកម្មជនការពារព្រៃឡង់ ខេត្តស្ទឹងត្រែង ទទូចឱ្យក្រសួងបរិស្ថាន ត្រូវទទួលស្គាល់ការពិត ពីវិនាសកម្មព្រៃឡង់ ហើយត្រូវរកដំណោះស្រាយឱ្យចំគោលដៅ ទើបវិបត្តិព្រៃឈើអាចដោះស្រាយបាន។
ការលើកឡើងនេះ ក្រោយពីប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ថ្មីៗនេះបានដឹកនាំមន្ត្រីចុះល្បាតព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង រកមិនឃើញបទល្មើសកាប់ឈើ ហើយក្រុមជនល្មើសកាប់បំផ្លាញព្រៃឈើ និងមន្ត្រីខិលខូចដែលបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃឡង់ ក៏មិនឃើញចាប់ខ្លួនមកអនុវត្តច្បាប់នោះដែរ។
សកម្មជនការពារព្រៃឡង់ លោក អ៊ុក ម៉ៅ ចាត់ទុកការលើកឡើងរបស់លោក ស្រេង ជាហេង ថាជាការភូតកុហកថ្នាក់ដឹកនាំ និងលាក់បាំងការពិត ពីមហន្តរាយព្រៃឡង់ក្រោមការដឹកនាំរបស់លោក។ លោកស្នើឱ្យប្រធានមន្ទីរបរិស្ថានរូបនេះ គួរតែអនុញ្ញាតឱ្យពួកលោក ចូលរួមល្បាតព្រៃជាមួយមន្ត្រីជំនាញ ហើយលោកនឹងនាំលោកស្រេង ជាហេង ពិនិត្យសកម្មភាពកាប់បំផ្លាញព្រៃឡង់ទ្រង់ទ្រាយធំ។
លោក អ៊ុក ម៉ៅ និយាយថា៖ «លោកស្រេង ជាហេង គាត់ភរតាមពិតឈើអារពេញតែព្រៃហ្នឹង។ គាត់អត់ហ៊ានហៅខ្ញុំទៅជាមួយ គាត់អត់ហ៊ានហៅទេ បើទៅតែគ្នាគាត់ភូតភរគេថា អត់មានបទល្មើសព្រៃឈើ។ មើលឈើមើល បរិស្ថានរុញដាក់មេព្រៃ មេព្រៃរុញដាក់បរិស្ថាន។ អស់ហើយព្រៃឡង់ ឱ្យតែស្រេង ជាហេង លេងអ៊ីចឹងទៀត រលីងហ្មង»។
កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានចុះល្បាតដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានថ្លែងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានថា ក្នុងពេលចុះល្បាតរយៈពេល ៤ថ្ងៃ ក្រុមការងាររបស់លោក រកមិនឃើញមានបទល្មើសកាប់ឈើ គួរឱ្យសង្ស័យ ក៏ប៉ុន្តែបានដោះខ្សែអន្ទាក់ចាប់សត្វព្រៃចំនួន ៥៤ខ្សែ។
លោកថា ការចុះល្បាតនេះ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ការថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានស្ថិរភាព និងការពារជីវចម្រុះឱ្យជៀសផុតពីការផុតពូជ ជាពិសេសប្រភេទសត្វ និងរុក្ខជាតិកម្រៗនៅក្នុងតំបន់ព្រៃឡង់។
កូនប្រុសសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ គឺលោក ម៉ៅ វាសនា ដែលតែងតែចុះល្បាតព្រៃ ប្រាប់វីអូឌីនៅថ្ងៃទី២៨ ខែមេសាថា គ្រាន់តែមួយជ្រុងក្នុងភូមិអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ក្នុងដែនជម្រកសត្វព្រៃឡង់ ត្រូវគេកាប់ទន្ទ្រាននិងឈូសឆាយ ក្លាយជាវាលល្វឹងល្វើយ មើលដាច់កន្ទុយភ្នែក។ រីឯដើមឈើធំៗ ក្នុងព្រៃអភិរក្សនេះ ក៏ត្រូវគេលួចកាប់ជាបន្តបន្ទាប់ ហើយក្រុមជនល្មើសមុខដដែល តែងតែចូលព្រៃអារឈើជារបរអាជីពចិញ្ចឹមជីវិត មិនទាន់ឃើញមន្ត្រីជំនាញនាំខ្លួនមកផ្ដន្ទាទោសនៅឡើយទេ។
លោក ម៉ៅ វាសនា និយថាយ៖ «ការពារកាន់តែបាត់បង់ ព្រោះអីគាត់ស៊ីសំណូកសូកប៉ាន់ ចាប់ឈើ គាត់យកលុយគេ លែងគេវិញ ហើយគេចេះតែកាប់ឈើទៀត»។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា មន្ត្រីជំនាញត្រូវទទួលស្គាល់ការពិត ពីការបាត់បង់ព្រៃឈើ ដែលរងការបំផ្លាញទ្រង់ទ្រាយធំក្នុងតំបន់ព្រៃឡង់។ បញ្ហានេះ លោកយល់ថា ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងមន្ត្រីជំនាញ។
លោក ម៉ៅ វាសនា និយាយថា៖ «យើងត្រូវតែទទួលស្គាល់ទាំងអស់គ្នា ដោយភាពទៀតត្រង់ ព្រៃឈើយើង មកដល់និច្ចការនេះ ពិតជាបាត់បង់។ ជាការទទួលខុសត្រូវរដ្ឋាភិបាល មន្ត្រីជំនាញផង និងជាការទទួលខុសត្រូវរបស់ពលរដ្ឋផង។ ចូលរួមសហការគ្នា ដើម្បីព្រៃឈើយើងទៅថ្ងៃអនាគត»។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅប្រទេសអូស្រាលី លោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលត្រូវចាត់វិធានការលើមន្ត្រីដែលទទួលខុសត្រូវការពារព្រៃឡង់ និងផ្ដន្ទាទោសមន្ត្រីណាដែលបណ្ដែតបណ្ដោយឱ្យកើតមានបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកថា៖ «រឿងព្រៃឈើនេះ គួរតែពិនិត្យមើលចាត់វិធានការលើមន្ត្រីទទួលខុសត្រូវទាំងអស់ហ្នឹង នៅតំបន់ណាមួយធ្វើឱ្យព្រៃឈើបាត់បង់ ត្រូវតែហ៊ានចាត់វិធានការលើមន្ត្រីហ្នឹង ដកតួនាទី ដាក់វិន័យ ត្រូវចាត់វិធានការតាមច្បាប់ ផ្ដន្ទាទោសតាមច្បាប់តាមទោសទណ្ឌដែលពួកគេប្រព្រឹត្ត និង ពុករលួយ ដើម្បីឱ្យមន្ត្រីផ្សេងទៀតខំប្រឹងប្រែងបំពេញការងារ និងមិនហ៊ានប្រព្រឹត្តអំពើពុករលួយ»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥ សែនហិកតា (៤៨៩,៦៣៣) គ្របដណ្ដប់លើខេត្តចំនួន ៤ រួមមាន កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ តំបន់នេះត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារការពារធម្មជាតិដ៏សំខាន់ ដើម្បីថែរក្សាជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិ។
ទិន្នន័យពីអង្គការតាមដានព្រៃឈើពិភពលោក (Global Forest Watch-GFW) និងរបាយការណ៍អង្កេតរបស់សង្គមស៊ីវិល បង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភថា ចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០២៤ កម្ពុជាបានបាត់បង់គម្របដើមឈើសរុបប្រមាណ ២,៩លានហិកតា ដែលស្មើនឹង ៣៣% នៃផ្ទៃដីព្រៃឈើដែលមានក្នុងឆ្នាំ២០០០។ អត្រានៃការបាត់បង់នេះ ត្រូវបានចាត់ទុកថាជាអត្រាខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។ នៅក្នុងឆ្នាំ២០២៤ កម្ពុជាបានបាត់បង់ព្រៃឈើធម្មជាតិជិត១០ម៉ឺនហិកតា (៩៧,០០០ ហិកតា) ។
លើសពីនេះ របាយការណ៍ពី Mongabay និងសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ច និងបរិស្ថានកម្ពុជា (Cambodian Economic and Environmental Journalists Association-CEEJA) បញ្ជាក់ថា ប្រហែល ៥៦% នៃការបាត់បង់ព្រៃឈើក្នុងឆ្នាំ២០២៤ បានកើតឡើងនៅក្នុងបណ្តាញតំបន់ការពារដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
និន្នាការនេះ បន្តពីឆ្នាំ២០២៣ ដែលក្នុងឆ្នាំនោះ កម្ពុជាបានបាត់បង់គម្របព្រៃឈើជាង ១២ម៉ឺនហិកតា (១២០ ៨២៩ ហិកតា)។ ការវិភាគតាមតំបន់បង្ហាញថា ខេត្តក្រចេះ កំពង់ធំ រតនគិរី និងស្ទឹងត្រែង នៅតែជាចំណុចក្តៅ (Hotspots) នៃការកាប់បំផ្លាញព្រៃឈើ៕









