តុលាការខេត្តតាកែវ បានសម្រេចផ្តន្ទាទោសបុរសពិការជើងពីកំណើត គឺលោក ភុន យុទ្ធ ដែលគេស្គាល់ថា ជាអ្នកហ៊ានរិះគន់ការដឹកនាំរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ពីបញ្ហាអភិបាលកិច្ច អយុត្តិធម៌សង្គម និងបញ្ហាព្រំដែនជាដើមនោះ ឱ្យជាប់ពន្ធនាគាររយៈ ១៨ខែ ពាក់ព័ន្ធនឹងបទញុះញង់។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងខេត្តតាកែវ បានបើកសវនាការជាលើកដំបូងលើសកម្មជននយោបាយ លោក ភុន យុទ្ធ ពីបទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបានលើកពេលប្រកាសសាលក្រម មកថ្ងៃទី២៨ ខែមេសានេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមេសានេះ តុលាការខេត្តតាកែវ បានប្រកាសសាលក្រម ដោយផ្តន្ទាទោសជនមានពិការភាព លោក ភុន យុទ្ធ ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ (១៨ខែ) ដោយចោទពីរបទល្មើស រួមមាន បទ «មិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ២៨ មាត្រា៤៩៤ និងមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។
លោកបង្ហាញការសោកស្តាយ និងយល់ថា ការចាប់ខ្លួន និងចោទទៅលើលោក ភុន យុទ្ធ ជាការរឹតត្បិតសេរីភាពបញ្ចេញមតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកថា នៅពេលមានការកំរិតសេរីភាពបញ្ចេញមតិ នោះវាប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យ ប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងប៉ះពាល់ដល់មុខមាត់កម្ពុជានៅឆាកអន្តរជាតិផងដែរ។
លោក អំ សំអាត ថ្លែងថា៖ «អីចឹងការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួន និងការផ្តន្ទាទោសទៅលើលោក ភុន យុទ្ធ ក៏ដូចជា សកម្មជន និងអ្នកផ្សេងទៀតកន្លងមកហ្នឹង ដោយសារតែភាពសកម្មក្នុងការបញ្ចេញមតិលើបណ្តាញសង្គមរបស់ពួកគេ វាជាការរឹតត្បិតសេរីនៅក្នុងការបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដែលកម្ពុជាបានទទួលស្គាល់ អីចឹងខ្ញុំយល់ឃើញថា អាជ្ញាធរ និងតុលាការ គួរតែពិនិត្យនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ថាអ្វីជាសេរីភាពការបញ្ចេញមតិ អ្វីដែលជាបទល្មើស ដើម្បីកុំឱ្យរំលោភទៅលើសេរីភាពបញ្ចេញមតិ ដែលធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានទេ នៅថ្ងៃអង្គារនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ការចាប់ខ្លួន និងចោទប្រកាន់ទៅលើ លោក ភុន យុទ្ធ ជារឿងអយុត្តិធម៌ ព្រោះជនមានពិការភាពរូបនេះ គ្រាន់តែសម្តែងមតិរឿងសង្គម ឬរឿងបញ្ហាព្រំដែន នៅលើបណ្តាញសង្គម ដែលស្របនឹងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។ ការណ៍នេះ លោកបានអំពាវនាវដល់តុលាការ ដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពវិញ។
លោកថា៖ «ការកាត់ក្តីនេះ មិនអាចផ្តល់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទៅលើឯករាជ្យភាពរបស់តុលាការនោះទេ ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺឃើញថា តុលាការនេះគឺជាតុលាការតេឡេ តុលាការដែលស្តាប់បញ្ជាពីត្រកូលហ៊ុន អ្នកណាដែលហ៊ានរិះគន់បញ្ហាព្រំដែនហ្នឹង គឺចាប់ដាក់គុកអស់ហើយ ដោយសារតែត្រកូលហ៊ុនអសមត្ថភាពក្នុងការការពារទឹកដី ធ្វើឱ្យបាត់បង់ទឹកដីខ្មែរយើង រហូតដល់ទៅ៥៩ទីតាំងទៅភាគីថៃ។ ដូច្នេះខ្ញុំសំណូមពរឱ្យដោះលែងរូបគាត់ដោយគ្មានលក្ខខណ្ឌ ហើយគាត់ជាជនពិការទៀត មិនគួរចាប់ជនពិការដាក់ពន្ធនាគារនោះទេ នេះគឺជាបង្ហាញភាពឃោរឃៅផ្តាច់ការរបស់ត្រកូលហ៊ុន សូម្បីតែជនពិការក៏ចាប់ដាក់គុកដែរណា បង្ហាញពីភាពអមនុស្សធម៌នៃការដឹកនាំរបស់ត្រកូលហ៊ុន»។
ជនមានពិការភាព ឈ្មោះ ភុន យុទ្ធ ត្រូវបានមន្រ្តីនគរបាលខេត្តតាកែវ ចុះទៅចាប់ខ្លួនដល់ផ្ទះរបស់លោក កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ដែលការចាប់ខ្លួននេះ ជាលើកទី៣ហើយ ដោយសារលោកបន្តរិះគន់ពីភាពអសកម្មរបស់ លោក ហ៊ុន ម៉ាណែត ពិសេសស្ដីពីបញ្ហាព្រំដែន ក្រោយការឈ្លានពានរបស់ថៃ ដែលការចាប់ខ្លួនលើកទី៣នេះ ក្រោយពីលោក ភុន យុទ្ធ ចេញពីពន្ធនាគារបានប្រហែល១ខែប៉ុណ្ណោះ ខណៈភាពសកម្មរិះគន់របស់គាត់នៅតែបន្ត។
លោក ភុន យុទ្ធ ត្រូវបានសមត្ថកិច្ខខេត្តសៀមរាប ចាប់ឃុំខ្លួនជាលើកទី១ កាលពីឆ្នាំ២០១៩ សម័យលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដោយតុលាការចោទពីបទញុះញង់ ហើយផ្ដន្ទាទោសដាក់ពន្ធនាគារ១៨ខែ ដោយសារនិយាយរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ។
កាលនោះ លោកបានជាប់ឃុំ ៦ខែ ហើយលោកបានត្រឡប់មករស់នៅស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ វិញ។ ប៉ុន្តែ លោក ភុន យុទ្ធ ត្រូវចាប់ឃុំខ្លួនជាលើកទី២ នៅដើមឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ខណៈគាត់នៅបន្តរិះគន់ពីបញ្ហាអភិបាលកិច្ច អំពើពុករលួយ និងបញ្ហាព្រំដែនជាដើម។ ការជាប់ឃុំលើកទី២នេះ លោក ភុន យុទ្ធ ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់់ពន្ធនាគារ១៨ខែ ចោទពីបទញុះញង់ ដែលជាបទចោទដ៏ពេញនិយម តាំងពីការដឹកនាំរបស់លោក ហ៊ុន សែន តមកដល់អាណត្តិលោក ហ៊ុន ម៉ាណែត។
យោងតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់៕









