ស្ថានភាព​​ពលករ​​ខ្មែរ​​ត្រឡប់​​​ពី​​​ថៃ​​នៅ​​ឆ្ងាយ​​ពី​​ការ​​ដោះ​​ស្រាយ​​​ទោះ​​​រដ្ឋ​​​ធានា​​​​ឱកាស​​​​ការ​​ងារ

ការ​សិក្សា​នានា​ រកឃើ​ញ​ថា ស្ថាន​ភាព​ប្រឈម​របស់​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ នៅ​ឆ្ងាយ​ពី​ការ​ដោះ​ស្រាយ​នៅ​ឡើយ បើ​ទោះ​បី​រដ្ឋាភិ​បាល​បាន​លើក​ឡើង​ថា បាន​ដោះ​ស្រាយ​បញ្ហា​នេះ​រួច​រាល់​ហើយ តាម​រយៈ​ ចាត់​វិធាន​ការ​យ៉ាង​រហ័ស ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​បង្កើន​ឱកាស​ការ​ងារ​ក៏​ដោយ។

នៅច​ន្លោះ​ខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥ ពលក​រ​ខ្មែរ​ជាង ​៩០​ម៉ឺន​នាក់​ (៩០០ ០០០​នាក់) បាន​ត្រឡប់​មក​ពី​ថៃ​វិញ ដោយ​សារ​ជម្លោះ​ព្រំ​ដែន ដែល​នេះ​គឺ​ជាកា​រ​វិល​ត្រឡប់​របស់​ពលករ​ចំណាក​ស្រុក​ដោយ​បង្ខំក្នុង​​ទ្រង់​ទ្រាយ​ធំ​បំផុត​ដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ភាគច្រើននៃពួកគេបានបោះបង់ចោលការងារក្រៅប្រព័ន្ធក្នុងប្រទេសថៃ ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​គ្រួសារ​របស់​ពួក​​គេ។

រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ខ្លួន​បាន​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​វិល​ត្រឡប់​នេះ​រួច​រាល់​ហើយ តាម​រយៈ​ការ​ចាត់​វិធាន​ការ​យ៉ាង​រហ័ស​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​បង្កើន​ឱកាស​ការ​ងារ។ រដ្ឋាភិ​បាល បាន​ប្រកាស​ថា​ ពលករ​ដែល​ត្រឡប់​មក​វិញ​ជាង​ ៦០​ម៉ឺន​នាក់ (៦០០ ០០០នាក់) ត្រូវ​បានដាក់ឱ្យមានការងារធ្វើ។

ទោះជាយ៉ាងណា ការស្រាវជ្រាវដោយអង្គការល្បីឈ្មោះចំនួនបី បានគូសបញ្ជាក់ថា ស្ថានភាព​របស់​ពលករ​ដែល​​ត្រឡប់​មក​វិញ​ ​គឺ​នៅ​ឆ្ងាយ​ពី​ការ​ដោះស្រា​យ​បាននៅឡើយ។

លទ្ធផលសំខាន់ៗរកឃើញថា ១ភាគ៣ នៃពលករដែលត្រឡប់មកវិញ មិនអាចរកការងារធ្វើ​បាន។ ក្នុងចំណោម​អ្នកដែលមានការងារធ្វើ ចំណូល​​របស់ពួក​​គេមាន​ត្រឹម​តែ​ពាក់​កណ្តាល នៃ​ប្រាក់​ឈ្នួល​ដែល​ធ្លាប់ទទួល​បាន​នៅ​ថៃ។

ការសិក្សា​​ដដែល​​រកឃើញទៀតថា ពលករ​ភាគច្រើន​ដែលមានការងារធ្វើ កំពុង​រកចំណូលបាន​តិច​ជាងពាក់​​កណ្តាល​នៃ​ចំណាយ​ប្រចាំខែរបស់ពួកគេ។ ហើយគ្រួសារពលករដែលត្រឡប់មកវិញ ៧ ក្នុងចំណោម ១០ គ្រួសារ កំពុងជាប់​បំណុល។

របាយការណ៍គូសបញ្ជាក់ថា ដំបូងឡើយ មានពលករត្រឹមតែ ១ ក្នុងចំណោម ១០ នាក់ប៉ុណ្ណោះ ដែល​​ចង់ចំណាក​ស្រុកទៅ​វិញ ប៉ុន្តែចំនួននេះបានហក់ឡើងដល់ពាក់កណ្តាល។

របាយការណ៍ «ពីគោលនយោបាយទៅកាន់ការអនុវត្ត» (From Policy to Practice) ដែលចេញផ្សាយដោយ​មជ្ឈ​មណ្ឌល​​សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ដែលជាអង្គការក្រៅរដ្ឋាភិបាល ត្រូវ​បាន​រដ្ឋាភិ​បាល​​បដិ​សេធយ៉ាង​​ឆាប់​រហ័ស។ យោងតាមសារព័ត៌មានខ្មែរថាមស៍ ចុះថ្ងៃទី២៦ ខែមីនា លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការ​​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា របាយការណ៍នេះ «ខ្វះភាពត្រឹមត្រូវ»។ លោក​បានបដិសេធមិន​​បង្ហាញទិន្នន័យផ្សេងទៀត​ ទាក់ទងនឹងប្រាក់ចំណូល បំណុល ឬលក្ខខណ្ឌរស់នៅនោះទេ។

រដ្ឋាភិបាលបានដកស្រង់របាយការណ៍សង្ខេបគោលនយោបាយរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវ​ជ្រា​វ​​ដើម្បីអភិវឌ្ឍន៍​កម្ពុជា (CDRI)។ របាយការណ៍នេះ​ពិតជាបានបញ្ជាក់ថា គំនិតផ្តួចផ្តើមបង្កើនឱកាសការ​​ងារទ្រង់ទ្រាយធំទទួល​បានជោ​គ​ជ័​យ​​ក្នុងកម្រិតណា​មួយ និងបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់​​រដ្ឋាភិបាល។ ទោះជាយ៉ាង​ណា​​ក៏​​ដោ​យ លទ្ធផលរបស់ CDRI ក៏​បាន​​បង្ហាញពីភាពមិនប្រក្រតីនៃសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីលទ្ធផលស្រាវជ្រាវ​ផ្សេ​ង​ទៀត​ផងដែរ។

CDRI បានរកឃើញថា ប្រាក់ចំណូលប្រចាំខែជាមធ្យមបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពេលត្រឡប់មកវិញ ពោល​គឺធ្លាក់​ពី ៤៣១ ដុល្លារនៅថៃ មកនៅត្រឹម ២៦៩ ដុល្លារនៅក្នុងប្រទេសកម្ពុជា។ មានតែ ៤៣% នៃពលករ​ដែលមានការ​ងារ​ធ្វើ​ប៉ុណ្ណោះ ដែលរាយការណ៍ថាទទួលបានចំណូលលើសពី ២១០ ដុល្លារក្នុងមួយខែ។ ប្រហែល ៧០% នៃគ្រួសារដែលបានអង្កេតកំពុងជាប់បំណុល។ ក្នុងចំណោមនោះ ៨៣% បានរាយ​ការណ៍ថា​មានការលំបាកក្នុងការសងប្រាក់កម្ចីទាន់​ពេលវេលា។ ប្រហែល ៧៨% នៃគ្រួសារគ្មានប្រាក់សន្សំទាល់តែសោះ។

សន្ទស្សន៍សមាហរណកម្មរបស់ CDRI (ដែលវាស់វែងលើលទ្ធភាពទទួលបានការបណ្តុះបណ្តាល ការគាំ​ពារ​សង្គម និង​ការ​​គាំទ្​រតាមស្ថាប័ន) ទទួលបានពិន្ទុត្រឹមតែ ៣៨% ប៉ុណ្ណោះ។ នេះមិនមែនជារូបភាពនៃសមាហរណ​កម្មដ៏ជោគ​ជ័យ​​ឡើយ បើ​​ផ្អែកលើខ្នាតវាស់វែងសមស្របណាមួយនោះ។

នៅក្នុងខែមេសា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញផ្សាយការវាយតម្លៃមួយដែលគាំទ្រដល់​ការ​រកឃើញរបស់អង្គការក្រៅរដ្ឋាភិបាលទាំងនេះ។ UNDP បានរកឃើញថា អត្រាអត់ការងារធ្វើក្នុងចំណោម​ពលករដែលត្រឡប់មកវិញបានកើនឡើងពី ២២% មុនពេលមានការផ្លាស់ទីលំនៅ ទៅដល់ ៥១% ក្រោយពេលត្រឡប់មកវិញ។ ជាមធ្យម ប្រាក់ចំណូលបុគ្គលម្នាក់ៗ បានធ្លាក់ចុះជិតពាក់កណ្តាល គឺពី ៤០៩ ដុល្លារ​ក្នុងមួយខែនៅថៃ មកត្រឹម ២០០ ដុល្លារ នៅកម្ពុជា។ ៨៧% នៃគ្រួសារបានរាយការណ៍ថាមានចំណូលទាបជាងមុន។

CDRI បានសន្និដ្ឋានថា «ចំណែកដ៏ច្រើននៃព​លករ​ដែល​ត្រឡប់​មក​វិញ​នៅ​តែ​អត់​ការ​ងារ​ធ្វើ ឬ​ងាយ​រង​គ្រោះ​​ផ្នែក​​សេដ្ឋ​​កិច្ច ហើយ​ការ​ងារ​ភាគ​ច្រើន​ដែល​ទទួល​បាន គឺ​ជា​ការ​ងារ​បណ្តោះ​អាសន្ន ក្រៅ​ប្រព័ន្ធ ​ឬ​មិន​ស្រប​តាម​ជំនាញ​ដែល​ពួក​គេ​មាន​ពី​មុន»។

អនុសាសន៍សំខាន់របស់ CDRI គឺថា សមាហរណកម្មត្រូវតែដើរឱ្យហួសពីតួរលេខ​នៃ​ចំនួន​ការ​ងារ គឺ​ត្រូវ​សំដៅ​ទៅ​រក​ផលិត​ភាព និង​ការ​ស្ដារ​ឡើង​វិញ​នូវ​ប្រាក់​ចំណូល។

ការផ្តល់​ការ​ងារ​ឱ្យ​ធ្វើ មិន​មែន​មាន​ន័យ​ដូច​គ្នា​ទៅ​នឹង​ការ​ស្ដារសេដ្ឋកិច្ច​ឡើងវិញនោះទេ។ ការដាក់ពលករឱ្យ​ធ្វើការ​ងារ​ដែល​ទទួលបានប្រាក់កម្រៃទាប ក្រៅប្រព័ន្ធ ឬការងារបណ្តោះអាសន្ន មិនអាចលុបបំបាត់បំណុល ស្តារសន្តិសុខស្បៀង ឬរារាំងការធ្វើចំណាកស្រុកដោយមិនមានសុវត្ថិភាពឡើងវិញបានឡើយ។ ការ​អង្កេត​របស់​អង្គការសង់ត្រាល់​ (CENTRAL) លើ​ពលករ ៥២៧ នាក់ បានរកឃើញថា ប្រាក់ចំណូលគ្រួសារប្រចាំខែជាមធ្យមក្រោយត្រឡប់មកវិញមានត្រឹមតែ ៦៤ ដុល្លារ បើធៀបនឹងចំណាយប្រចាំខែជាមធ្យម ១៧៣ ដុល្លារ។ បំណុល​មានកម្រិតដល់ទៅ ៧១% ហើយ ៨៥% នៃអ្នកទាំង​នោះ មិនមានលទ្ធភាពសងបំណុលទាន់​ពេល​ឡើយ។ លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយពីទិន្នន័យរបស់ CDRI។

តួលេខ៦០ម៉ឺននាក់( ៦០០,០០០ នាក់) របស់រដ្ឋាភិបាល គឺជាការវាស់វែងចំនួនមនុស្សដែលបានឆ្លងកាត់ប្រព័ន្ធ​ផ្គូរ​ផ្គង​​ការ​ងារ។ មិនបានវាស់វែងថា តើពលករទាំងនោះមានចំណូលស្ថិរភាពដែរឬទេ តើបំណុលរបស់​ពួក​គេ​ត្រូវបានដោះស្រាយ​​ដែរឬទេ តើកូនៗរបស់ពួកគេនៅតែបានចូលរៀនដែរឬទេ ឬតើពួកគេមានអារម្មណ៍​ថាបង្ខំចិត្តត្រូវចំណាក​​ស្រុក​ម្តង​ទៀត​តាម​រយៈផ្លូវខុសច្បាប់ និងគ្រោះថ្នាក់ដែរឬទេ។

ទិន្នន័យរបស់ CENTRAL បានរកឃើញថា ប្រហែលពាក់កណ្តាលនៃពលករដែលបានអង្កេត គ្រោងនឹងចំណាក​ស្រុកម្តងទៀត។ ចំនួននេះ បានកើនឡើងយ៉ាងខ្លាំងពី ១៣% ដែលបានកត់ត្រាកាលពីខែសីហា ឆ្នាំ២០២៥។ និន្នាការនេះ មិនស្របទៅនឹងសមាហរណកម្មដ៏ជោគជ័យនោះទេ។

គួរកត់​​សម្គាល់ថា ទាំង CENTRAL និង CDRI មិនបានបដិសេធថា រដ្ឋាភិបាលបានឆ្លើយតបចំពោះវិបត្តិនេះនោះ​ទេ។ ប៉ុន្តែអ្វីដែលលទ្ធផលស្រាវជ្រាវរបស់ពួកគេចោទជាសំណួរនោះគឺថា តើការរាប់ចំនួនការងារដែល​បានផ្តល់ឱ្យ គឺជាខ្នាតវាស់វែងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ការឆ្លើយតបនោះមានប្រសិទ្ធភាពដែរឬទេ? ភស្តុតាង​នៅទីនេះបង្ហាញ​ថា វា​នៅមិនទាន់មានប្រសិទ្ធភាពឡើយ យ៉ាងហោចណាស់ក៏មិនទាន់ដល់ពេលនេះ​ដែរ។ ក្នុងន័យនេះ តើវាមានប្រយោជន៍​ដែរឬទេសម្រាប់រដ្ឋាភិបាលក្នុងការដេញដោលលើវិធីសាស្ត្រស្រាវ​ជ្រាវ ជាជាងការដោះស្រាយបញ្ហាប្រឈមដែល​បានលាតត្រដាង?

អ្វីដែល CENTRAL, CDRI និង UNDP ចង់គូសបញ្ជាក់ គឺតម្រូវការក្នុងការឈានឱ្យហួសពីការរាប់ចំនួនការ​​ងារ ហើយ​ចាប់ផ្តើមវាស់វែង​ថាតើជីវិតពិតរបស់ពលករកំពុង​ត្រូវបានស្តារឡើងវិញ​ពិតប្រាកដដែរឬទេ។ នោះ​​មាន​ន័យ​ថា ត្រូវយកចិត្តទុកដាក់លើបញ្ហាបំណុលឱ្យបានហ្មត់ចត់ បង្កើនគុណភាពការងារ និងពង្រឹងប្រព័ន្ធ​គាំពារសង្គម។ វា​ក៏​ទាមទារឱ្យមានការធានាថា ពលករដែលត្រឡប់មកវិញ ជាពិសេសស្ត្រី (ដែលមាន​ចំនួនច្រើន) មានផ្លូវពិតប្រាកដ​ឆ្ពោះទៅរកស្ថិរភាព ជាជាងគ្រាន់តែមានឈ្មោះចុះក្នុងបញ្ជីផ្លូវការនៃគម្រោង​ផ្តល់ការងាររបស់រដ្ឋាភិបាល។

ការច្រានចោលភស្តុតាង មិនបានធ្វើឱ្យការលំបាករលាយបាត់ទៅនោះទេ។ វាគ្រាន់តែពន្យារពេលនៃការគាំទ្រដែលគ្រួសារងាយរងគ្រោះកំពុងត្រូវការជាបន្ទាន់តែប៉ុណ្ណោះ។ កម្ពុជាមានឱកាសក្នុងការក្លាយជាអ្នកដឹកនាំលើការធ្វើ​សមាហរណ​កម្មប្រកបដោយសេចក្តីថ្លៃថ្នូរ និងផ្អែកលើភស្តុតាង។ ឱកាសនោះនឹងអាចសម្រេចទៅបាន លុះត្រាតែមាន​ការ​ពិនិត្យមើលទិន្នន័យឱ្យបានម៉ត់ចត់ រួមទាំងទិន្នន័យដែលពិបាកនឹងទទួលយកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ