លោកប្រធានាធិបតីអាមេរិក Donald Trump មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ ក្នុងការដោះស្រាយសង្រ្គាមរយៈពេលពីរខែនេះទេ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីអាមេរិកម្នាក់ ដែលធ្វើឱ្យក្តីសង្ឃឹមក្នុងការបញ្ចប់ជម្លោះកាន់តែស្រពេចស្រពិល ខណៈដែលសង្រ្គាមនេះបានបង្កការរំខានដល់ការផ្គត់ផ្គង់ថាមពល ជំរុញឱ្យមានអតិផរណា និងបានសម្លាប់មនុស្សអស់រាប់ពាន់នាក់។
សំណើចុងក្រោយរបស់អ៊ីរ៉ង់ នឹងទុកការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមួយអន្លើសិន រហូតដល់សង្រ្គាមត្រូវបានបញ្ចប់ និងវិវាទលើការដឹកជញ្ជូនតាមសមុទ្រពីតំបន់ឈូងសមុទ្រត្រូវបានដោះស្រាយ។
ចំណុចនេះទំនងជាមិនអាចធ្វើឱ្យសហរដ្ឋអាមេរិកពេញចិត្តនោះទេ ដោយសារទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយតាំងពីដំបូងមក។ មន្ត្រីអាមេរិកដែលបានដឹងអំពីកិច្ចប្រជុំកាលពីថ្ងៃ២៧មេសារវាងលោកប្រធានាធិបតី និងក្រុមទីប្រឹក្សា បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក Trump មិនសប្បាយចិត្តនឹងសំណើរបស់អ៊ីរ៉ង់ដោយសារមូលហេតុនោះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថា សហរដ្ឋអាមេរិក “នឹងមិនចរចាតាមរយៈសារព័ត៌មានឡើយ” ហើយបាន “បញ្ជាក់ច្បាស់ៗអំពីបន្ទាត់ក្រហមរបស់យើង” ខណៈដែលរដ្ឋបាលលោក Trump កំពុងស្វែងរកការបញ្ចប់សង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលខ្លួនបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ រួមជាមួយអ៊ីស្រាអែល។
កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសជាច្រើនទៀត រួមទាំងសហរដ្ឋអាមេរិក បានកាត់បន្ថយយ៉ាងខ្លាំងនូវកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់តែងតែអះអាងថាសម្រាប់គោលបំណងសន្តិភាព និងស៊ីវិល។ ប៉ុន្តែកិច្ចព្រមព្រៀងនោះបានដួលរលំ នៅពេលដែលលោក Trump បានដកខ្លួនចេញជាឯកតោភាគីក្នុងអាណត្តិដំបូងរបស់លោក។
ក្ដីសង្ឃឹមក្នុងការស្ដារកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានថយចុះ ចាប់តាំងពីប្រធានាធិបតីអាមេរិកបានលុបចោលគម្រោងដំណើរទស្សនកិច្ចកាលពីចុងសប្តាហ៍មុន របស់បេសកជនពិសេសលោក Steve Witkoff និងកូនប្រសារលោក Jared Kushner ទៅកាន់ទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានចេញចូលពីរដងក្នុងអំឡុងចុងសប្តាហ៍។
លោក Araqchi ក៏បានទៅទស្សនកិច្ចនៅប្រទេសអូម៉ង់ ហើយកាលពីថ្ងៃ២៧មេសាបានទៅដល់ប្រទេសរុស្ស៊ី ជាកន្លែងដែលលោកបានជួបប្រធានាធិបតី Vladimir Putin និងទទួលបានពាក្យពេចន៍គាំទ្រពីសម្ព័ន្ធមិត្តដ៏យូរអង្វែងមួយនេះ។
ខណៈដែលភាគីជម្លោះហាក់ដូចជានៅឆ្ងាយពីគ្នា តម្លៃប្រេងបានបន្តហក់ឡើងខ្ពស់ ដោយបន្ថែមការកើនឡើងនៅក្នុងការជួញដូរដំបូងនៅអាស៊ីនៅថ្ងៃទី២៨ខែមេសា។
ទិន្នន័យតាមដាននាវា បានបង្ហាញថា យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន ៦ គ្រឿងដែលផ្ទុកប្រេងអ៊ីរ៉ង់ ត្រូវបានបង្ខំឱ្យត្រឡប់ទៅអ៊ីរ៉ង់វិញដោយសារការបិទខ្ទប់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបញ្ជាក់ពីផលប៉ះពាល់នៃសង្រ្គាមលើការធ្វើចរាចរណ៍តាមសមុទ្រ។
ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសការរឹបអូសនាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកថាជា “ការធ្វើឱ្យចោរកម្មសមុទ្រ និងការប្លន់ប្រដាប់អាវុធនៅសមុទ្រអន្តរជាតិ ក្លាយជាទង្វើស្របច្បាប់”។
ជាធម្មតា មាននាវាចន្លោះពី ១២៥ ទៅ ១៤០ គ្រឿងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រជារៀងរាល់ថ្ងៃមុនពេលមានសង្រ្គាម ប៉ុន្តែមានត្រឹមតែ ៧ គ្រឿងប៉ុណ្ណោះដែលបានធ្វើបែបនេះក្នុងរយៈពេលមួយថ្ងៃកន្លងមក។ នេះបើយោងតាមទិន្នន័យពី Kpler និងការវិភាគតាមផ្កាយរណបពី SynMax ហើយគ្មាននាវាណាមួយក្នុងចំណោមនោះផ្ទុកប្រេងសម្រាប់ទីផ្សារពិភពលោកឡើយ៕









