អ្នកឃ្លាំ​មើល​​​ឱ្យ​​ដោះ​ស្រាយ​បញ្ហា​​អតិថិ​ជន​​ហួយ​វ័ន​ បើ​រដ្ឋ​មាន​ឆន្ទៈ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​អ​ន​ឡាញ

ការ​​ប្រើ​​​ហិង្សា​​បង្ក្រាប​​អតិថិជន ហួយ វ័ន ផេ ដោយ​​អាជ្ញាធរ​​ខណ្ឌ​​សែន​សុខ រាជ​ធានី​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​ទី​២៧ ខែ​មេសា បាន​​រង​​ការ​​រិះ​គន់​​យ៉ាង​​ខ្លាំង​​ពី​​អតិថិជន ពលរដ្ឋ និង​​មន្ត្រី​​សិទ្ធិ​មនុស្ស ព្រម​ទាំង​បក្ស​ប្រឆាំង ដែលពួកគេបញ្ហានេះវាគួរតែដោះស្រាយបញ្ហាអតិថិជន​ជាជនរងគ្រោះ មិនគួរប្រើហិង្សា ឬចាប់ខ្លួនពួកគេនោះទេ បើរដ្ឋាភិបាលពិតជាមាន​ឆន្ទៈបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

ហេតុការណ៍អាជ្ញាធរបំបែកក្រុមអ្នកតវ៉ានោះ ត្រូវអ្នកតវ៉ា​អះអាងថា ក្រៅ​ពី​ការ​​ប្រើ​ហិង្សា​បង្ក្រាប​អតិថិជន​​ជនជាតិ​ចិន​​ឱ្យ​រងរបួស​ធ្ងន់​ ២​នាក់​​ហើយ​​នោះ អាជ្ញាធរ​ក៏​បាន​ចាប់​ពលរដ្ឋ​២​នាក់​ទៀត ដោយ​ចោទ​ថា ជា​ដឹកនាំ​ការ​តវ៉ា​បិទ​ផ្លូវ​ជាដើម។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី២៨ ខែ​មេសា ដោយ​​​យល់​ឃើញ​ថា ករណី​នេះ​មិន​គួរ​មាន​​ហិង្សា​កើត​ឡើង​ទេ នៅ​ពេល​ដែល​ពលរដ្ឋ​តវ៉ា​ដោយ​សន្តិវិធី ហើយ​មិន​គួរ​ចាប់ខ្លួន​ពលរដ្ឋ​​​ដែល​​ជា​អតិថិជន​រងគ្រោះ​នោះ​ទេ ព្រោះ​ពលរដ្ឋ​បាន​​រងគ្រោះ​មួយ​តង់​ហើយ​ពី​សំណាក់​ក្រុមហ៊ុន។ លោក​ចាត់ទុក​ករណី​នេះ ជា​​បទពិសោធន៍​សម្រាប់​រដ្ឋាភិបាល មុននឹង​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ដល់​ក្រុមហ៊ុន​​ណា​មួយ​​​ក្នុង​​ការ​ធ្វើ​អាជីវកម្ម គួរតែ​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ចៀសវាង​ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ។

លោក អំ សំអាត ថ្លែងថា៖ «វា​គួរតែ​មាន​ដំណោះស្រាយ​ណាមួយ​​សម្រាប់​ពួកគាត់ បាន​ន័យ​ថា ​ការ​ស្វែងរក​​ដំណោះ​ស្រាយ​​សម្រាប់​​​ពួកគាត់ ទៅលើ​បញ្ហា​ដែល​បាន​រង​ផល​ប៉ះពាល់​សម្រាប់​ពួកគាត់​កន្លងមក​ហ្នឹង​ណា​បាទ​។ វា​មិនគួរ​ណា​ទៅជា​មាន​អំពើ​ហិង្សា និង​​ការ​ចាប់ខ្លួន​កើតឡើង»។

ក្រុមហ៊ុន ហួយវ័ន ផេ ត្រូវគេស្គាល់ថា គឺ​ជា​​កម្មសិទ្ធិ​​របស់​ ​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយ​ប្រុស​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​និង​​ត្រូវ​​​ជា​​បង​ប្អូន​​​ជីដូន​​មួយ​​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្រុមហ៊ុន​នេះ​បាន​ប្ដូរ​ឈ្មោះ ទៅ​ជា អេច-ផេ វិញ​​កាល​ពី​​​ខែ​ធ្នូ ឆ្នាំ​​២០២៥ បន្ទាប់​ពី​អាមេរិក​ដាក់​ទណ្ឌកម្ម​​ មិន​​ឱ្យ​​​មាន​​ប្រតិបត្តិការ​សាច់​ប្រាក់​​ចូល​​ក្នុង​​​ប្រព័ន្ធ​​ហិរញ្ញ​វត្ថុ​អាមេរិក កាល​ពី​ជាង​មួយ​ឆ្នាំ​មុន ​ដោយ​សារ​ក្រុមហ៊ុន​​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​លាង​លុយ​កខ្វក់​​​​​ដ៏​​​ធំ​​សម្បើម ​ឱ្យ​​ក្រុម​​អ្នក​​រក​ស៊ី​​ឆបោក​​តាម​​អនឡាញ (Online Scam)។

តាមរយៈ​លិខិត​របស់​អតិថិជន​​ កាល​ពី​ថ្ងៃទី២៧ ខែ​មេសា បង្ហាញ​ថា មាន​អតិថិជន​រងគ្រោះ​ជា​ជនជាតិ​ខ្មែរ ជន​ជាតិ​​ចិន និង​ជនជាតិ​វៀតណាម​ប្រមាណ ៥០០​នាក់ បាន​ចាញ់​បោក​ក្រុមហ៊ុន ហួយ វ័ន ឬ អេច ភេ (H-Pay)។ ពួក​គេ​​ចោទ​​ធនាគារជាតិ និង​ស្ថាប័ន​​ពាក់ព័ន្ធ​​ថា មិន​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ កាល​​​ពី​​ថ្ងៃ​ទី​​២៥ ខែ​កញ្ញា ឆ្នាំ​​២០២៤ ទេ ខណៈ​ក្រុមហ៊ុន​​បន្ត​បើក​ទ្វារ មាន​ប្រតិបត្តិ​ការ​ចេញ​​ចូល និង​ដក​ដាក់​លុយ​បាន​​ធម្មតា រហូត​ដល់​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៥​ ទើប​បិទ​ទ្វារ។

អតិថិជន ហួយ វ័ន ទាំងអស់​បាន​ចាប់​ផ្ដើម​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​មុខ​ធនាគារ​ជាតិ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្រោយ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច។ ការ​តវ៉ា​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា បាន​ផ្ទុះ​ហិង្សា​កើត​ឡើង បណ្ដាល​​ឱ្យ​ជនជាតិចិន ​២​រូប​ រងរបួស​ធ្ងន់​ចំ​ក្បាល និង​ផ្ទៃមុខ ព្រម​ទាំង​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ពីរ​នាក់​ទៀត ដោយ​ចោទ​ពួកគេ​ថា ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​បិទ​ផ្លូវ។ ពលរដ្ឋ​រង​ការ​ចាប់​ខ្លួន​ម្នាក់​គឺ​លោក សួន សុវណ្ណថៃ ជា​អ្នក​ម៉ៅការ​សំណង់ រស់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ចំណែក​​ម្នាក់​ទៀត​គឺ​លោក វ៉ាត់ មករា ជា​កម្មករ​​សំណង់ រស់​នៅ​ខណ្ឌដង្កោ​ដូចគ្នា។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ស្នងការ​រាជធានី​ភ្នំពេញ ​បញ្ជាក់​ថា បុរស​ទាំង ២​នាក់ ត្រូវ​សមត្ថ​កិច្ច​ជំនាញ​ឃុំ​ខ្លួន​​សួរ​​នាំ​ដើម្បី​អនុ​វត្ត​​តាម​​នីតិវិធី ក្រោម​ការ​ចោទ​ថា ជា​មេខ្លោង​ដឹកនាំ​តវ៉ា​បិទ​ផ្លូវ។

វីអូឌី ​ពុំ​ទាន់​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ បាន​ទេ ខណៈ​ក្រុម​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​​ក៏​ពុំ​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ដែរ គិត​ត្រឹម​រសៀល​ថ្ងៃទី២៨ ខែ​មេសា។

ប៉ុន្តែ នៅ​ថ្ងៃ​ទី២៨ ខែ​មេសា ហ្វេសប៊ុក​មួយ​​ដែល​អះអាង​ថា ជា​ភរិយា និង​​ម្ដាយ​បង្កើត​ ​លោក សួន សុវណ្ណថៃ បាន​បង្ហោះ​វីដេអូ​សុំ​ទោស​ ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទាំង​ទឹក​មុខ​យំ​​សស្រាក់ ស្នើ​សុំ​ដោះលែង​​​សមាជិក​គ្រួសារ ដោយ​ស្ត្រី​ជា​ម្ដាយ​បាន​​បដិសេធ​​ថា កូន​ប្រុស​មិន​បាន​ដឹកនាំ​ការ​តវ៉ា​​នោះ​ទេ និង​គ្រាន់​តែ​ចូលរួម​តវ៉ា​ទាមទារ​លុយ​ដែល​បាត់បង់ ​​តាមរយៈ​ក្រុមហ៊ុន​ហួយ​វ័ន និង​ចង់​បង្ហាញ​ប្រាប់​ដល់​កម្មករ​របស់​ខ្លួន​ថា លុយ​បាន​ជាប់​នៅ​ក្រុមហ៊ុន​ហួយវ័ន មិន​មែន​បាន​ដក​ចាយ ឬ​គេច​វេះ​មិន​បើក​ប្រាក់​​ដល់​កម្មករ​ទេ។

សំឡេង​ស្ត្រី​ជា​ម្ដាយ៖ «សូម​អង្វរ​ដល់​លោក​ទាំង​ទ្វេ​ទាំងពីរ សូម​ឱ្យ​លោក​ជួយ​ដោះស្រាយ ជួយ​ដោះ​កូន​ខ្ញុំ សួន សុវណ្ណ​ថៃ ហើយ​កូន​នៅ​តូចៗ ខ្ញុំ​អាណិតអាសូរ​ណាស់​រឿង​នេះ ពួក​ខ្ញុំ​គ្រួសារ​អត់​ដែល​បាន​ជួប​ទេ។ សម្តេច​ពុក និង​សម្តេច ហ៊ុន ម៉ា​ណែ​ត សូម​ក្មួយ ជួយ​ក្រុម​គ្រួសារ​របស់ខ្ញុំ ដែល​កូន សួន សុវណ្ណថៃ បើសិនជា​កូន​ធ្វើ​ម៉េច​នៅ​ក្មេង​ឆោតល្ងង់ កូន​ធ្វើ​អី​មិនបាន​គិតមុខគិតក្រោយ ក៏​សូម​​លោកឪពុក និង​សម្តេច ហ៊ុន ម៉ាណែត ជួយ​លើកលែងទោស​ទាំងអស់​ហ្នឹង ជួយ​ឱ្យ​ម្ដង​មក ហ្នឹងហើយ»។

ជុំវិញ​ករណី​នេះ​ដែរ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ ​លោក សុន ឆ័យ ថ្លែង​ប្រាប់​វីអូឌី​​នៅ​ថ្ងៃទី២៨ ខែ​មេសានេះថា ការ​បង្ក្រាប​ពលរដ្ឋ​រងគ្រោះ​ដោយ​ហិង្សា​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​អតិថិ​ជន ដោយ​លោក​ទាមទារ​ឱ្យ​​ធនាគារជាតិ​ដោះស្រាយ​ជា​បន្ទាន់ តាមរយៈ​ការ​គ្រប់គ្រង ហើយ​ធនាគារជាតិ​ត្រូវ​ធ្វើ​អធិការ​កិច្ច​ដើម្បី​ធានា​ទ្រព្យសកម្ម​របស់​អតិថិ​ជន។ លោក​ថា ពេល​អតិថិជន​​មាន​បញ្ហា​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ពេល​នោះ​ហើយ​ជា​តួនាទី​របស់​ធនាគារ​ជាតិ ដោយ​​ពុំ​ត្រូវ​ឱ្យ​​អតិថិជន​ប្ដឹង​ទៅ​តុលាការ​ទេ។

​លោក សុន ឆ័យ ថ្លែងថា៖ «ហេតុដូច្នេះ បានជា​ខ្ញុំ​បាន​រំឭក​ពីមុន​មក​ហើយ​ថា ត្រូវតែ​ចុះ​ធ្វើ​ការងារ ដើម្បី​ធ្វើ​កិច្ច​ការងារ​យ៉ាងម៉េច​ឱ្យ​​ពលរដ្ឋ​ហ្នឹង​បាន​ទទួល​នូវ​ប្រាក់កាស​របស់​គេ​វិញ​។ ហើយ​វិធាន​ការដែល​បន្ទាន់​ហ្នឹង គឺ​ធ្វើ​យ៉ាងម៉េច​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ហ្នឹង រកលុយ​មក​ដាក់​ក្នុង​ធនាគារ ដើម្បី​ផ្ដល់​ឱ្យ​ទៅ​អតិថិជន​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ​វិញ»។

ចំណែក ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ឃើញ​ថា ករណី​នេះ​ជា​​​​​រឿង​អវិជ្ជមាន​ខ្លាំង​​ណាស់​​​សម្រាប់​កម្ពុជា ហើយ​លោក​ចាត់ទុក​ករណី​នេះ ជា​ការ​តវ៉ា​ដ៏​ធំ​មួយ​​របស់​ជនជាតិ​ចិន និង​ជនបរទេស​​កំពុង​រស់​នៅ រកស៊ី និង​​ធ្វើការ​នៅ​កម្ពុជា។ លោក​បន្ត​ថា បើ​ធនាគារ​មួយ​បាន​បិទ ហើយ​ថវិកា ឬក៏​ប្រាក់​បញ្ញើ​របស់​ពួកគាត់​មិន​ត្រូវ​បាន​ផ្ដល់​មក​ឱ្យ​វិញ នោះ​ជា​រូបភាព​មួយ​ដែល​បង្ហាញ​អំពី​ការ​ចុះ​ទន់ខ្សោយ​ខ្លាំង​នៃ​ស្ថាប័ន​​ហិរញ្ញវត្ថុ ជាពិសេស​ធនាគារ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​លោក សេក សុជាតិ ថ្លែង​ថា៖ «រូបភាព​នេះ វា​ក៏បាន​ជះ​ភាព​អវិជ្ជមាន​ខ្លាំង​ទៅកាន់​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​អ្នក​រកស៊ី អ្នក​ដែល​គាត់​មានបំណង​ចង់​មក​វិនិយោគ ឬក៏​ដាក់​ប្រាក់​បញ្ញើ​នៅ​កម្ពុជា គឺ​មានការ​ខ្លាចរអា ហើយ​បញ្ហា​ទាំងអស់​នេះ វា​នឹង​ក្លាយ​ទៅ​ជា​ប្រធានបទ​មួយ​ដែល​បង្ហាញ​អំពី​ភាព​អវិជ្ជមាន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ជាពិសេស​​គឺ​ធនាគារឯកជន​នៅ​កម្ពុជា​នឹង​តែម្ដង»។

ទោះ​យ៉ាងណា លោក សេក សុជាតិ មើល​ឃើញ​ថា ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​មាន​សមត្ថកិច្ច គឺជា​រឿង​ត្រឹមត្រូវ​ហើយ ក៏ប៉ុន្តែ​ការ​ប្រើ​ប្រាស់​​ហិង្សា​ចំពោះ​អ្នក​មក​តវ៉ា ដោយ​គ្មាន​វិធីសាស្ត្រ​​ដោះស្រាយ​បញ្ហា​ត្រឹមត្រូវ រហូត​បង្ក​របួស​ស្នាម និង​ចាប់​ជន​រងគ្រោះ​ថែម​ទៀត គឺ​ជា​រូបភាព​មួយ​​បង្ហាញ​ថា អ្នក​​គ្រប់គ្រង ឬ​ចាត់ចែង​កិច្ចការ​នេះ អាច​មាន​ទម្លាប់ ឬ​​សមត្ថ​ភាព​​ត្រឹម​តែ​​ការ​​ប្រើ​ប្រាស់​​ហិង្សា​ដើម្បី​​បញ្ចប់​បញ្ហា ជា​ជាង​​​ប្រើ​ចំណេះដឹង​រក​ដំណោះស្រាយ។

ចំណែក លោក សុន ឆ័យ ស្នើ​ធនាគារជាតិ​ត្រូវ​ធ្វើ​រឿង​ចាំបាច់​​មួយ គឺ​ធ្វើ​សវនកម្ម​ទៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ធនាគារ​​​ក្រុមហ៊ុន ហួយ វ័ន ផេ ឬ​អេច ផេ ដើម្បី​ឱ្យ​ដឹង​ថា សាច់ប្រាក់​មាន​ប៉ុន្មាន​ពិត​ប្រាកដ ដោយ​មិន​អាច​និយាយ​​​ថា សាច់ប្រាក់​​ជាប់​​ឱ្យ​គេ​ខ្ចី ហើយ​មិនទាន់​ប្រមូល​ដើម្បី​មក​សង​អតិថិជន​នោះ​ទេ។ លោក​ថា ការ​​ធ្វើ​សវនកម្ម​ត្រូវ​មាន​ស្ថាប័ន​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​​រក​សាច់ប្រាក់​មក​បន្ថែម ដក​សង​ជូន​អតិថិជន​​ភ្លាមៗ។ ប៉ុន្តែ​​លោក​បង្ហាញ​ចម្ងល់​ថា លោក​ហាក់​មិន​យល់​ចំពោះ​​ការ​ឱ្យ​អ្នក​ដាក់​ប្រាក់​​ប្ដឹង​​តុលាការ​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ