ក្រុមអ្នក​ឃ្លាំមើល​ព្រមាន​ថា​មេដឹក​នាំ​ខ្មែរ​អាចនឹ​ង​ត្រូវ​អាមេរិក​ចាប់​ខ្លួន​បើ​មិន​ចាប់​មេឧក្រិដ្ឋ​ជន

ក្រោយ​សមត្ថ​កិច្ច​បង្ក្រាប​អ្នក​រង​គ្រោះ​ចម្រុះ​ជាតិ​សាសន៍ ដែល​ថា បា​នចា​ញ់​បោ​ក​ក្រុម​ហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ ម្នាក់ៗ​រាប់​ម៉ឺន​ដុល្លារ​នោះ ក្រុម​អ្នក​តាម​ដាន​ព្រមាន​ថា មេដឹក​នាំ​កម្ពុជា​អាច​នឹង​ត្រូវ​អាមេរិក​ចាប់​ខ្លួន បើ​មិន​ចាប់​ខ្លួន​មេ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ឱ្យ​បាន​ទាន់​ពេល។

កាលពីថ្ងៃចន្ទម្សិលមិញនេះ អតិថិជន​ចម្រុះ​ជាតិ​សាសន៍​​រា​ប់​សឹបនា​ក់ មាន​ខ្មែរ វៀត​ណាម​ និង​ចិន​ផង​នោះ ដែល​អះ​អាង​ថា ពួក​គេ​បាន​ចាញ់​បោក តាម​រយៈ​ដាក់​ប្រាក់​ក្នុង​ក្រុម​ហ៊ុន​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត នៅ​ជិត​ធនាគារ​​ជាតិ ក្នុង​រាជ​ធានី​ភ្នំពេញ។

យ៉ាងណា អំឡុងនៃការតវ៉ានោះ ពួកគេមួយចំនួនបានរងរបួសហូរឈាម​លើ​ផ្ទៃមុ​ខ ខ្លះ​សន្លប់ និង​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​កម្លាំង​សន្តិ​សុខ ចូ​ល​ទៅ​បំបែក​ការ​តវ៉ា។

តំណាងរាស្ត្រ​ពីគណបក្សប្រឆាំង លោក អ៊ុំ សំអាន បានបង្ហោះសារលើហ្វេសប៊ុករបស់​លោ​កនៅ​ថ្ងៃ​ទី​២៨ខែ​មេសា​នេះ​ថា លោក​ចង់ឃើញអាមេរិកចាប់ខ្លួន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មក​ឃុំ​ខ្លួននៅ​សហរដ្ឋអាមេរិក​ ដូច​អាមេរិកចាប់ខ្លួន លោក ម៉ាឌូរ៉ូ នៃ​វេណេ​ហ្សូអេឡា ដោយសំអាងថា ព្រោះរដ្ឋអាជ្ញានៃតុលាការអាមេរិកប្ដេជ្ញាថា នឹងចាត់ការ​មន្ត្រីខ្មែរ ដែលចូលដៃក្នុងរឿងឆបោកតាមអនឡាញ មិនថាស័ក្តិធំប៉ុនណា។

លោក​បន្តថា​ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺជាមេខ្លោងនៃការឆបោកតាមអនឡាញនៅកម្ពុជា។​ នៅប្រទេសកម្ពុជា​ពួកឆបោក​តាមអន​ឡាញបោក​ប្រាស់​ជន​បរទេស រីឯធនាគារ Huione Pay របស់​ឧកញ៉ា ហ៊ុន តូ បោកប្រាស់ពលរដ្ឋខ្មែរនិងជនជាតិចិន។

លោក អ៊ុំ សំអាន ឱ្យវីអូឌីដឹង​បន្តែម​នៅថ្ងៃទី២៨ខែមេសានេះ​ថា លោក​ជឿថា អាមេរិ​ក​អាច​នឹង​ចាត់​វិធា​​ន​នេះ​លើ​មេដឹ​កនាំ​កម្ពុជា ​ដូច​ករណី​ចាប់​ខ្លួន​មេដឹក​នាំ​ប្រទេស​វេណេ​ហ្សូអេឡា​ដែរ បើ​មេដឹក​នាំ​ខ្មែរ​មិន​​ចាប់​​ខ្លួន​​​ម​នុស្ស​​មួ​យចំនួន​​ដែ​​ល​​​​អាមេរិក​បាន​រក​ឃើញ​នោះ។

លោកគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មអនឡាញ​នៅកម្ពុជា បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ជន​ជាតិ​អាមេរិក ដូ​ច​មា​ន​​​ក្នុង​របាយ​​ការណ៍​ដាក់​ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកន្លង​មក ដូច្នេះ​ហើយ​អាមេរិក​នឹង​ចាត់​វិធាន​ការ​រឿង​នេះ​លើ​មេដឹក​នាំ​ខ្មែរ។

លោកថា៖ «ខ្ញុំជឿថា បើសិនជាលោក ហ៊ុន សែន ហ៊ុន ម៉ាណែត មិន​ចាត់​ការ​ចំពោះ​ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា ហ៊ុន តូ ឧកញ៉ កុក អាន ឧកញ៉ា ទ្រី ភាព លោក នេត សាវឿន លោក ឌី វិជ្ជា លោក ស សុខា ដែល​មាន​ក្នុង​បញ្ជី​ទណ្ឌ​កម្ម​របស់​អាមេ​រិក និង​ក្នុង​បញ្ជី​សភា​អាមេរិក ដូច្នេះ​ខ្ញុំ​យ​ល់​ថា បើ​អត់​ចាត់​ការ​រឿង​ហ្នឹង​ទេ​ អាមេរិក​អាច​នឹង​ទៅ​ចាប់​ខ្លួន លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេខ្លោ​ង​នៅ​ពី​ក្រោយ​បទ​ល្មើស​នេះ​យក​មក​ដាក់​គុក​​នៅ​អាមេរិក»

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគ​សង្គម លោក វ៉ន ចាន់​ឡូត បាន​ប​ង្ហោះ​​​សារ​​ក្រោយ​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​ទៅ​លើអ​តិថិ​ជន ហួយ​វ័ន ផេ ដោយ​លើក​ឡើង​ថា បើ​មិន​កម្ចាត់​​ឧក្រិដ្ឋ​ជន​​ក្បែរ​ក្លៀក អាមេ​រិក​​អាច​​ចេញ​​ដីកា​ចាប់​ខ្លួន​សម្ដេច​តែ​ម្ដង។

លើសពីនេះ លោកប្រាប់វីអូឌីបន្ថែមថា អ្វី​​ដែលលោកសំអាងបែប​នេះ ដោយ​យោង​លើ​ការ​តាម​ដាន​​ព័ត៌​​​មាន​​នៅ​​សហរដ្ឋ​​អាមេរិក ​​ពីកា​រ​​តា​ម​​កម្ចាត់​​ឧក្រិដ្ឋកម្មអនឡាញ។

លើសពីនេះ លោកថា ដោយឡែក នៅប្រទេសកម្ពុជា អគ្គរដ្ឋអាជ្ញា​របស់​​សហរដ្ឋ​អាមេរិក បា​ន​ប្រកាស​ជំហរ​​យ៉ា​​ង​ម៉ឺង​​ម៉ាត់ហើយ​ថា នឹងបន្តបោសសម្អាតទោះបី​អ្នកនោះ មានឋានៈនិងមានតួនាទីជាអ្វីក៏ដោយ ឱ្យតែ​​អាមេ​​​រិ​ក​រកឃើញ​ថា ពាក់​ព័ន្ធ​នឹងអំពើឆបោកតាមអនឡាញនេះ បើប៉ះពា​​ល់ពលរដ្ឋអាមេ​រិក​​ៗនឹង​​​ចា​ត់​វិធា​ន​កា​រ។

សម្រាប់​ លោក ចាន់ឡូត ករណីនេះ អាមេរិបានធ្វើ​រួច​ហើយ​ទៅលើមេដឹនាំ​នៃបណ្តាប្រទេសមួយចំនួន រួម​ទាំង​ប្រទេស​​វេណេ​ហ្សូអេឡា​ជាដើម។ លោកថា របៀបចាត់​ការរបស់​សហរដ្ឋ​​អាមេរិក គឺដំបូងឡើយ គឺ​អា​​មេ​រិ​ក​​​ដាក់ទណ្ឌ​កម្ម​ទៅលើមន្ត្រី​ដែលស្និទ្ធនឹង​លោក ម៉ាឌូរ៉ូ ហើយប​​ន្ទាប់ម​​កបើអាមេរិករកឃើញថា ស្ថាន​​ការ​​​​​ណ៍​នេះ ពុំមានការថយចុះទេ អាមេរិកអាចចេញដីការចាប់ខ្លួនចំពោះមេដឹកនាំកំពូលតែម្តង។

ការណ៍នេះ​ លោកថា ក្នុងករណីឆបោកអនឡាញនៅកម្ពុជា មួយ​​រយៈចុងក្រោយនេះ អាមេរិកបា​ន​ដាក់​​​ទណ្ឌ​​កម្ម​លើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិ​បាល​គ្រាក់ៗ​មួយ​ចំនួន និងបុ​គ្គល​ដែល​មាន​ភក្តី​ភាព​បំផុត​ជាមួយ​លោក ហ៊ុន សែ​ន និង​លោក ហ៊ុន ម៉ាណែត រួច​ហើយ​ដែរ។

លោកសង្កត់ធ្ងន់ថា នេះជាករបោះ​ជំហា​នរ​​បស់​សហ​គមន៍​អ​ន្ត​​រ​ជាតិ ក៏ដូចជាសហរដ្ឋអាមេរិក ដែលអាច​នឹង​​មា​នការវាយតម្លៃចុងក្រោយមួយ​លើវិធាននេះ ដែល​លោក​​គិតថា វា​​​ជាហានិភ័យរបស់មេដឹកនាំកម្ពុជា បើ​​មិន​ចាប់មេឧក្រិដ្ឋជនទាំងនោះទាន់ពេល ។

លោកថា៖ «នេះស្តែងឱ្យឃើញថា ជាការបោះជំហានរបស់សហគមន៍អន្តរជាតិ​ ក្នុងនោះដឹកនាំដោយសហរដ្ឋ​​អាមេរិក ដែលអាចនឹងមានាករវាយតម្លៃចុង​ក្រោយមួយបើរកឃើញថា អំពើឆបោកនេះនៅតែបង្កការ​​គំរាមកំហែងទៅកាន់សហរដ្ឋអាមេរិក ហើយចេញពីមូលដ្ឋាននៃប្រទេសកម្ពុជា នោះហានិភ័យអាចនឹងធ្លាក់ទៅដល់មេដឹកនាំកំពូលរបស់ប្រទេសកម្ពុជាតែម្តង ដែលអាចប្រឈមនឹងការចេញដីកាចាប់ខ្លួន»

វីអូឌី មិនអាចរកការឆ្លើយតប​ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេគិតត្រឹម៉ោងផ្សេងនេះ។ ប៉ុន្តែ​កាលពីថ្ងៃទី២៦ ខែមេសានេះ លោកបានអះអាងថា លោក ហ៊ុន សែន បានរំឭ​កមន្ត្រីឱ្យបន្ត​ពង្រឹងសន្តិ​សុ​ខ​នៅ​​​តាមមូលដ្ឋាន រួមទាំងទប់ស្កាប់បទឧក្រិដ្ឋឆបោកអនឡាញផងដែរ។

លោកថា៖ «សម្តេចតេជោ ក៏បានរំឭកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថេរភាពជាតិ និងយកចិត្តទុក​ដាក់​​​​រក្សា​​សណ្តាប់​ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមាន​សុវត្ថិភាព រួមមានការបង្ក្រាបបទ​​ល្មើសផ្សេងៗ ដូចជា អំពើចោរឆក់ គ្រឿងញៀន ជាពិសេសអំពើឆបោកតាមអនឡាញ»

លើសពីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ហៅការលើកឡើងរបស់​ក្រុម​អ្នក​ឃ្លាំ​មើល​​នេះ​​​ថា ជា​​​សារ​នយោបាយបែប្រជាភុថុតិ ដែលពួកគេបានធ្វើជាង៣០ឆ្នាំមកហើយ។ ហើយ​ថា ការលើក​ឡើង​នេះ ក៏គ្មាន​ពលរដ្ឋ​​​ណាជឿ​ដែរ។

លោកថា៖ «មេដឹកនាំកម្ពុជា គឺជាមេដឹកនាំដែលបានសង្គ្រោះ​ប្រជាជន​កម្ពុជា​ ចេញ​ពី​សង្គ្រាម​នាំ​កម្ពុជា​ឱ្យ​មាន​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​​​ដែល​ប្រជាព​លរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ស្រឡាញ់​និង​គាំទ្រ»

ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនរាយការណ៍ថា ជាប្រភពនៃ​ការ​លាង​លុយ​​កខ្វក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ។

អតិថិជនជាច្រើន អះអាងថា ក្រុមហ៊ុននេះ ​នៅតែបន្តប្រតិបត្តិការរបស់ខ្លួនដដែល បើទោះបីជា​មាន​សេច​ក្តី​ប្រកាស​​ព័ត៌មា​ន​របស់​ធនាគារ​ជាតិ ចេញ​ផ្សាយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ បានលើកឡើងថា រាជរដ្ឋាភិបាលបានដក​ហូត​អាជ្ញា​បណ្ណ​ពីក្រុមហ៊ុន ហួយវ័ន ផេ នេះ​តាំងពីខែកញ្ញា ឆ្នាំ​២០២៤ ហើយក្រុមហ៊ុននេះក៏បានរងសវនកម្ម​កាលពីខែមិថុនា ឆ្នាំ២០២៥ ក៏ដោយ ។

ដោយឡែក ក្រសួង​​រតនាគារ​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​​២៣​ខែ​មេសា​នេះ ​បាន​​ប្រកាស​ដាក់​ទណ្ឌ​កម្ម​​​ លោក ​កុក អាន ​សមា​ជិ​ក​​ព្រឹទ្ធ​សភា​បក្ស​​ប្រជាជន​កម្ពុជា​​ដែល​​ជា​មនុស្ស​​ជំនិ​ត​​របស់​​ លោក​ ​ហ៊ុន សែន​ ក្នុង​​រឿង​​ឧក្រិដ្ឋ​​កម្ម​​​ឆ​បោក​​​អន​​ឡាញ។

នៅ​ក្នុង​របាយការណ៍​ជាភាសា​អង់គ្លេស​ជាង​១០​ទំព័រ​ ការិយាល័យគ្រប់គ្រងទ្រព្យ​សម្បត្តិបរទេស (OFAC) នៃ​ក្រសួងរតនាគារសហរដ្ឋអាមេរិក ចេញ​​នៅ​ថ្ងៃទី​២៣ ខែ​​មេសា ​ឆ្នាំ២០២៦ បាន​កំណត់អត្តសញ្ញាណនិង​​ដាក់ទណ្ឌ​កម្ម​ លោក កុក អាន សមា​ជិកព្រឹទ្ធ​​សភាកម្ពុជា ដែលគ្រប់​គ្រងទីតាំងឆបោកនានានៅទូទាំងប្រទេស ព្រម​ទាំងបុគ្គល និង​អង្គភាពចំនួន ២៨​ផ្សេង​ទៀត​ ​នៅក្នុងបណ្តាញរបស់លោក។ ប្រតិបត្តិករឆបោកនៅ​​អាស៊ីអាគ្នេយ៍​នៅក្នុងបណ្តា​ញ​នេះ បាន​លួច​ប្រាក់​រាប់​លាន​ដុល្លារ​​ពី​ជន​រង​គ្រោះ​​ជន​​ជាតិ​អាមេរិក ក្នុង​​​ប្រតិ​បត្តិ​​ការ​ ក្រោមការការ​ពាររបស់លោក កុក អាន និងទំនាក់ទំនងនយោបាយរបស់លោក។

បើ​តាម​​​OFAC លោក កុក អាន និងបណ្តាញមជ្ឈមណ្ឌលឆបោករបស់បក្សពួកលោក ដែលប្រតិបត្តិការចេញពីកាស៊ី​ណូ និងមជ្ឈមណ្ឌលការិយាល័យដែលត្រូវបានកែច្នៃសម្រាប់ការងារឆបោក បានធ្វើការលាងលុយ​កខ្វក់ដែលបាន​មក​​ពី​ជនរងគ្រោះ និងផ្តល់ជាមូលដ្ឋានដើម្បីកំណត់គោលដៅលើពលរដ្ឋអាមេរិក និងប្រព្រឹត្តការរំលោភសិទ្ធិមនុស្សដោយ​គ្មានទោសពៃរ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ