នៅ​​ពេល​​​ផ្ទុះ​រឿង​អាស្រូវផ្ទួ​ន​​ៗ​​លោក ​ហ៊ុន សែន ​ចុះ​ទៅ​ប្រាប់​​អាជ្ញាធរ​ឱ្យ​បម្រើ​​ពល​រ​ដ្ឋ​ដោយ​​ស្មោះ​​​ត្រង់​

នៅ​​ពេល​​មាន​​ការ​​​​ផ្ទុះ​​រឿង​​អាស្រូវ​ផ្ទួន​ៗ​ ដែល​​បាន​​ធ្វើ​​ឱ្យ​កម្ពុជា​​មាន​​កេរ្តិ៍​​ឈ្មោះ​មិន​​ល្អ​​​ទាក់​​ទង​​នឹង​ការ​​គប់​​គិត​​អនុ​ញ្ញាត​ឱ្យ​​មា​ន​​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ​នៅក​ម្ពុជា ​​​​​​និង​ថៃ​ចូល​​រំលោភ​​កាន់​​កាប់​​ទឹកដីខ្មែរ​​​រាប់​រយគីឡូ​ម៉ែត្រ​ការ៉េ​នៅ​តាម​​ព្រំដែន ក្រោម​​ការ​ដឹកនាំ​របស់​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន ​លោក ​ហ៊ុន សែន បាន​ចុះ​ទៅ​​ណែ​នាំ​ឱ្យ​អាជ្ញាធរ​​មូល​​ដ្ឋាន ត្រូវ​​​បម្រើ​​​​ជាតិ ​និង​​បម្រើ​​ពល​រដ្ឋ​ឱ្យ​បាន​ល្អដោយ​ស្មោះ​ត្រង់។

ក្រុម​អ្នក​ឃ្លាំមើល ​លើកឡើង​ថា ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋា​ភិបាល​គ្រួ​​សារ​​​ហ៊ុន​ អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ​មក​​នេះ ​មិន​ត្រឹម​តែ​បាន​ធ្វើ​ឱ្យ​កម្ពុជា​កើត​មាន​​​វិបត្តិចាក់​ស្រែស​ និង​​មាន​កេរ្តិ៍ស្អុយអាសោច​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធ្វើ​ឱ្យ​កម្ពុជា​​បាត់​បង់​ទឹកដី​យ៉ាងច្រើន​​ទៅ​ប្រទេស​​ជិត​ខាង​​ ទាំងថៃ ​និង​វៀតណាម​។

សូមបញ្ជាក់​ថា ប្រធាន​ព្រឹទ្ធសភា ​និង​ជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា ​លោក​ហ៊ុន សែន ​កាល​ពីថ្ងៃទី​២៥​​និង​​២៦​​​ខែ​​​មេសា បាន​ចុះ​ទៅ​ណែ​នាំឱ្យមន្ត្រី​​រាជការ និង​អាជ្ញាធរ​ នៅ​ខេត្ត​កំពង់​ចាម ​និង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​ត្រូវ​បន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច​​បម្រើ​ជាតិ និង​ប្រជា​ជន​ឱ្យ​​បាន​ល្អប្រ​សើរ​​ដោ​យ​​ស្មោះ​​​ត្រង់​ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានា​ជូនប្រជាពលរដ្ឋឱ្យ​បាន​លឿន រហ័ស ចៀស​វាងបង្កនូវ​បញ្ហានានា​ ដែលនាំឱ្យមានការថ្នាំងថ្នាក់​ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ​។

បន្ថែមពីនេះ ​លោក​ប្រមុខ​រដ្ឋស្តីទី ​ក៏​បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន​នូវ​ស្ថិរភាព​សង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមានការ​បង្ក្រាបនូវ​បទ​ល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវ​អំពើឆបោកតាម​​​អន​ឡាញ​(Scam Online)។ លោក​​ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាព​អសកម្ម ឬការគាប​សង្កត់​ណា​មួយ និងត្រូវ​ចាំថា​ «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជា​ជន»។​ នេះ​​បើ​យោង​តាម​ផេក​ហ្វេសប៊ុក​របស់​​លោក​ហ៊ុន សែន។

លោក​អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២៨ខែ​មេសា​នេះថា ក្រោម​​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន ​បាន​ធ្វើ​ឱ្យមានការ​រីក​រាលដាល​គ្រឿង​ញៀន​​នៅ​ពាស​ពេញ​ផ្ទៃប្រទេស ធ្វើ​ឱ្យ​​យុវជន​ជាច្រើន​ញៀនគ្រឿង​ញៀន ​​ការ​ឆបោក​​ក៏ច្រើន​ឧកញ៉ា​បោក​ប្រាស់​​ប្រជាពល​រដ្ឋ​ក៏ច្រើន​​ ធ្វើ​ឱ្យ​បាត់​បង់​​ទឹក​ដីក៏​ច្រើន ធ្វើ​ឱ្យ​កម្ពុជា​​រង​ភាព​អាម៉ាស់​​​នៅ​លើ​ឆាក​អន្តរជាតិ ​ដោយ​សារ​អំពើ​បោក​ប្រាស់​​តាម​អន​ឡាញ​ អំពើ​​អយុត្តិធម៌​វិបត្តិ​សង្គម​ផ្សេង​ៗ ​គឺ​ច្រើន​ណាស់​ ដែល​មិន​អាចដោះ​ស្រាយ​បាន​នោះ​ទេ​។

បន្ថែម​ពីនេះ ការកើតមាន​ជម្លោះ​ដី​ធ្លី​ពួកអ្នកធំ ​ពួកអ្នក​មាន ​រំលោភ​យក​ដី​ពល​រដ្ឋ​​ក្រីក្រ ​បំផ្លិច​បំផ្លាញ​ធន​ធាន​​ធម្មជាតិ​ ​គឺ​បាន​កើតឡើង​​យ៉ាង​ច្រើន​​។ បើ​តាម​ប្រធាន​ស្ថាប័នកិច្ចការ​ព្រំ​ដែន និង​អន្តោប្រវេស​​នៃ​រដ្ឋាភិ​បាល​​​២៣​តុលា​ក្រៅ​​ប្រទេស​រូបនេះ អំពើ​ទាំង​អស់នេះ ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការកាន់​អំណាច​ផ្តាច់ការ មិន​​មាន​ការ​បោះ​ឆ្នោត​​ដោយ​សេរី ​ត្រឹម​ត្រូវ ​យុត្តិ​ធម៌ និង​មិន​មាន​ការ​គោរពសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជាដើម។

លោកថា៖ «​ខ្ញុំ​យល់​ថា មិន​អាច​លុប​បំបាត់​នូវ​អំពើ​ទាំងអស់នោះបានទេ ​នៅ​ពេល​ដែល​អត់មានគណបក្ស​ប្រឆាំង​​នៅក្នុងសភា។ អ៊ីចឹង​អត់មាន​ការ​ត្រួត​ពិនិត្យ​អំណាច ​ដល់​អ៊ីចឹងទៅ​វា​ធ្វើ​ឱ្យការ​ដឹកនាំ​ជិះ​សេះ​លែង​ដៃ​ កាលណា​ជិះ​សេះ​លែងដៃ​ អំពើ​អយុត្តិ​ធម៌​ក្នុង​សង្គម ​បទល្មើស​ផ្សេងៗ​នឹង​កើន​ឡើង ​​​ហើយ​ចៀស​មិន​​ផុត​​នោះ​ទេ។ នៅ​ពេល​ដែល​តុលាការ​មិន​ឯក​រាជ្យ​ ការដឹកនាំ​បក្ស​ពួក​និយម​គ្រួសារ​​និយម​ ចឹង​ហើយ​​​ក្នុងការ​ដឹក​នាំរបស់​លោក​ ហ៊ុន​ ម៉ាណែត ​នេះ​​មាន​​មន្ត្រី​ច្រើន​ណាស់​ ​តាម​ក្រសួងនានា​មាន​រដ្ឋលេខាធិការ​ អនុរដ្ឋ​លេខា​​ធិការ​ ជំនួយការ​ទីប្រឹក្សា​នឹង​រហូត​ដល់​ជិត​១ម៉ឺននាក់​​​ច្រើន​មែនទែន ជារដ្ឋាភិបាលក្បាល​ធំ​ចំណាយ​ខ្ជះ​​ខ្ជាយ​​ថវិកាជាតិ​ ប៉ុន្តែ​អត់​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជាពល​រដ្ឋនោះទេ»។​

បន្ថែម​ពីនេះ លោក ​អ៊ុំ សំអាន ​លើកឡើង​ថា នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី ​និង​មេដឹកនាំ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា ​គឺ​​ត្រូវ​បាន​លើក​បន្តុប​ឱ្យឡើង​កាន់​តំណែង​ត​ពី​ឪពុក​ម្តាយ​របស់​​ខ្លួន ហេតុដូច្នេះ​អ្នក​ដែល​មាន​សមត្ថ​ភាព​​​​មាន​ចំណេះ​​​ដឹង​ ​​ដែល​មិន​មែនជាសែស្រឡាយ​បក្ខពួក​របស់​មន្ត្រី​​ទាំង​នោះ ​​​មិន​អាច​បញ្ចេញ​សមត្ថភាព​បាននោះទេ​ ហេតុដូច្នេះ​ប្រទេស​ដែល​កាន់​តំណែង​តពូជ​ ​គ្រប់​ស្ថាប័ន​រដ្ឋ​បែបនេះ ​នឹង​មិន​អាច​រីក​ចម្រើន​ទៅ​រួច​នោះ​ឡើយ​។

លោកថា៖ «វិបត្តិចាក់​ស្រែ​ស​នៅក្នុង​សង្គម​ខ្មែរ ជាពិសេស​បញ្ហា​ព្រំដែន ​ឧក្រិដ្ឋកម្ម​អនឡាញ ​អំពើ​ពុក​រលួយ ​​បក្ខ​ពួក​​និយម ​គ្រួសារ​និយម អំពើ​អយុត្តិធម៌​ ដែល​កើតឡើង​ញាំញី​​នៅក្នុងសង្គម​ខ្មែរ​ហ្នឹង ​​​មិន​​មែន​កើត​ឡើង​​ដោយ​សារ​​អាជ្ញាធរ​មូលដ្ឋាន​នោះទេ​ អាជ្ញាធរមូលដ្ឋាន​គាត់​តាម​តែការ​ណែនាំ​​ការ​បញ្ជាពីថ្នាក់​លើ​។ ​ប៉ុន្តែ​វាកើតឡើង​ដោយ​សារ​មេដឹកនាំ​​កំពូល កាល​ណា​​មេដឹកនាំ​កំពូល​​កាន់​អំណាច​ផ្តាច់ការ​ហើយ​គប់​គិត​​​​​ជាមួយ​​ពួក​ឧក្រិដ្ឋជ​ន​ ដូច​​លោក ​កុក អាន ​លោក​លី យ៉ុង​​ផាត់​ លោក​ហ៊ុន តូ លោក​ទ្រី ភាព ​អាហ្នឹង​បទ​ល្មើស​​នៃ​ការ​ឆបោក​​អនឡាញ​ ​ធ្វើ​ម៉េចបង្ក្រាប​​បាន ​គប់គិត​​ជាមួយ​ឧកញ៉ា ​ចេន ហ្ស៊ី អី​ជាដើម​ ឃើញ​ទេ​អាហ្នឹង​​​ដោយ​​សារមេដឹកនាំ​ខាង​លើ»​។

លោក​ សំអាន​ លើកឡើងទៀត​​ថា ការ​​លុប​បំបាត់​អំពើ​ពុក​រលួយ ក៏ដូច​ជាការ​បោសផ្ទះ​ដែរ គឺ​ត្រូវ​ធ្វើ​ពីលើ​ចុះ​ក្រោម​​ ទើប​​អាច​​លុប​បំបាត់​អំពើ​​ពុក​រលួយ​​​បាន​ ឬក៏ទើប​អាច​បោសសម្អាត​ផ្ទះ​​ជ្រះ។ សម្រាប់ ​លោក​ សំអាន​ បញ្ហា​​ចាក់​ស្រែស​​​កាន់​តែធ្ងន់​ធ្ងរ​​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ​គឺ​កើ​តឡើង​ដោយ​សារ​តែមេដឹកនាំ​កំពូល​​ផ្តាច់ការ​ មិន​​​ស្អាត​ស្អំ ប្រព្រឹត្ត​អំពើពុក​រលួយ ​បក្ខពួកនិយម ​គប់​គិត​ជាមួយ​ក្រុម​​មេឧក្រិដ្ឋជន ទើបធ្វើ​ឱ្យកម្ពុជា​ទន់​ខ្សោយ ​មិន​​​អាចការ​ពារ​ទឹកដី​​បាន​ និងមានកេរ្តិ៍​ឈ្មោះ​ស្អុយ​​អាសោច ​ដោយ​សារ​ឧក្រិដ្ឋកម្ម​អន​ឡាញ​ដូច​ពេល​​​នេះ។

លោក​​បញ្ជាក់​ថា ប្រសិន​បើ​មេដឹកនាំកំពូលលោក ​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត​ មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​​ការ​លុបបំបាត់​បទ​​ឧក្រិដ្ឋ​អនឡាញ និង​ដោះ​ស្រាយ​វិបត្តិ​ចាក់​ស្រែសក្នុង​សង្គម ​​ប្រាកដ​ជាអាច​លុប​បំបាត់​ ​និង​​អាច​​ដោះ​​ស្រាយ​​បាន ​​ប៉ុន្តែ​បើ​មេដឹកនាំ​ទាំង​ពីរ​នៃបក្ស​ប្រជាជន ​នៅ​តែគគ្រិច​ស្មោគគ្រោក​មិន​ដឹក​នាំ​ប្រទេស​​ ទៅ​តាម​បែប​ប្រជា​ធិបតេយ្យ និង​នៅ​តែបន្តគប់គិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​នោះ ​កម្ពុជា​អាច​នឹង​ជួប​​វិបត្តិ​កាន់​​តែធ្ងន់​ធ្ងរថែមទៀត។

ជាមួយគ្នានេះ លោក ​ស៊ឹង សែនករុណា ប្រធានអង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ​ក៏បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២៨ខែ​មេសានេះ​​ដែរ​​ថា យើង​​សុទ្ធ​តែ​មើល​ឃើញ​ពី​វិបត្តិ​ចាក់ស្រែសនៅ​ក្នុង​សង្គមកម្ពុជា​​​​ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋក្នុ​ង​ចំនួន​​​កាន់​តែច្រើន​ឡើង​ ​ជួបការ​លំបាក​កាន់​តែខ្លាំង​ ហើយ​​​កម្ពុជា​​មាន​​កេរ្តិ៍ឈ្មោះ​ស្អុយ​នៅ​លើ​ឆាក​អន្តរជាតិ ​គឺកើតឡើង​ដោយ​សារមេដឹកនាំកំពូល​។

លោកថា៖ «យើង​មើល​ឃើញ​ហើយ ​អំពីភាព​អសមត្ថភាព​ក្នុងការ​ដឹកនាំ​គ្រប់គ្រង​​ ក្រៅពីការ​ដឹកនាំមាន​តែ​ភាព​​រីក​ចម្រើន​តែខ្លួន​ឯង​ ក្រុមគ្រួសារ ​​និងបក្ខពួកតែប៉ុណ្ណឹង ​ខណៈ​ពល​រដ្ឋ​រាប់​លាននាក់​​រាប់​លាន​​​​គ្រួសារ​ នៅ​​ក្នុង​​ប្រទេស​កម្ពុជា​​យើង​ហ្នឹង ​យើងឃើញ​ហើយ ​មាន​វិបត្តិសេដ្ឋកិច្ច​​ ជីវភាព​គ្រួសារ​​​ធ្លាក់​ចុះ ​បំណុល​វ័ណ្ឌក វា​ជាការ​បង្ហាញ​យ៉ាង​ច្បាស់​អំពីការ​ដឹកនាំហ្នឹង​ឯង។ ​អ៊ី​ចឹង​អ្វី​ដែល​លើកឡើង​យើង​ឃើញថា ជាការ​និយាយ​​ឱ្យបាន​រួច​តែពីមាត់​​ហ្នឹង​​ឯង​ ​ប៉ុន្តែ​​បញ្ហា​ទាំង​អស់នោះ​កើត​ឡើង​រាប់​ឆ្នាំ​​រាប់​ទសវត្សរ៍​មក​ហើយ ​ដោះ​ស្រាយ​​មិន​បាន​នោះទេ។ អ៊ីចឹង​ខ្ញុំ​យល់​ថា អ្វីៗ​ទាំង​អស់នោះ ​​លុះ​ត្រាតែមាន​ការ​ចាត់​វិធានការ​ជាក់​ស្តែង​ច្បាស់​​លាស់​​ដែល​គេអាច​ជឿជាក់​​បាន អាហ្នឹង​ទើប​គេអាច​យល់ថា មានការ​កំណែទម្រង់»។

​ប៉ុន្តែ​ អ្នក​ឃ្លាំមើល​រូបនេះ ​លើកឡើងថា បើ​លោក​ហ៊ុន សែន ​និង​លោក​ហ៊ុន ម៉ាណែត នៅ​តែ​បន្ត​លើក​ឡើង​ពី​បញ្ហា​​សង្គម​​ដដែល​ៗ​​ ប៉ុន្តែ​​មិនមាន​ចំណាត់ការ​ច្បាស់លាស់​ណាមួយក្នុងការ​ដោះ​ស្រាយ​ នោះ​បញ្ហា​នៅ​ក្នុង​​សង្គម​​ខ្មែរ​ នឹងមិនមាន​អ្វីប្រែប្រួល​​រីក​ចម្រើននោះទេ ​​មាន​តែកាន់​តែ​មាន​វិបត្តិខ្លាំងឡើង​​ថែម​ទាំង​កើត​មាន​​វិបត្តិ​ផ្សេងៗ​​ទៀត​ជាបន្តបន្ទាប់​។

ដូច្នេះ លោក ​ករុណា ជំរុញ​ឱ្យ​​ប្រជាពល​រដ្ឋម្ចាស់ឆ្នោត​​ត្រូវ​ចូល​រួម​ឱ្យ​បាន​​សកម្ម ​ក្នុង​ការឃ្លាំមើល ​និង​​តាម​ដាន​ការ​​ដឹ​ក​នាំ​​របស់​​​រដ្ឋាភិបាល និង​ត្រូវ​ហ៊ាន​លើក​ឡើង​ពីបញ្ហា​សង្គម​​ ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​​ខ្លួន ពីព្រោះ​បើ​​ប្រជាពល​រដ្ឋ​​មិន​ចូល​រួម​ឱ្យ​​សកម្ម​នោះ​ទេ នោះការ​ដឹកនាំ​តាម​បែបជិះសេះ​លែង​ដៃ​ធ្វើ​អ្វី​ៗ​ទៅ​តាម​​អំពើ​ចិត្ត​របស់​រដ្ឋាភិបាល​គ្រួ​សារ​ហ៊ុន នឹងនៅ​តែបន្ត​ដែល​នឹង​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​កាន់​តែជួបការ​លំបាក​ ស្រុកទេស​កាន់​តែកើត​មាន​វិបត្តិវឹកវរ​កាន់​​តែ​ធ្ងន់ធ្ងរ​​ថែម​ទៀត។

ចំណែក​ លោក ​មួង ណារ៉េត ​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម បាន​លើក​ឡើង​ថា ការ​កើត​មាន​វិបត្តិ​ចាក់​​ស្រែស​នៅក្នុង​សង្គមកម្ពុជា​បច្ចុប្បន្ន​ រាប់​ចាប់​តាំង​ពីការ​បំផ្លិច​​បំផ្លាញ​ធនធាន​ធម្ម​ជាតិ ក្មេង​ទំនើង​ គ្រឿង​​ញៀន​​ពេញ​ប្រទេស​​ អំពើ​ពុក​រលួយ ​បក្ខពួកនិយមគ្រួសារ​និយម អំពើ​អយុត្តិធម៌​សង្គម​ អំពើ​ឆបោក​គ្រប់​​ទម្រង់​ ​និង​ឧក្រិដ្ឋកម្ម​អនឡាញ​​ដែល​ធ្វើ​ឱ្យ​កម្ពុជា​​មាន​កេរ្តិ៍​ឈ្មោះ​ស្អុយ​ ​រួម​ទាំង​​ថៃ​អាច​មកឈ្លានពាន​កាន់​​កាប់​​ទឹកដីកម្ពុជា​តាម​អំពើ​ចិត្ត​​ ចាប់​តាំង​ពី​ក្រោយ​​បទ​ឈប់​បាញ់​ឆ្នាំ​២០២៥ ​គឺ​កើត​ឡើង​ដោយ​សារ​តែ​មេដឹក​នាំ​​គណបក្ស​ប្រជាជន និង​ក៏ជាផល​របស់​ប្រជាពល​រដ្ឋ​ដែល​បោះ​ឆ្នោត​ឱ្យគណបក្ស​ប្រជា​​ជនកម្ពុជា​ផង​​ដែរ។

លោក​ ណារ៉េត ​លើក​ឡើង​ថា ​ការ​បន្ត​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​​បន្តកាន់​អំណាច ​គឺ​ប្រៀប​បីដូច​ជា​ការ​​ព្រម​ទទួល​​យក​​នូវ​វិបត្តិ​របស់​​ប្រទេស​ជាតិ ​ដែល​រីកកាន់​តែធំ ​ពីព្រោះការ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ដដែលៗ​​​ឬ​​​ការធ្វើ​អំពើ​ដដែល​ៗ ​វានឹង​មិន​អាច​ទទួល​បានលទ្ធផល​ផ្សេង​នោះទេ។​ លោកថា ​ការ​ធ្វើ​អំពើ​ដដែល​ៗ​​ ហើយ​រំពឹង​ចង់​បានលទ្ធ​ផល​​ផ្សេង​ ​ត្រូវ​បាន​លោក​ អាល់ប៊ើត អាញ​ស្តាញ ​ជា​ទស្សវិទូពិភព​លោក​ដ៏​ល្បី​ល្បាញ​ ​​ហៅ​ថា ជាអំពើ​ដ៏ឆ្កួតលេលា​​។

លោកថា៖ «វាត្រូវ​តែរក​ផ្លូវផ្សេង​ហើយ​​ បើ​យើង​ធ្វើ​ដដែល​ៗ​ ទៅ​ជារំពឹងថា ​នឹងមាន​លទ្ធផល​ថ្មី​​នេះ ជាអំពើ​ឆ្កួត​​​លេលា​ មិន​មែន​​បងប្អូនឆ្កួតលេ​លា​ទេ គឺ​អំពើ​ដែល​យើង​ធ្វើ​ហើយ​​រំពឹង​លទ្ធផល​ថ្មី​​ហ្នឹង ​គឺ​ជាអំពើ​ឆ្កួតលេ​លា! បោះ​ឆ្នោត​​ឱ្យគណបក្ស​ប្រជាជន​​ម៉ាអាណត្តិ​មាន​​បញ្ហា​បន្តិច​ បោះ​ម៉ាអាណត្តិ​ទៀត​មាន​បញ្ហា​បន្តិច​ទៀត បោះ​​ម៉ាអាណត្តិ​ទៀត​​​មាន​បញ្ហា​បន្តិចទៀត ៥ឆ្នាំ ៥ឆ្នាំ​ ​តើ​បងប្អូន​មាន​៥​ឆ្នាំ​ប៉ុន្មាន​ដងទៀត? ចុះ​ហេតុ​អី​ក៏​​មិន​​សាក​ល្បង​បោះ​ឆ្នោត​​ឱ្យ​​គណបក្ស​ប្រឆាំង​?»។

​បើ​តាម​ លោក​ ណារ៉េត ​វិបត្តិ​របស់​ប្រទេស​ជាតិ​​​ដែល​បាន​និង​កំពុង​កើត​ឡើង​ចាក់​ស្រែស ​ចាប់​តាំងពីលោក​ហ៊ុន សែន ​បាន​ប្រើ​តុលាការ​កំពូល​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ពេល​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ កំពុង​ទទួល​​​រ៉ាប់​​​រង​​ដោះ​​ស្រាយ​វិបត្តិ​ទាំងនោះ ​​​ដែល​មិន​អាច​ដោះ​ស្រាយ​ចេញឡើយ ដោយ​សារ​តែ​បញ្ហា​​វាមា​ន​ច្រើន​ចាក់​ស្រែស​​ខ្លាំង​​ពេក​​។

ជាមួយគ្នា​នេះ ​លោក​ ណារ៉េត​ បាន​សំដែង​ការព្រួយ​បារម្មរណ៍ថា កម្ពុជា​អាច​នឹង​រលាយ​បាត់​ឈ្មោះ​ពីផែន​ទី​ពិភព​​លោក ​ប្រសិន​បើរដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត​ នៅ​​តែបន្ត​ដឹកនាំ​ប្រទេស​​ដូច​បច្ចុប្បន្ន​ ធ្វើ​ឱ្យ​បណ្ឌិត​បញ្ញវន្ត​មួយ​ចំនួន​​សម្ងំសុខហៃ​អើ តែៗស្កៗ​ ​តាម​តែមេដឹកនាំ​​ដោយ​សារ​​តែមាន​ការ​ភ័យ​ខ្លាច​ ខណៈ​បណ្ឌិត​បញ្ញវន្ត​មួ​យ​ចំនួន​ទៀត ​ដែល​ហ៊ាន​និយាយ​ការ​ពិត ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុកម្នេញ​បំបិទមាត់​។

លោក​ថា​ នៅ​​លើ​ពិភព​លោក​នេះ ​​គេមិន​​យក​ទោស​ពៃរ៍ ឬធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​​បណ្ឌិត​បញ្ញ​វន្ត ​​ឬអ្នក​បញ្ចេញ​មតិ​រិះ​​គន់​​ក្នុង​ន័យ​ស្ថាបនា​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ ​ដូច​ដែល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​​កំពុង​តែ​ធ្វើ ​​ងើប​មួយវ៉ៃមួយ​​នោះ​ទេ​ ខណៈ​បច្ចុប្បន្ន​មាន​សកម្ម​ជន​នយោបាយ ​និង​សកម្ម​ជន​សង្គម​ចំនួ​ន​១០១​​នាក់ ​កំពុង​​ជាប់​ឃុំ​ ​ដោយ​សារ​​តែ​​ភាពសកម្ម​ក្នុងការ​ប្រើ​សិទ្ធិ​របស់​ពួកគេ​ដើម្បី​សង្គមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ