យុវជន​កម្ពុជា និង​ការ​យល់​ដឹង​អំពើ​ហានិភ័យ​នៃ​ពុក​រលួយ

របាយ​ការណ៍​របស់​ការិយា​ល័យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​កម្ម (UNODC) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា អំពើ​ពុក​រលួយ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​សម្រាប់​យុវជន​ទូទាំង​ពិភព​លោក។

នៅក្នុង​តំបន់​អាស៊ី និងមជ្ឈិម​បូព៌ា យុវជន​កម្ពុជា​បាន​ចូល​រួម​យ៉ាង​សកម្ម​បំផុត ដោយ​ពួក​គេ​មាន​ចំនួន​រហូត​ដល់​ជិត ៣០ ភាគ​រយ​នៃ​អ្នក​ចូល​រួម​ទាំង​អស់។ ការ​ចូល​រួម​យ៉ាង​ច្រើន​នេះ​សបញ្ជាក់​ថា យុវជន​កម្ពុជា​យល់​ដឹង​យ៉ាង​ច្បាស់​ថា អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​បាន​និង​កំពុង​បំផ្លាញ​សមត្ថ​ភាព និង​អនាគត​របស់​ពួក​គេ។

តាមរយៈការពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសុចរិតភាពយុវជន កាលពីឆ្នាំ២០២៥ បានរកឃើញថា សម្រាប់​​យុវជន​កម្ពុជា អំពើពុករលួយមិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ ប៉ុន្តែវាគឺជាអ្នកលួចឱកាសក្នុងជីវិ​​ត​​ប្រចាំថ្ងៃ​ ដែលធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ ការរកការងារធ្វើ និងការបាត់បង់​​ជំនឿចិត្តលើ​​រដ្ឋាភិបាល។

នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់នៃអំពើពុករលួយលើយុវជន គឺស្តែងចេញឱ្យឃើញ​ច្បាស់​បំផុត​ក្នុង​វិស័យ​​អប់រំ។ យុវជន​បាន​លើក​ឡើ​ងថា​ ការ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ភាព​រីក​ចម្រើន​របស់​ខ្លួន​ តែង​តែ​ត្រូវ​បាន​រារាំង​ដោយ​ការ​ទាម​ទារ​ប្រាក់​​ក្រៅ​ផ្លូវ​ការ។

មិនថាជាការសូកប៉ាន់ដើម្បីឱ្យជាប់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬការលួចកែពិន្ទុ និងការទទួលបានអាហា​រូប​ករណ៍​​ដោយ​​មិន​​យុត្តិធម៌​ឡើយ សកម្ម​ភាពទាំងនេះបានធ្វើ​​ឱ្យយុវជនយល់​​ថា លុយសំខាន់​ជាង​ចំណេះ​​ដឹង។

បញ្ហានេះបង្កើតឱ្យមានសង្គមដែលមានការបែងចែកវណ្ណៈ ដែលអ្នកមានសមត្ថភាពតែខ្វះខាតជីវភាពត្រូវបាន​រុញច្រាន​ឱ្យនៅក្រៅជួរ។ បទពិសោធន៍អាក្រក់តាំងពីវ័យក្មេងនេះ បានធ្វើឱ្យយុវជនមានការមិនជឿជាក់​លើ​ស្ថាប័ន​សាធារណៈ ហើយ​ពួកគេយល់ថា ប្រព័ន្ធសង្គមបច្ចុប្បន្នត្រូវបានរៀបចំឡើងដើម្បីតែអ្នកមាន​អំណាច​ប៉ុណ្ណោះ។

នៅពេលយុវជនឈានចូលទីផ្សារការងារ ពួកគេបានជួបប្រទះនឹងអំពើពុករលួយមួយប្រភេទទៀតគឺ បក្ខពួក​និយម និង​​គ្រួសារ​និយម។ ការរកឃើញរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការទទួលបានការ​ងារ​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ ឬក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា តែងតែពឹងផ្អែកលើខ្សែស្រឡាយ ឬបក្សពួក ច្រើន​ជាងសមត្ថ​ភាព​ពិត​ប្រាកដ។

គម្លាតនៃភាពយុត្តិធម៌នេះ បានបង្ខំឱ្យយុវជនដែលមានចំណេះដឹងខ្ពស់ត្រូវជាប់គាំងក្នុងកម្រិតការងារទាប ឬបង្ខំ​​ចិត្ត​ធ្វើចំណាកស្រុកទៅក្រៅប្រទេស ដើម្បីស្វែងរកការប្រកួតប្រជែងដែលស្មោះត្រង់។ ការហូរចេញនៃ​អ្នក​មានចំណេះ និងជំនាញទៅក្រៅប្រទេសនេះ គឺជាលទ្ធផលផ្ទាល់នៃអនាគតដែលត្រូវបានគេលួច ដែល​ធ្វើឱ្យប្រទេសជាតិបាត់បង់អ្នកមានបញ្ញាដែលត្រូវជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមប្រឹក្សាយុវជនបានផ្តល់អនុសាសន៍ឱ្យមានការកែទម្រង់រចនាសម្ព័ន្ធ និងការពង្រឹង​អំណាចយុវជន។ អនុសាសន៍ចម្បងសម្រាប់កម្ពុជា គឺការបង្កើតប្រព័ន្ធរាយការណ៍តាមបែបឌីជីថលដែលមិនបញ្ចេញឈ្មោះ។ ដោយសារយុវជនមានការភ័យខ្លាចចំពោះការសងសឹក អង្គការសហប្រជា​​ជាតិបានជំរុញឱ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដែល​មាន​សុវត្ថិភាពខ្ពស់ដូចជា blockchain ដើម្បីការពារអ្នកដែល​ហ៊ានរាយការណ៍ពីភាពមិនប្រក្រតី។

ទន្ទឹមនេះ ការកាត់បន្ថយការជួបគ្នាផ្ទាល់រវាងមន្ត្រី និងប្រជាជនក្នុងកិច្ចការរដ្ឋបាល ដូចជា​ការ​ចុះ​បញ្ជី​អាជីវកម្ម ឬ​ការ​ដាក់​ពាក្យ​សុំអាហារូបករណ៍ នឹងជួយកាត់បន្ថយឱកាសនៃការទារសំណូកបានយ៉ាងច្រើន។

លើសពីនេះ ការអប់រំអំពីសុចរិតភាព គឺជាគ្រឹះដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរក្នុងរយៈពេលវែង។ ក្រៅពីការផ្សព្វ​ផ្សាយ​ធម្មតា គួរតែមានការបញ្ចូលមេរៀន​សីល​ធម៌ និងការប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាជាតិ​ចាប់​ពីថ្នាក់​បឋម​​សិក្សា។

សម្រាប់កម្ពុជា នេះមានន័យថា​ ជាការផ្តល់ឱកាសឱ្យយុវជនចូលរួមត្រួតពិនិត្យការប្រើប្រាស់​ថវិការដ្ឋ ​តាម​រយៈ​គណៈ​​​កម្មា​ធិការ​ដឹក​នាំ​​ដោយ​យុវជន​ផ្ទាល់។ នៅពេលយុវជនមានសិទ្ធិសម្រេចចិត្ត ពួកគេនឹងនាំមកនូវគំនិត​ថ្មីៗ​ ដែល​ផ្តល់តម្លៃលើតម្លាភាពជាជាងការយោគយល់តាមបែបខ្សែស្រឡាយ។

ដើម្បីយល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ យើងក៏ត្រូវពិនិត្យមើលរបាយការណ៍ផ្សេងទៀត​ដែល​បាន​កត់​ត្រា​ពី​ស្ថាន​ភាព​នៅ​កម្ពុជា។

សន្ទស្សន៍ការយល់ឃើញ​ពីអំពើ​ពុក​រលួយ​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរ​ជាតិ បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​នៃ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ។ ចំណែក​ការ​ស្ទង់​មតិ​សុចរិត​ភាព​យុវជន​របស់​អង្គ​ការ​តម្លា​ភាព​កម្ពុជា ដែលបានធ្វើឡើងក្នុងឆ្នាំ២០២២ និងបន្តវិភាគក្នុងឆ្នាំ២០២៤ បានបង្ហាញថា ទោះ​បី​យុវជនចង់ឱ្យមានភាព​ស្មោះត្រង់ក្នុងសង្គមក៏ដោយ ក៏ពួកគេមានអារម្មណ៍ថាអស់សង្ឃឹមនៅចំពោះមុខវប្បធម៌ដែលឱ្យតម្លៃលុយកាក់​លើសអ្វីៗទាំងអស់។

របាយការណ៍ទាំងនេះ បានបង្ហាញថា ច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០១០ នឹងមិនមានប្រសិទ្ធភាពឡើយ ប្រសិន​បើគ្មានការប្តេជ្ញាចិត្តពិតប្រាកដក្នុងការផ្តន្ទាទោសជនល្មើសដែលមានខ្នងបង្អែក។

បន្ថែមលើនេះ របាយការណ៍ពីធនាគារពិភពលោកក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៣ ក៏បានបង្ហាញពីផលប៉ះពាល់​សេដ្ឋ​កិច្ច​ផង​ដែរ ដោយបញ្ជាក់ថាការចំណាយក្រៅផ្លូវការ គឺជាបន្ទុកធ្ងន់សម្រាប់សហគ្រិនវ័យក្មេង។ នៅ​ពេលដើមទុនត្រូវ​ចំណាយ​ទៅលើការសូកប៉ាន់ ស្មារតីច្នៃប្រឌិតរបស់យុវជនត្រូវបានរារាំង ដែលធ្វើឱ្យ​សេដ្ឋ​កិច្ចជាតិត្រូវបានក្តោបក្តាប់​ដោយតែក្រុមមនុស្សមានអំណាច។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងកំណត់ចំណាំឆ្នាំ២០២៥ និងឆ្នាំ២០២៦ ក៏បានលើកឡើងថា កង្វះតម្លា​ភាព​ក្នុងប្រព័ន្ធច្បាប់ បានធ្វើឱ្យសកម្មជនយុវជនមិនហ៊ានចូលរួមក្នុងកិច្ចការសង្គម ដោយសារខ្លាចមាន​គ្រោះ​ថ្នាក់។

សរុបរួម ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា ត្រូវតែផ្លាស់ប្តូរទៅជាចលនាដែលដឹកនាំដោយយុវជន។ ការបង្កើតក្លឹបសុចរិតភាព និងការតាមដានការប្រើប្រាស់ថវិកាអភិវឌ្ឍន៍នៅមូលដ្ឋាន គឺជាវិធីសាស្ត្រដ៏ល្អ​ដើម្បី​ទាម​​ទារ​ឱ្យ​អាជ្ញាធរ​ទទួល​ខុស​ត្រូវ។ ការកែទម្រង់ពីក្រោមឡើងលើនេះ នឹងជួយបំពេញបន្ថែមលើ​ច្បាប់​ដែល​មានស្រាប់។

ប្រសិនបើរដ្ឋាភិបាល និងដៃគូអន្តរជាតិ អាចអនុវត្តការកែទម្រង់តាមរយៈប្រព័ន្ធឌីជីថល ការការពារអ្នករាយ​ការណ៍ និងការជ្រើសរើសមន្ត្រីតាមសមត្ថភាពពិតប្រាកដ ពួកគេនឹងអាចប្រើប្រាស់សក្តានុពលដ៏មហិមារបស់យុវជន​កម្ពុជាឱ្យក្លាយជាកម្លាំងកសាងជាតិដ៏រឹងមាំ និងទទួលបានអនាគតដ៏ភ្លឺស្វាងត្រឡប់មកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ