តុលាការក្រុងភ្នំពេញ នៅថ្ងៃពុធនេះ បានផ្តន្ទាទោសសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ចំនួន ៣នាក់ និងជនជាប់ចោទជាច្រើននាក់ទៀត ឱ្យជាប់ទោសចន្លោះពី ១៨ខែ ទៅ ២ឆ្នាំ ពាក់ព័ន្ធនឹងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV) ដែលជាការព្រួយបារម្ភពីរឿងទឹកដី។
មេធាវីការពារក្តីឱ្យសកម្មជន២៣តុលា គឺលោក សឺន ជុំជួន បានឱ្យដឹងនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះថា តុលាការបានប្រកាសសាលក្រម ដោយផ្តន្ទាទោសកូនក្តីរបស់លោក រួមមាន កញ្ញា ភឹង សោភា លោក ស្រ៊ុន ស្រ៊ន និងលោក សាន សិទ្ធ ឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ក្រោមការចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រៅពីនោះ កូនក្តីរបស់លោកមួយចំនួនទៀត ដែលត្រូវបានចោទពាក់ព័ន្ធនឹងករណីបញ្ចេញមតិរឿងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-និងវៀតណាម (CLV-DTA)នេះដែរ ក៏ត្រូវបានតុលាការផ្តន្ទាទោសផងដែរ ក្នុងនោះមានអ្នកខ្លះត្រូវជាប់ពន្ធនាគារ ២ឆ្នាំ តែមិនមានការពិន័យជាប្រាក់នោះទេ និងអ្នកខ្លះទៀតដែលនៅក្រៅឃុំ ត្រូវតុលាការផ្តន្ទាទោស ១៨ខែ ប៉ុន្តែព្យួរទោសជាដើម។
លោកមេធាវី សឺន ជុំជួន ចាត់ទុកសាលក្រមរបស់តុលាការ ទៅលើកូនក្តីរបស់លោក ដែលមានទាំងសកម្មជន២៣តុលាចំនួន ៣រូបផងនោះ ថាជារឿងអយុត្តិធម៌ ដោយសារតែការចោទប្រកាន់នោះមិនមានភស្តុតាង ឬធាតុផ្សំគ្រប់គ្រាន់។
លោកថា៖ «យើងផ្អែកទៅលើ ជាពិសេស មានកូនក្តីមួយចំនួន នៅពេលដែលមានការពិភាក្សាដេញដោលនៅក្នុងសវនាការនោះ ឃើញថា ភស្តុតាងមិនមានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ ហើយតាមអង្គហេតុអីជាដើម គឺមិនសូវជាពាក់ព័ន្ធទេ ការពាក់ព័ន្ធតិចតួចបំផុតបើយើងនិយាយទៅលើធាតុផ្សំនៃបទល្មើស ទៅលើបទចោទរបស់ពួកគាត់ គឺមិនមានធាតុផ្សំគ្រប់គ្រាន់ទេ ហើយការចោទប្រកាន់ ការផ្តន្ទាទោសនេះ គឺសម្រាប់ខ្ញុំជាមេធាវី ក៏យើងពិបាកទទួលយកដែរ ហើយយើងនឹងពិភាក្សាជាមួយកូនក្តី ដើម្បីបន្តនីតិវិធីទៅមុខទៀតយ៉ាងណានោះ គឺយើងនឹងមាននីតិវិធីបន្ថែមទៀត»។
សកម្មជន២៣តុលាចំនួន ៣នាក់ រួមមាន កញ្ញា ភឹង សោភា លោក ស្រ៊ុន ស្រ៊ន និងលោក សាន សិទ្ធ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីការអត្ថាធិប្បាយ ដែលបានធ្វើឡើងនៅក្នុងកម្មវិធីផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការរិះគន់លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលក្រោយមករដ្ឋាភិបាលសម្រេចដកខ្លួនចេញវិញក្នុងឆ្នាំ២០២៤ដដែល។
បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដែលកាលនោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាប់ខ្លួនអ្នកបញ្ចេញមតិប្រមាណ ១០០នាក់ តែមួយចំនួន ត្រូវបានដោះលែងវិញ ក្នុងនោះជនជាប់ចោទជិត ៤០នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង CLV-DTA ។ នេះបើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
សវនាការលើសំណុំរឿងសកម្មជន២៣តុលា និងជនជាប់ចោទមួយចំនួនដែលមានទំនាក់ទំនងជាមួយបណ្ដាញសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបែងចែកជា ៥ក្រុម សម្រាប់ការបើកសវនាការដែលបានចាប់ផ្តើម កាលពីខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៦។
អ្នកស្រី ស្វាយ ពៅ ជាភរិយាសកម្មជន២៣តុលា លោក សាន សិទ្ធិ យល់ថា ការសម្រចក្តីរបស់តុលាការក្រុងភ្នំពេញ ជារឿងអយុត្តិធម៌សម្រាប់ស្វាមីរបស់គាត់ និងសកម្មជន២៣តុលាផ្សេងទៀត ដោយសារតែពួកគេជាពលរដ្ឋសកម្ម ដែលផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងរឿងច្បាប់ និងចេះចងក្រងសាមគ្គីគ្នា មិនមានជាប់ពាក់ព័ន្ធនឹងរឿងញុះញង់ណាមួយ ដូចការចោប្រកាន់ឡើយ។
អ្នកស្រីថា៖ «សូមឱ្យដោះលែងពួកគាត់ឱ្យមានសិទ្ធិសេរីភាពវិញ ឱ្យគាត់ទៅជួយរកដើម្បីចិញ្ចឹមកូន ចិញ្ចឹមគ្រួសារយើងវិញ ហើយក៏សុំឱ្យទម្លាក់បទចោទ អារឿងបទញុះញង់ហ្នឹង គាត់អត់មានញុះញង់ទេ គាត់មានតែឱ្យពលរដ្ឋនិងមន្ត្រីហ្នឹងចេះស្រឡាញ់គ្នា ស្រាក់ដៃគ្នា ព្រោះអីមន្ត្រីជាកង់ ពលរដ្ឋជាកង់រទេះម្ខាង ហើយពួកខ្ញុំធ្វើទៅនេះ ធ្វើទៅតាមអ្វីច្បាប់ដែលបានចែងទេ មាត្រា៣១ ជំពូកទី៣ ពលរដ្ឋខ្មែរទាំងពីរភេទ ចូលរួមធ្វើនយោបាយយ៉ាងសកម្ម ហើយចុះបើយើងធ្វើនយោបាយ ចុះអាហ្នឹងធ្វើនយោបាយកើតដែរអត់»។
ចំណែក កញ្ញា ភឹង សោភណ្ឌ បងស្រីរបស់កញ្ញា ភឹង សោភា បានលើកឡើងថា ការសម្រេចផ្តន្ទាទោសទៅលើសកម្មជន២៣តុលា និងជនជាប់ចោទផ្សេងទៀត គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែកញ្ញានៅតែជឿជាក់ថាសកម្មភាពរបស់សកម្មជន២៣តុលា ដែលបានធ្វើកន្លងមក គឺធ្វើដើម្បីប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ដូច្នេះពួកគេនឹងជជែកជាមួយមេធាវីបន្ថែមទៀត ដើម្បីបន្តនីតិវិធីប្តឹងទាស់សាលក្រមនេះទៅតុលាការជាន់ខ្ពស់។
កញ្ញាថា៖ «ទី១ គឺជាការសម្រេចរបស់តុលាការ ហើយទី២ ខ្ញុំគិតថា ក្តីសង្ឃឹមរបស់ខ្ញុំ គឺខ្ញុំនៅតែជឿជាក់លើ ភឹង សោភា ស៊្រុន ស្រ៊ន់ និងសាន សិទ្ធិ ថាអ្វីដែលគាត់បានសម្រេចចិត្តធ្វើហើយ ការនិយាយអំពីច្បាប់ ផ្សាយអំពីច្បាប់កន្លងមក គឺនៅតែជារឿងត្រឹមត្រូវ និងមានប្រយោជន៍ចំពោះជាតិ»។
សម្រាប់ លោក វិន វិចិត្រ ជាអ្នកគាំទ្រមួយរូបដែលបានតាមដានការប្រកាសសាលក្រមនៅថ្ងៃនេះ បានអះអាងថា សកម្មភាពរបស់សកម្មជន២៣តុលានាពេលកន្លងមក គឺធ្វើឡើងស្របទៅតាមច្បាប់ ដោយពួកគេបានផ្សព្វផ្សាយពីច្បាប់នានាឱ្យពលរដ្ឋបានដឹង និងជួយដល់ស្ត្រី កុមារ និងជនមានពិការភាព ដោយមិនបានទៅញុះញង់ដូចការចោទប្រកាន់របស់តុលាការនោះទេ។
លោកថា៖ «ដោយសារតែគាត់ធ្វើការងារកន្លងមក គឺគាត់ធ្វើការងារទៅតាមច្បាប់ គាត់អត់ដែល បានន័យថា នាំយើងញុះញង់ ឬធ្វើសកម្មភាពអីទេ គឺគាត់បង្រៀនតែច្បាប់ទេ អីចឹងខ្ញុំគិតថា ប្រទេសមួយ ពលរដ្ឋចេះច្បាប់គឺជារឿងដែលល្អ ចឹងការបង្រៀនច្បាប់ ហើយច្បាប់ហ្នឹងគឺ រដ្ឋធម្មនុញ្ញ ច្បាប់សិទ្ធិមនុស្ស កិច្ចព្រមព្រៀងទីក្រុងប៉ារីសអី វាសុទ្ធតែច្បាប់ដែលរដ្ឋរបស់យើង បានន័យថា ជាច្បាប់ដែលដឹកនាំរដ្ឋរាល់ថ្ងៃនេះទេ អីចឹងវាអត់មានអីខុស»។
ការណ៍នេះ លោកសង្ឃឹមថា ប្រព័ន្ធតុលាការនឹងផ្តល់យុត្តិធម៌ដល់សកម្មជន២៣តុលា និងដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ។
យ៉ាងណា ដីការបស់តុលាការ ធ្លាប់បានលើកឡើងថា ជនជាប់ចោទទាំងនោះ បានបង្កើតព័ត៌មាន «បំភ្លៃ» និង «ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
តែក្រោយមានការរិះគន់ច្រើនលើរឿងនេះ រដ្ឋាភិបាល បានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះដែរ យល់ថា ការផ្តន្ទាទោសទៅលើសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ និងអ្នកបញ្ចេញមតិរឿង CLV ទាំងជាង១០នាក់នោះ ហាក់ជារឿងមួយធ្ងន់ធ្ងរ ស្របពេលដែល រដ្ឋាភិបាល ក៏បានប្រកាសពីការដកខ្លួនចេញពី CLV-DTA នេះហើយដែរ កាលពីអំឡុងឆ្នាំ២០២៤ ដូច្នេះគួរតែមានការដោះលែងសកម្មជន២៣តុលា និងអ្នកដែលជាប់ចោទទាំងនោះ ឱ្យមានសេរីភាព និងទម្លាក់បទចោទទៅលើពួកគេ។
លោកថា ការផ្តន្ទាទោសទៅអ្នកបញ្ចេញមតិជាបន្តបន្ទាប់នេះ អាចធ្វើឱ្យមានការរិះគន់ទៅលើការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានបង្ហាញការព្រួយបារម្ភនាពេលកន្លងមក។
លោកបន្តថា៖ «អីចឹងកម្ពុជាយើងជារដ្ឋដែលបានផ្តល់សច្ចាប័នទៅលើអនុសញ្ញា និងកតិការសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិ យើងផ្តល់ដល់៨ឯណោះ ដូច្នេះយើងត្រូវតែមានកាពត្វកិច្ចគោរព ធ្វើម៉េចជំរុញឱ្យពលរដ្ឋអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនឱ្យបានពេញលេញ ជៀសវាងការប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីរឹតត្បិត និងគាបសង្កត់ទៅលើសេរីភាពក្នុងការបញ្ចេញមតិ»។
គួរបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋគាំទ្រជិតកន្លះប្រទេសដែលធ្វើឱ្យលោក ហ៊ុន សែន អាចជិះសេះលែងដៃធ្វើអ្វីៗបានតាមអំពើចិត្ត មកគម្រោងយុត្តិធម៌ពិភពលោក បានចាត់ចំណាត់ថ្នាក់សន្ទទស្សន៍យុត្តិធម៌ក្នុងប្រទេសកម្ពុជានៅបាតតារាងក្នុងរយៈពេលជិត១០ឆ្នាំមកនេះ៕









