ព្រៃលិច​ទឹក​ក្នុង​​​បរិវេណ​ឧទ្យាន​ជាតិ​បុទុម​សាគរ​ខេត្ត​កោះ​​កុង​​កំពុង​រង​ការ​កាប់​ទន្ទ្រាន

ព្រៃលិច​ទឹក​ច្រើន​ហិកតា​ក្នុង​​​បរិវេណ​ឧទ្យាន​ជាតិ​បុទុម​សាគរ ខេត្ត​កោះ​កុង ត្រូវ​បាន​គេ​អះ​អា​ង​មក​ថា កំ​ពុង​​រង​ការ​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សិទ្ធិ ទាំង​គ្មាន​ការ​ទប់​​ស្កា​ត់​ពី​ស្ថាប័ន​​ពាក់​​ព័ន្ធ ដែល​​បញ្ហា​នេះ ពួក​គេ​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ចាត់​វិធាន​ការ​ទប់​​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ បាន​ឲ្យដឹងនៅថ្ងៃទី​២៩​ខែ​មេសា​នេះ​ថា បើគ្មាន​ការ​ទប់​ស្កាត់​​ឲ្យ​​បា​ន​ឆាប់​ទេ ដី​ព្រៃបំរុង​ស្មាច់ និង​ដី​ព្រៃ​កោង​កាង មាន​ទីតាំង​នៅ​​ជា​ប់​​មាត់​ព្រែក​​តាអុក ​ស្ថិត​​ក្នុង​​ភូ​មិ​​​ជីត្រេះ ឃុំ​​អណ្ដូង​ទឹក ស្រុក​​បូទុ​ម​សាគរ ​នឹង​​ត្រូវ​បាត់​បង់។

ប្រភពនោះថា បទល្មើសឈូសឆាយ​​កាប់រាន​ដីព្រៃ​ក្នុង​មូល​ដ្ឋាន​ខាង​លើ​នេះ មាន​​​វិសាល​​​​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ និង​មាន​ដី​ព្រៃ​ជាង ២០​ហិកតា​ ​ត្រូវ​​បាន​គេ​កាប់​ទន្ទ្រាន​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ទាំង​គ្មាន​ការ​រារាំង​ពី​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​នេះ ​។

ប្រភពនោះ​ជំរុញឱ្យក្រសួងពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ បង្កើន​វិធានទប់​ស្កាត់​​​បន្ទាន់ រក​មន្ត្រី​​ពាក់ព័ន្ធ​មក​ផ្តន្ទា​ទោស ដើម្បីការពារសម្បត្តិធម្មជាតិ នៅខេត្តជាប់មាត់សមុទ្រមួយនេះឱ្យបានគង់វង់។

ប្រភពថា៖ «ដីព្រៃកាប់រានហ្នឹងមានទំហំជាង ២០​ហិកតា អាជ្ញាធរបាន​លក់​​​ទៅ​ឲ្យ​គេ​​​នៅ​​ទីក្រុ​ង​ភ្នំ​ពេ​ញ។ នៅ​ចំណុច​ជី​សៀត ព្រែក​តាអុក គប់គិត​​​​គ្នាលក់ដីហ្នឹង។ សង់​ខ្ទម​មិ​​នទាន់​ដុ​ត​ព្រៃ​​ផង​ទេ»

ប្រធានឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង លោក រុន ប្រាវ សុំមិនធ្វើ​អត្ថាធិ​ប្បាយ​ជុំវិញ​​វិធាន​ការ​នេះ ដោយ​គ្រាន់​​តែ​សួរ​បញ្ជាក់​ពី​ទីតាំង ហើយ​ថា លោក​នឹង​ដាក់​របាយ​ការណ៍​ជូន​ទៅ​ថ្នាក់​លើ​។

លើសពីនេះ លោកជំរុញឱ្យទៅសួរ​អាជ្ញាធរ​​ស្រុក​​បុទុម​​សាគរ និង​​​ថ្នាក់​ខេត្ត ​ជំនួស​វិញ ដោយ​សំអាង​ថា វិធាន​ទប់​ស្កាត់​បទ​ល្មើស លើស​ពីដែ​ន​សមត្ថ​កិច្ច​របស់​លោក ​។

វីអូឌី នៅមិនទាន់អាចទាក់ទង អ្នកនាំពាក្យ និងជាអភិបាលរងខេត្ត​កោះកុង លោក ឈិត រតនៈ ដើម្បី​​បំភ្លឺ​ជុំវិ​ញ​​​​​​ក​រណី​​​ខាង​​លើ​បាន​ទេ គិត​ត្រឹមម៉ោងផ្សាយ​នេះ ខណៈ​​មន្ត្រី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​មិន​​ទាន់​​​អា​ច​ទាក់​ទង​បាន​ទេ។

យ៉ាងណា លោក ខេង សំខាន់ អ្នកនាំពាក្យ និងជាអភិបាលរង​ស្រុក​បុទុម​សាគរ ​ថ្លែ​ង​ប្រាប់​​សារ​ព័​ត៌​មាន​​ក្នុង​​ស្រុ​ក នៅ​ថ្ងៃ​​អង្គារ​នេះ​​ថា រូប​​លោក​មិន​ទាន់​ទទួល​បាន​​ព័ត៌​មាន​ជុំវិញ​​សកម្ម​ភាព​ទន្ទ្រាន​កាប់​រាន​​​ដី​ព្រៃ​​ក្នុង​​មូល​​​​​ដ្ឋាន​នេះទេ។ ប៉ុន្តែ​​​លោកថានឹ​ង «ចាត់​ក្រុម​ការ​ងារ​ចុះ​ទៅ​ពិនិត្យ​​​ ដល់​​​​​ទីតាំង​កើត​មានបទ​ល្មើសនេះ»។

​ចំណែក លោក រុន ប្រាវ ប្រធានឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ក៏មិន​​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​ ដោយ​គ្រា​ន់តែ​​​សួរ​នាំ​រក​ទីតាំង កើត​មាន​​សកម្ម​​ភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ទាំង​នោះ ដើម្បី​ដាក់​របា​យ​ការ​ណ៍​ជូ​ន​​ទៅ​​ថ្នាក់​លើ​។ លោក​ស្នើឲ្យទាក់ទងទៅ​អាជ្ញាធរ​​ស្រុក​​បុទុម​​សាគរ ឬ​​ថ្នាក់​ដឹក​​នាំ​រដ្ឋ​បាល​ខេត្ត​កោះ​កុង​​ជំនួស​​វិ​ញ ព្រោះ​លើស​ពី​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​។

ទាក់ទិនបញ្ហានេះដែរ លោក សន ជ័យ នាយកប្រតិបត្តិអង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ហៅ​កាត់ (ANSA) ចាត់​ទុក​ព្រៃ​កោង​កាង​ថា​ជា​ព្រៃ ដែល​មាន​សារៈ​សំខាន់ ហើយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​ពារ​ឲ្យ​បាន​គង់​វង្ស ដោយ​មិន​ត្រូវ​មាន​ការ​គប់​គិត​ណា​មួយ​ ឈាន​ទៅ​បំផ្លាញ​ធន​ធាន​ទាំង​នេះ​ទេ។

លោក​រិះ​គន់​អាជ្ញាធរ​មូល​ដ្ឋាន ក៏​ដូច​ជា​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ ដែលប​ណ្តែត​បណ្តោយ​ឲ្យ​មាន​បទ​ល្មើស​កាប់​ទន្ទ្រាន​ព្រៃ​កោង​កាង កើត​ឡើង​អនា​ធិប​តេយ្យ នៅ​​ខេត្ត​កោះ​​កុង ដោយ​គ្មាន​ការ​ទប់​ស្កាត់​បែប​នេះ។ លោក​ថា ព្រៃ​កោង​កាង គឺ​ជា​ដង្ហើម​រស់​របស់​ធន​ធាន​សមុទ្រ​គ្រប់​ប្រភេទ និង​មាន​សក្តា​នុពល​បំរើ​ខាង​វិស័យ​ទេស​ចរណ៍ និង​អាច​​ជួប​ទប់​ទល់​នឹង​បំរែ​បម្រួល​អាកាស​ធាតុ​ថែម​ទៀត​ផង។

លោកថា៖ «តាមពិតទៅព្រៃកោងកាងជាព្រៃ ដែលត្រូវយកចិត្តទុក​ដាក់​ណាស់។ ជា​ព្រៃ​នៅ​ក្នុង​តំប​ន់​ឆ្នេរ​​ ហើយ​បើ​សិន​ជា​អាជ្ញាធរ​នៅ​​​តែ​បណ្តែត​​បណ្តោយ​បែប​នេះ ខ្ញុំ​គិត​ថា​ វា​ប៉ះ​ពាល់​ទៅ​ដល់​ ទី១ សោភ​ណ្ឌ​ភាពផ្នែ​ក​ទាក់​ទាញ​វិស័យ​ទេស​ចរណ៍ ហើយ​ទី២ វា​អាច​បង្ហាញ​ពី​​ចំណុច​ខ្សោយ​របស់​អាជ្ញាធរ​មូល​ដ្ឋាន ដែល​ចេះ​តែ​បើក​ដៃ​ ចេះ​តែ​ព្រងើយ​​កន្តើយ​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​បែប​នេះ។ ទង្វើ​បែប​នេះ វា​អាច​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ថា មាន​ការ​គប់​គិត​គ្នា។ អញ្ចឹង​ក្រសួង​បរិ​ស្ថាន ក៏​ដូច​ជា​សមត្ថ​កិច្ច​ពាក់​ព័ន្ធ គួរ​តែ​មាន​​​ការ​ស៊ើប​អង្កេត​ទៅ​​លើ​ករណី​នេះ​ដែរ»។

យ៉ាងណាក៏ដោយចុះ ពលរដ្ឋរស់នៅស្រុកបុទុម​សាគរ ទទូច​ថា បើ​ថ្នាក់​ដឹក​នាំ​ក្រសួង​ពាក់​ព័ន្ធ​ មិន​មាន​បទ​បញ្ជា​មក ថ្នាក់​ដឹក​នាំ​​រ​ដ្ឋ​បាល​​ខេត្ត​​​​​កោះ​កុង ឲ្យ​មាន​វិធាន​ការ​ទប់​ស្កាត់​សកម្ម​​ភាព​​ឈូស​ឆាយ​ទន្ទ្រាន​កាប់​រាន​ដីព្រៃ​លិច​ទឹក នៅ​​ឃុំ​អ​ណ្តូង​ទឹក​ ឲ្យ​បាន​ទាន់​ពេល​​ទេ នឹង​​ត្រូវ​​រលាយ​​​​ហិន​ហោច ដោយ​ការ​គប់​គិត​គ្នា រវាង​អាជ្ញាធរ​មូល​ដ្ឋាន​ជាមួយ​ឈ្មួញ​​មាន​ទ្រព្យ​​ជាក់​​ជា​មិ​ន​​ខាន​ ព្រោះជា​ប​ន្ត​បន្ទាប់​មក​នេះ អាជ្ញាធរ​​ខេត្ត​នេះ ហាក់​មិន​សូវ​ជួយ​​ឈឺ​ឆ្អាល​ការ​ពារ​ព្រៃ​ឈើ ឬ​ព្រៃ​លិច​ទឹក ដែ​ល​ជា​​សម្បត្តិ​​​សាធារណៈ​របស់​រដ្ឋ ឲ្យ​បាន​គង់​វង្ស​នោះ​ទេ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ