ព្រះមហា​ក្សត្រ ឆាលស៍ សរ​សើរ Nato និង​ជំរុញ​ឱ្យ​មាន​ការ​​ការ​​ពារ​​ប្រទេស​​អ៊ុយ​ក្រែន

ព្រះមហា​ក្សត្រ Charles បាន​លើក​តម្កើង​សារៈ​សំខាន់​នៃ “ទំនាក់​ទំនង​ពិសេស” របស់​ចក្រ​ភព​អង់​គ្លេស​ជាមួយ​សហ​រដ្ឋ​អាមេ​រិក នៅ​ក្នុង​សន្ទរកថា​ទៅ​កាន់​សភា ដែល​បាន​លើក​ឡើង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខាន់​នៃ​អង្គ​ការ Nato ការ​ការ​ពារ​ប្រទេស​អ៊ុយ​ក្រែន និង​វិបត្តិ​អាកាស​ធាតុ។

នៅក្នុង​សន្ទរកថា​ដែល​នឹង​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​អំពាវ​នាវ​ដោយ​ប្រយោល​ទៅ​កាន់​ លោក Donald Trump ឱ្យ​ត្រឡប់​ទៅរ​ក​សម្ព័ន្ធ​ភាព​អឺរ៉ុប​បែប​ប្រពៃ​ណីរ​បស់​សហរដ្ឋ​អាមេ​រិក និង​​ស្តារ​តួនាទី​របស់​ប្រទេស​លោក​ឡើង​វិញ ក្នុង​នាម​ជាអ្ន​ក​ការ​ពារ​តម្លៃ​សេរី​និយម ព្រះ​មហា​ក្សត្រ​ Charles មាន​បន្ទូល​ថា៖ «ពាក្យ​សម្តី​របស់​អាមេរិក​មាន​ទម្ងន់ និង​​អត្ថ​ន័យ ដូច​ដែល​ធ្លាប់​មាន​តាំង​ពី​ឯករាជ្យ​មក។ សកម្ម​ភាព​របស់​ប្រជា​ជាតិ​ដ៏​អស្ចារ្យ​នេះ រឹត​តែ​មាន​សារៈ​សំខាន់​​​ជាង​នេះ​ទៅ​ទៀត»។

វត្តមានរបស់ព្រះមហាក្សត្រ Charles នៅចំពោះមុខសម័យប្រជុំរួមនៃសភា ដែលជាការថ្លែងសន្ទរកថារបស់​រាជវង្សជាលើកដំបូងក្នុងរយៈពេល ៣៥ ឆ្នាំ ត្រូវបានចាត់ទុកថាជាចំណុចកណ្តាលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃរបស់ទ្រង់មកកាន់សហរដ្ឋអាមេរិក ដែលទ្រង់ និងម្ចាស់ក្សត្រី Camilla កំពុងចូល​រួមក្នុងពិធីអបអរសាទរខួប ២៥០ ឆ្នាំនៃឯករាជ្យភាព។

ព្រះមហាក្សត្រ Charles បានសរសើរនូវចំណងទាក់ទងជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ ដោយមានបន្ទូល​ថា៖ «សម្ព័ន្ធភាពដែលប្រជាជាតិទាំងពីររបស់យើងបានកសាងឡើងអស់ជាច្រើនសតវត្សមកហើយ ហើយដែលយើងមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអាមេរិក គឺពិតជាមានភាពប្លែកគេបំផុត»

ប៉ុន្តែនៅក្នុងអត្ថាធិប្បាយដែលហាក់ដូចជាទទួលបានការគាំទ្រពីសមាជិកសភាបក្សប្រជាធិបតេយ្យ ទ្រង់បាន​កត់​​សម្គាល់​​ពី​ឫស​គល់​នៃ «គោលការណ៍ដែលថាអំណាចប្រតិបត្តិត្រូវតែស្ថិតក្រោមការត្រួតពិនិត្យ និង​​តុល្យភាព (checks and balances)» នៅក្នុងឯកសារច្បាប់មូលដ្ឋានមួយរបស់ចក្រភពអង់គ្លេស គឺធម្មនុញ្ញ Magna Carta។

ទ្រង់ក៏បានជំរុញឱ្យមាន «ការប្តេជ្ញាចិត្តមិនរង្គោះរង្គើ» ចំពោះបុព្វហេតុរបស់ «អ៊ុយក្រែន និងប្រជាជនដ៏ក្លាហានបំផុតរបស់អ៊ុយក្រែន» ដើម្បី «ធានាឱ្យបាននូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងពិតប្រាកដ»។

ទ្រង់ក៏បានបញ្ជាក់ពីសារៈសំខាន់នៃពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ នៅពេលដែលលោក Trump បានគំរាម​កំហែង​​​ដាក់​ពន្ធ​បន្ថែមលើចក្រភពអង់គ្លេស។ «និយាយឱ្យកាន់តែទូលំទូលាយ យើងអបអរសាទរចំពោះពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៤៣០ ពាន់លានដុល្លារ​ ដែលបន្តកើនឡើង ការវិនិយោគទៅវិញទៅមកចំនួន ១,៧ ទ្រីលានដុល្លារដែល​ជំរុញ​ឱ្យមានការច្នៃប្រឌិត និងការងាររាប់លាននៅសងខាងនៃមហាសមុទ្រ​អាត្លង់ទិក ដែលគាំទ្រដល់សេដ្ឋ​កិច្ច​ទាំង​ពីរ»។

ទ្រង់មានបន្ទូលថា៖ «ចាប់ពីជម្រៅនៃមហាសមុទ្រអាត្លង់ទិក រហូតដល់ផ្ទាំងទឹកកកដែលកំពុងរលាយយ៉ាង​មហន្ត​​រាយនៅតំបន់អាកទិក ការប្តេជ្ញាចិត្ត និងជំនាញនៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺជាបេះដូងនៃអង្គការ Nato ដែលបានសន្យាការពារគ្នាទៅវិញទៅមក ការពារប្រជាពលរដ្ឋ និងផលប្រយោជន៍​​របស់យើង រក្សាសុវត្ថិភាពសម្រាប់ប្រជាជនអាមេរិកខាងជើង និងអឺរ៉ុប ពីសត្រូវរួមរបស់យើង»។

ទ្រង់មានបន្ទូលបន្ត​ថា៖ «យើងមិនបានចាប់ផ្តើមការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់ទាំងនេះជាមួយគ្នាដោយ​សារ​តែ​មនោសញ្ចេតនានោះទេ។ យើងធ្វើបែបនេះព្រោះវាបង្កើតភាពធន់រួមគ្នាឱ្យកាន់តែខ្លាំងសម្រាប់​​ពេល​​អនា​គត ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋរបស់យើងមានសុវត្ថិភាពសម្រាប់ជំនាន់ក្រោយៗទៀត»។

នេះគឺជា​សន្ទរកថាដំបូងរបស់រាជវង្សអង់គ្លេស ចាប់តាំង​ពីម្ចាស់ក្សត្រី Elizabeth ទី២ បានថ្លែងទៅកាន់សភា​ក្នុងឆ្នាំ​១៩៩១ ហើយព្រះមហាក្សត្រ Charles បានពណ៌នាពិភពលោកថាបានក្លាយទៅជា «ប្រែប្រួល​ខ្លាំង និងគ្រោះថ្នាក់ជាង​មុន» ចាប់តាំងពីពេលនោះមក ដែលធ្វើឱ្យសម្ព័ន្ធភាពរបស់ប្រជាជាតិទាំងពីរកាន់​តែមានសារៈ​សំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ