តំណាងរាស្ត្រពីគណបក្សប្រឆាំង ជំរុញឱ្យមានវិធានការចាប់ខ្លួន លោក ហ៊ុន តូ មកផ្តន្ទាទោស ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលពិតជាមានឆន្ទៈបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ខណៈអតិថិជនអះអាងថា ពួកគេចាញ់បោកក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ នេះ ម្នាក់ៗរាប់ម៉ឺនដុល្លារ ខណៈអ្នកខ្លះរងរបួស និងខ្លះត្រូវបានចាប់ខ្លួន អំឡុងតវ៉ាថ្មីៗនេះ ក្រោយពីក្រុមហ៊ុននេះ បិទប្រតិបត្តិការ តែមិនបង្វិលសាច់ប្រាក់ត្រឡប់ឱ្យអតិថិជនវិញ។
យ៉ាងណា អ្នកឃ្លាំមើល យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនចាត់វិធានការលើ លោក ហ៊ុន តូ ដើម្បីផ្តល់យុត្តិធម៌ឱ្យអតិថិជនដែលរងគ្រោះទាំងប្រមាណជា ៥០០នាក់នោះទេ ទោះអន្តរជាតិរកឃើញថា ហួយវ័ន ផេ (Huione Pay) ជាប់ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទឧក្រិដ្ឋលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មឆបោកលំដាប់អន្តរជាតិក្តី។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ឱ្យដឹងនៅថ្ងៃទី២៩ ខែមេសានេះថា រដ្ឋាភិបាលមិនត្រូវចាប់ជនរងគ្រោះដែលតវ៉ាទាមទាររកយុត្តិធម៌រឿងចាញ់បោកក្រុមហ៊ុន លោក ហ៊ុន តូនោះទេ តែត្រូវចាប់លោក ហ៊ុន តូ ដើម្បីឱ្យសងលុយទៅជនរងគ្រោះវិញ ទើបត្រឹមត្រូវ។ បញ្ហាដែលបានកើតឡើង ដោយសារសែស្រឡាយ លោក ហ៊ុន តូ មានអំណាចលើប្រព័ន្ធតុលាការ។
លោក អ៊ុំ សំអាន ថ្លែងថា៖ «អញ្ចឹង គេឯណាទៅចាប់លោក ហ៊ុន តូ អញ្ចឹង គេត្រូវចាប់ប្រជាពលរដ្ឋបំបិទមាត់អញ្ចឹងហើយ ដូចអ្នកតវ៉ារឿងដីធ្លីគេចាប់បំបិទមាត់ដូចគ្នា។ ហើយបើរឿងត្រឹមត្រូវ គឺថាត្រូវដោះស្រាយឱ្យគាត់ មានតែចាប់គាត់ដាក់គុកទេ ហើយមួយទៀតបើចង់ចាប់ ត្រូវចាប់ លោក ហ៊ុន តូ មិនមែនចាប់អ្នកតវ៉ាហ្នឹងទេ រឿងហ្នឹងកើតឡើងនៅស្រុកខ្មែរ ដោយសារតែប៉ះពាល់ទៅដល់ត្រកូលហ៊ុន ត្រកូលហ៊ុនគាត់កាន់អំណាច អញ្ចឹងលោក ហ៊ុន តូ ធ្វើម៉េចគេទៅចាប់ក្មួយគេដាក់គុក អញ្ចឹងជាបញ្ហាមួយដែលអយុត្តិធម៌នៅស្រុកខ្មែរយើង»។
យ៉ាងណា លោកជំរុញឱ្យធនាគារជាតិត្រូវដោះស្រាយរឿងនេះ ដោយមិនត្រូវរុញរឿងនេះទៅតុលាការនោះទេ ដោយសំអាងតុលាការមិនមានអំណាចលើ លោក ហ៊ុន តូ ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោទាំងនោះទេ។
មួយវិញទៀត លោកថា ក្រុមហ៊ុន លោក ហ៊ុន តូ នេះ ពុំបានក្ស័យធនដូចការអះអាងដែរ ដែលបញ្ហាននេះលោកជំរុញឱ្យចាត់វិធានការផ្ដល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះ ដើម្បីបញ្ចៀសផលប៉ះពាល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ខណៈមានជនជាតិបរទេសជាច្រើន រងគ្រោះមួយ លោក ហ៊ុន តូ។
វីអូឌី មិនអាចរកការបញ្ជាក់បញ្ហាននេះ ពីអគ្គទេសាភិបាលធនាគារជាតិ អ្នកស្រី ជា សិរី បានទេ នៅថ្ងៃទី២៩ ខែមេសា នេះ។ ចំណែកលោក ហ៊ុន តូ ក៏ពុំអាចទាក់ទងបាន ខណៈអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក៏មិនអាចទាក់ទងបានដែរ។
តែយ៉ាងណា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្លាប់បង្ហាញការប្តេជ្ញាចិត្ត ពីការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងកាត់បណ្តាញទំនាក់ទំនងមេខោងឱ្យអស់ពីកម្ពុជា ត្រឹមបំណាច់ខែមេសានេះ។
លើសពីនេះ លោក ប៉ែន បូណា បានអះអាងកាលពីថ្ងៃទី១៦ ខែមេសានេះដែរថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានរំឭកអាជ្ញាធរឱ្យបង្កើនការការពារសន្តិសុខ និងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះផងដែរ។
លោកថា៖ «សម្តេចតេជោ ក៏បានរំឭកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថេរភាពជាតិ និងយកចិត្តទុក្សរក្សាសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រួមមានការបង្ក្រាបបទល្មើសផ្សេងៗ ដូចជាអំពើចោរឆក់ គ្រឿងញៀន ជាពិសេសអំពើឆបោកតាមអនឡាញ»។
ធនាគារជាតិ បានដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន តាំងពីឆ្នាំ២០២៤ ដោយសារតែអនុវត្តខុសពីបទបញ្ញត្តិរបស់ធនាគារជាតិ។ ទោះជាយ៉ាងណា ក្រុមអតិថិជនអះអាងថា ក្រុមហ៊ុននេះមិនបានបញ្ឈប់ដំណើរការរបស់ខ្លួនឡើយ និងបានប្ដូរឈ្មោះ ហួយវ័ន ផេ ទៅជាក្រុមហ៊ុន អេច-ផេ (H-Pay) កាលពីខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្ម មិនឱ្យមានប្រតិបត្តិការសាច់ប្រាក់ចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ដោយសារក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ដ៏ធំសម្បើម ឱ្យក្រុមអ្នករកស៊ីឆបោកតាមអនឡាញ (Online Scam)។
លោក ហ៊ុន តូ ជាសហប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប ត្រូវជាក្មួយប្រុសលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងត្រូវជាបងប្អូនជីដូនមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ចំណែកប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប ឈ្មោះ លី សុង (LI XIONG) ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរចិន និងបញ្ជូនទៅប្រទេសចិន កាលពីចុងខែមីនា ដោយសារតែពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។
ទោះធនាគារជាតិអះអាងថា ក្រុមហ៊ុននេះអស់សុពលភាព និងបានទូទាត់ប្រាប់ជូនអតិថិជន កាលពីចុងឆ្នាំ២០២៥ យ៉ាងណាក្ដី ក៏ក្រុមហ៊ុននេះពុំបានទូទាត់សងអតិថិជនទេ។
កាលពីថ្ងៃទី២៧ ខែមេសា អតិជនរងគ្រោះជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាមប្រមាណ ១០០នាក់ ក្នុងចំណោម ៥០០នាក់ បានតវ៉ាបិទផ្លូវហាណូយ ខណ្ឌសែនសុខ ទាមទារឱ្យក្រសួងពាក់ព័ន្ធមានវិធានលើក្រុមហ៊ុននេះ ដើម្បីបានលុយត្រឡប់មកវិញ។ លើសពីនេះ អតិថិជនថា ពួកគេក៏មានញត្តិស្នើទៅមេដឹកនាំឱ្យជួយអន្តរាគមន៍ជួយរកយុត្តិធម៌រឿងនេះដែរ។
ក្នុងញត្តិតវ៉ានោះ ពួកគេបានចោទធនាគារជាតិ និងស្ថាប័នពាក់ព័ន្ធថា មិនបានប្រកាសជាសាធារណៈពីការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ទេ ខណៈក្រុមហ៊ុនបន្តបើកទ្វារ មានប្រតិបត្តិការចេញចូល និងដកដាក់លុយបានធម្មតា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ទើបបិទទ្វារ។
ការតវ៉ានៅថ្ងៃដដែលនោះ បានឈានដល់ផ្ទុះហិង្សាឡើង ហើយកងសន្តិសុខខណ្ឌ បានវាយឱ្យជនជាតិចិន ២នាក់របួសធ្ងន់រហូតសន្លប់ និងចាប់ពលរដ្ឋរងគ្រោះ ២នាក់ ដោយអាជ្ញាធរចោទពួកគេជាដឹកនាំតវ៉ា និងស៊ីឈ្នួលធ្វើបាតុកម្មជាដើម ហើយកំពុងបន្តនីតិវិធីទៅតុលាការ។
ភរិយា លោក សួន សុវណ្ណថៃ ដែលរងការចាប់ខ្លួនក្នុងពេលតវ៉ា អ្នកស្រី ជា ស្រី អះអាងតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែមេសា ថា ស្វាមីគាត់ពុំមែនជាអ្នកដឹកនាំការតវ៉ា ឬស៊ីឈ្នួលបាតុកម្ម ដូចការចោទប្រកាន់នោះទេ។ អ្នកស្រីថា ប្ដីគាត់គ្រាន់តែចូលរួមតវ៉ាក្នុងនាមជាអតិថិជនរងគ្រោះបាត់លុយក្នុងក្រុមហ៊ុន ហួយ វ័ន ប៉ុណ្ណោះ ហើយលោកស្រីស្នើសុំថ្នាក់ដឹកនាំកំពូលមានលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ដោះលែងស្វាមីវិញ និងសន្យាស្ម័គ្រស្មោះជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនងាកទៅគាំទ្របក្សប្រឆាំងជាដើម។
អ្នកស្រី ជា ស្រី និយាយថា៖ «កូនចៅគ្រាន់តែថាសុំអង្វរលោកឪពុកទាំងពីរ ដោះជួយដោះលែងប្ដីកូនចៅ ព្រោះគាត់គ្រាន់តែទៅទាមទារលុយកាក់ យកលុយមកបើកលុយឱ្យកម្មករ ព្រោះកូនចៅគ្មានលុយលទ្ធភាពបើកលុយឱ្យកម្មករ ដល់ឈានដល់ថ្នាក់ ប្ដីកូនចៅត្រូវធ្វើបែបនេះ សូមសម្ដេចពុកលើកលែងឱ្យប្ដីកូនចៅផង កូនចៅសុំលើកដៃម្រាមដៃដប់ អត់មានពាក្យអីសុំអង្វរទេ មានតែម្រាមដៃដប់ហ្នឹងឯង»។
ទាក់ទងករណីនេះ អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី និយាយថា រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ព័ន្ធត្រូវចេញដោះស្រាយរឿងនេះដោយតម្លាភាព ដើម្បីបង្ហាញពីការទទួលខុសត្រូវ ដោយលោកចាត់ទុកថា វិធានការចាប់ខ្លួន អ្នកតវ៉ា ជាការបង្កើនបន្ទុកត្រួតគ្នាដល់ជនរងគ្រោះ មិនមែនជាជម្រើសផ្តល់យុត្តិធម៌នោះទេ។
លោកថា៖ «អ៊ីចឹងរដ្ឋាភិបាល ឬក៏ក្រសួង ត្រូវចេញមុខធ្វើការបកស្រាយ ធ្វើការជួបជាមួយបាតុករ បាទ ដោះស្រាយធ្វើម៉េចធានាយ៉ាងម៉េចពីបញ្ហាទ្រព្យសម្បត្តិ ដើម្បីឱ្យអ្នកដែលទាមទារ ដែលជាញើសឈាមរបស់គាត់ ទ្រព្យសម្បត្តិគាត់ហ្នឹង គាត់មានការស្ងប់ចិត្ត ធ្វើឱ្យពួកគាត់ស្ងប់ចិត្តវិញ។ បាទ ហើយឥឡូវហ្នឹង យើងមើលឃើញថា បើសិនជាការចាប់គាត់ហ្នឹង គឺបន្ថែមបន្ទុកដល់គាត់ ក៏ដូចជាក្រុមគ្រួសារដែរ។ អ៊ីចឹងសូមគប្បីពិចារណា»។
ចំណែក អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគសង្គម លោក វ៉ន ចាន់ឡូត និយាយថា លោក ហ៊ុន តូ មានឥទ្ធិពលខ្លាំងណាស់លើសេចក្ដីសម្រេចរបស់តុលាការ និងប្រព័ន្ធធនាគាររបស់កម្ពុជា ព្រមទាំងលើអាជ្ញាធរផង។ លោកថា ទោះបីជាក្រុមហ៊ុន ហួយ វ័ន របស់លោក ហ៊ុន តូ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក និងពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋផ្សេងៗ រួមទាំងការបង្កកលុយពលរដ្ឋ ក៏អាជ្ញាធរកម្ពុជា ពុំមានចំណាត់ការណាមួយនោះទេ។
ការណ៍នេះ លោកមើលឃើញថា ទំនាក់ទំនងនៃក្រុមហ៊ុន Huione Group របស់ លោក ហ៊ុន តូ ជាមួយរដ្ឋាភិបាល អាចស្ដែងឱ្យឃើញពីទំនាក់ទំនងនៃការបោកប្រាស់ជាប្រព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមក ទោះបីជាក្រុមហ៊ុនមួយនេះ ត្រូវបានបិទហើយក៏ដោយ។
លោក វ៉ន ចាន់ឡូត ថ្លែងថា៖ «បើបញ្ហាមួយនេះនៅអូសបន្លាយ ច្បាស់ណាស់ប្រជាពលរដ្ឋនឹងមើលកាន់តែឃើញថា ទំនាក់ទំនងរវាងរដ្ឋាភិបាល ហើយនិងឧក្រិដ្ឋជន គឺតែមួយ។ ហើយប្រាកដណាស់ យើងឃើញថា សហគមន៍អន្តរជាតិ នៅពេលដែលគេដាក់ទណ្ឌកម្មចំពោះបុគ្គលណាមួយ ក្រុមហ៊ុនណាមួយ គេតែងតែបង្កកទ្រព្យសម្បត្តិ ឬក៏រឹបអូសទ្រព្យសម្បត្តិនោះ ដើម្បីសងត្រឡប់ទៅកាន់ប្រជាពលរដ្ឋរបស់គេ ដែលរងគ្រោះ។ ដូច្នេះ យើងឃើញថា កម្ពុជា ដូចជាមិនដែលមានករណីនេះទេ អ្នករងគ្រោះ គឺនៅបន្តរងគ្រោះស្រែកទ្រហោយំ គ្មានអ្នកណាចេញមកអើពើទេ។ ហើយទ្រព្យសម្បត្តិរបស់ពួកគេ ដែលបាត់បង់ដោយក្រោមស្នាដៃរបស់ឧក្រិដ្ឋជន ក៏សឹងតែមិនដែលទទួលបានត្រឡប់មកវិញសោះឡើយ»។
អ្នកវិភាគសង្គមរូបនេះ ហៅករណីក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ ជាកំហុសដ៏ធំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមិនអាចប្រែក្លាយរដ្ឋាភិបាលខ្លួន ឱ្យក្លាយទៅជារដ្ឋាភិបាលសុចរិត ដែលមើលទៅរដ្ឋាភិបាលនេះ ហាក់កំពុងផុងខ្លួនជាមួយក្រុមឧក្រិដ្ឋជន ជាពិសេសអ្នកដែលមានជាប់សែស្រឡាយជាមួយ លោក ហ៊ុន ម៉ាណែត ឬក៏អ្នកមានភក្ដីភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ចំណែក មន្ត្រីបក្សប្រឆាំង មើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងពុំដោះស្រាយជូនពលរដ្ឋរងគ្រោះទេ បើជនរងគ្រោះលែងហ៊ានចេញតវ៉ា ហើយបន្តផ្ញើវាសនាលើមេដឹកនាំនោះ៕









