ពលរដ្ឋ១២​គ្រួសារ​នៅ​ខេត្ត​ពោធិ៍​សាត់​បង្ហាញ​ពី​ភាព​អយុត្តិ​​ធម៌​​ក្រោយ​​​​​អាជ្ញាធរ​​​ហាម​​​មិន​​​ឱ្យ​​​ធ្វើ​​ស្រែ​​លើ​​ដី​របស់​ខ្លួន

ពលរដ្ឋ ១២​​គ្រួសារ រស់​​​នៅ​ភូមិ​​ទៀន​​ព្រៃ ឃុំ​​ឈើ​តុំ ស្រុក​​ក្រគរ ឱ្យ​ដឹង​ថា ពេល​នេះ ពួក​​គេ​​កំពុ​ង​​ប្រឈម​​ខ្វះខា​ត​​ដី​​ធ្វើ​​កសិកម្ម​​ចិញ្ចឹម​​ជីវិត​​​នៅ​​ឆ្នាំ​​នេះ ក្រោយ​​​ពី​​អាជ្ញាធរ​បាន​ហាម​ពួក​គាត់​​មិ​ន​​ឱ្យ​​ធ្វើ​​​កសិកម្ម​​លើ​​​ដី​​របស់​​ខ្លួន​​ដែល​​ធ្លាប់​​អា​ស្រ័យ​ផល​​​​​​ជា​​ច្រើន​​ជំនាន់​​មក​​ហើយ រីឯ​​គោយន្ត​​ពីរ​​គ្រឿង​​ទៀត​​ដែល​ជាទ្រ​ព្យ​មាន​តម្លៃ​ចាំបាច់​របស់​កសិករ ក៏​​ត្រូវ​​អាជ្ញាធរ​​​​ខេត្ត​​នេះ​ ឃាត់​​ចាប់​​មិន​​ទាន់​​ប្រគល់​​ឱ្យ​ពួក​គាត់​​វិញ​​​នៅ​​ឡើយ​​ទេ​។

ពលរដ្ឋ​រស់​នៅ​ភូមិ​ទៀន​ព្រៃ ស្រុក​ក្រគរ អ្នកស្រី កា ចាន់ណុំ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា​​ថា​ ដី​​ស្រែ​​​​របស់​​អ្នក​​ស្រី​​ជាង ៣ ហិកតា ដែល​​អាស្រ័យ​​ផល​បន្ត​ពី​ឪពុកម្តាយ​​តាំង​ពី​ឆ្នាំ​១៩៩៤ ត្រូវ​បាន​អាជ្ញាធរ​​ហាម​ឃាត់​មិន​ទាន់ឱ្យធ្វើ​កសិកម្ម​​ជាង​កន្លះ​ឆ្នាំ​មក​ហើយ។ រីឯ​គោយន្ត​ពីរ​គ្រឿង​ទៀត ក៏​ត្រូវ​អា​ជ្ញាធរ​ស្រុក និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឃាត់​ចាប់​​យ៉ាង​​អយុត្តិធម៌​ ក្នុង​ពេល​លោកស្រីកំពុង​ភ្ជួរ​រាស់​ដី​។

អ្នកស្រី កា ចាន់ណុំ និយាយថា៖ «មាន​រក​អី​លោកគ្រូ មាន​តែ​ស្រែ​ធ្វើ​ចិញ្ចឹម​ជីវិត​បន្តិចៗ ​​អត់​មាន​អី​ភ្ជួរ​ទៀត ខែ​​គេ​ភ្ជួរ​អស់​​ហើយ ខ្ញុំ​អត់​ទាំង​អស់​គ្នា។ បង​ក៏​អត់​ប្អូន​ក៏​អត់ គាត់​ចាប់​ទៅ​ពីរ​គ្រឿង​ ឡើង​ត្នោត​បាន​​បន្តិចៗ ខ្លះ​លក់​គោ ទម្រាំ​តែ​បាន គាត់​ចាប់​យក​ទៅ​ទៀត។ ឆ្នាំង​ដាំបាយ​ ខ្ញុំ​ទុក​ដាំបាយ​គាត់​អត់​ឱ្យ។ ធុង​​ទឹក តាំង​ពី​កាំបិត​យក​ទាំង​អស់​គាត់​ដឹក​យក​ទៅ»។

កាល​ពី​​ខែ​សីហា ឆ្នាំ ២០២៤ អ្នក​ភូមិ ៦​នាក់ ក្នុង​ចំណោម​​ពលរដ្ឋ ១២គ្រួសារ​ បាន​ផ្តិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​​អង្គ​​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ ​ដោយ​ស្នើ​ឱ្យប្រធាន​ស្ថាប័ន​នេះ​ ធ្វើ​អធិការ​កិច្ច​លើ​ការ​រំលោភ​បំពាន​យក​ដីធ្លី បង្ក​ឱ្យ​ពលរដ្ឋ​​បាត់បង់​ដី​ស្រែ ដែល​ស្ថិត​នៅ​ចំណុច​តំបន់​ស្រក់ ​ក្នុងភូមិ​ទៀនព្រៃ ឃុំឈើតុំ ស្រុក​ក្រគរ​។

អ្នកភូមិ​រៀប​រាប់​ប្រាប់ លោក ឱម យ៉ិនទៀង បង្ហាញពី​ប្រវត្តិ​ដី​នៅ​តំបន់​ថា ​កាល​ពី​ឡុងពី​​​ឆ្នាំ១៩៧១ ឪពុកម្តាយ​របស់​ពួកគាត់​ ​បាន​រត់​គេចចេញ​ពី​ភូមិ​កំណើត​ ដោយ​សារ​ការ​ទំលាក់​គ្រាប់​បែក​ពី​លើ​អាកាស និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ នៅ​​​​សម័យ លន់ ណុល ដើម្បី​លាក់ខ្លួនពួនក្នុងព្រៃ ​នៅតំបន់នោះ ទើប​បង្កើត​បាន​ភូមិដ្ឋាន និង​មាន​ការ​កាប់​គាស់​​ដី​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិតរហូតដល់បច្ចុប្បន្ន។ បន្ថែមពីនេះទៀត ​អំឡុង​ឆ្នាំ១៩៩៥ អ្នកភូមិ​ចាប់​ផ្តើម​ធ្វើ​កសិ​កម្ម​តាម​ចន្លោះ​ព្រៃ​រហូត​ដល់​​បច្ចុប្បន្ន។

តែ​យ៉ាង​ណា ​ពួកគាត់​អះអាង​ថា ​មក​ទល់​ពេល​នេះ ​គ្មាន​ចំណាត់​ពី​ស្ថាប័ន​ប្រឆាំង​​អំពើ​ពុក​​រលួយ​ទាំ​ង​នេះ​​​ទេ។

រីឯ​អ្នកភូមិ​ម្នាក់​ទៀត ឈ្មោះ ម៉ី ស្រី អាយុ ៥៧ ឆ្នាំ ​បាន​ផ្តិត​​មេដៃ​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា ដោយ​​ស្នើសុំ​បន្ត​ប្រើប្រាស់​ ​និង​អាស្រ័យផល​លើ​ដី​ស្រែ​នៅ​ចំណុច​ស្រែ​ដាច់ ឃុំឈើតុំ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ក្រគរ​បានហាមឃាត់មិនឱ្យអាស្រ័យផល។ អ្នកស្រី​ថា ដី​ទំហំ ៣ ហិកតា​កន្លះ ជា​ដី​កេរ​ឪពុកម្តាយ​ដែល​គ្រួសារ​អ្នកស្រី​កាន់​កាប់​បន្ត​តាំង​ពី​ឆ្នាំ១៩៩៥។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា។

តែ​យ៉ាង​ណា ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ក្រគរ​ បា​ន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​កាល​ពីឆ្នាំ​២០២៥ ប​ក​ស្រាយ​​​ពី​​ការ​​ឃាត់​​ចាប់​​គោយន្ត ២​គ្រឿង ដែល​​ភ្ជួរ​​​ស្រែ​​​លើ​​​ដី​​របស់​​រដ្ឋ​​ខុស​​ច្បាប់។ ចំណែក ​អាជ្ញាធរ​ស្រុក​ក្រគរ បាន​ប្រាប់​ពលរដ្ឋនៅចំពោះមុខ​ថា ប្រសិន​​​បើ​​អ្នក​ភូមិ​​ព្រ​ម​​ប្រគល់​​​ដី​នោះ​​ជូន​​រដ្ឋ​​វិញ​ អាជ្ញាធរ​​នឹង​ព្រម​ប្រគល់​គោយន្ត​ជូន​វិញដែរ។

ជុំវិញ​រឿង​នេះ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ លោក អ៊ិន គង់ជិត ដែល​​អង្កេត​ករណី​នេះ​​យល់​ថា ពលរដ្ឋ​អាស្រ័យ​​​ផល និង​កាន់កាប់​បន្ត​ពី​ឪពុក​ម្ដាយ​ចន្លោះ២០ ទៅ ៣០ ឆ្នាំ រហូត​ដល់​ឆ្នាំ​​២០២២ អាជ្ញាធរទើ​បតែចុះ​ហាម​​​ឃាត់​មិន​ឱ្យ​អាស្រ័យ​ផល និង​ឃាត់​ចាប់​គោយន្ត​ពលរដ្ឋបន្ថែមទៀត។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ប្រគល់​ដី​នៅ​តំបន់​នោះ និង​គោយន្ត​២​គ្រឿង​ជូន​ពលរដ្ឋ​ប្រើ​ប្រាស់​​វិញ ព្រោះពួកគាត់កាន់​កាប់​យូរមកហើយ។

លោក អ៊ិន គង់ជិត ថ្លែងថា៖ «មក​រក​រឿង​គាត់ ហាម​ឃាត់​គាត់​មិន​ឱ្យ​អាស្រ័យផល​ ដែល​ចាប់​គោយន្ត​គាត់​​មួយ​ឆ្នាំ​ហើយ មិន​ទាន់​ប្រគល់​ឱ្យ​គាត់​វិញ។ ជា​ថ្នូរ​ឱ្យ​ពលរដ្ឋ​ប្រគល់​ដី​ឱ្យ​អាជ្ញាធរ​ស្រុក​វិញ។ រឿង​នេះ​រំលោភ​សិទ្ធិ​កាន់​កាប់​ដី​ពលរដ្ឋ​ស្រប​ច្បាប់​ ហើយ​អាជ្ញាធរ​ខេត្ត​គួរតែ​ប្រគល់​ដី​ពលរដ្ឋ​មាន​សិទ្ធិ​កាន់​កាប់ និង​ធ្វើ​ជា​កម្មសិទ្ធិ»។

លោក អ៊ិន គង់ជិត​ បន្ថែម​ថា កន្លង​ទៅ​តំបន់​នោះ​ រដ្ឋាភិបាល​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន ភាពីម៉ិច (Pheapimex) ហើយ​ក្រុមហ៊ុន​បាន​កាត់​ឆ្វៀល​ផល​​ប៉ះពាល់​ជូន​ពលរដ្ឋ​​ធ្វើ​កសិកម្ម​រួចរាល់​ហើយ ក៏​ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​​ស្រុក​​ក្រគរ​ ហួងហែង​ដី​នៅតំបន់​នោះ និង​ធ្វើ​ទុក្ខ​បុក​ម្នេញលើពលរដ្ឋស្លូតត្រង់។ ​លោក​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​​ពោធិ៍​សាត់​ ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​​ជូន​ពលរដ្ឋ​ដោយ​យុត្តិធម៌ ព្រោះ​អ្នកភូមិកំពុងត្រូវការ​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ