ការ​ចាក​ចេញ​របស់​អារ៉ាប់​រួម (UAE) ធ្វើ​ឱ្យ​អំណាច​របស់ OPEC+ លើ​ទីផ្សារ​ប្រេង​ធ្លាក់​ចុះ

អង្គ​ការ OPEC និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​​នឹង​បាត់​បង់​អំណាច​មួយ​ផ្នែក​លើ​ទីផ្សារ​ប្រេង នៅ​ពេល​ដែល​អារ៉ាប់​រួម (UAE) ចាក​​ចេញ​ពី​ក្រុម​នេះ​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ប៉ុន្តែ​សម្ព័ន្ធ​អ្នក​ផលិត​ដែល​នៅ​សេស​សល់​ទំនង​ជា​នឹង​នៅ​បន្ត​រួម​គ្នា និង​បន្ត​សម្រប​សម្រួល​លើ​គោល​នយោ​បាយ​ផ្គត់​ផ្គង់​ប្រេង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រតិភូ OPEC+ និង​អ្នក​វិភាគ​កាល​ពី​ថ្ងៃ​ទី២៨ខែ​មេសា។

អារ៉ាប់រួម គឺ​ជា​អ្នកផលិត​ធំ​ជាង​គេ​ទី៤ នៅក្នុ​ងអ​ង្គកា​រ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​ចាក​ចេញ​ពី​ក្រុម​នេះ​ កាលពី​ថ្ងៃ​ទី​២៨ខែ​មេសា បន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក​អស់​រយៈ​ពេល​ជិត ៦០​ឆ្នាំ។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ទីក្រុង​អាប៊ូ​ដាប៊ី រួច​ផុត​ពី​គោល​ដៅ​ផលិត​កម្ម​ប្រេង​ដែល​កំណត់​ដោយ OPEC និង​សម្ព័ន្ធ​មិត្ត ដើម្បីរក្សា​​តុល្យភាព​រវាង​ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការ។

ប្រភព​ពី OPEC+ ចំនួន ៥នាក់ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ការ​ចាក​ចេញ​របស់​អារ៉ាប់​រួម​គឺ​ជា​ភាព​ភ្ញាក់​​ផ្អើល​មួយ។ ប្រភពចំនួន ៤ ក្នុងចំណោម ៥ បានបន្តថា ការចាកចេញនេះនឹងធ្វើឱ្យកិច្ចខិតខំប្រឹង​ប្រែង​របស់ OPEC+ ក្នុងការរក្សា​តុល្យភាពទីផ្សារ​តាមរយៈការកែសម្រួលការផ្គត់ផ្គង់មានភាពស្មុគស្មាញ ដោយ​សារក្រុមនេះនឹងមាន​ការ​គ្រប់​គ្រង​លើផលិតកម្មសកលតិចជាងមុន។

អារ៉ាប់រួមនឹងក្លាយជាអ្នកផលិតប្រេងធំជាងគេដែលចាកចេញពី OPEC ដែលជាការវាយប្រហារយ៉ាងខ្លាំងដល់អង្គការនេះ និងមេដឹកនាំជាក់ស្តែងគឺអារ៉ាប៊ីសាអូឌីត។ ទីក្រុងអាប៊ូដាប៊ីធ្លាប់បូមប្រេងបានប្រហែល ៣,៤ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ (bpd) ឬប្រហែល ៣% នៃការផ្គត់ផ្គង់ប្រេងឆៅរបស់ពិភពលោក មុនពេលសង្រ្គាម​អាមេរិក-អ៊ីស្រាអែល​ប្រឆាំងនឹងអ៊ីរ៉ង់បានបង្ខំឱ្យខ្លួន និងអ្នកផលិតផ្សេងទៀតនៅតំបន់ឈូងសមុទ្រ​មជ្ឈិម​បូព៌ា កាត់បន្ថយ​ការដឹកជញ្ជូន និងបិទផលិតកម្មមួយចំនួន។

OPEC និងការិយាល័យទំនាក់ទំនងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថា​ធិប្បាយ​នោះ​ទេ។

នៅ​ពេល​ចេញពី OPEC អារ៉ាប់រួមនឹងចូលរួមក្នុងជួរនៃអ្នកផលិតប្រេងឯករាជ្យ​ដែលបូមប្រេងតាមតម្រូវការ ដូច​ជា សហរដ្ឋអាមេរិក និងប្រេស៊ីលជាដើម។ សម្រាប់​ពេល​នេះ មិនទាន់មានអ្វីច្រើនដែលអារ៉ាប់រួមអាចធ្វើ​បាន​ដើម្បីបង្កើនផលិតកម្ម ឬការនាំចេញនោះទេ ដោយសារតែការបិទផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ប្រសិនបើការ​ដឹក​ជញ្ជូន​ងើប​ឡើង​វិញ​ដល់កម្រិតមុនសង្រ្គាម អារ៉ាប់រួមអាចបង្កើនទិន្នផលដល់សមត្ថភាពរបស់ប្រទេសគឺ ៥ លាន​​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

ធ្លាប់មានភាពតានតឹងរវាងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជុំវិញកូតាផលិតកម្មរបស់អេមីរ៉ាត ដែលស្ថិតក្នុងកម្រិត ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ។ អារ៉ាប់រួមបានស្នើសុំកូតាធំជាងមុន ដើម្បីឆ្លុះបញ្ចាំងពីការពិតដែលថាខ្លួនបានពង្រីក​​​សមត្ថ​ភាព​ជា​​ផ្នែក​​នៃកម្មវិធីវិនិយោគ​តម្លៃ ១៥០ ពាន់លានដុល្លារ។

យោង​តាមទីភ្នាក់ងារថាមពលអន្តរជាតិ សង្រ្គាមនៅអ៊ីរ៉ង់​​បានបណ្តាលឱ្យមានការរអាក់រអួលដល់ការផ្គត់ផ្គង់​​ថាមពល​សកលធំបំផុតមិនធ្លាប់មាន បើគិតពីផលិតកម្មប្រេងប្រចាំថ្ងៃ។ ជម្លោះនេះក៏បានបង្ហាញឱ្យ​ឃើញ​​​ពីការមិន​ចុះ​​សម្រុងគ្នាក្នុងចំណោមប្រទេសឈូងសមុទ្រ រួមទាំងរវាងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត​​ផង​ដែរ។

អារ៉ាប់រួម គឺជាអ្នកផលិតទី៤ ដែលបានចាកចេញពី OPEC+ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជា​អ្នកផលិត​ធំ​ជាងគេបំផុត។ ប្រទេសអង់ហ្គោឡាបានចាកចេញពីប្លុកនេះក្នុងឆ្នាំ​២០២៤ ដោយសំអាងលើ​ការខ្វែងគំនិតគ្នា​លើ​កម្រិតផលិតកម្ម។ អេក្វាឌ័របានចាកចេញពី OPEC ក្នុងឆ្នាំ​២០២០ និងកាតាក្នុងឆ្នាំ​២០១៩។

លោក Gary Ross នាយកប្រតិបត្តិនៃក្រុមហ៊ុន Black Gold Investors បាននិយាយថា OPEC+ នឹង​មិន​ដួល​រលំ​នោះទេ ព្រោះ​អារ៉ាប៊ីសាអូឌីតនឹងនៅតែចង់គ្រប់គ្រងទីផ្សារដោយមានជំនួយពីក្រុមនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ