វិភាគ៖ តើ​សាល​ក្រម​លើ​លោក កឹម សុខា ថ្ងៃ​ស្អែក​ជា​ច្រក​ចេញ​​ឬ​​បន្ត​​វិបត្តិ​​នយោ​​បាយ​​នៅ​​កម្ពុជា?

សំណុំ​រឿង​របស់​ លោក កឹម សុខា ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ ២៧​ឆ្នាំ តាំង​ពី​ឆ្នាំ​២០២៣​ ឈាន​មក​​ដល់​​ដំណាក់​​កាល​​សម្រេច​ដ៏​សំខាន់​បំផុត​ នៅ​ថ្ងៃទី​​៣០ ខែ​មេសា ស្អែក​នេះ។

ការ​ប្រកាស​សាល​ក្រម​នេះ គឺ​ជា​ចំណុច​របត់​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​នយោ​បាយ​ពិត​ប្រាកដ​របស់​ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក្នុងការស្តារមុខមាត់នីតិ​រដ្ឋ​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ឡើង​វិញ។

ប្រសិន​បើ​សាល​ក្រម​នា​ថ្ងៃ​ស្អែក ឈាន​ទៅ​ដល់​ការ​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​ឃុំ​ខ្លួន ឬ​ការ​ផ្តល់​សេរី​ភាព​ពេញ​លេញ​ដល់ ​លោក កឹម សុខា វា​នឹង​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ដែល​មាន​ឥទ្ធិ​ពល​វិជ្ជ​មាន​ជា​ខ្លាំង​ដល់​អនា​គតកម្ពុជា។ ការ​ដោះលែងនេះនឹងក្លាយជា «សន្លឹកបៀរការទូត» ដ៏មានតម្លៃបំផុតដើម្បីសង្គ្រោះសេដ្ឋកិច្ច និងប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្មដូចជា EBA និង GSP ដែលកំពុងស្ថិតក្នុងភាពប្រឈម។

ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះក្នុងឆ្នាំ ២០២៦ នេះ សញ្ញាវិជ្ជមានពីតុលាការនឹងជួយរក្សាទីផ្សារ​នាំចេញ បញ្ចៀសការដំឡើងពន្ធខ្ពស់ និងទាក់ទាញទុនវិនិយោគបរទេសដែលកំពុងមានការរុញរាឱ្យត្រឡប់​មក​វិញ។

លើសពីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចយកករណីលោក កឹម សុខា ជាទឡ្ហីករណ៍ដ៏រឹងមាំក្នុងការបង្ហាញឱ្យមជ្ឈដ្ឋានក្នុងស្រុក និងពិភពលោកឃើញថា កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់លោកកំពុងដើរលើផ្លូវត្រូវ និងមានប្រសិទ្ធភាពពិតប្រាកដ។

ក្នុងខណៈដែលរឿងអាស្រូវពុករលួយ និងការឆបោកដែលគេជឿថា មានការពាក់ព័ន្ធនឹងឥស្សរជនជាន់ខ្ពស់​ក្នុង​​រដ្ឋាភិ​​បាល និង​​គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់ និងនីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​នោះ ការផ្តល់សេរីភាពដល់លោក កឹម សុខា នឹងក្លាយជាថ្នាំព្យាបាលមុខមាត់រដ្ឋាភិបាលឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ។

ទន្ទឹមនេះ វានឹងក្លាយជាខែលការពារផ្ទៃក្នុងពីការរិះគន់ និងពង្រឹងភាពស្របច្បាប់របស់លោក ហ៊ុន ម៉ាណែត​ លើឆាកអន្តរជាតិយ៉ាងរឹងមាំ។ ផ្ទុយទៅវិញ ប្រសិនបើសាលក្រមនៅថ្ងៃស្អែក នៅតែបន្តរក្សាសេចក្តីសម្រេច​ដដែល ឬ​មិនមានការផ្តល់សេរីភាពណា​មួយដល់ លោក កឹម សុខា ទេនោះ វានឹងក្លាយជាការបញ្ជាក់​​ថា របៀបវារៈរឹតបន្តឹងនយោបាយនៅតែមានឥទ្ធិពលលើសពីតម្រូវការនៃការផ្សះផ្សាជាតិ។

ក្នុង​ករណីនេះ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែល លោក ហ៊ុន ម៉ាណែត តែងប្រកាសកន្លងមក នឹង​ត្រូវ​គេ​មើល​​ឃើញ​ថា​​គ្រាន់​តែ​ជា​ឧបករណ៍នយោបាយ​ដែលលោក និងឱពុករបស់លោក តែងប្រើប្រាស់សម្រាប់កម្ទេច​​ដៃគូប្រកួត​ប្រជែង និងអ្នកមានគំនិតផ្ទុយ សំដៅក្តោបក្តាប់អំណាចកាន់តែខ្លាំងខ្លាតែប៉ុណ្ណោះ។

លើសពីនេះ វានឹងរុញច្រានឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែមានភាពតាន​តឹង​ខ្លាំង ដែលអាចឈានទៅដល់ការបាត់បង់ទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងការដាក់ទណ្ឌ​កម្ម​​សេដ្ឋ​កិច្ច​បន្ថែម​ទៀត ជាហេតុធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ​រាប់លាន​នាក់ និងសេដ្ឋកិច្ចជាតិដែលកំពុង​ថមថយ​ស្រាប់។

ក្រៅពីការខូចខាតផ្នែកសេដ្ឋកិច្ច ការអូសបន្លាយការឃុំខ្លួន លោក កឹម សុខា នឹងធ្វើឱ្យគម្លាតនៃភាពបែកបាក់​​ផ្ទៃក្នុងជាតិកាន់តែរីកធំឡើង ដែលជាចំណុចខ្សោយដ៏គ្រោះថ្នាក់បំផុតនៅពេលប្រទេសជាតិត្រូវប្រឈ​ម​​​​មុខ​​នឹងការគំរាមកំហែងពីខាង​ក្រៅ និងការឈ្លានពានពីប្រទេសជិតខាង។

ពលរដ្ឋមួយផ្នែកធំនឹងមានអារម្មណ៍ថា ពួកគេត្រូវបានផាត់ចេញពីដំណើរការប្រជាធិបតេយ្យ ដែលនាំឱ្យ​កើត​​មាន​កំហឹង​ស្ងប់ស្ងាត់​នៅក្នុងសង្គម និងធ្វើឱ្យការគ្រប់គ្រងរបស់ លោក ហ៊ុន ម៉ាណែត កាន់តែខ្វះភាពស្រប​ច្បាប់បន្ថែមទៀត​ពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត និងសហគមន៍អន្តរជាតិ។

ដូច្នេះ ក្នុងនាមជាមេដឹកនាំបន្តវេនជំនាន់ថ្មី លោក ហ៊ុន ម៉ាណែត គួរប្រើប្រាស់ករណី លោក កឹម សុខា ជាចំណុច​ចាប់ផ្តើមនៃសករាជថ្មី ព្រោះការផ្តល់សេរីភាពដល់ លោក កឹម សុខា មិនមែនជាការបង្ហាញភាពទន់ជ្រាយ​ឡើយ ប៉ុន្តែគឺជាការបង្ហាញភាពចាស់ទុំខាងនយោបាយ ដែលអាចដោះដូរមកវិញនូវការរក្សាបាននូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចរបស់កម្មកររាប់លាននាក់ និងជាខែលទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងប៉ះពាល់ដល់កម្ពុជា។

ទន្ទឹមនឹងនេះ លោកគួរជំរុញឱ្យតុលាការសម្រេចក្តីដោយផ្អែកលើស្មារតីផ្សះ​ផ្សាជាតិ ដើម្បីបង្ហាញលទ្ធផលពិត​​​ប្រាកដនៃកំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ និងលុបលាងរូបភាពអវិជ្ជមានដែលរងការរិះគន់ថាជាឧបករណ៍នយោ​បាយ ដែលវានឹងក្លាយជាការទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគទុន​បរទេស ឱ្យមករកស៊ីនៅកម្ពុជាកាន់​​តែច្រើន ដោយសារពួកគេជឿជាក់លើកិច្ចការពារតាមផ្លូវច្បាប់ និងនីតិរដ្ឋពិតប្រាកដ។

ក្នុងខណៈដែលបញ្ហាព្រំដែន និងសម្ពាធពីខាងក្រៅកំពុងមានភាពរកាំរកូស ការងាកមកប្រើប្រាស់យុទ្ធសាស្ត្ររួបរួមគ្នាដើម្បីជាតិ ដោយបើកលំហសេរីភាពឱ្យសំឡេង​ផ្ទុយ អាច​​ចូលរួមចំណែកផ្ដល់មតិដើម្បីការពារទឹក​ដី គឺជាការសាងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំបំផុត ព្រោះ​ថាកម្លាំងដែលកើត​ចេញពីការពេញចិត្តរបស់ពល​រដ្ឋ​​​គ្រប់និន្នាការ គឺជាបន្ទាយ​ការពារជាតិដ៏មានប្រសិទ្ធភាព ជាងការប្រើប្រាស់វិធានការច្បាប់ដើម្បីបង្ក្រាប។

លើស​ពីនេះ ដើម្បីកសាងភាពស្របច្បាប់ផ្ទាល់ខ្លួនឱ្យដាច់ដោយឡែក​ ពីស្រមោលអតីតកាលរបស់ឪពុក លោក ហ៊ុន ម៉ាណែត ត្រូវតែមានវិធានការក្តៅ និងម៉ឺងម៉ាត់ចំពោះរឿងអាស្រូវពុករលួយ ឬការឆបោកដែលពាក់​ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់​ក្នុងជួររដ្ឋាភិបាលខ្លួន​ឯង ដើម្បី​បង្ហាញថា​គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់ ដែល​វានឹងធ្វើឱ្យលោកទទួលបានការគាំទ្រយ៉ាងលើសលប់ពីស្រទាប់យុវជន និងពលរដ្ឋម្ចាស់ឆ្នោតដែលចង់​ឃើញការផ្លាស់ប្តូរជាវិជ្ជមាន។

ជាចុងក្រោយ ការដោះលែង លោក កឹម សុខា នឹងក្លាយជាស្ពានក្នុងការស្តារទំនាក់ទំនងជាមួយ​លោក​​សេរី និង​ជួយ​ឱ្យ​កម្ពុជា​អាច​ងើប​ចេញ​ពីការរងសម្ពាធឱ្យរើសខាង ឬការពឹងផ្អែកខ្លាំងពេកលើប៉ូលអំណាចតែមួយ ដែលអាចប៉ះពាល់ដល់ឯករាជ្យភាពជាតិក្នុងរយៈពេលវែង។

សរុបមក លទ្ធផលនៃសាលក្រមនៅថ្ងៃទី​៣០ ខែមេសា ស្អែកនេះ មិនមែនគ្រាន់តែជាការសម្រេចក្តីលើបុគ្គ​ល​ម្នាក់​​នោះ​​ទេ ប៉ុន្តែគឺជាការសម្រេចលើទិសដៅអនាគតនៃស្ថិរភាពនយោបាយ ភាពជោគជ័យនៃកំ​ណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ និងសន្តិសុខសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

ដំណោះស្រាយដ៏ល្អបំផុតសម្រាប់កម្ពុជា គឺការបោះជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិពិតប្រាកដ ដោយប្រើ​ប្រាស់​ការផ្តល់សេរីភាពដល់ លោក កឹម សុខា ជាគ្រឹះក្នុងការកសាងទំនុកចិត្តឡើងវិញ ដើម្បីធានានូវអធិប​​តេយ្យភាព និងភាពរុងរឿងសម្រាប់ជាតិទៅថ្ងៃអនាគត៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ