សាលាឧទ្ធរណ៍​តម្កល់​កា​​រផ្តន្ទា​​ទោស​​ លោក កឹម សុខា ក្រោម​​ការ​​រិះ​​គន់​​ពី​អ​ង្គ​ការ​​សិទ្ធិ​​មនុស្ស

សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេច​តម្កល់​ការ​​ផ្តន្ទា​​ទោស​ ​លោក កឹម សុខា​ មេដឹក​​នាំ​​គណបក្ស​​ប្រឆាំង និង​​​​បាន​​បន្ថែម​ទោស​​ដោយ​​ហាម​​ឃាត់​​មិន​ឱ្យ​​លោក​​ចេញ​ទៅ​ក្រៅ​​ប្រទេស​រយៈ​ពេល ៥ឆ្នាំ​ ដែល​ការ​​សម្រេច​​នេះ​​ត្រូ​វ​​បាន​មេធាវី​ និង​ក្រុម​អ្នក​ឃ្លាំ​មើល​ យល់​ថា ជា​ការ​​អនុវត្ត​​ផ្ទុយ​ពីឆ​ន្ទៈ​របស់​​រដ្ឋាភិ​បាល​​ដែល​​​បាន​លើក​ឡើង​ពី​ការ​​​ផ្សះ​ផ្សា និង​ការ​ឯកភាព​ជា​តិ ក្នុង​ខណៈ​ដែល​​កម្ពុជា​កំពុង​​រក​ការ​​ឈ្លាន​​ពាន​​ទឹក​ដី​ពី​ប្រទេស​​ជិត​​ខាង។

កាលពីថ្ងៃទី​០៨ និងទី០៩ ខែ​មេសា ឆ្នាំ​២០២៦ សាលាឧទ្ធរណ៍ភ្នំពេញ បាន​បន្តបើក​សវនា​ការ​សួរ​ដេញដោល​និង​ធ្វើ​សេច​ក្តី​សន្និ​ដ្ឋាន​​​បញ្ចប់ ​ក្នុង​សំណុំរឿង​ លោក កឹម សុខា ដែល​​ជាប់​ចោទ​ពី​បទ «សន្និដ្ឋិ​ភាព​ជាមួយ​​បរទេស» ក្រោយ​សំណុំ​​រឿង​​ប្តឹង​​ទាស់​​​ដ៏ចម្រូង​ចម្រាស់មួយ​នេះ បានអូស​បន្លាយ​ពេល​ជាង១ឆ្នាំ ហើយ​​ត្រូវ​ប្រកាសសាលដីកានៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​​២០២៦។

សហមេធាវីការ​ពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា គឺ​លោក ផែង ហេង បានឱ្យ​ដឹងថា សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​​ភ្នំពេញ នៅថ្ងៃ​នេះ បានសម្រេច​តម្កល់សាលក្រម​​​សាលាដំបូ​ងរាជធានីភ្នំពេញ ទុក​ជា​បានការដដែល​ ក្នុង​សំណុំរឿង​កូនក្តីរបស់​លោក និងបាន​ហាម​ប្រាម​បន្ថែមទៀត​ មិនឱ្យ​លោក កឹម សុខា ចេញទៅ​ក្រៅ​ប្រទេស​រយៈពេល​៥ឆ្នាំ​​។

លោកបន្តថា ការ​សម្រេចនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្អាង​ហេតុ ដោយ​យោង​ទៅលើ​​ការ​​ស្នើ​​របស់​តំណាង​​​អយ្យ​ការ​ និង​​តំណាងរបស់មេធាវីរដ្ឋាភិបាល ដែល​ស្នើ​​សុំ​ឱ្យ​​ចាប់​ឃុំខ្លួ​ន​​​លោក​ កឹម សុខា​។

លោកមេធាវី​ ផែង​​ ហេង បានថ្លែង​បន្ត​ថា៖ «​យើង​សម្តែងនូវ​ការ​សោកស្តាយ ហើយ​យើង​មិន​ដឹង​ថា ឯកឧត្តម​ កឹម សុខា នឹង​សម្រេច​ប្តឹង​សារទុក្ខ​ ឬក៏​បញ្ចប់ត្រឹម​នេះ ព្រោះ​យើង​មើលទៅស្ថានភាពពេលនេះ គួរ​តែ​រដ្ឋាភិ​បាល​​ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​ ស្វែង​រក​ការ​ផ្សះ​ផ្សា​ជាតិ ប៉ុន្តែ​សាលដី​កា​របស់​សាលា​ឧទ្ធរណ៍នៅ​ថ្ងៃនេះ វា​​មិនដូចការ​រំពឹង​ទុក។ យើងគិត​ថា រាជ​រដ្ឋាភិបាល​នឹង​ស្វែង​រក​ការ​ផ្សះផ្សា​ជាតិ បង្រួប​បង្រួម​ជាតិ តាមរយៈការ​ដោះស្រាយ​រឿង​ទាំង​ឡាយ​ណា​​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​នយោបាយ ពាក់ព័ន្ធ​នឹង​​សកម្មជន​សិទ្ធិ​មនុស្ស ក៏ដូចជា​អ្នកដែល​​ធ្វើ​កិច្ច​ការ​ដើម្បី​សង្គម ប៉ុន្តែ​យើង​ឃើញ​​សាលដី​កា​នៅ​ថ្ងៃនេះ ហាក់ដូច​ជា​​​ផ្ទុយ​ពីអ្វី​ដែលយើង​គិត​ថា​ រាជរដ្ឋាភិបាល​​នឹង​គិត​គូរ​ដល់ការ​ផ្សះផ្សា និងពង្រឹង​ការ​ផ្សះ​ផ្សា​ជាតិ ក្នុង​ខណៈ​​ដែល​ប្រទេស​ថៃ កំពុង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​មក​លើ​យើង​នៅតាមព្រំដែន»

លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២៣ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយត្រូវឃុំ ខ្លួន​នៅ​ក្នុងផ្ទះ ព្រមទាំង​ដកហូតសិទ្ធិ​ពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។

​ប្រធាន​គណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម ប៉ុញ្ញឬទ្ធិ បានបង្ហាញ​ការ​ខកចិត្ត​ និង​សោកស្តាយ​​យ៉ាង​ខ្លាំង​ចំពោះសាលដីកា​របស់សាលា​ឧទ្ធរណ៍ ដែល​បន្តផ្តន្ទា​ទោស​យ៉ាង​ធ្ងន់​ធ្ងរទៅលើ​ លោក កឹម សុខា​ ហើយ​ថែមទាំង​បាន​ហាមប្រាមមិន​ឱ្យលោកចេញទៅក្រៅ​ប្រទេស​៥ឆ្នាំ​បន្ថែមទៀត ដែលនេះជា​សារ​នយោ​បាយ​មួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ពីការ​កាត់ក្តីនេះ​។

លោកថា៖ «មិន​ថា​តែជា​​អង្គទូត ឬមតិ​យោបល់​អ្នកវិភាគនយោបាយ អ្នក​នយោ​បាយ​ ឬ​ក៏​ប្រជាពលរដ្ឋ​ទេ លោក​តែងតែ​លើកឡើង គឺ​ចង់ឱ្យ​មានតម្លា​ភាព ចង់​ឱ្យ​មានសិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ សិទ្ធិ​សេរីភាពនៃ​ការ​ជួប​ជុំ​​ ហើយ​និង​សិទ្ធិ​សេរីភាពនៃការ​​​ចូលរួមនយោបាយដោយ​​​​ពេញ​​លេញ​ ហើយ​​និង​គ្មានការ​រើស​អើង​​​ ហើយ​នៅពេល​ដែលមាន​ការ​កាត់ក្តីបែបនេះ ទៅ​​លើ​​ប្រធាន​គណបក្ស​មួយឱ្យ​ជាប់​ទោស​​​​យ៉ាងធ្ងន់​ធ្ង​រ​ជា​ទីបំផុត​​ ដែល​ពួក​យើ​ងយល់​ឃើញ​​ថា​​គាត់​​មិន​បាន​ប្រព្រឹត្ត​ខុស​ផង​នោះ វា​ធ្វើ​ឱ្យមានសម្ពាធ​ផ្លូវ​ចិត្តទៅលើ​​ប្រជា​ពលរដ្ឋ​យ៉ាង​ខ្លាំង»។

បើតាមប្រធានគណបក្ស​នយោបាយ​រូបនេះ​ ​ការធ្វើ​នយោបាយ​របស់​ ​លោក កឹម សុខា នា​ពេល​កន្លងមក គឺ​គាត់​​តែង​តែ​​ធ្វើ​​ឡើង​ដើម្បីការ​ពារ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ និងការ​គោរព​​​សិទ្ធិមនុស្ស​​ ហើយក៏មិនបានប្រព្រឹត្តកំហុស​ដូច​កា​រ​​ចោទ​ប្រកាន់។

នាយកទទួលបន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថា ការ​​សម្រេច​យ៉ាង​ណា​​នោះ ជា​​ឆន្ទានុសិទ្ធិ​របស់​​​តុលាការ​​ ប៉ុន្តែក្នុងនាមសង្គមស៊ីវិល លោក​ចង់​ឃើញ​​អ្នក​នយោ​បាយ​​ខ្មែរ បន្តនូវ​វប្បធម៌សន្ទនា និងការ​ចរចាគ្នា​ដោយសន្តិ​វិធី ដើម្បីរក​ដំណោះ​ស្រាយ និង​ការ​ស្រុះស្រួលគ្នា​​ផ្នែក​នយោបាយ ជាជាង​ការ​ប្តឹង​ផ្តល់​នៅតុលាការ។​

លោកថា៖ «កា​រ​សម្រេច​របស់តុលាការ​វាជា​រឿង​មួយ ប៉ុន្តែគ្រាន់តែ​ថា យើងជា​អង្គការ​សង្គម​ស៊ីវិល យើង​​​ចង់​ឃើញ​ថា​ ​អ្នកនយោបាយ​ខ្មែរ គាត់បន្តនូវ​វប្បធម៌សន្ទនា ការ​ចរចា​​ដើម្បី​រក​ដំណោះ​​ស្រាយ​​មួយ​ចេញ ដូច​ពីមុនៗមក ធ្វើការ​ចរចាគ្នា​ ហើយ​​អាចនឹងមានការ​ដោះស្រាយ​ផ្នែក​នយោបាយ ឬ​មាន​ការ​​បន្ធូរបន្ថយ ឬ​ក៏​​​អាច​នឹង​​មានការ​​ច្រក​ចេញតាម​ណាមួយ ដើម្បី​ឱ្យ​ក្លាយ​​ទៅ​ជា​​ការមាន​​សាមគ្គីភាព​ជាតិ ឯកភាពជាតិ ហើយ​​និង​ខ្មែរ​តែមួយ ហើយ​អ្នកនយោ​បាយ​ទាំង​អស់ គឺ​យើង​​តម្កល់ឧត្តម​ប្រយោជន៍ជាតិ ​ឧត្តម​ប្រយោជន៍ពលរដ្ឋ​​ជា​ធំ អាហ្នឹ​ងវា​ជាច្រកមួយ​ទៀត​ក្រៅតែអំពីដំណើរការ​នៅតាមតុលាការ»

សម្រាប់​ អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​អ្នក​វិភាគ​សង្គម លោក វ៉ន ចាន់ឡូត បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​របស់​លោកថា ទោះបី​ជា​អតីត​​គណបក្ស​សង្គ្រោះជាតិ មាន​គោល​នយោ​បាយ​មិន​យក​ខ្មែរ​ជា​សត្រូវ ក៏មេដឹកនាំ​គណបក្ស​កាន់​អំណាច ​​លោក ហ៊ុន សែន មិន​អាច​ទទួល​យក​បាន​ដែរ​ ពីព្រោះ​គាត់​ត្រូវ​ការ​តែមួយ​គត់ គឺ​អំណាច និង​មិន​អាច​បោះ​បង់​អំណាច​ជា​ដាច់​ខាត​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

លោកបន្តថា នាពេល​កន្លង​មក ការ​ចរចា​បាន​កើត​ឡើង ក៏​ព្រោះ​តែ​បក្ស​ប្រឆាំង​មាន​ឥទ្ធិ​ពល​ និង​កម្លាំង​នយោ​​បាយ​​​គ្រប់​គ្រាន់​ប៉ុណ្ណោះ ហើយ​ក្នុង​កាលៈទេសៈនេះ លោក ហ៊ុន សែន នឹងមិន​អាច​ធ្វើ​សម្បទាន​នយោ​បាយ​​ណាមួយ​ឡើយ ទោះ​បី​ជា​ធ្លាប់​ច្រឡំ​មាត់​និយាយ​ពី​ការ​រួប​រួម​ និង​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃក៏ដោយ​។

វីអូឌី មិនអាចសុំការអធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យសាលា​ឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បានទេគិត​ត្រឹមម៉ោងផ្សេងនេះ។

ដោយ​ឡែកអ្នកនាំពាក្យ​​គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ និយាយថាលោក​គ្មានអ្វីត្រូវ​បក​ស្រាយ​រឿង​នេះ​​ទេ ព្រោះ​ជាដែនសមត្ថកិច្ចរបស់តុលាការ។ សម្រាប់អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា នៅក្នុង​ប្រទេសកម្ពុជា អំណាចទាំង​៣​​ដាច់​​​ពី​គ្នា រវាងនីតិប្រតិប្រតិ​បត្តិ នីតិបញ្ញត្តិ និងតុលាការ​។

លោកថា៖ ««ម្លោះហើយការអនុវត្ត​​ការ​​សម្រេច​យ៉ាងណារបស់តុលាការ​​ គឺ​​ជា​ឆន្ទានុសិទ្ធិរបស់​តុលាការ​ ដែល​យើង​ម្នាក់ៗ​ចង់ឱ្យ​តុលាការឯករាជ្យ ចឹង​បើតុលាការ​សម្រេច​ហើ​យ​ អាហ្នឹង​យើង​ត្រូ​វតែ​គោរពតាម អីចឹង​សម្រាប់គណបក្ស​​ប្រជា​ជន​កម្ពុជា ឬ​រាជរដ្ឋាភិបាល យើងគ្មានការ​បកស្រាយ​ចំពោះ​ករណីណា​ដែល​ជា​សមត្ថកិច្ច​របស់តុលាការ​»។

ជុំវិញការ​ប្រកាស​សាលដីកា​លើ​សំណុំរឿងរបស់​​លោក កឹម សុខា នេះដែរ ​​ស្ថានទូតបរទេស​ប្រចាំនៅកម្ពុជាមួយ​ចំនួន ក៏បាន​បង្ហាញការ​សោកស្តាយ និង​ខក​ចិត្ត​ជាខ្លាំង​​ផងដែរ។

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចេញ​សារ​នៅលើទំព័រហ្វេសប៊ុក​របស់ខ្លួន​ថា សេចក្តីសម្រេច​​តម្កល់ការ​ផ្តន្ទាទោស​លោក កឹម សុខា នៅថ្ងៃនេះ គឺជាការ​ខកចិត្ត​យ៉ាងខ្លាំង ខណៈ​អូស្ត្រាលី បាន​លើកឡើង​​ជាប្រចាំ​ពីការ​ព្រួយបារម្ភ​ចំពោះការ​ប្រើ​យន្ត​ការ​ច្បាប់ ដើម្បី​កម្រិត​​គណបក្ស​ប្រឆាំង។

ប្រភពដដែលបន្តថា លទ្ធ​ផលនេះ រឹត​តែ​ធ្វើឱ្យអូស្ត្រាលី​កាន់តែ​មានការ​ព្រួយ​បារម្ភ​ និង​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​វិធានការ​​ពិត​ប្រាកដ​ ដើម្បីពង្រីក​លំហ​ស៊ីវិល និង​សេរីភាព​នយោបាយ ព្រមទាំង​បង្កើត​លក្ខ​ខណ្ឌ​​សម្រាប់​ការ​បោះឆ្នោត​ពិតប្រាកដ​ និង​មានការ​ប្រកួត​ប្រជែង។

ចំណែក​ ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅកម្ពុជា ក៏បាន​លើក​ឡើង​ដែរ​ថា ​ស្ថាន​ប្រតិ​ភូ​សហភាព​​អឺរ៉ុប និង​​បណ្តា​​រដ្ឋ​​សមា​ជិក​​ដែល​​មាន​​វត្ត​​មាន​​​នៅ​​ក្នុ​ង​​ព្រះ​​រាជាណាចក្រ​កម្ពុជា​ កត់​សម្គាល់​ដោយ​ក្ដី​កង្វល់​ ចំពោះ​លទ្ធ​ផល​នៃ​សវនា​ការ​បណ្ដឹង​ឧទ្ធរណ៍​របស់ លោក កឹម សុខា។

ប្រភពដដែលបន្តថា ​នយោបាយ​ពហុបក្ស គឺ​ជា​កត្តា​ដ៏ចាំ​បាច់​សម្រួល​ដល់​ការ​បើក​លំហ​នយោ​បាយ និង​លំហ​​សេរី​ភាព​​​ស៊ីវិល​​នៅ​​ក្នុង​​ប្រទេស​កម្ពុជា ដោយ​គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​លើ​ប្រជា​ធិប​តេយ្យ​របស់​ខ្លួន។

ស្ថានប្រតិភូសហភាពអឺរ៉ុប និង​បណ្តា​រដ្ឋ​សមាជិក​ប្រចាំ​កម្ពុជា តែង​តែ​គាំ​ទ្រ​ជា​ប្រចាំ​ដល់​នីតិ​រដ្ឋ​នៅ​កម្ពុជា ហើយ​សង្ឃឹម​ថា​នឹង​មាន​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​ភាព​ស្ថាបនា រួម​ទាំង​វិធាន​ការ​វិជ្ជ​មាន​ផ្សេងៗ ចំពោះ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នា​ពេល​បច្ចុប្បន្ន។

ស្ថានទូត​អង់គ្លេស​នៅកម្ពុជា បានលើកឡើងក្នុងទំព័រហ្វេសប៊ុក​ថា៖ «យើង​ចង់ឃើញ​លោក​ កឹម សុខា ត្រូវ​បានដោះលែង​ពីពន្ធនាគារ​ និងសេរីភាពនយោបាយ​របស់លោក ត្រូវ​បានស្តារ​ឡើង​​វិញ។ យើងជឿជាក់ថា រឿងនេះនឹង​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។ នៅ​ក្នុង​បរិ​បទនោះ ស្ថាតទូត​អង់គ្លេស​មានការ​ខក​ចិត្ត​​​ចំពោះលទ្ធផល​នៃ​សវនាការ​លើបណ្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃនេះ»

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់​ខ្លួន​​ទាំង​ក​ណ្តាល​​យប់​ ឈាន​​ចូល​​​ថ្ងៃ​​ទី​៣ ខែ​​កញ្ញា ឆ្នាំ​​២០១៧ ក្រោយពី​គណបក្ស​ប្រឆាំងរបស់លោក ហក់​ឡើង​ប្រជា​ប្រិយ​ភាព ទទួល​បាន​សន្លឹក​ឆ្នោត​​គាំ​ទ្រ​​ជិត​​ពាក់​​កណ្តាល​​ប្រទេស ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច។

ប្រមាណជា​៣ខែ​​ប​ន្ទាប់ គណបក្ស​​សង្គ្រោះជាតិ​របស់លោក ត្រូវ​បាន​តុលាការ​​កំពូ​ល​​រំលាយ តាម​​បណ្តឹង​​របស់​​​គណប​ក្ស​​ប្រជាជន​​កម្ពុជា ​ដែល​​ចោទ​​​ថា លោក​​​បាន​គប់​គិត​ជាមួយ​សហរដ្ឋ​អា​មេ​រិក ចង់​ផ្តួ​ល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

យ៉ាង​ណា ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​​ផ្តន្ទា​​ទោស លោក កឹម សុខា សហរដ្ឋ​អាមេរិក​តាម​រយៈ​​ស្ថាន​ទូត​ប្រចាំ​កម្ពុជា បានចាត់ទុក​​សាល​​ក្រម​​ផ្តន្ទា​​ទោស​​នេះ​​ថា ដំណើរ​​ការ​​ច្រើន​​ឆ្នាំ ដើម្បី​​បំបិទ​​សំឡេង​ លោក កឹម សុខា ដោយ​​​​ផ្អែក​​លើ​​​បទ​​សម​​គំនិត ប្រឌិត គឺ​​ជា​​បរា​ជ័យ​​នៃ​ប្រ​ព័ន្ធ​យុត្តិ​ធម៌។ ហើយ​ថា ការ​បដិសេធ​​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​​​មតិ និង​ធ្វើ​នយោបា​យ​របស់ លោក កឹម សុខា និង​អ្នក​នយោ​បាយ​ផ្សេង​ទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ​​ធម្ម​​នុញ្ញ​​កម្ពុជា បំណង​​អន្តរ​ជាតិ និង​​វឌ្ឍន​ភា​ព​​កន្លង​មក ដើម្បី​ក្លាយ​ជា​សង្គម​ពហុ​​បក្ស​ប្រកប​ដោយ​បរិយា​បន្ន​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ