អ្នកជំនាញកិច្ចការព្រំដែនដែលមិនចំណុះឱ្យរដ្ឋាភិបាល បង្ហាញក្តីបារម្ភថា ការដែលយោធាថៃបានបាញ់គ្រាប់ពិតជិត១០គ្រាប់ គំរាមអនុវត្តព័ន្ធយោធាថ្មីៗ ខណៈពួកគេចុះទៅព្រំដែនជាមួយក្រសួងការពារជាតិកម្ពុជានោះ សបញ្ជាក់ថា ថៃកំពុងបំពានយន្តការនេះជាចំហ។
បញ្ហានេះ ពួកគេបារម្ភថា មហិច្ឆតាថៃ នឹងច្បាមយកដីខ្មែរបន្ថែមទៀតនៅខេត្តកោះកុង និងខេត្តសៀមរាប បើមេដឹកនាំខ្មែរនៅតែមិនប្តឹងថៃ ខណៈថ្មីៗនេះថៃបានពង្រីកការឈ្លានពានបន្ថែមទៀត ចូលផ្នែកខ្លះនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រៅពីច្បាមយកតំបន់ខ្លះ នៅខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោយមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥រួចមកនោះ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ដែលមានជំនាញកិច្ចការព្រំដែន បាននិយាយថា ថ្មីៗនេះថៃបានចូលមកឈ្លានពានរំលោភយកដីខ្មែរបន្ថែមទៀត នៅឃុំបារាំងធ្លាក់ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្នុងចំនុចអក្សរយូ ឬក្រចកសេះ ដែលថាទាំងនេះឆ្លុះបញ្ចាំងថា ថៃពង្រីកការឈ្លានពានក្រោយបទឈប់បាញ់។ ហើយថាថៃអាចនឹងពង្រីកការឈ្លានពានទៅដល់ខេត្តកោះកុងបន្ថែមទៀត បើមេដឹកនាំនៅតែមិនប្រើសិទ្ធិស្វ័យការពារ និងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនោះ។
មួយវិញទៀត លោកថា ការដែលថៃបាញ់ចំនួន៩គ្រាប់ អំឡុងអនុព័ន្ធយោធាចុះទៅពិនិត្យព្រំដែនជាមួយក្រសួងការពារជាតិកម្ពុជានោះ បង្ហាញកាន់តែច្បាស់ថា ថៃមិនខ្លាចឈ្លានពានខ្មែរបន្តទៀតទេ ហើយក៏ថៃមិនខ្លាចអនុព័ន្ធយោធានៃបណ្តាប្រទេសជាសមាជិកអាស៊ាននេះដែរ ព្រោះថាជាងកន្លះឆ្នាំមកនេះ ក្រុមហ៊ុននេះមិនដែលនិយាយ ឬថ្កោលទោសទង្វើថៃឈ្លានពានម្តងណាទេ ទោះបានចុះទៅឃើញនឹងភ្នែកក៏ដោយ ដែលថាទាំងហើយដែលថៃមិនខ្លាចអីនឹងរំលោភយកដីខ្មែរតាមទំនើងចិត្ត។
លើសពីនេះ លោកថា រដ្ឋាភិបាលបច្ចុប្បន្នមានហ៊ានប្តឹងថៃ ដើម្បីទាមទារទឹកដីខ្មែរជិត៦០ទីតាំងមកនេះទេ ដោយថាខ្លាចបាត់បង់អំណាច ដែលការណ៍នេះលោកថា ជាការបើកដៃឱ្យថៃបន្តឈ្លានពានទឹកដីខ្មែរតាមចិត្តច្រើនខែមកនេះ។
លោកថា៖ «អញ្ចឹងបានខ្ញុំចេះតែអំពាវនាវឱ្យប្រជាពលរដ្ឋងើបឡើង ដើម្បីទម្លាក់ត្រកូលហ៊ុនពីអំណាចដើម្បីទាមទារទឹកដីខ្មែរយើងចំនួន៥៩ទីតាំងមកវិញ ព្រោះនៅពេលដែលយើងមានមេដឹកនាំថ្មី គេនឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ប្តឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយពេលមានមេដឹកនាំថ្មីគេអាចពង្រឹងវិស័យយោធា ហើយប្រើសិទ្ធិស្វ័យការពារកុំឱ្យថៃឈ្លានពានយើងបន្ថែមទៀត»។
លើសពីនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ខេត្តកោះកុងព្រំដែនទឹកថៃស៊ីដាច់រួចហើយ និងអស់បន្ថែមទៀត ក្រោយថៃលុបអនុស្សរណៈយោគយល់ព្រំដែនទឹក ឆ្នាំ២០០១ ដែលត្រង់ចំនុចនេះ លោកថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនអាចទប់ទល់នឹងមហិច្ឆតាថៃបានទេ បើមិនផ្សះផ្សាជាតិ មិនពង្រឹងការងារទូតឱ្យបានខ្លាំង មិនពង្រឹងវិស័យការពារជាតិ ព្រមទាំងមិនព្រមប្តឹងថៃទៅកាន់តុលាការអន្តរជាតិដើម្បីទប់ស្កាត់ដូចបច្ចុប្បន្ននោះ។
លោកថា៖ «ចុងក្រោយគឺអំពាវនាវទៅប្រជាពលរដ្ឋខ្មែរទាំងអស់ មិនគួរបណ្តែតបណ្តោយឱ្យរដ្ឋាភិបាលកម្ពុជាហ្នឹង ធ្វើការងារតាមអំពើចិត្តបែបហ្នឹងទេ ត្រូវតែបញ្ចេញមតិខ្លាំងក្លាឡើងវិញអំពីបញ្ហាព្រំដែនហ្នឹង។ហើយត្រូវជំរុញរដ្ឋាភិបាលកម្ពុជា ត្រូវតែទទួលខុសត្រូវចំពោះបញ្ហាជាតិនៅចំពោះមុខដែលកំពុងតែប្រឈមបាត់បង់ទឹកដី ខណៈពេលដែលសៀមកំពុងតែពង្រីកការឈ្លានពានហ្នឹង»។
សម្រាប់ អ្នកនាំពាក្យរដ្ឋាភិបាល លោកប៉ែន បូណា បានអះអាងនៅថ្ងៃទី៣០ខែមេសានេះថា ការផ្ទុះអាវុធពីសំណាក់យោធាថៃអំឡុងវត្តមានអនុព័ន្ធយោធាបរទេស ចុះពិនិត្យផ្ទៀងផ្ទាត់ដីជាក់ស្តែងនៅតាមព្រំដែននាថ្ងៃទី២៩ខែមេសានេះ កម្ពុជាបានចាត់ទុកថា ជាការគួរឱ្យសោកស្តាយបំផុតចំពោះករណីផ្ទុះអាវុធដែលបង្កឡើងដោយកម្លាំងយោធាថៃចំនួន៥លើកនេះ។
បើតាម លោក ប៉ែន បូណា ក្នុងនោះមានការបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។ ហេតុការណ៍នេះកើតឡើងក្នុងខណៈពេលដែលក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ស្ថានការណ៍នៅក្រោយបទឈប់បាញ់ចូលជាធរមាន។
លោកថា សកម្មភាពបែបនេះរបស់ភាគីថៃ គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។
តែយ៉ាងណា លោកថា កម្ពុជានៅតែប្រកាន់ជំហដោះស្រាយរឿងនេះ ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលបានព្រមព្រៀងគ្នាកន្លងមក ដើម្បីសន្តិភាពយូរអង្វែងនៃប្រទេសទាំងពីរ។
លោកថា៖ «ក្នុងនាមរដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ភ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពនៃប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាពស្ថេរភាពឯកភាពនៅក្នុងអាស៊ាន ទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់»។
ជុំវិញការឈ្លានពានរបស់ថៃនេះ អ្នកឃ្លាំមើលថា ថៃបានពង្រីកការឈ្លានពានចំនួន៥៩ទីតាំង នៅតាមបណ្តាខេត្តជាប់ព្រំដែន មានខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ហើយថ្មីៗថៃបានពង្រីកចូលដល់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។
ទីតាំងដែលថៃដណ្តើមគ្រប់គ្រងទាំងនោះ មានទាំងប្រាសាទតាក្របី ប្រាសាទខ្នា ច្រកអានសេះ និងអូរស្មាច់ជាដើម ថៃកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជីកប្រឡាយ រាយលួសបន្លា ពង្រីកព្រំដែនថ្មី រំលោភដីកម្ពុជា ទាំងគ្មានការរារាំងពីក្រសួងការពារជាតិកម្ពុជា។
លើសពីនេះ តំបន់មួយចំនួន ថៃរៀបចំជាកន្លែងទេសចរណ៍លើដីខ្មែរ ដូចជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ភ្នំទ្រព្យ ជាដើម ខណៈនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត អះអាងមិនទាន់ប្រើយន្តការអន្តរជាតិ ដើម្បីប្តឹងថៃ ហើយនៅបន្តចរចាទ្វេភាគី ទោះមានសង្ឃឹមត្រឹម ១ភាគរយក៏ដោយ៕









