ក្រុម​ប្លុក​​លោកសេ​រី​​បញ្ចេញ​​ប្រ​តិ​កម្ម​​ទៅ​​នឹង​​តុលាការ​​កម្ពុជា​​​ដែល​​​រក្សា​​​បទ​ចោទ​​លើ​​លោក កឹម សុខា

ក្រុម​ប្លុក​លោក​សេរី បាន​​បញ្ចេញ​​ប្រតិ​កម្ម​​ភ្លាមៗ ​ទៅ​​នឹង​​តុលាការ​​កម្ពុជា ដែល​បាន​​រក្សា​​បទ​​ចោទ​​លើ លោក កឹម សុខា ជុំវិញ​​សំណុំ​រឿង​​ប្តឹ​ង​​ទាស់ ដោយ​​ពួ​ក​គេ​​សម្ដែង​​ការ​​ខក​​ចិត្ត​​យ៉ាង​​ខ្លាំង​​ចំពោះ​​ការ​​សម្រេច​​នេះ។

នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មេសា​នេះ សាលាឧទ្ធរណ៍​ភ្នំពេញ បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​លើ លោក កឹម សុខា ដូច​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​​បន្ថែម ៥​ឆ្នាំ មិន​ឱ្យ​មេ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​រំលាយ​រូប​នេះ​​ចេញ​ទៅ​ក្រៅប្រទេស។

បណ្ដា​​ប្រទេស​នៅ​សហភាព​អឺរ៉ុប រួម​មាន ​បារាំង អាល្លឺម៉ង់ និង​សាធារណរដ្ឋឆែក បាន​​បង្ហាញ​ក្ដី​កង្វល់​ចំពោះ​លទ្ធផល​​នៃ​​សវនាការ​​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក កឹម សុខា។

សហភាព​អឺរ៉ុប​ បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា ថា នយោបាយ​ពហុបក្ស គឺ​ជា​កត្តា​ដ៏​ចាំបាច់​សម្រួល​​ដល់​ការ​បើក​លំហ​នយោបាយ និង​លំហ​សេរីភាព​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​តាម​ការ​ប្តេជ្ញាចិត្ត​លើ​ប្រជាធិបតេយ្យ​​របស់​ខ្លួន។ សេចក្ដី​ប្រកាសព័ត៌មាន​​​ដដែល ​​បន្ត​ថា ពួកគេ​តែងតែ​គាំទ្រ​ជាប្រចាំ​ដល់​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​សង្ឃឹម​ថា នឹង​មាន​​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ប្រកបដោយ​ការ​ស្ថាបនា រួម​ទាំង​វិធានការ​វិជ្ជមាន​ផ្សេងៗ ចំពោះ​អ្នក​ដែល​កំពុង​ជាប់ឃុំ​នា​ពេល​បច្ចុប្បន្ន។

ចំណែក​ ប្រទេស​អាល្លឺម៉ង់ ​តាមរយៈ​អគ្គរដ្ឋទូត​​របស់​ខ្លួន​​ បាន​បង្ហោះ​លើ​ហ្វេសប៊ុក​​ស្ថានទូត​ភ្លាមៗ​ថា ការ​សម្រេច​លើ​ករណី​លោក កឹម សុខា នៅ​ពេល​នេះ មិន​បាន​​បំបាត់​ក្ដី​បារម្ភ​​​របស់​អាល្លឺម៉ង់​ លើ​ករណី​ដែល​អូស​បន្លាយ​រាប់​ឆ្នាំ​នេះ​ទេ។

អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក ស្ទេហ្វិន មេសឺរឺ (Stefan Messerer) ដែល​បាន​ចូលរួម​សវនាការ​នៅ​ថ្ងៃ​​នេះ អះអាង​ថា ការ​​កែប្រែ​នីតិវិធី​ឱ្យ​​បាន​ត្រឹមត្រូវ ការ​រក្សា​ភាព​ឯករាជ្យ​របស់​តុលាការ និង​ការ​គោរព​សេរីភាព​ជា​មូល​ដ្ឋាន គឺ​​ជា​ជា​គន្លឹះ​សំខាន់​សម្រាប់​​ការ​អភិវឌ្ឍ​​ស្ថាប័ន​របស់​កម្ពុជា ការ​វិនិយោគ និង​ឋានៈ​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​​អន្តរ​ជាតិ។

មិន​ខុស​ពី​ប្រទេស​សហភាព​អឺរ៉ុប​នោះ​ទេ ប្រទេស​អង់គ្លេស​ ​ដែល​ជា​មហាអំណាច​មួយ​ដែរ បាន​ស្នើ​ចំៗ​តែ​ម្ដង​ឱ្យ​​ដោះលែង​លោក កឹម សុខា ​ដោយ​ភ្ជាប់​នឹង​សំណេរ​ដើម​ថា អង់គ្លេស​ចង់​ឃើញ ​លោក កឹម សុខា ត្រូវ​បាន​ដោះលែង និង​សេរីភាព​នយោបាយ​របស់​លោក​​ត្រូវ​បាន​ស្ដារ​ឡើងវិញ​។ មហាអំណាច​នេះ ​ជឿជាក់​ថា រឿង​នេះ​នឹង​ជួយ​ពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ដោយ​អង់​គ្លេស​​​បង្ហាញ​​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​នៃ​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​នេះ។

ដោយឡែក ​ប្រទេស​អូស្ត្រាលី​ តាមរយៈ​ស្ថានទូត​របស់​ខ្លួន ​បាន​លើកឡើង​ចំៗ​តែ​ម្ដង ដោយ​​បាន​សម្ដែង​ការ​ខកចិត្ត​​ចំពោះ​ការ​សម្រេច​​របស់​តុលាការ។ អូស្ត្រាលី ​អះអាង​ថា ខ្លួន​បាន​លើកឡើង​ជា​ប្រចាំ​​អំពី​ការ​ព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​​យន្តការ​ច្បាប់​ដើម្បី​​រិតត្បិត​គណបក្ស​ប្រឆាំង។ ទោះ​យ៉ាងណា អូស្ត្រាលី​នៅ​តែ​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​វិធានការ​ពិតប្រាកដ ដើម្បី​ពង្រីក​លំហ​ស៊ីវិល និង​​សេរីភាព​នយោបាយ ព្រមទាំង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការបោះឆ្នោត​ពិតប្រាកដ និង​មាន​ការ​ប្រកួតប្រជែង។

ចំណែក​ ប្រទេស​កាណាដា ​ក៏​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សេចក្ដីសម្រេច​នេះ​ដែរ ហើយ​បាន​និយាយ​ថា ការគោរព​តួនាទី​ដ៏​សំខាន់​​របស់​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​សេរី គឺ​ជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អភិបាលកិច្ច​ល្អ​តាម​លទ្ធិប្រជាធិបតេយ្យ។

ក្រៅ​ពី​ប្រតិកម្ម​របស់​ទូត​ប្រទេស​លោក​សេរី អនុប្រធាន​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) លោក​ស្រី ប្រ៊ីអូនី ឡៅ (Bryony Lau) បាន​និយាយ​​តាមរយៈ​​សេចក្ដី​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃ​នេះ ដោយ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​​​​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ ​លោក កឹម សុខា និង​ដោះលែង​រូប​លោក​ជាបន្ទាន់ និង​ផ្ដល់​សិទ្ធិ​នយោបាយ​ឱ្យ​លោក​វិញ​ដោយ​​ឥត​លក្ខខណ្ឌ។

លោកស្រី​ហៅ​ការ​ការ​ចោទ​លោក កឹម សុខា គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន។ លោកស្រី​បន្ត​ក្នុង​សំណេរ​​ដើម​ថា៖ «ការបោះឆ្នោត​ឃុំ​-​សង្កាត់​​ក្នុង​ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៨ នឹង​មិន​មាន​ភាព​ស្រប​ច្បាប់​ឡើយ ដរាប​ណា​​​រដ្ឋាភិ​បាល​​​នៅតែ​បន្ត​ប្រើ​​ប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់​ទោស​ទណ្ឌ​​ដោយ​អយុត្តិធម៌​​លើ​គូប្រជែង​នយោបាយ​បែប​នេះ»។

ជុំវិញ​ករណី​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​គណបក្ស​ឆន្ទៈខ្មែរ លោក សុន ឆ័យ បាន​សម្ដែង​ការ​​សោកស្ដាយ​ដូចគ្នា​​ចំពោះ​ការ​សម្រេច​នេះ ហើយ​លោក​ថា កម្ពុជា​នឹង​កាន់​តែ​ខាតបង់​ច្រើន ដោយ​សារ​​ការ​​រំលោភ​សិទ្ធិ និង​ការគាប​​សង្កត់​​គណបក្ស​ប្រឆាំង និង​ការ​មិន​អើពើ​តាម​​ការ​ស្នើ​របស់​​សហគមន៍​អន្តរជាតិ មាន​​សហភាព​​អឺរ៉ុប អង់គ្លេស និង​កាណា​ដា​​ជាដើម។

លោក​ថា ប្រទេស​ទាំង​នេះ ​បាន​ជួយ​ផ្នែក​សេដ្ឋកិច្ច​​យ៉ាង​ច្រើន​ដល់​កម្ពុជា ដូច្នេះ​បើ​​រដ្ឋាភិបាល​មិន​គោរព​គោល​​ការណ៍ ​តាម​​រយៈ​កិច្ច​​ព្រមព្រៀង​សន្តិភាព​​​ទីក្រុង​ប៉ារីស ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ធានា​ឱ្យ​មាន​ប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​នោះ ក្រុម​ប្រទេស​ទាំងអស់​​នេះ​នឹង​​លែង​យកចិត្តទុកដាក់​ជួយ​​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​នឹង​​ធ្លាក់​ចុះ បើ​រដ្ឋាភិបាល​បន្ត​ទុក​បញ្ហា​ជាតិ​​ឱ្យ​នៅ​ប្រេះឆា។

​លោក សុន ឆ័យ ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​មិន​យល់ថា ហេតុអ្វី​បានជា​យើង​រក្សា​ការ​សម្រេច​ដែល​​យើង​ដឹង​ហើយ ​ថា​មានការ​រិះគន់​យ៉ាង​​​ខ្លាំង​ពី​​សហគមន៍​អឺរ៉ុប ពី​សហគមន៍​អន្តរជាតិ ហើយ​យើង​បន្ត​ឱ្យ​មាន​ការ​បែក​បាក់ មិន​ត្រឹមតែ​សហគមន៍​អន្តរជាតិ​ទេ ប្រជាជាតិ​​យើង​ហ្នឹង​​ ក៏​មាន​ការ​បែកបាក់​​អ៊ីចឹង។ ព្រោះ​យើង​ដឹង​ហើយ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ ​លោក កឹម សុខា នេះ ក៏​​មាន​អ្នកគាំទ្រ​យ៉ាង​តិចណាស់ ​ក៏​ពាក់កណ្តាល​ប្រទេស​ដែរ»។

លោក សុន ឆ័យ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង ​លោក កឹម សុខា និង​ឈាន​ទៅ​ឯកភាព​ជាតិ​​ពិត​ប្រាកដ និង​ចូលរួម​ដោះស្រាយ​បញ្ហា​​សង្គម​ដែល​កំពុង​ប្រឈម មាន​បញ្ហា​អត់​ការងារ​ធ្វើ ការ​ឈ្លានពាន​ទឹកដី​ពី​ប្រទេស​ជិតខាង បញ្ហា​​គ្រឿងញៀន និង​បញ្ហា​ពលរដ្ឋ​​ជំពាក់​បំណុល​ជាដើម។

វីអូឌី​ ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា លោក​គ្មាន​ការ​បកស្រាយ​ចំពោះ​ការ​បារម្ភ​​របស់​ក្រុម​ប្រទេស​​លោក​សេរី​​នោះ​​ទេ លើ​ករណី​លោក កឹម សុខា ដោយ​លោក​ហៅ​ការ​សម្រេច​របស់​តុលាការ​បែប​ណា​​នោះ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ដែល​កំណត់​ដោយ​ច្បាប់។ លោក​អះអាង​ថា កម្ពុជា​​បាន​បែងចែក​​អំណាច​ដាច់​ពី​គ្នា រវាង​អំណាច​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ។

​លោក ជា ធីរិទ្ធ ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋាភិបាល យើង​អត់​មានអី​ត្រូវ​តវ៉ា​ទៅ​រឿង​​តុលាការ ឬក៏​យើង​​ទៅ​ឆ្លើយ​តប​អ្វី​ទេ​។ ចំពោះ​​ការ​បារម្ភ​របស់​ពួក​គេ​នេះ ឬក៏​ការរិះគន់ វាយប្រហារ វា​អត់​មានរឿង​ចម្លែក​ទេ ៣០​ឆ្នាំ​មក​នេះ ទោះបីជា​ប្រទេស​បាន​អនុវត្ត​តាម​​បែប​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ ក៏​ពួក​ក​គេ​នៅតែ​មិន​ពេញចិត្ត អ្នក​មួយ​ចំនួន​នៅ​ទីនោះ​។ វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ប្រទេស​​ប្រជាធិបតេយ្យ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ពេញចិត្ត​ទាំងអស់​​ទេ។ តែ​សំខាន់​ភាគច្រើន មតិ​ភាគច្រើន គឺ​គេ​ពេញចិត្ត និង​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ប្រទេស​កម្ពុជា​បាន​អនុវត្ត​នូវ​​បែបបទ​លទ្ធិប្រជាធិបតេយ្យ»។

សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី៣០ ខែ​មេសា នេះ​សម្រេច​រក្សា​បទ​ចោទ​លើ​លោក កឹម សុខា ដដែល និង​បន្ថែម ៥ឆ្នាំ​ទៀត មិន​ឱ្យ​​ចេញ​ទៅ​ក្រៅប្រទេស។ លោក កឹម សុខា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ដោយ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣។

សហមេធាវី​ការពារ​ក្ដី​ លោក កឹម សុខា គឺ​លោក ផែង ហេង អះអាង​​ថា លោក កឹម សុខា មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​​នេះ​ទេ ហើយ​​លោក​​ថា សហមេធាវី​នឹង​ជួប​ពិភាក្សា​គ្នា​បន្ថែម​​ជាមួយ​ លោក កឹម សុខា ដើម្បី​សម្រេច​ប្ដឹង ឬ​មិន​ប្ដឹង​សារ​ទុក្ខ​បន្ត​ប្រឆាំង​នឹង​សាល​ដីកា​​នេះ។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ ឆ្មក់​ចូល​ចាប់​ខ្លួន​​ទាំង​កណ្តាល​​យប់ ឈាន​​ចូល​​​ថ្ងៃ​​ទី​៣ ខែ​​កញ្ញា ឆ្នាំ​​២០១៧ ទាំង​មាន​អភ័យឯកសិទ្ធិ​សភា​ជា​អ្នក​តំណាងរាស្ត្រ ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ ហក់​ឡើង​ប្រជា​ប្រិយ​ភាព ការ​គាំ​ទ្រ​​ជិត​​ពាក់​​កណ្តាល​​ប្រទេស​តាមរយៈ​សន្លឹក​ឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ប្រហាក់​ប្រហែល​នឹង​គណបក្ស​កាន់​អំណាច។

ជុំវិញ​ករណី​នេះ​ដែរ អតីត​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ដែរ ដោយ​​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​នេះ ហើយ​អ្នកស្រី​កាន់​តែ​សោកស្តាយ​នោះ គឺ​ខ្មែរ​បន្ត​យក​ខ្មែរ​ជា​សត្រូវ បន្ត​ចោទ​​គ្នា​​ថា ជន​ក្បត់ ហើយ​បន្ត​ក្ដិចត្រួយ​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ប្ដេជ្ញា​ចំពោះ​លិខិតូបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន ខណៈ​ដែល​ជាតិ​ត្រូវ​ការ​ការ​រួបរួម សាមគ្គីគ្នា អភិវឌ្ឍ​ន៍​​​​ប្រទេស និង​​តតាំង​ជាមួយ​ប្រទេស​​ឈ្លានពាន។

ចំណែក​អ្នក​តាមដាន​នយោបាយ​ លោក សេង វណ្ណលី បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ចំពោះ​ ​លោក កឹម សុខា គឺ​ជា​ទង្វើ​អយុត្តិធម៌​បំ​ផុត និង​​ជា​រូបភាព​កម្ចាត់​ដៃគូ​ប្រកួតប្រជែង​​ឱ្យ​ចេញ​ពី​សង្វៀន​នយោបាយ​ទាំងស្រុង ហើយ​បាន​​ធ្វើ​​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរ​ដល់​មុខមាត់​កម្ពុជា​​នៅ​លើ​ឆាក​អន្តរជាតិ ព្រម​ទាំង​បិទ​ផ្លូវ​សេរីភាព​នៃ​គំនិត​ចម្រុះ និង​​ការ​ផ្សះផ្សា​ជាតិ ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចង់​បាន ហើយ​ជា​សញ្ញា​ព្រមាន​ដ៏​ខ្មៅ​ងងឹត​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កំពុង​ដង្ហក់​ស្លាប់​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ