លោក ត្រាំ ជំរុញ​អ៊ីរ៉ង់​ចុះ​ហត្ថ​លេខា​កិច្ច​ព្រម​ព្រៀង​ខណៈ​មាន​ការ​លើក​ឡើង​ថា​អាមេរិក​នឹង​ពន្យា​ការ​បិទ​ខ្ទប់

ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​២៩ខែ​មេសា បាន​ជំរុញ​ឱ្យ​ប្រទេស​អ៊ីរ៉ង់ «ឆាប់​មាន​ភាព​វៃឆ្លាត​ឡើង» និង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម និង​មាន​របាយ​ការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា សហរដ្ឋ​អាមេ​រិក​នឹង​ពន្យារ​ពេល​ការ​បិទ​ខ្ទប់​កំពង់​ផែ​របស់​អ៊ីរ៉ង់។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ ដែលធ្លាប់បានលើក​ឡើង​ថា អ៊ីរ៉ង់​អាច​ទាក់​ទង​មក​បាន​ប្រសិន​បើ​ចង់​ពិភាក្សា និង​បាន​សង្កត់​ធ្ងន់​ដដែលៗ​ថា ទីក្រុង​តេអេរ៉ង់​មិន​អាច​មាន​អាវុធ​នុយ​ក្លេអ៊ែរ​បាន​ឡើយ​នោះ បាន​មាន​ប្រសាសន៍​ថា ប្រទេស​នេះ «មិន​អាច​រៀប​ចំ​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ»។

កាសែត Wall Street Journal បាន​ស្រង់​សម្តីមន្ត្រីអាមេរិកដែលនិយាយ​ថា ប្រធានា​ធិបតី​បាន​ណែ​នាំ​ដល់​ជំនួយ​ការ​ឱ្យ​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ពន្យារ​ពេល​ការ​បិទ​ខ្ទប់​កំពង់​ផែ​របស់​អ៊ីរ៉ង់ ក្នុង​គោល​បំណង​បង្ខំ​ឱ្យ​ទីក្រុង​តេអេ​រ៉ង់​ចុះ​ចាញ់។

មន្ត្រី​បាន​និយាយ​ថា លោក ត្រាំ បានជ្រើសរើសបន្តរឹតបន្តឹងសេដ្ឋកិច្ច និង​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ីរ៉ង់​តាម​រយៈ​ការ​បិទ​ខ្ទប់​នេះ ដោយ​សារ​ជម្រើស​ផ្សេង​ទៀត​របស់​លោក ដូច​ជា​ ការ​បន្ត​ទម្លាក់​គ្រាប់​បែក ឬ​ការ​ដក​ខ្លួន​ចេញ​ពី​ជម្លោះ គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង។ នេះបើយោងតាម WSJ។

លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃទី​២៩ខែ​មេសា ដោយ​មិន​បាន​ពន្យល់​ថា តើ​កិច្ច​ព្រម​ព្រៀង​បែប​​នេះ​នឹង​រួម​មាន​អ្វី​ខ្លះ​នោះ​ថា៖ «ពួក​គេ​មិន​ដឹង​ពី​របៀប​ចុះហ​ត្ថ​លេខា​លើ​កិ​ច្ច​ព្រម​ព្រៀង​មិន​មែន​នុយ​ក្លេអ៊ែរ​នោះ​ទេ។ ពួក​គេ​គួរ​តែ​ឆាប់​មាន​ភាព​វៃ​ឆ្លាត​ឡើង!»។

អ៊ីរ៉ង់ចង់ឱ្យសហរដ្ឋអាមេរិកទទួលស្គាល់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់​សារធាតុអ៊ុយ​រ៉ា​ញ៉ូម សម្រាប់​អ្វី​ដែលខ្លួ​ន​និយាយ​ថា​ជា​គោល​បំណង​សន្តិ​ភាព និង​ស៊ីវិល។

ប្រទេសនេះមានស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់ក្នុងកម្រិត ៦០% ប្រមាណ ៤៤០ គីឡូក្រាម (៩៧០ ផោន) ដែលជាសម្ភារៈអាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ផលិត​អាវុធនុយក្លេអ៊ែរបានច្រើន ប្រសិនបើត្រូវបានចម្រាញ់បន្ថែមទៀត។

មន្ត្រីអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃទី​២៨ខែ​មេសា​ថា ប្រទេស​ខ្លួន​អាច​ទប់​ទល់​នឹង​ការ​បិទ​ខ្ទប់​នេះ​បាន​ ដោយ​សារ​ខ្លួន​កំពុង​ប្រើ​ប្រាស់​ផ្លូវ​ពាណិជ្ជ​កម្ម​ជំនួស ហើយ​សាធារណ​រដ្ឋ​អ៊ីស្លាម​មិន​ចាត់​ទុក​ថា​សង្គ្រាម​នេះ​បាន​បញ្ចប់​ឡើយ។

សង្គ្រាម​នេះ​ បានសម្លាប់មនុស្សរាប់ពាន់នាក់ បង្កឱ្យទីផ្សារថាមពលមានភាពវឹកវរ និង​រំខាន​ដល់​ផ្លូវ​ពាណិជ្ជ​កម្ម​សកល។

ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានឱ្យដឹងថា ជាសញ្ញានៃផលប៉ះពាល់សេដ្ឋកិច្ចដែល​សង្គ្រាម​កំពុង​ផ្តល់​ឱ្យ​សេ​ដ្ឋកិច្ច​អ៊ីរ៉ង់ រូបិយ​ប័ណ្ណ​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​​ជា​ប្រវត្តិ​សាស្ត្រ គឺ​ ១,៨១០,០០០ រៀល ក្នុង​មួយ​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៩ខែ​មេសា ខណៈ​ដែល​តម្រូវ​ការ​រូបិយ​ប័ណ្ណ​បរទេស​ដែល​បាន​កើន​ឡើង​ ក្នុង​អំឡុង​ពេល​ប្រាំ​មួយ​សប្តាហ៍​នៃ​កិច្ច​ប្រយុទ្ធ​គ្នា កំពុង​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​សេរី។

ISNA បានរាយការណ៍ថា តម្លៃប្រាក់រៀលបានធ្លាក់ចុះជិត ១៥% ក្នុងរយៈពេលតែពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។

ធនាគារកណ្តាល បាន​និយាយ​ថា អតិផរណា​របស់​អ៊ីរ៉ង់ ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ដល់​ថ្ងៃ​ទី​២០ ខែ​មេសា គឺ​ ៦៥.៨% ដែល​ជា​និន្នា​ការ​ទំនង​ជា​នឹង​កាន់​តែ​អាក្រក់​ទៅៗ​ ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​រូបិយ​ប័ណ្ណ។

សំណើចុងក្រោយបង្អស់របស់អ៊ីរ៉ង់សម្រាប់ដោះស្រាយសង្រ្គាមរយៈពេលពីរខែ ដែលត្រូវបានផ្អាកតាំងពីថ្ងៃទី ៨ ខែមេសា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ នឹងទុកការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរដោយឡែក រហូតដល់ជម្លោះត្រូវបានបញ្ចប់ជាផ្លូវការ និងបញ្ហាដឹកជញ្ជូនត្រូវបានដោះស្រាយ។

ទោះជាយ៉ាងណាក៏ដោយ សំណើនោះមិនបានឆ្លើយតបទៅនឹងការទាមទាររបស់លោក ត្រាំ ដែល​ចង់​ឱ្យ​​បញ្ហា​​នុ​យ​ក្លេ​អ៊ែរ​​ត្រូវ​​បាន​​ពិភាក្សា​ចាប់​តាំង​ពី​ដំបូង​មក​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ